អានតួអត្ថបទ
បារាំង-COP 21

ការ​ចរចា​ដ៏​ប្រទាញ​ប្រទង់​នៃ​សេចក្តី​ព្រាង​ចុងក្រោយ​ស្តី​ពី​អាកាសធាតុ ​នៅ​១ថ្ងៃ​មុន​បិទ​សន្និសីទ

លោក ឡូរ៉ង់ ហ្វាប៊្យូស ប្រធាន​សន្និសីទ​ស្តីពី​អាកាសធាតុ
លោក ឡូរ៉ង់ ហ្វាប៊្យូស ប្រធាន​សន្និសីទ​ស្តីពី​អាកាសធាតុ REUTERS/Stephane Mahe
ដោយ៖ ម៉ម ពិសី
៤៦ នាទី

សេចក្តីព្រាង​ជំហាន​ទី​ពីរ​នៃ​កិច្ច​ព្រមព្រៀង​ ស្តីពី​អាកាសធាតុ ​ត្រូវ​បាន​ដាក់​ជូន​ក្រុម​ការងារ​ចរចា ​នៅ​ទីក្រុង​ប៉ារីស ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ក៏​ប៉ុន្តែ​នៅ​មាន​ចំណុច​ជាច្រើន ​ ដែល​ភាគី​ទាំង​អស់ ​នៅ​មិន​ទាន់​ពេញចិត្ត​។ នៅ​សល់​ពេល​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ដែល​សន្និសីទ​សកលលោក ​ស្តីពី​អាកាសធាតុ​នឹង​បិទ​បញ្ចប់ ​គឺ​នៅ​ថ្ងៃ​សុក្រ ​ទី​ ១១​ ធ្នូ​ នេះ ​ហើយ​ដែល​ភាគី​ចូលរួម​ទាំងអស់​ ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​រួមគ្នា​មួយ ​ដែល​មាន​ទិសដៅ ​កាត់​បន្ថយ​ការ​កើនឡើង​កំដៅ​ផែនដី ​ការ​ប្រែប្រួល​អាកាសធាតុ។ ក្រុម​ការងារ ​បាន​ចរចា​គ្នា​ស្ទើរតែ​ពេញ​មួយ​យប់ ​ដើម្បី​ស្វែងរក​ចំណុច​ស្រប​គ្នា ​ព្រោះ​ពេល​វេលា​កាន់​តែ​បន្ទាន់។

ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រៀងជំហានទីពីរ៖

និយាយ​ពី​ដំណើរ​ការ​ចរចា​ស្តីពី​កិច្ច​ព្រមព្រៀង​នេះ ​ គឺ​ថា​ វា​នៅ​មាន​សល់​ចំណុច​ប្រទាំង​ប្រទឹស​គ្នា​ច្រើន​ណាស់។ កាល​ពី​រសៀស​ថ្ងៃ​ពុធ​ សេចក្តី​ព្រៀង​ជំហាន​ទីពីរ ​ ត្រូវ​បាន​ដាក់​ជូន​ដោយ​លោក​ឡូរ៉ង់ ហ្វាប្យ៊ូស ​ដែល​ជា​ប្រធាន​សន្និសិទ​ទាំងមូល។ សេចក្តី​ព្រៀង​លើក​ទីមួយ ​បាន​សម្រេច​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​ដែល​មាន​កម្រាស​៤៨​ទំព័រ។ សេចក្តី​ព្រៀង​ជំហាន​ទីពីរ​នេះ ​ត្រូវ​បាន​កែ​សម្រួល​មក​ត្រឹម​តែ​២៩​ទំព័រ​ទេ។

សេចក្តី​ព្រៀង​ជំហាន​ទីពីរ​នេះ ​បាន​ប្រគល់​ជូន​ទៅ​ដល់​ក្រុម​ការងារ​ តំណាង​ប្រទេស​សាម៉ី​ទាំងអស់​ ធ្វើការ​ពិនិត្យ ​និង​ដេញដោល​គ្នា​លើ​ចំណុច​ ដែល​អាច​ចោទ​ជា​បញ្ហា។ ការ​ចរចារ​ដេញដោល​គ្នា ​ កាល​ពី​ថ្ងៃ​ពុធ​នេះ ​បាន​ធ្វើ​ឡើង​រហូត​ដល់​ម៉ោង ​៥​ទៀបភ្លឺ​ឯណោះ។ អ្វី​ដែល​គេ​សង្កេត​ឃើញ​ គឺ​ថា​ការ​ចរចា​លើក​នេះ ​គឺ​មាន​តំណាង​ប្រទេស​ដល់ទៅ​៥០ ​ ដែល​បាន​លើកដៃ​ សូម​សម្តែង​មតិ​យោបល់ ​បង្ហាញ​នូវ​ការ​មិន​យល់​ស្រប​របស់​គេ ​ទៅ​លើ​ចំណុច​មួយ​ចំនួន។ នៅ​ព្រឹក​ថ្ងៃ ​ព្រហស្បតិ៍​ ​ការ​ចរចា​បាន​ចាប់ផ្តើម​បន្ត​ទៀត ​ ដោយ​លោក​ឡូរ៉ង់ ហ្វាប៊្យូស ​បាន​ថ្លែង​ដោយសុទិដ្ឋិនិយម​ថា ​ថ្វី​ត្បិត​តែ​ការ​ចរចា​ មាន​ភាព​ស្វិតស្វាញ ​និង​មិន​ទាន់​ត្រូវរូវ​គ្នា​ទាំង​ស្រុង ​ក៏​ប៉ុន្តែ​ភាគី​ម្នាក់ៗ ​បាន​សម្តែង​ឆន្ទៈ ​ក្នុង​ការ​សម្រេច​ការងារ​នេះ​ឲ្យ​បាន​ នៅ​ថ្ងៃ​ចុងក្រោយ​ ​គឺ​ថ្ងៃ​សុក្រ ​ទី​១១។ គ្មាន​អ្នក​ណា​បាន​សម្រាក​ទេ ក្រុម​ការងារ​ម្នាក់ៗ ​ភ្នែក​ឡើង​ស្លក់ ​ដោយសារ​គេង​មិន​ឆ្អែត។

ក្រុម​ប្រទេស​មហាអំណាច ​និង​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ទា​មទារ​ខុសគ្នា៖
បើ​និយាយ​ត្រួសៗ​ទៅ​ ចំណុច​ធំៗ​ ៣​ចំណុច ​ដែល​ កន្លង​មក​គ្រប់​គ្នា​តែងតែ​លើក​ឡើង ​ ​គឺនៅ​តែ​មិន​ទាន់​ច្បាស់​ដដែល។ ក្នុង​ចំណោម​ប្រទេស​ទាំងអស់ ​យើង​អាច​ធ្វើ​ការ​បែងចែក​គ្នា ​ជា​បី​ក្រុម ​ ហើយ​ដែល​ជា​ទូទៅ​ក្រុម​និមួយ ​មាន​យោបល់ ​មិន​ស្រប​គ្នា។ ក្រុម​ទីមួយ​ គឺ​ក្រុម​ប្រទេស​មហា​អំណាច ​មាន​សហរដ្ឋ​អាមេរិក​ ជប៉ុន​ និង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប។ ក្រុម​ទីពីរ​គឺ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ខ្លាំង ​មាន​ចិន​ ឥណ្ឌា ​ប្រេស៊ីល ​និងអាហ្វ្រិក​ខាងត្បូង ​ហើយ​ចុង​ក្រោយ ​ទី​បី ​គឺ​ក្រុម​ប្រទេស​ក្រីក្រ ​ដែល​ងាយ​រងគ្រោះ​ច្រើន​ជាង​គេ។

២អង្សារសេ ​ ឬ​ ១,៥អង្សារសេ?
ចំណុច​ទីមួយ ​ដែល​មិន​ត្រូវ​គ្នា  ​គឺ​ទាន់ទិន​ទៅ​នឹង​កម្មវត្ថុ​រួម ​នៃ​ការ​កាត់​បន្ថយ​ការ​កើនឡើង​នូវ​សីតុណ្ហភាព​ របស់ផែនដី​យើង។ តំបូង​ឡើយ​ ​គឺបាន​និយាយ​គ្នា ​ចង់​កំណត់​ថា ​ ត្រូវ​ធ្វើ​យ៉ាងណា​ កុំឲ្យ​សីតុណ្ហភាព​ឡើង​លើស​ពី​២អង្សារសេ។ ក៏​ប៉ុន្តែ​ឥឡូវ​នេះ ​ ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​មួយ​ចំនួន ​ មាន​ឥណ្ឌា ​ដែល​ចេញ​មុខ​ជាង​គេ ​ បានទាមទារ​ថា ​ត្រូវ​តែ​បន្ថយ​ឲ្យ​មក​ត្រឹម​ 0១,៥​អង្សារសេ។ ការ​លើក​ឡើង​នេះ ​ គឺ​ដោយសារ​ប្រទេស​ងាយ​រង​គ្រោះ ​នៅ​តែ​អាច​រង​គ្រោះ​ជានិច្ច ​បើ​ទោះ​បី​ជា​កំដៅ​ផែនដី​ ឡើង​មិន​លើស​ពី​២​អង្សារសេ​ក៏​ដោយ។ ដូច្នេះ ​ត្រូវ​បន្ថយ​បន្ថែមទៀត។

កាតព្វកិច្ច​រួមគ្នា ​តែ​ចំណែក​នៃ​ការ​ចូលរួម​ខុស​គ្នា៖
ចំណុច​ទី​ពីរ​ គឺ​ទាក់ទិន​ ទៅ​នឹង​ ការ​ចូលរួម​ កាត់​បន្ថយ​ការ​កើនឡើង​កំដៅ​ផែនដី ​ទៅ​តាម​ប្រទេស​នីមួយៗ។ អ្វី​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចង់​បាន ​ គឺ​ថា ​ការ​ចូលរួម​នេះ ​ត្រូវតែ​ធ្វើ​ឡើង​ ទៅ​តាម​កម្រិត​សេដ្ឋកិច្ច​ របស់​ប្រទេស​និមួយៗ។ អ្នក​គេ​រិះគន់​គេ​ថា ​ប្រទេស​មហា​អំណាច​ធំៗ ​មាន​អាមេរិក​ បារាំង ​ អាល្លឺម៉ង់ ​ម្នាក់ៗ ​បញ្ចេញ​ឧស្ម័ន​ពុល​រាប់សិប​ឆ្នាំ​មក​ហើយ ​ដើម្បី​កសាង​សេដ្ឋកិច្ច​របស់​ខ្លួន ​ ហើយ​ដល់​ឥឡូវ​ មក​ចង់​ហាមឃាត់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​កុំ​ឲ្យបញ្ចេញ​ឧស្ម័ន​ពុល។

ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ គឺ​វា​នៅ​ជាប់​ជាមួយ​នឹង​ សកម្មភាព​សេដ្ឋកិច្ច ​ដំណើរការ​រោងចក្រ ​ការ​ផលិត​ចរន្ត​អគី្គសនី ​ការ​ប្រើប្រាស់​ធ្យូងថ្ម​ជាដើម។ ប្រទេស​ក្រីក្រ ​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ត្រូវការ​វា ​ដើម្បី​ពង្រីក​សេដ្ឋកិច្ច​ខ្លួន​ ​ហើយ​នឹង​ឈាន​ទៅ​លប់​បំបាត់​ភាព​ក្រីក្រ ​របស់​ប្រទេស​គេ។ ដូច្នេះ​គេ​មិន​អាច ​ មិន​ធ្វើវា​បាន​ទាំងស្រុង​ទេ។ ផ្ទុយ​ទៅ​វិញ ​ប្រទេស​មហាអំណាច​ធំៗ​ ទៅ​វិញ​ទេ ​ ដែល​ត្រូវ​ប្រឹងប្រែង​ ធ្វើ​ឲ្យ​បាន​ច្រើន​ ជាង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ប្រទេស​កំពុង​អភិវឌ្ឍន៍​ គេ​អាច​ធ្វើ​បាន ​ប៉ុន្តែ​គេ​ត្រូវ​ផ្តល់​អទិភាព​ដល់​សេដ្ឋកិច្ច​គេ​ដែរ។ ម៉ាឡេស៊ី​ ដែល​ចេញ​មុខ​តវ៉ា​ជាង​គេ​ លើ​ចំណុច​នេះ ​បាន​ទាមទារ​ថា​ ការ​កាត់​បន្ថយ​ឧស្ម័ន​ពុល ​គឺ​ជា​កាតព្វកិច្ច​រួម​របស់គ្រប់​គ្នា​ ក៏​ប៉ុន្តែ​កាតព្វកិច្ច​នេះ ​ត្រូវ​តែ​ធ្វើ​ឲ្យ​ខុសគ្នា​ ពី​ប្រទេស​មួយ​ ទៅ​ប្រទេស​មួយ ​ដោយ​យោង​ទៅ​លើ​កត្តា​សេដ្ឋកិច្ច ​និង​ជា​ពិសេស ​គឺ​សកម្មភាព​បំពុល​បរិស្ថាន​កន្លង​មក ​របស់​ប្រទេស​និមួយៗ​ផងដែរ។

១០០​ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ៖
ចំណុច​ទីបី ​ចុងក្រោយ ​គឺ​ទាក់ទិន​នឹង​កញ្ចប់​ថវិកា​រួម ​ដែល​ប្រទេស​អ្នក​មាន ​ត្រូវ​ជួយ​ផ្តល់​ ឲ្យ​ប្រទេស​ក្រីក្រ ​ដើម្បី​ឲ្យ​គ្នា​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ តាម​ការ​ធ្លាប់​និយាយ​គ្នា ​ពីមុន​មក​ គឺ​ប្រទេស​មហាអំណាច ​ត្រូវ​រក​លុយ​ឲ្យ​បាន​ ១០០​ពាន់​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ។ សម្រាប់​ពេល​នេះ ​គឺ​មាន​តែ​តួលេខ​ប៉ុណ្ណោះ។ ក្នុង​ចំណោម​ប្រទេស​មហា​អំណាច ​គឺ​មាន​តែ​សហរដ្ឋ​អាមេរិក ​និង​កាណាដា​ទេ ​ដែល​បាន​បញ្ជាក់​ថា ​គេនឹង​ដាក់​បន្ថែម​លុយ ​ទៅ​ក្នុង​ខ្ទង់​ចំណាយ ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ។ ប្រទេស​មហា​អំណាច​ គេ​ក៏​ទាមទារ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំៗ ​មាន​ឥណ្ឌា ​ចិន​ជាដើម ​ថា​ត្រូវ​ចូល​រួម​ ផ្តល់​ប្រាក់​ជួយ​ផង​ដែរ។

សកម្មជន​ការពារ​ធម្មជាតិ​របស់​អង្គការ​Greenpeace ធ្វើ​ការ​តវ៉ា ​នៅ​ ​ពេល​​សន្នុិសីទ​​ នៅ​Bourget
សកម្មជន​ការពារ​ធម្មជាតិ​របស់​អង្គការ​Greenpeace ធ្វើ​ការ​តវ៉ា ​នៅ​ ​ពេល​​សន្នុិសីទ​​ នៅ​Bourget REUTERS/Jacky Naegelen

 
NGO​ ខកចិត្ត៖
សម្រាប់​អង្គការ ​សមាគមន៍​ធំៗ ​ដែល​សកម្ម​នៅ​ក្នុង​កិច្ចការ​ ការពារ​ធម្មជាតិ ​គ្មាន​នរណា​ម្នាក់​ពេញចិត្ត​ នឹង​សេចក្តីព្រៀង​ ច្បាប់​ទី​ពីរ​នេះ​នៅ​ឡើយ​ទេ។ អ្នក​តំណាង​អង្គការ​ OXFAM  ​បាន​បញ្ជាក់​ថា ​ ពេល​នេះ ​ជា​ពេល​ដែល​ត្រូវ​ជ្រើសរើស ​រវាង​គោលការណ៍​ពីរ​ ថា​តើ​ត្រូវ​ ទុក​លទ្ធភាព​ ឲ្យ​ប្រទេស​មហា​អំណាច​ធំៗ ​ ជា​អ្នក​សម្រេច​ទៅ​តាម​កាចង់​បាន ​ និង​អត្ថប្រយោជន៍​របស់​គេ ​រឺ​មួយ​ក៏​ត្រូវ​ចែង​កាតព្វកិច្ច​ផ្សេងៗ ​ដើម្បី​ធានា​ការពារ​ដល់​ប្រទេស​ក្រីក្រ ​ ដែល​ងាយ​រងគ្រោះ​ជាង​គេ។ សម្រាប់​អ្នក​តំណាង​អង្គការ​នេះ ​ លោក​យល់​ថា ​សេចក្តី​ព្រៀង​នេះ ​នៅ​ខ្វះ​ចន្លោះ​ច្រើន​ណាស់ ​ ហើយ​វា​មាន​លក្ខណៈ​មួយ​ គឺ​សម្រួល​គ្នា ​តែ​ប្រទេស​ធំៗ ​ មិន​ផ្តល់​អាទិភាព​ដល់​ប្រទេស​ក្រីក្រ ​ដែល​គ្នា​រងគ្រោះ​សោះ។

ចំណុច​សំខាន់​មួយ​ទៀត ​ដែល​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ព្រួយ​បារម្ភ​ គឺ​ថា ​ក្នុង​សេចក្តី​ព្រៀង​នេះ​ ​ ពុំ​មាន​ចែង​ ពីលទ្ធភាព​នៃ​ការ​សើររើ ​ កម្រិត​នៃ​ការ​កាត់​បន្ថយ​សីតុណ្ហភាព​ផែនដី ​ ​ពីនេះ​ ដល់​ឆ្នាំ​២០២០​ទេ។ ហើយ​កញ្ចប់​ថវិការ​ជួយ​ប្រទេស​ក្រីក្រ​ ក៏​ដូច្នេះ​ដែរ ​ ​គឺ​ពុំ​មាន​ចែង​ថា ​អាច​នឹង​បង្កើន​ ឲ្យ​លើស​ពី​នេះ​ទេ​ ​ទៅ​ថ្ងៃ​មុខ​ ​គឺ​ប៉ុណ្ណា ​នៅ​ប៉ុណ្ណឹង​រហូត​តែម្តង។ ចំណុច​ទាំង​ពីរ​ខាង​លើនេះ​ លោក​ នីកូឡា អ៊ុយឡូ ​អ្នក​តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​អាកាសធាតុ​ របស់​រដ្ឋាភិបាល​បារាំង ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផងដែរ។

ក្រុមហ៊ុន​ប្រេង​ធំៗ ​ទិញ​អ្នក​វិទ្យាសាស្ត្រ​ឲ្យ​សរសេររ​បាយការណ៍​បោកប្រាស់៖
អង្គការ​ Greenpeace ​បាន​ស៊ើប​អង្កេត ​ និង​បាន​ទម្លាយ​ចេញ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ ទី​៨ធ្នូ​ ទាក់ទង​នឹង ​ក្រុមហ៊ុន ​ផលិត​ប្រេង ​ និង​ធ្យូងថ្ម​ធំៗ ​ ដែល​បាន​ប្រើប្រាស់​លុយ​ ទិញ​អ្នក​វិទ្យាសាស្ត្រ​ល្បីៗ ​ឲ្យ​សរសេរ​របាយការណ៍​ ឲ្យខ្លួន។ អ្នក​វិទ្យាសាស្ត្រ​ធំៗ ​អ្នក​ខ្លះ​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ ​ត្រូវ​បាន​ក្រុមហ៊ុន​ទាំង​នោះ ​ចំណាយ​លុយ ​ឲ្យ​សរសេរ​អ្វី​ដែល​អះអាង​ថា ​ ផ្សែង​ពុល​ ឧស្ម័ន​កាបូនិក ​ដែល​បញ្ចេញ​ចោល​ ដោយ​ចំហេះ​ប្រេង​ ​រឺ​ធ្យូងថ្ម​ មិន​ជះឥទ្ធិពល​ដោយ​ផ្ទាល់​ រឺ​ ធំដុំ​អី ​ទៅ​លើ​កត្តា​ប្រែប្រួល​អាកាសធាតុ​នោះ​ទេ​។ គេ​ធ្វើ​យ៉ាង​នេះ​ គឺ​ដើម្បី​ការពារ​ឆ្នាំង​បាយ​របស់​គេ ​តែ​ធាតុពិត​​ វា​ជា​ការ​បោកប្រាស់​ មតិ​សាធារណៈ​ទាំង​ស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ