អានតួអត្ថបទ

អឺរ៉ុបព្រម​ត្រូវ​រ៉ូវ​ជាមួយ​​​​តួកគី​ជា​ថ្នូរ​នឹង​ការ​ជួយ​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍

ប៉ូលិស​តួកគី បិទ​ខ្ទប់​អន្តោប្រវេសន៍​មិន​ឱ្យ​ឆ្លង​ព្រំដែន​ទៅ​ក្រិក
ប៉ូលិស​តួកគី បិទ​ខ្ទប់​អន្តោប្រវេសន៍​មិន​ឱ្យ​ឆ្លង​ព្រំដែន​ទៅ​ក្រិក Reuters/Osman Orsal
ដោយ៖ អៀង សុខម៉ិញ
៣៦ នាទី

អន្តោប្រវេសន៍​អាហ្វហ្កានីស្ថាន​ម្នាក់ ត្រូវ​បាន​ឆ្មាំ​ព្រំដែន​ប៊ុលហ្ការី​​បាញ់​សម្លាប់ នៅ​ពេល​កំពុង​ព្យាយាម​ឆ្លង​ព្រំដែន​ពី​តួកគី​ចូល​អឺរ៉ុប​ដោយ​ខុស​ច្បាប់។ ហេតុការណ៍​នេះ បាន​កើត​ឡើង​ តែ​ប៉ុន្មាន​ម៉ោង​ មុនការ​ប្រកាស​​កិច្ចព្រមព្រៀង​រវាង​​សហភាព​​អឺរ៉ុប​និង​តួកគីតែ​ប៉ុណ្ណោះ។ ដើម្បី​ តួកគី​សុខចិត្ត​​ធ្វើ​ជា​រនាំង ទប់​ស្កាត់លំហូរ​អន្តោប្រវេសន៍​មក​ពី​ស៊ីរី និង​ អ៊ីរ៉ាក់​ ឱ្យ​សហភាព​អឺរ៉ុប ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ ! អឺរ៉ុប​នឹង​ផ្តល់​​​​​ជា​ជំនួយ​ហិរញ្ញវត្ថុផង និង​ការ​សម្រួល​ទិដ្ឋាការ​ចូល​អឺរ៉ុប​​ផង ព្រមទាំង​សំណើ​សុំ​បើក​កិច្ចចរចា​ចូល​សមាជិក​សហភាព​អឺរ៉ុប​ទៀត។​ មជ្ឈមណ្ឌល​ញែក​អត្តសញ្ញាណ​ជន​អន្តោប្រវេសន៍សេដ្ឋកិច្ច​ ពី​ជនភៀស​ខ្លួន​នយោបាយ​ឬ​សង្គ្រាម​​ ទី​មួយ​ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​នេះ​ នៅ​កោះក្រិក Lesbos។

ផ្សាយពាណិជ្ជកម្ម

ការ​បាញ់​សម្លាប់​អន្តោប្រវេសន៍​អាហ្វហ្កានីស្ថាន​ ដោយ​ប៉ូលិស​ប៊ុលហ្ការី គឺ​ជា​ហេតុការណ៍​ដំបូង​បង្អស់ មាន​កើត​នៅ​តំបន់​អឺរ៉ុប​ខាង​កើត។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ករណី​ថ្មី​សុទ្ធ​សាធ​ទេ។ កាលពី​ឆ្នាំ​២០១៤ មាន​អន្តោប្រវេសន៍​ធ្វើ​ដំណើរ​តាម​ច្រកអាហ្វ្រិក​ខាង​ជើង​ ដល់​ទៅ ១៥​នាក់ ត្រូវ​បាន​សម្លាប់​​ ដោយ​ប៉ូលិស​អេស្ប៉ាញ នៅ​ពេល​ព្យាយាម​ឆ្លងព្រំដែន​ចូល​អឺរ៉ុប​ដោយ​ខុស​ច្បាប់។

 

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ប៊ុលហ្ការី នៅ​យប់​មិញ ​ ពេល​ចេញ​​ល្បាត​ ឆ្មាំ​ព្រំដែន​និង​ប៉ូលិស បាន​ពើប​ប្រទះ​នឹង​ក្រុម​អន្តោប្រវេស​​​ន៍​មួយ​ក្រុម​គ្នា​ប្រមាណ​៥០​នាក់ កំពុង​ប៉ុនប៉ង​ឆ្លង​ព្រំដែន​តួកគី​ចូល​អឺរ៉ុប​ដោយ​ខុស​ច្បាប់។ ដោយ​ពួក​គេ​រឹង​ទទឹង​នឹង​ការ​ចាប់​ខ្លួន ទើប​ប៉ូលិស​ម្នាក់​បាន​បាញ់​គំរាម មួយ​ប្រាវ ប៉ុន្តែ​មាន​គ្រាប់​មួយ​បាន​ឡង​ខ្ទាត​ទៅ​ចំ​ជន​អន្តោប្រវេសន៍​ម្នាក់​ ដែល​បាន​ស្លាប់​ តាម​ផ្លូវ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។ អ្នក​នាំ​ពាក្យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​ថ្កោល​ទោស​​ការ​ប្រើ​កម្លាំង​បាយ​​ប្រឆាំង​នឹងជន​​អន្តោប្រវេសន៍​និង​បាន​ទាមទារ​ឱ្យ​ប៊ុលហ្ការី​បើក​អង្កេត​ ដើម្បី​តម្លាភាព។

ប៊ុលហ្ការី ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប ប៉ុន្តែ​មិន​ស្ថិត​ក្នុង​ចង្កោម​ប្រទេស​ដែល​អាច​ធ្វើ​ដំណើរ​ដោយ​សេរីទេ បាន​ពង្រឹង​ការ​ការពារ​ព្រំដែន​ខ្លាំង​ណាស់​ តាំង​ពី​មាន​វិបត្តិ​អន្តោប្រវេសន៍​ផ្ទុះ​ឡើង ព្រោះ​ប៊ុលហ្ការី មាន​ព្រំដែន​ជាប់​តួកគី​ប្រវែង​ ១៦០​គីឡូម៉ែត្រ។ គ្រាន់​តែ​បាន​ដំណឹង​បាញ់​​ស្លាប់​អន្តោប្រវេសន៍​ភ្លាម លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី បាន​ចាកចេញ​ជា​បន្ទាន់​ពី​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​ នៅ​ទី​ក្រុង​ព្រុចសែល​ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍​។ ជំនួប​ប្រជុំ​ដែល នៅ​ពេល​ឆ្លង​ចូល​ដល់​​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រកាស​ចុះ​កិច្ចព្រមព្រៀងរវាង​សហភាព​អឺរ៉ុប​និង​​តួកគី លើ​ផែនការ​ចេញធ្វើ​សកម្មភាព​រួម។ សមាជិកសហភាព​អឺរ៉ុបទាំង​អស់ ​ស្រុះស្រួល​ទទួល​ស្គាល់​ថា​តួកគី​ជា​​ប្រទេស​គន្លឹះ ក្នុង​ការ​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍។

កិច្ចព្រមព្រៀង​អឺរ៉ុប-តួកគី ៖ ឱ្យ​ទៅ​ឱ្យ​មក

​ជាល​ទ្ធផល តួកគី​សុខចិត្ត​ទទួលយក​ជន​ភៀស​ខ្លួន​​ និង​ធ្វើ​ជា​រនាំង​ទប់​មិន​ឱ្យ​ចូល​អឺរ៉ុប ជា​ថ្នូរ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​ ដែល​អាច​ឡើង​ដល់​៣ពាន់​លាន​អឺរ៉ូ។ គ្មានការ​លម្អិត​​បញ្ជាក់​អំពី​ទឹក​ប្រាក់​ជំនួយ​ដោយ​ជាក់​ស្តែង​ ចុះ​ក្នុង​កិច្ចព្រមព្រៀង​ទេ ប៉ុន្តែ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ប្រកាសថា​ជា​សំណើ​របស់​តួកគី ហើយ​អឺរ៉ុប​ក៏​កំពុង​ជជែក​គ្នា​អំពី​​កំរិត​ទឹក​ប្រាក់​ជំនួយ​ដែរ​ តែ​អ្វីៗ​វាអាស្រ័យ​ទៅ​លើ​វិធានការ​ជាក់ស្តែង។ លទ្ធផល​សំខាន់​ជាងចង​ចាំ​​​បូក​​ទឹកប្រាក់ជំនួយ ! នេះ​ជា​ការ​ជា​ទស្សនៈ​របស់​​​ប្រធានាធិបតី​បារាំង។

បន្ថែម​ពី​លើ​នេះ​ទៀត តួកគី​បាន​ស្នើ​សុំ​ឱ្យ​សហភាព​អឺរ៉ុប​សម្រួល​ការ​ផ្តល់​ទិដ្ឋាការ​ ដល់​ពលរដ្ឋ​តួកគី​ដែល​ចង់​ធ្វើ​ដំណើរ​មក​អឺរ៉ុប ចាប់​ពី​ពាក់កណ្តាល​ឆ្នាំ​ក្រោយ​ទៅ។ បើ​តាម​លោកស្រី​មែរកិល ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់​ ប្រមុខ​ដឹកនាំ​អឺរ៉ុប ក៏​បាន​ព្រមព្រៀង​ផ្តល់​សន្ទុះ​ដល់​ការ​ចរចា​លើ​បេក្ខភាព​តួកគី​សុំ​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប​ ឡើង​វិញ ដូច​អ្វី​ដែល​អង់ការ៉ា​ចង់​បាន​ដែរ។ បើក​ការ​ចរចា គឺ​ជា​ថ្នូរ​នឹង​ការ​ផ្តោះប្តូរ​​កិច្ចសហប្រតិបត្តិការ​ទប់​ទល់​នឹង​លំហូរ​អន្តោប្រវេសន៍​មក​អឺរ៉ុប។

ទស្សនកិច្ច​របស់​លោកស្រី​ Merkel នៅ​តួកគី

ទំនាក់ទំនង​តួកគី​អឺរ៉ុប មិន​សូវ​ល្អូក​ល្អើន​នឹង​គ្នា​ទេ​ពី​មុនមក កិច្ចចរចា​ស្តី​ពី​បេក្ខភាព​តួកគី​ជា​សមាជិក​សហភាពអឺរ៉ុប ត្រូវ​ជាប់​គាំង​ស្តូង​ តាំង​ពី​មួយ​រយៈ​ធំ​មក​ហើយ ហើយ​អឺរ៉ុប​មើល​តួកគី​ក្នុង​ក្រសែ​ភ្នែក​ព្រួយ​បារម្ភ​បំផុត​ ខ្លាច​ក្រែង​រដ្ឋាភិបាល​លោក អែរដូហ្កាន់ ធ្លោយ​ខ្លួន​ដឹកនាំ​ប្រទេស​​តាម​បែប​ផ្តាច់ការ។ ប៉ុន្តែ​ពេល​នេះ អឺរ៉ុប​ត្រូវ​ការ​តួកគី​ ឱ្យ​ធ្វើ​ជា​រនាំង​ទប់​លំហូរ​អន្តោប្រវេសន៍ ដូច្នេះ​ត្រូវ​តែ​ធ្វើ​សម្បទាន​ច្រើន​បន្តិចហើយ បើ​មើល​ទៅ​លើ​ស្ថានការណ៍​បច្ចុប្បន្ន ទាំង​ខាង​តួកគី​ផ្ទាល់​ និង​ទាំង​សម្រាប់​អឺរ៉ុប។ តួកគី​​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​សភា​មុខ​កាលកំណត់​នៅ​ថ្ងៃទី​១ វិច្ឆិកា លោក​ប្រធានាធិបតី អែរដូហ្កាន់​ប្រកាស​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​គួដឌីស្តង់ទៀត ប្រទេសពិត​​ងាយ​នឹង​ធ្លាក់​ក្នុង​វឹកវរ គ្មានពេល​គិត​គូរ​អំពី​បញ្ហាអន្តោប្រវេសន៍​ឡើយ។

តែ​យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​ប្រសាសន៍​លោក​ប្រធានាធិបតីបារាំង អឺរ៉ុប​មិន​មែន​លង់​ខ្លួន​ព្រម​ទាំង​ងងឹត​ងងុល​ឡើយ។ រាល់​ចំណុច​ព្រមព្រៀង នឹង​ត្រូវ​ចរចា​លម្អិត​ទៀត នៅ​ថ្ងៃ​ខាង​មុខ​ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ប្រមុខ​ដឹកនាំ​អឺរ៉ុប លោក Jean Claude Juncker។

លោកស្រី មែរកិល​ ​​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តួកគី នៅ​ថ្ងៃអាទិត្យ​ខាន​ស្អែក​នេះ ​ដើម្បី​វាយ​តម្លៃ​ ផ្ទាល់​នឹង​កន្លែង​ អំពី​តួនាទី​របស់​តួកគី​ក្នុង​ការ​ទប់​ស្កាត់​អន្តោប្រវេសន៍ និង​ផ្ទៀង​ផ្ទាត់​ថា​តួកគី​គោរព​ពាក្យ​សន្យា​បាន គួរ​ឱ្យ​ទុក​ចិត្ត​បន្ត​ទៀត​ឬ​យ៉ាងណា។ ព្រោះ​សូម​បញ្ជាក់​ថា តួកគី​បាន​ចាយ​លុយ​អស់​៧ពាន់​លាន​អឺរ៉ូ​ ដើម្បី​​ទទួ​ល​ជន​ភៀស​ខ្លួន​ដល់​ទៅ​ពីរ​លាន​នាក់​ក្នុង​ទឹក​ដី​ ក្នុង​ខណៈ​ដែល​ជំនួយ​បរទេស​មាន​ត្រឹម​តែ​១ពាន់​លាន​អឺរ៉ូ។ រី​ឯ​ការ​បើក​កិច្ច​ចរចា លើបេក្ខភាព​តួកគី​ជាសមាជិក​អឺរ៉ុប​វិញ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អះអាងថា ពុំ​ទាន់​សម្រេច​អំពី​ចំណុច​ត្រូវ​ចរចា​គ្នា​ឡើង​វិញ​នោះ​ទេ។

ចំពោះ​ការ​ពន្លឿន​កិច្ច​ពិភាក្សា​សម្រួល​ទិដ្ឋាការ​ អឺរ៉ុប​មិន​បាន​ព្រមព្រៀង​បើក​ទ្វារ​ឃ្វាំង ឱ្យ​ពលរដ្ឋ​តួកគី ៧៨​លាន​នាក់​ចូល​ដោយ​សេរី​មក​អឺរ៉ុប​ ដូច​សំណើ​ចង់​បាន​របស់​លោក អែរដូហ្កាន់ ប្រធានាធិបតី​តួកគី​ឡើយ។ គឺ​ត្រូវ​តែ​មាន​ការ​ត្រួតពិនិត្យ​ និង​មូលដ្ឋាន​ច្បាស់​លាស់​បំផុត។ ការ​បើក​ទូលាយ​ទិដ្ឋាការ​ចូល​អឺរ៉ុប អាច​ផ្តល់​តួកគី​ក្នុង​ដំណាក់កាល​ដំបូង ដល់​ពាណិជ្ជករ​និង​និស្សិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ