អានតួអត្ថបទ
សហភាពអឺរ៉ុប-តូកគី

លោកស្រី​មែកគែល ​ទៅ​តួកគី ​រក​ដំណោះ​ស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន

លោកស្រី អង់ហ្គេឡា មែកគែល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ពេល​ធ្វើសន្និសីទ នៅក្រុុង​ប្រ៊ុយសែល​ កាលពី​ថ្ងៃទី ១៦ តុលា ២០១៥
លោកស្រី អង់ហ្គេឡា មែកគែល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ពេល​ធ្វើសន្និសីទ នៅក្រុុង​ប្រ៊ុយសែល​ កាលពី​ថ្ងៃទី ១៦ តុលា ២០១៥ REUTERS/Francois Lenoir
ដោយ៖ ម៉ម ពិសី
៥១ នាទី

ប្រទេស​សហភាព​អឺរ៉ុប​ ជាពិសេស​អាល្លឺម៉ង់ ​ដែល​បាន​ប្រឈមមុខ ​កាន់តែ​ខ្លាំង​ទៅៗ ​នឹង​វិបត្តិ​នៃ​ការ​មក​ដល់​យ៉ាង​​គំហុក ​នៃ​ជន​ភៀស​ខ្លួន ​រាប់​សែន​នាក់ ​កំពុង​តែ​សម្លឹង​រក​ជំនួយ​ពី​ប្រទេស​តួកគី។ តួកគី​បច្ចុប្បន្ន ​មាន​ជន​ភៀសខ្លួន​ ​ដែល​ភាគ​ច្រើន ​ជា​ជនជាតិ​ស៊ីរី ​ អ៊ីរ៉ាក់ ​និង​ អាហ្វហ្កានីស្ថាន ​រាប់​លាន​នាក់ ​ហើយ​បំណង​របស់​សហភាព​អឺរ៉ុប ​គឺ​ចង់​ជួយ​តួកគី ​ក្នុង​ការ​ទំនុកបំរុង​ជន​ភៀសខ្លួន​ទាំង​នោះ ​កុំឲ្យ​ពួក​គេ​​ធ្វើ​ដំណើរ​មក​សុំសិទ្ធិ​ស្នាក់នៅ​​ តាម​ប្រទេស​អឺរ៉ុប។ លោកស្រី ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​កំពុង​តែ​មាន​វត្តមាន​នៅ​ក្រុង ​អង់ការ៉ា រដ្ឋធានី​តួកគី​ ដើម្បី​ជួប​ចរចា ពី​បញ្ហា​នេះ ​ ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​តួកគី ​ លោក អ៊ែកដូហ្កន់។

ផ្សាយពាណិជ្ជកម្ម

ដូចយើង​ដឹង​ស្រាប់​ ថា​គិត​ចាប់​ពី​ដើម​ឆ្នាំ ​២០១៥​នេះ​មក​ មាន​ជន​ភៀស​ខ្លួន ​ជាង​៦សែន​នាក់ ​ ដែល​បាន​ធ្វើ​ដំណើរ​មក​សុំសិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប ​ហើយ​ភាគ​ច្រើន ​គឺ​នៅ​អាល្លឺម៉ង់​តែម្តង។ ដោយហេតុ​នេះ​ហើយ ​បាន​ជា​ពេល​នេះ ​ យើង​ឃើញ​លោក​ស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ខិតខំ​ខ្នះខ្នែង​ជាង​គេ ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ  ​ព្រោះ​ថា ​អាល្លឺម៉ង់ ​តែ​ម្នាក់​ឯង​ មិន​អាច​បន្ត​រ៉ាប់រង ​ទទួល​ជន​ភៀស​ខ្លួន​តែ​ម្នាក់​ ឯង​ទេ។ បើ​យើង​ងៀក​ទៅ​មើល​ប្រទេស​សមាជិក​ផ្សេង​ទៀត ​ក្នុង​សហភាព​អឺរ៉ុប​ គឺ​និយាយ​មិន​ត្រូវ​គ្នាទេ​ ក្នុង​ការ​ទទួល​យក​ ការ​កំណត់​កូតា ​ចំនួន​ជន​ភៀសខ្លួន​ ដែល​អាល្លឺម៉ង់​ និង​បារាំង​បាន​សំណូមពរ។ ប្រទេស​ខ្លះ ​ដូច​ជា​ហុងគ្រី ​ស្លូវ៉ាគី​ រឺ​ដាណឺម៉ាក ​ជាដើម ​គឺ​គេ​បដិសេធ​ មិន​ទទួល​ជន​ភៀស​ខ្លួន​តែ​ម្តង។

 
តួកគី ​អាច​ជួយ​ទប់​លំហូរ​ជន​ភៀសខ្លួន  ​មិន​ឲ្យ​មក​អឺរ៉ុប​ដោយ​គំហុក៖

ជន​ភៀសខ្លួន ដែលនាំគ្នា បំរុង​នឹងដើរ​ឆ្លង​ ព្រំដែន​គោក ពី​តួកគី ទៅក្រិក តែត្រុវអាជ្ញាធរតួកគី​ហាមឃាត់
ជន​ភៀសខ្លួន ដែលនាំគ្នា បំរុង​នឹងដើរ​ឆ្លង​ ព្រំដែន​គោក ពី​តួកគី ទៅក្រិក តែត្រុវអាជ្ញាធរតួកគី​ហាមឃាត់ Reuters/Osman Orsal

វត្តមាន​របស់​លោកស្រី ​អង់ហ្គេឡា មែកគែល ​នៅ​តួកគី​នា​ពេល​នេះ​​ គឺ​ទី​មួយ​ ដើម្បី​មើល​ស្ថានភាព​ជាក់ស្តែង ​ស្តីពី​ការ​ទទួល​ជន​ភៀស​ខ្លួន​ នៅ​តួកគី ​ហើយ​មួយ​ទៀត​គឺ ​ស្ទាបស្ទង់​ចេតនា​របស់​តួកគី ​ក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​រួម​មួយ ​ ដែល​មាន​​កម្មវត្ថុ ​សុំ​ឲ្យ​តួកគី ​ជួយ​ធ្វើ​យ៉ាងណា ​ទប់​ជន​ភៀសខ្លួន ​កុំឲ្យ​ធ្វើ​ដំណើរ​ទៅ​ អឺរ៉ុប​ច្រើន​ពេក។ សូម​បញ្ជាក់​ដែរ​ថា ​តួកគី ​ជា​ប្រទេស​ច្រក​ចេញ​ចូល ​ឆ្លង​ពី​ទ្វីប​អាស៊ី ​អាហ្វ្រិក ​និង​តំបន់​ដើម​បូព៌ា ​ចូល​ទៅ​ទ្វីប​អឺរ៉ុប។ មាន​ព្រំដែន​នៅ​ជាប់​នឹង​ស៊ីរី​ ដែល​កំពុង​តែ​ឆេះ​ដោយ​ភ្លើង​សង្រ្គាម ​តួកកី ​បាន​ទទួល​ជន​ភៀសខ្លួន​ស៊ីរី​ជាង​២លាន​នាក់​ ឯណោះ។ នេះ​នៅ​មិន​រាប់​ជន​ភៀស​ខ្លួន ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ​ដូច​ជា​អ៊ីរ៉ាក់ ​និង​អាហ្វហ្គានីស្ថាន​ផង។

លក្ខខណ្ឌ​៤​ចំណុច៖
ដូច្នេះ​ហើយ ​បាន​ជា​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ​សហភាពអឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា ​ដើម្បី​ដាក់​ចេញ​នូវ​គម្រោង​​​​សំខាន់​មួយ ​ជាមួយ​នឹង​តួកកី ​ដើម្បី​ធ្វើ​យ៉ាង​ណា ​ទប់​ជន​ភៀសខ្លួន​ទាំង​នោះ ​ឲ្យ​បន្ត​នៅ​តួកគី ​ ហើយ​កុំឲ្យ​ពួក​គេ​បន្ត​ដំណើរ​មកអឺរ៉ុប ​ច្រើន​ដូច​សព្វថ្ងៃ​នេះ។ ​តាម​ការ​ឲ្យ​ដឹង​ បន្ទាប់​ ពី​កិច្ច​ប្រជុំ ​បន្ទាន់​នេះ ​ ខាង​អឺរ៉ុប ​សុខចិត្ត​ព្រម​ព្រៀង​ ​លើ​លក្ខខណ្ឌ​៤ ​ដែល​ខាង​តួកគី​ទាមទារ។ ទីមួយ​អឺរ៉ុប ​ត្រូវ​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​ ៣ពាន់​លាន​អឺរ៉ូ ​ទៅ​ឲ្យ​តួកគី​ ដើម្បី​ចំណាយ​ផ្គត់ផ្គង់​ជន​ភៀសខ្លួន។ ទីពីរ​គឺ​ឲ្យ​អឺរ៉ុប ​បន្ធូរ​បន្ថយ ​លែង​តម្រូវ​ឲ្យ​ប្រជាជន​តួកគី ​ត្រូវ​មាន​ទិដ្ឋាការ ​ដើម្បី​ចេញចូល​ទៅ​អឺរ៉ុប។ ទីបី ​គឺ​អឺរ៉ុប​ ត្រូវ​ពន្លឿន ​ការ​ចរចា​ ស្តីពី​ការ​បញ្ចូល​តួកគី ​ជា​សមាជិក​ថ្មី​ របស់​សហភាព​អឺរ៉ុប។ ​ចំណែក​ចុងក្រោយ ​គឺ​ឲ្យ​អឺរ៉ុប​ទទួល​ស្គាល់​ថា​ តួកគី​ជា​ប្រទេស​មាន​សន្តិភាព ​ស្ថេរភាព ​និង​គ្មាន​គ្រោះថ្នាក់។

តួកគី​ កិកកុក៖
បើយើង​មើល​ទៅ​ថា​អ្នកណា ​ជា​អ្នក​ទៅ​សុំ​គេ?​ គឺ​ខាង​សហភាព​អឺរ៉ុប ​ដែល​ទៅ​សុំ​ជំនួយ​ពី​តួកគី។ ដូច្នេះ វា​ជា​រឿង​ធម្មតា​ទេ ​ដែល​តួកគី ​គេ​ទាមទារ​នេះ​ ទាមទារ​នោះ ​តាម​តែ​ចិត្ត​គេ។ កាល​ពី​ដំបូង ​ថា​ស្នើរ​កញ្ចប់​ថវិកា​ចំនួន ​៣ពាន់​លាន​អឺរ៉ូ ​ប៉ុន្តែ​ឥឡូវ​ឮ​ថា ​គេ​ចង់​បាន​ច្រើន​ជាង​នេះ ​៣ពាន់​លាន​អត់​គ្រប់​ទេ។ គ្រាន់តែ​ប៉ុណ្ណឹង ​យើង​ដឹង​ហើយ​ថា​ ​ តួកគី​ចង់​លេង​ខ្សែលើ ​ដាក់​សហភាព​អឺរ៉ុប។

ចំណុច​ទាំង​នេះ​ហើយ ​ដែល​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​ បាន​ដាក់​បំរាម​រួច​ជា​ស្រេច​ ថា​ទៅ​ចរចា​សុំ​ជំនួយ​ពី​តួកគី ​ តែ​មិនមែន​មាន​ន័យ​ថា ​តួកគី​ទាមទារ​អ្វី ​ចេះតែ​ឲ្យ​បាន​តាម​ចិត្ត​នឹក​ឃើញ​ទេ។ ហើយ​មួយ​វិញ​ទៀត ​ ត្រូវ​ឲ្យ​ច្បាស់​ថា ​តើ​តួកគី ​ពេល​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​ហើយ ​នឹង​គោរព​កាតព្វកិច្ច​ខ្លួន​ឯង​ ឲ្យ​បាន​ត្រឹមត្រូវ​រឺ​ក៏​អត់។ ភ្លាមៗ ​ក្រោយ​ពី​ប្រជុំ​ចប់ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ប្រធានាធិបតី​បារាំង ​បាន​និយាយ​ហើយ​ថា​ អឺរ៉ុប ​មិន​​អាច​ចាញ់​ប្រៀប​តួកគី​បានទេ។ អ្វី​ដែល​លោក​ចង់​បាន​ធំ​បំផុត ​គឺ​សុំ​ឲ្យ​តួកគី ​គោរព​ទៅ​តាម​អ្វី​ ដែល​នឹង​ព្រមព្រៀង​គ្នា​ ដោយ​ស្មោះ​ត្រង់។

ចង់​បាន​សុខ  ​ត្រូវ​អារ​សាច់​ជូន​ខ្លា៖
ត្រឡប់​មក​និយាយ​ពី​លក្ខខណ្ឌ​ទាំង​បួន​ខាង​លើ ​គឺ​ថា​ជា​លក្ខខណ្ឌ​ដែល​លំបាក​ណាស់។ ទីមួយ​រឿង​លុយ។ កុំថា​ឡើយ ​ច្រើន​លើស​នឹង ​តាម​ដែល​តួកគី​ទាមទារ ​ សូម្បី​តែ​៣​ពាន់​លាន ​ដែល​ខាង​អឺរ៉ុប​ លើក​ឡើង​ដំបូង​នឹង ​ក៏​ពិបាក​ដែរ​ ព្រោះ​គ្រាន់តែ​ថា ​តែ​លុយ​មិន​ដឹង​នៅ​ឯណា​ទេ។ លោកស្រី ​អង់ហ្គេឡា មែកគែល ​បាន​និយាយ​ហើយ​ថា ​លុយ​នេះ ​អត់​មាន​នៅ​ក្នុង​ខ្ទង់​ចំណាយ ​របស់​សហភាព​អឺរ៉ុប​ទេ។ អញ្ចឹង​ត្រូវ​រៃ ​ពី​ប្រទេស​សមាជិក​ ម្នាក់​បន្តិចៗ។​ ដូច្នេះ គេ​មិន​សង្ឃឹម​ថា ប្រទេស​សមាជិក​ ព្រម​ផ្តល់​ឲ្យ ​បាន​គ្រប់​រឺ​អត់​ទេ។

ទាក់ទិន​ នឹង​លក្ខខណ្ឌ ​ដែល​លប់​ទិដ្ឋាការ ​ដើម្បី​ឲ្យ​ជន​ជាតិ​តួកគី ​ចេញចូល​ដោយ​សេរី ​ វា​កាន់តែ​លំបាក​ទៅ​ទៀត ​ព្រោះ​ថា ​ប្រទេស​សមាជិក​ផ្សេង​ទៀត​ គេ​មិន​ព្រម​ទេ។ ដើម្បី​ចង់​ទប់​កុំឲ្យ​ជន​ភៀសខ្លួន​ចូល ​បាន ​សុខចិត្ត​ឲ្យ​ប្រជាជន​តួកគី​ ចេញ​ចូល​ដោយ​សេរី។ សរុប​មក​គឺ​ វា​ដដែល ​នៅ​ជា​ដដែល។ ហើយ​អាល្លឺម៉ង់ ​ខ្លួនឯង ​នឹង​កាន់​តែ​ប្រឈមមុខ ​នឹង​បញ្ហា​នេះ​កាន់​តែ​ខ្លាំង ​ដោយសារ​តែ​នៅ​អាល្លម៉ង់ ​មាន​ប្រជាជន​ដើម​កំណើត​តួកគី​ច្រើន​ណាស់។ អញ្ចឹង​គេ​អាច​យក​បង​ប្អូន ​សាច់ញាតិ​គេ​មក​នៅ​អាល្លម៉ង់ ​បាន​យ៉ាង​ស្រួល ​ព្រោះ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ផង។

រឿង​ពន្លឿន​ការ​ចរចា ​ដើម្បី​បញ្ចូល​តួកគី​ជា​សមាជិក​សហភាព​អឺរ៉ុប​ ក៏​លំបាក​ដែរ​ ព្រោះ​មិនមែន​មាន​តែ​អាល្លឺម៉ង់ ​មួយ​ទេ ​ដែល​ធ្លាប់​បដិសេធ ​កន្លង​មក​ គឺ ​មាន​ប្រទេស​ច្រើន​ណាស់ ​ដែល​គេ​មិន​ចង់​ឲ្យ​តួកគី​ ក្លាយ​ជា​ប្រទេស​សមាជិក។ កត្តា​នយោបាយ ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​កត្តា​ភូមិសាស្ត្រ​របស់​តួកគី ​ដែល​ចោទ​ជា​បញ្ហា ​ហើយ​ដែល​ធ្វើឲ្យ​ប្រទេស​សមាជិក​ផ្សេង​ទៀត​របស់​អឺរ៉ុប ​គេ​ខ្លាច​ថា ​តួកគី​ចូល​មក​ ធ្វើ​ឲ្យ​រង្គោះរង្គើរ​ផ្ទះគេ។

សរុប​សន្និដ្ឋាន​មក ​ គេ​មិន​សូវ​សង្ឃឹម​ថា ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​តួកគី​ នា​ពេល​នេះ ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ ជា​ស្ថាពរ​ទេ។ ទាំង​ពី​ខាង​ផ្ទៃ​ក្នុង​អាល្លឺម៉ង់ ​ទាំង​ពី​ខាង​អឺរ៉ុប​ទាំងមូល ​បាន​ដាក់​គំនៀប​ច្រើន​ណាស់ ​ទៅ​លើ​លោកស្រី​អង់ហ្គេឡា មែកគែល។ បើ​អឺរ៉ុប​ ចាញ់​ប្រៀប​តួកគី​នៅ​ពេល​នេះ ​សុខចិត្ត​ធ្វើ​ទៅតាម​ការ​ចង់បាន​ របស់​តួកគី ​មាន​ន័យ​ថា ផលវិបាក ​និង​ជះ​មក​លើ​អឺរ៉ុប​វិញ​ទៅ​ថ្ងៃ​ក្រោយ។ អញ្ចឹង​គឺ​វា​មិន​ខុស ​ពី ​ពាក្យ​ខ្មែរ​យើង​ដែល​ថា ​ចង់​បាន​សុខ ​ទាល់តែ​អារសាច់​ឲ្យ​ខ្លា ​ទេ។

សម្ពាធ​នយោបាយ​ ទៅលើ​រដ្ឋាភិបាល ​អាល្លឺម៉ង់៖
បើ​និយាយ​ពី​ផ្ទៃ​ក្នុង​អាល្លឺម៉ង់ ​លោកស្រី​អង់ហ្គេឡា មែកគែល ​កាន់តែ​លំបាក​ទៅ​ លំបាក​ទៅ ​ដោយសារ​អ្នក​ប្រឆាំង​ និង​ការ​បើក​ចំហរ​ប្រទេស ​ទទួល​យក​ជន​ភៀសខ្លួន​បរទេស  ​មាន​កាន់​តែ​ច្រើន។ ឯ​ចលនា​ប្រកាន់​ពូជសាសន៍​នោះ​ ក៏​កាន់តែ​រីកធំ​ទៀត។ នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​មួយ​បាន​កើត​ឡើង ​នៅ​ទី​​ប្រជុំ​ជន​ក្រុង​កូឡូញ ​ប្រទេស​អាល្លឺម៉ង់ ​មាន​លោកស្រី ​អ្នក​នយោបាយ​ម្នាក់ ​ត្រូវ​ជន​ដៃដល់​ម្នាក់ ​ចាក់​នឹង​កាំបិត ​របួស​ធ្ងន់។ ជន​ដៃដល់​​បាន​ប្រាប់​ប៉ូលីស​ថា​ ​គេ​ចង់​សម្លាប់​លោកស្រី​អ្នក​នយោបាយ​ម្នាក់​នេះ ​ដោយសារ​តែ​គាត់​បាន​បើកដៃ​ឲ្យ​ជន​បរទេស​​ចូល​​ពេញ​​​អាល្ហឺម៉ង់។ ហើយ​កន្លង​មក​ដែរ​ មាន​ករណី​ដុត​មណ្ឌល​ទទួល​ជន​ភៀសខ្លួន ​នៅ​អាល្លឺម៉ង់ ​ដែល​បង្ក​ឡើង​ដោយ ​ក្រុម​ស្តាំ​និយមជ្រុល ​ជា​ច្រើន​ករណី។ ដូច្នេះ​សម្ពាធ​នយោបាយ ​កាន់តែ​មាន​ទៅ​លើ​រដ្ឋាភិបា​ លោកស្រី​អង់ហ្គេឡា មែកគែល។
 

កន្លែងកើតហេតុ លោកស្រី Henriette Reker អ្នកនយោបាយ​អាល្លឺម៉ង់ ត្រូវជនជ្រុុល​និយម​ប្រឆាំង​ជនភៀសខ្លួន ​ចាក់នឹងកាំបិត​ នៅទីក្រុង​កូឡូញ ថ្ងៃទី ១៨ តុលា ២០១៥
កន្លែងកើតហេតុ លោកស្រី Henriette Reker អ្នកនយោបាយ​អាល្លឺម៉ង់ ត្រូវជនជ្រុុល​និយម​ប្រឆាំង​ជនភៀសខ្លួន ​ចាក់នឹងកាំបិត​ នៅទីក្រុង​កូឡូញ ថ្ងៃទី ១៨ តុលា ២០១៥ REUTERS/Wolfgang Rattay

ហើយ​បើ​យើង​ក្រឡេក​ទៅ​មើល​ ការ​មក​ដល់​របស់​ជន​ភៀសខ្លួន​វិញ ​គឺ​មាន​កាន់​តែ​ច្រើន។ កាល​ពី​ថ្ងៃ​ម្សិលមិញ ​ហុងគ្រី បាន​បិទ​ព្រំដែន​ជាមួយ​ក្រូអាស៊ី ​ទាំង​ស្រុង​តែ​ម្តង។ គ្រាន់តែ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ ជន​ភៀសខ្លួន​ ២៧០០​នាក់ ​បាន​ធ្វើ​ដំណើរ ​ឆ្លង​​ពី​ក្រូអាស៊ី ​មក​ស្លូវ៉េនី។ ខាង​ស្លូវ៉េនី​ គេ​ថា ​គេ​នៅ​បន្ត​បើក​ផ្លូវ​ឲ្យ​ជន​ភៀសខ្លួន ​ឆ្លង​កាត់​ប្រទេស​គេ ​ហើយ​គេ​រៀបចំ​ដឹក​ជន​ភៀស​ខ្លួន ​ឲ្យ​ទៅ​ឆ្លង ​ចូល​អូទ្រីស។ សរុប​មក ​ ជន​ភៀសខ្លួន​ នៅ​តែ​បន្ត​មក​ ឯ​ខាង​អឺរ៉ុប ​នៅ​តែ​រក​ដំណោះ​ស្រាយ ​ទទួល​មិន​បាន។ មិន​យូរ​មិន​ឆាប់ ​អាល្លឺម៉ង់ ​និង​អូទ្រីស ​ប្រាកដ​ជា​បិទ​ព្រំដែន​គេ។ ដូច្នេះ​ប្រទេស​តូចៗ ដែល​ជា​ប្រទេស​ឆ្លងកាត់ ​ក៏​គេ​បិទ​ព្រំដែន​គេ​ដែរ​ ព្រោះគេ​ខ្លាច​ ជន​ភៀស​ខ្លួន ​នៅ​កក​កុញ ​នៅ​ក្នុង​ស្រុក​គេ។

អ្វីដែល​អឺរ៉ុប​ គួរតែ​ធ្វើ​បន្ទាន់​នា​ពេល​នេះ ​​មិនមែន​មក​ទប់​ជន​ភៀស​ខ្លួន​ កុំឲ្យ​ចូល​ទឹកដី​ខ្លួន​ទេ ​គឺ​ត្រូវ​ជួយ​ពន្លត់​សង្រ្គាម ​នៅ​ក្នុង​ប្រទេស​ដើម​ពួកគេ។ បើ​សិន​ជា​ស្រុក​ទេស​គ្នា​ មាន​សន្តិភាព ​មិន​មាន​ការ​កាប់​សម្លាប់ ​ម្លេះ​គ្មាន​នរណា​សុខចិត្ត ​វិច​បង្វេច​ រត់​ទេ ​ទាំង​យើង​ទាំង​គេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ