ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប​ដំឡើង​សំឡេង​ប្រឆាំង​នឹង​អន្តោប្រវេសន៍​សេដ្ឋកិច្ច

សំឡេង ០៣:៤៨
ជន​ភៀស​ខ្លួន​ស៊ីរី និង​ជន​អន្តោប្រវេសន៍​ផ្សេង​ទៀត ធ្វើ​ដំណើរ​មក​ដល់​កោះ​ក្រិកថ្ងៃទី ២៤​កញ្ញា ២០១៥
ជន​ភៀស​ខ្លួន​ស៊ីរី និង​ជន​អន្តោប្រវេសន៍​ផ្សេង​ទៀត ធ្វើ​ដំណើរ​មក​ដល់​កោះ​ក្រិកថ្ងៃទី ២៤​កញ្ញា ២០១៥ REUTERS/Yannis Behrakis

ក្នុង​ខណៈ​ដែល​អឺរ៉ុប ​ត្រូវ​​ផ្តើម​ធ្វើ​ជា​លើក​ដំបូង កាលពី​ថ្ងៃ​សុក្រ ការចែកចាយ​​​ជនភៀស​ខ្លួន​ ក្នុង​រង្វង់​​អឺរ៉ុប ​​សមាជិក​​ទាំង​២៨ ​បាន​ព្រមព្រៀង​គ្នា​ ជា​ធ្លុង​មួយ​ ចាប់​បញ្ជូន​ជា​ស្វ័យ​ប្រវត្តិ​អន្តោប្រវេសន៍​សេដ្ឋកិច្ច​ ឱ្យ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ។ នេះ​ជា​វិធានការ​ថ្មី​មួយ​ទៀត​របស់​អឺរ៉ុប ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​អន្តោប្រវេសន៍​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន គិត​ចាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។

ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​២០១៥​នេះ អឺរ៉ុប​បាន​ស្គាល់​លំហូរ​អន្តោប្រវេសន៍​​ ដូច​ទឹក​បាក់​ទំនប់។  ប្រឈម​មុខ​នឹង​ស្ថានការណ៍​បែប​នេះ អឺរ៉ុប បាន​រិះរក​គ្រប់​មធ្យោបាយ​ទប់ស្កាត់ផង និង​ទទួល​យក​ជន​ភៀសខ្លួន​ ជាពិសេស​ជនជាតិ​ស៊ីរី អ៊ីរ៉ាក់ អាហ្វ្រិក ដែល​ញាំញី​ដោយ​​សង្គ្រាម​ តាម​រយៈ​គោលការណ៍​បែងចែង​គ្នា​ក្នុង​រង្វង់​សហភាព។ ក្នុង​ចំណោម​ជនភៀស​ខ្លួនជាង​ ១៦០០០០​នាក់ ​មាន​២០​នាក់​ដំបូង​ បានទទួល​ប្រយោជន៍​ពី​នយោបាយ​ចែក​រំលែក ​បង្វែរ​​ពី​អ៊ីតាលី ទៅ​ឱ្យ​ស៊ុយអែត កាលពី​ថ្ងៃ​សុក្រ។

 
 ប៉ុន្តែ​អឺរ៉ុប​មិនឈប់​ត្រឹម​ណោះ អឺរ៉ុប​បាន​ចាត់​វិធានការ​មួយ​បន្ថែម​ទៀត គឺ​ការ​បញ្ជូន​ត្រលប់​ទៅស្រុក​កំណើត​វិញ។

ដំណើរ​ត្រលប់​ថយ វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់ ប៉ុន្តែ​​ អ្នក​ដែល​មិន​ត្រូវ​ការ​ការពារ​ពី​អន្តរជាតិ​ ត្រូវ​តែ​ចាក​ចេញ​ពី​អឺរ៉ុប ទៅ​ប្រទេស​កំណើត​វិញ​ ! នេះ​ជា​ការ​គូស​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​របស់រដ្ឋមន្ត្រី​ការ​បរទេស​លុចសំបួរ ដែល​ធ្វើ​បាន​មក​ចូល​រួម​ក្នុង​ជំនួប​ប្រជុំថ្នាក់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អឺរ៉ុប។

គណៈកម្មការអឺរ៉ុប បាន​បង្ហាញ​គម្រោង​ធ្វើ​សកម្មភាព​ទៅ​កាន់​រដ្ឋ​ជា​សមាជិក​ ស្តី​អំពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នយោបាយ​បញ្ជូន​អន្តោប្រវេសន៍​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ ហើយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ត្រូវ​អនុម័ត​ទទួល​យក​គម្រោង​នេះ ព្រមទាំង​សន្យា​ធ្វើ​ឱ្យ​បាន​លើស​ផែនការ។ អត្រា​បញ្ជូន​ទៅ​ស្រុក​វិញ កាន់​តែ​ខ្ពស់ នោះជន​អន្តោប្រវេសន៍​កាន់​បាក់​ទឹក​ចិត្ត​លែង​ចង់​មក។ នេះ​ជា​សន្និដ្ឋាន​របស់​អឺរ៉ុប។

យើង​អាច​ជួយ​ និង​គាំទ្រ​ការពារ​ជន​ភៀសខ្លួន​បាន ដរាប​ណា​តែ​អ្នក​ដែល​មិន​ត្រូវការ​ការ​សង្គ្រោះ​ចាំ​បាច់​ កុំធ្វើ​ដំណើរ​មក ឬ​សុខចិត្ត​ត្រលប់​ទៅ​វិញ​យ៉ាង​លឿន​ តែ​ប៉ុណ្ណោះ ! នេះ​ជា​ការ​ពន្យល់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់។ ឯ​សមភាគី​អង់គ្លេ​ស​ក៏​បាន​ស្រែក​ដូច​គ្នា ឱ្យ​កាត់​ផ្តាច់​ចំណង​រវាង ការ​ធ្វើ​ដំណើរ​ប្រថុយ​ស្លាប់​មក​កាន់​អឺរ៉ុប និង​ពាក្យ​ថា​អាច​រស់​នៅ​អឺរ៉ុប​បាន។ មធ្យោបាយ​មាន​តែ​មួយ​គឺ​បញ្ជូន​ត្រលប់​ទៅ​វិញ នូវ​រាល់ជន​អន្តោប្រវេសន៍​​ណា​​ដែល​ចង់​យក​ចំណេញ​ពី​ប្រព័ន្ធ​​​សង្គ្រោះ​អឺរ៉ុប។ អឺរ៉ុប​ទាំង​២៨​ប្រទេស ដែល​បាន​ព្រមព្រៀង​គ្នា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៨​តុលា ពង្រឹង​នយោបាយ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ អន្តោប្រវេសន៍​សេដ្ឋកិច្ច ជាតិ​អាហ្វ្រិក​ ជាតិ​ប៉ាគីស្ថាន ... ដែល​មក​អឺរ៉ុប​ក្នុង​ក្តី​សង្ឃឹម​មាន​ជីវិត​ប្រសើរ​ជា​ង​ស្រុក​កំណើត។

នៅ​ឆ្នាំ​២០១៤ អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​បាន​ទទួល​លិខិត​បណ្តេញ​ចេញ​ពី​ទឹក​ដី​អឺរ៉ុប តែ​ប្រមាណ​៣៩%​ប៉ុណ្ណោះ បាន​ចាកចេញ​ដោយ​ពិត​ប្រាកដ​ពី​ដែនដី​អឺរ៉ុប។ សំណុំ​រឿង​នេះ​ នឹង​ត្រូវ​លើក​ទៅ​ពិភាក្សា​ជា​ទ្រង់ទ្រាយ​ធំ នា​ឱកាស​ជំនួប​កំពូល​អឺរ៉ុប​ នៅ​ថ្ងៃទី ១១ និង​១២ វិច្ឆិកា ខាង​មុខ។

ក្នុង​ពេល​រង់ចាំ​ រដ្ឋ-រដ្ឋាភិបាល​អឺរ៉ុប​ ត្រូវ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក ព្រោះ​អន្តោប្រវេសន៍​មក​ពី​​​ទ្វីប​នេះ ភាគ​ច្រើន​គឺ​ដោយ​សារ​មូលហេតុ​សេដ្ឋកិច្ច។ មជ្ឈមណ្ឌល​ទទួល​ចុះ​ឈ្មោះ​អន្តោប្រវេសន៍​ដំបូង​គេ​ពីរ នៅ​អ៊ីតាលី និង​ក្រិក ​ អាច​ទទួល​បាន​នូវ​ជំនួយ​ហិរញ្ញវត្ថុ និង​បុគ្គលិកបន្ថែម​ ដើម្បី​នឹង​អាច​ចាប់​បើក​ទ្វារ​ តាម​ការ​កំណត់​ នៅ​ចុង​ខែ​វិច្ឆិកាបាន។ មជ្ឈមណ្ឌល​នេះ មាន​ភារៈ​ញែក​មុខ​រក​អន្តោប្រវេសន៍​សេដ្ឋកិច្ច ដែល​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​ និង​ដែល​ត្រូវ​បញ្ជូន​ជា​ដាច់​ខាត​ ទៅ​កន្លែង​កំណើត​វិញ និង​ជន​អន្តោប្រវេសន៍ ដែល​រង​គ្រោះ អាច​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​នយោបាយ​ឬ​សង្គ្រាម។

រដ្ឋ​ជា​សមាជិក​ទាំង​២៨​អឺរ៉ុប ​ក៏​​បាន​ព្រមព្រៀង​គ្នា​ដែរ​ពង្រឹង​កម្លាំង​ភ្នាក់ងារ​ការពារ​ព្រំដែន​Frontex ដែល​បាន​ស្នើ​សុំ​កម្លាំង​បន្ថែម​៧៧៥​នាក់ សម្រាប់​ប្រឈម​នឹង​លំហូរ​អន្តោប្រវេសន៍។ សេចក្តី​សម្រេច​ចុងក្រោយ​​នឹង​ប្រកាស​ឱ្យ​ដឹង​នា​ឱកាស​ជំនយួប​កំពូល​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល ថ្ងៃទី១៥-១៦​តុលា​ ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI