អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​បរិហារ​ការ​រឹត​ច្រក​ព្រំដែន​នៅ​អឺរ៉ុប​​ខាង​កើត

ជន​ភៀស​ខ្លួន​តាម​ច្រក​ក្រូអាស៊ី​និង​ស្លូវេនី
ជន​ភៀស​ខ្លួន​តាម​ច្រក​ក្រូអាស៊ី​និង​ស្លូវេនី REUTERS/Srdjan Zivulovic
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

វិធានការ​រឹត​ច្រក​ព្រំដែន​របស់​អឺរ៉ុប នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​​មក​នេះ បន្ទាប់ពី​មាន​ភេរវកម្ម​នៅ​ប៉ារីស​មក បាន​ធ្វើ​ឱ្យ​ស្ថានភាព​ជន​អន្តោប្រវេសន៍​ កាន់​តែ​ត្រដាប​ត្រដួស​ខ្លាំង​ឡើង ជាពិសេស​នៅ​តាម​ព្រំដែន​ពី​ប្រទេស​ក្រិក ទៅ​កាន់​បណ្តា​ប្រទេស​នៅ​តំបន់​បាល់កង់។ នេះ​ជា​បើ​តាម​ការ​បរិហារ​របស់​​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀសខ្លួន​និង​កុមារ HCR - OIM – UNICEF។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ និង​អង្គការ​អន្តរជាតិ​ផ្នែក​អន្តោប្រវេសន៍ បាន​រិះគន់​យ៉ាង​ខ្លាំង​ ការ​ច្រោះ​រើស​ជនអន្តោប្រវេសន៍​ដោយ​យោង​ទៅ​តាម​សញ្ជាតិ និង​បាន​អំពាវនាវ​សុំ​កុំ​ឱ្យ​មាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ កាក់​ចែក​ផ្លូវ​អន្តោប្រវេសន៍​រដឹក​តាម​ព្រំដែន​​​។ ការ​រឹត​បន្តឹង​ព្រំដែន​ដែល​បាន​ធ្វើ​ឱ្យ​ស្ថានភាព​ជន​អន្តោប្រវេសន៍​ធ្លាក់​ត្រដាប​ត្រដួស​យ៉ាង​ខ្លាំង និង​ដោយ​មិន​គិត​អំពី​កត្តា​អាកាសធាតុ​ ព្រមទាំង​ហានិភ័យ​ផ្សេងៗ​ចំពោះ​កុមារ នៅ​ពេល​ដែល​សីតុណ្ហភាព​ចាប់​ផ្តើម​ធ្លាក់ចុះ រដូវ​ធ្លាក់​ទឹកកក​កាន់​ខែ​ខិត​មក​ដល់ផង។

 
ស្ថាប័ន​ទាំង​បី​បាន​សម្តែង​ការព្រួយ​បារម្ភយ៉ាង​ខ្លាំង​អំពី​កង្វះ​ជម្រក​តាម​ដង​ផ្លូវ និង​អំពីជោគវាសនា​​ជន​ភៀស​ខ្លួន​ដែល​ជាប់​គាំង​នៅ​តាម​ច្រក​ព្រំ​ដែន​អឺរ៉ុប។ អង្គការ​ទាំង​បី​នេះ​បាន​ផ្គត់ផ្គង់​ជំនួយ​ដល់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ ប៉ុន្តែ​ជា​ចម្លើយ​តប​មក​វិញ បើ​តាម​ការ​សង្កេត​របស់​អង្គការ​អន្តរជាតិ​ផ្នែក​អន្តោប្រវេសន៍​ រដ្ឋ​អឺរ៉ុបមានការ​រើស​អើង​យ៉ាង​ខ្លាំង​ចំពោះ​សញ្ជាតិ​របស់​ជន​អន្តោប្រវេសន៍​។ ទង្វើ​ដែល​បាន​ជំរុញ​ឱ្យ​ពួក​គេ​បង្វែរ​ទិស​ផ្សង​ព្រេង​​ទៅ​រក​ផ្លូវ​ច្រក​ផ្លូវ​ផ្សេង ទាំង​ឆ្ងាយ​ទាំង​អស់​ថវិកា​ច្រើន។ នៅ​ក្នុង​របាយការណ៍​ ស្ថាប័ន​អង្គការ​សហប្រជាជាតិ​បាន​ចង្អុល​មុខ​ប៊ុលហ្ការី និង​អាល់បានី ថា​បាន​រំលោភ​​សិទ្ធិមនុស្ស​​​យ៉ាង​ខ្លាំង ក្នុង​ផ្នែក​អន្តោប្រវេសន៍​នេះ។

សូម​បញ្ជាក់​ថា តាំង​ពី​បាន​រក​ឃើញ​លិខិត​ឆ្លង​ស៊ីរី​នៅក្បែរ​ភេរវជន​អត្តឃាត​ នៅ​ក្រុង​ប៉ារីស​ថ្ងៃទី ១៣​វិច្ឆិកា​មក បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ដែល​ប្រឈម​មុខ​ខ្លាំង​នឹង​លំហូរ​អន្តោប្រវេសន៍ បាន​សម្រេច​ជា​ឯកតោភាគី​បិទ​ ឬ​បន្តឹង​ច្រក​ព្រំដែន​។ ប៉ូឡូញ​បាន​ប្រកាស​ឈប់​ទទួល​យក​ជន​ភៀសខ្លួន។ បន្ទាប់ពី​បានធ្វើ​ការ​​រែង​រើស​សញ្ជាតិ​ជន​ភៀស​ខ្លួន​ ដើម្បី​ចម្លងទៅ​អឺរ៉ុប​ខាង​លិច ឬ​ខាង​ជើង​មក ម៉ាសេដ្វាន ដែល​ជា​ចំណត​​ឆ្លង​កាត់​ដ៏​សំខាន់​មក​ពី​ក្រិក​ របស់​ជនជាតិ​ស៊ីរី អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន ​  បាន​ស្នើ​សុំ​ជំនួយ​ពី​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​សុក្រ​នេះ​ ព្រោះមិនអាច​ទប់​លំហូរ​​ន្តោប្រវេសន៍ ឥត​ស្បើយ​បាន​ទៀត​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ