អានតួអត្ថបទ

អឺរ៉ុបចាប់​ដៃ​អាហ្វ្រិក​ស្វែង​រក​មធ្យោបាយរួម​​ទប់​ស្កាត់​រលក​អន្តោប្រវេសន៍

នាយក​រដ្ឋមន្ត្រី​ម៉ាល់ត៍ធ្វើ​គារវកិច្ច​ទទួល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប (ស្តាំ)នាឱកាស​បើក​ជំនួបកំពូល​អឺរ៉ុប-អាហ្វ្រិក
នាយក​រដ្ឋមន្ត្រី​ម៉ាល់ត៍ធ្វើ​គារវកិច្ច​ទទួល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប (ស្តាំ)នាឱកាស​បើក​ជំនួបកំពូល​អឺរ៉ុប-អាហ្វ្រិក REUTERS/Darrin Zammit Lupi
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

​ជំនួប​កំពូល​សហភាព​អឺរ៉ុប​-អាហ្វ្រិក នៅ​​​រសៀល​ថ្ងៃពុធ​ទី ១១​ វិច្ឆិកានេះ នៅ​ប្រទេស​ម៉ាល់តិ៍​ ដោយ​មាន​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​មក​ពី​ជាង​៥០​ប្រទេស​ចូល​រួម នឹង​ត្រូវផ្តោច​ជា​សំខាន់​ទៅ​លើ​ប្រធានបទ​អន្តោប្រវេសន៍។ ប្រឈម​​មុខ​នឹង​ចរន្ត​អន្តោប្រវេសន៍​ដ៏​គំហុក​មិនធ្លាប់មាន ​អឺរ៉ុប​នឹង​ស្នើ​សុំ​ទៅ​អាហ្វ្រិក​ ឱ្យ​ជួយ​ទទួល​យក​អន្តោប្រវេសន៍​ដែល​អឺរ៉ុប​បញ្ចូន​ទៅវិញ​ឱ្យ​បាន​ច្រើន​ជាង​មុន ជា​ថ្នូរ​នឹង​ការ​ពង្រឹង​ជំនួយ​អភិវឌ្ឍន៍​។

ផ្សាយពាណិជ្ជកម្ម

 

គណៈកម្មការ​អឺរ៉ុប​ចង់​បញ្ចេញ​សកម្មភាព​ជាមួយ​ប្រទេស​ដើម​ និង​ប្រទេស​ដែល​អន្តោប្រវេសន៍​ឆ្លង​កាត់ ដើម្បី​កុំ​ឱ្យ​មាន​សោកនាដកម្ម​ស្លាប់​ក្នុង​សមុទ្ទ​ព្រោះ​តែ​ចង់​ឆ្លង​មក​អឺរ៉ុប កើត​ឡើង​មិន​ឈប់​ឈរ​ទៀត។ ​ថ្នាក់​ដឹកនាំ​អឺរ៉ុប មាន​ពេល​២៤​ម៉ោង​ សម្រាប់​ស្វែង​រក​ការព្រមព្រៀម​ពី​អាហ្វ្រិក ឱ្យ​ទទួល​យក​អន្តោប្រវេសន៍​ត្រលប់​ទៅ​វិញ​ឱ្យ​បាន​ច្រើន​ជាង​មុខ។ សំណុំ​ឯកសារ​លម្អិត​ផែនការ​ ត្រូវ​បាន​រៀប​ចំ​រួច​ជា​ស្រេច​ហើយ !

អឺរ៉ុប​នឹង​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ពី​អាហ្វ្រិក ដោយ​សន្យា​​ធ្វើ​វិនិយោគ​ច្រើន​​នៅ​ក្នុង​ទ្វីប​នេះ ដើម្បី​ផ្តល់ការងារ​ដល់​យុវវ័យ និង​លើក​ទឹក​ចិត្ត​យុវវ័យ​អាហ្វ្រិក​ធ្វើ​វិនិយោគ​ក្នុង​ប្រទេស​ខ្លួន។ អឺរ៉ុប​នឹង​បើក​​ផ្លូវ​ឱ្យ​មាន​ការ​សុំ​សិទ្ធិធ្វើ​ដំណើរ​មក​អឺរ៉ុប​បាន​ធូរ​រលុង​ជា​មុន សម្រាប់និស្សិត អ្នក​ស្រាវជ្រាវ ឬ​ពលករ​ជំនាញ​ខ្លាំង។ ទីបី ចូល​រួម​ចំណែក​ជាមួយ​ប្រទេស​អាហ្វ្រិកដែល​បាន​ទទួល​យក​អន្តោប្រវេសន៍ច្រើន​​ហើយ។ អឺរ៉ុប​ក៏​នឹង​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ហើយ​ ជា​ចុងក្រោយ​អឺរ៉ុប នឹង​ដាក់​ឱ្យ​ដំណើរ​ការ ដោយ​ស្រប​ច្បាប់ ការ​​បញ្ចូន​ទៅ​​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ នៅ​ពេល​ណា​សំណើ​សុំ​ជ្រក​កោន​ត្រូវ​បដិសេធ។

ពី​មុន​មក​ មាន​ប្រទេសអាហ្វ្រិក​ជា​ច្រើន​យល់​ថា​សំណើ​របស់​អឺរ៉ុប មាន​បញ្ហា​ មិន​អាច​អនុវត្ត​បាន​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ គណៈកម្មការ​អឺរ៉ុប​​ឆ្លៀត​ក្នុង​ឱកាស​នេះ ប្រកាស​អំពី​ការ​បង្កើត​មូលនិធិ​ ទំហំ​១៨០០​លាន​អឺរ៉ូ​ សម្រាប់​ទ្រទ្រង់​ផែនការនេះ។ កញ្ចប់​ហិរញ្ញវត្ថុ​នេះ គឺ​ទឹកប្រាក់​បន្ថែម​ពី​លើ​ជំនួយ​២០​ពាន់​លាន​ដែល​អឺរ៉ុប​ផ្តល់​ឱ្យ​អាហ្វ្រិក​ជា​រៀង​រាល់​ឆ្នាំ។

ប៉ុន្តែ​សួរ​ថា​តើ​គេ​អាច​សហការ​ជាមួយ​រដ្ឋ​ផ្តាច់ការ​យ៉ាង​ដូចម្តេច ?! នេះ​ជា​វិញ្ញាសា​ដែល​ត្រូវ​យក​មក​លាត​ត្រដាង​លើ​តុ​​នៃ​ជំនួប​កំពូលអឺរ៉ុប-អាហ្វ្រិក។ ថ្វី​បើ​អឺរ៉ុប​ផ្តល់​អាទិភាព​ខ្លាំង​ដល់​ជំនួយ​អភិវឌ្ឍន៍​ ដើម្បី​លើក​ទឹក​ចិត្ត​យុវជន​កុំ​ចាក​ចេញ​ពីប្រទេស ប៉ុន្តែ​ការ​សហការជាមួយ​មេដឹកនាំ​ នៅ​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ទេ។ អ្នកការទូត​អឺរ៉ុប​បា​ន​ចរចា​ជាមួយ​ប្រទេស​មួយៗ ទៅ​តាម​ករណី​ជាក់ស្តែង ។ អឺរ៉ុប​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ខ្លះ​ហើយ​ តែ​យ៉ាងហោចណាស់​ក៏​សេចក្តី​ថ្លែងការណ៍រួម កំណត់​ទិសដៅ​​គោល​នឹង​ត្រូវ​ប្រកាស​ នៅ​ពេល​បិទ​បញ្ចប់​ជំនួប​កំពូល​ស្អែក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ