អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិអន្តោប្រវេសន៍ បាន​រុញ​​អឺរ៉ុប​ឱ្យ​បង្កើត​​​ឆ្មាំ​ព្រំដែន

សំឡេង ០៤:១០
អនុប្រធាន​គណៈកម្មការអឺរ៉ុប លោក  Frans Timmermans បង្ហាញ​វិធានការ​ថ្មី​ចង់​បង្កើត​ទ័ព​ឆ្មាំ​ព្រំដេន​អឺរ៉ុប
អនុប្រធាន​គណៈកម្មការអឺរ៉ុប លោក Frans Timmermans បង្ហាញ​វិធានការ​ថ្មី​ចង់​បង្កើត​ទ័ព​ឆ្មាំ​ព្រំដេន​អឺរ៉ុប REUTERS/Vincent Kessler
ដោយ៖ អៀង សុខម៉ិញ
២៩ នាទី

ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​ខាង​ក្រៅ​របស់​សហភាព​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប បាន​ប្រកាសស្នើ​សុំ​ទៅ​សភា​អឺរ៉ុប ​នៅ​ថ្ងៃអង្គារ​ទី ១៥ ធ្នូ នូវ​វិធានការ​មួយ​ចំនួន​ធំ ដូច​ជា កែប្រែ​ច្បាប់​Schengen ដើម្បី​ត្រួតពិនិត្យ​ជា​ស្វ័យប្រវត្តិការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែនចេញ​ចូល​តំបន់​ចរាចរណ៍​សេរី។​ ប៉ុន្តែ​អ្វី​ដែល​ប្លែក និង​ពិសេស​ជាងគេ គឺ​ការ​បង្កើត​កងពល​ឆ្មាំ​ព្រំដែន​អឺរ៉ុដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​ នៅ​ក្នុង​ប្រទេស​ជាសមាជិក​នៅ​ជាយ​ដែន​ទាំង​អស់ ទោះបី​ជា​រដ្ឋ​នោះ​ប្រឆាំង​​រឹងរូស​យ៉ាង​ណាក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

ព្រំដែន​អឺរ៉ុបនឹង​បិទ​ជិត​ជាង​មុន​បន្តិច។ អឺរ៉ុប​ គ្រោង​នឹង​បង្កើត​កង​កម្លាំង​ការពារ​ព្រំដែន ដែនទឹក​និង​ដី ដើម្បី​ប្រឈម​នឹង​វិបត្តិ​អន្តរប្រវេសន៍​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន។ កងកម្លាំង​ថ្មី​នេះ អាច​នឹង​ត្រូវ​ពង្រាយ​ដោយ​គ្មាន​ការ​យល់ព្រមពី​ប្រទេស​ពាក់ព័ន្ធ។

កម្មវត្ថុ​ចំបង គឺ​ចង់​បញ្ចៀស ​ភាព​វឹកវរ​តាម​ព្រំដែន​ខាង​ក្រៅ​ មក​រំខាន​ដល់​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ផ្ទៃ​តំបន់​Schengen ​ដែល​ជា​មូលដ្ឋាន​គ្រឹះដ៏​សំខាន់​បំផុត​មួយ​របស់​អឺរ៉ុប។ បើ​តាម​គណៈកម្មការអឺរ៉ុប​​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​២០១៥​នេះ មាន​អន្តោប្រវេសន៍​ខុស​ច្បាប់ ១,៥​នាក់ បាន​ឆ្លង​ចូល​ព្រំដែនអឺរ៉ុប​រួច​ និង​បន្ត​ដំណើរ​ពេញ​ផ្ទៃ​អឺរ៉ុប​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដោយ​គ្មាន​កំណត់​ត្រា ឬ​ចុះ​បញ្ជី​អ្វី​ទាំង​អស់។ ស្ថានភាព​នេះ​ បាន​ជំរុញ​ឱ្យ​ប្រទេស​ជាច្រើន​ ដូចជា អាល្លឺម៉ង់​ អូទ្រីស ឬ ស៊ុយអែត ... ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែនប្រទេស​​ឡើង​វិញ។

កម្លាំង​ឆ្មាំ​ព្រំដែន ១៥០០​នាក់
 

ហេតុការណ៍​បែប​នេះ មិន​ត្រូវ​ឱ្យ​កើត​មាន​ជា​ថ្មី​ម្តងទៀតទេ ! និង​ដើម្បី​កុំ​ឱ្យ​Schengen រង​ការ​គំរាមកំហែង​បាន ទើប​បាន​​​ជា​អឺរ៉ុប បាន​ស្នើ​​បង្កើត​​ភ្នាក់ងារ​​​​ឆ្មាំ​ព្រំដែន ដែលមាន​អំណាច​ឯករាជ្យ​​ថ្នាក់​អឺរ៉ុប​ ​​មាន​កង​កម្លាំង​ ១៥០០​នាក់ អាច​ប្រមូល​ផ្តុំ​​បានភ្លាម​​ក្នុង​រយៈ​ពេល​តិច​ជាង​បី​ថ្ងៃ ប្រសិន​បើ​មាន​ស្ថានការណ៍​បន្ទាន់។ ភ្នាក់ងារ​នេះ​នឹង​ត្រូវ​ដឹកនាំ​ដោយ​គណៈកម្មការ​មួយនិង​មាន​ថវិកាប្រចាំ​ឆ្នាំ ១១៤​លាន សម្រាប់​ឆ្នាំ​២០១៥ ​រួច​ដំឡើង​រហូត​ដល់​៣២២​លាន​ នៅឆ្នាំ​២០២០។ ​ប្រទេស​ជា​សមាជិក​ត្រូវបង់​វិភាគ​ទាន​ទៅ​តាម​សមមាត្រ​ប្រទេស។

ឆ្មាំ​ព្រំដែន​ថ្មី​នេះ ត្រូវ​មាន​សមត្ថភាព​ចេញ​ធ្វើ​អន្តរាគមន៍​ និង​ចេះ​ចាត់​វិធានការ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​នៅ​តាម​ព្រំដែន បើ​ទោះ​ជា​នៅ​ព្រំដែន​នោះ​ប្រទេស​ជា​ម្ចាស់​ផ្ទះ មិន​បាន​ស្នើ​សុំ​ជំនួយ ឬ​ក៏​ប្រទេស​ជា​សមាជិក​នោះ​យល់​ថា​មិន​ត្រូវ​ការ​ជំនួយ​អន្តរាគមន៍​ក៏​ដោយ។ តាមការ​ពិត ឆ្មាំ​ព្រំដែន​អឺរ៉ុប បើតាម​គោលការណ៍ មិន​អាច​ទៅ​ឈរ​ជើង​បំពេញ​បេសកកម្ម​ទេ ប្រសិន​បើ​គ្មាន​ការ​ព្រមព្រៀង​ពី​ប្រទេស​ជា​ម្ចាស់​ផ្ទះ។​ ប៉ុន្តែ​មាន​ន័យ​ថា​សហភាព​អឺរ៉ុបនឹង​ចាប់​បង្ខំ ដោយ​​​បន្ថែម​សម្ពាធ​​ ​ហើយ​បន្ថែម​ទៀត លើ​រដ្ឋ​ពាក់ព័ន្ធ ឱ្យ​ប្រឹង​ធ្វើ​អ្វី​ដែល​ចាំបាច់ និង​ដែល​ត្រូវព្រមទទួល ដើម្បី​ប្រយោជន៍​រួម។

ភ្នាក់ងារ​ឆ្មាំ​ព្រំដែន​គំរាម​អធិបតេយ្យជាតិ ?

តើ​នេះ​មិន​មែន​ជា​ការ​រំលោភ​ ឬ​ដំណើរ​បាត់បង់​​អធិបតេយ្យភាពរបស់​​រដ្ឋជា​សមាជិក​​​ទេឬ ? ក្រុម​អ្នក​ប្រឆាំង​នឹង​អឺរ៉ុប បាន​ទាញ​សញ្ញា​ជួង​ស្រែក​​ពេញ​អង្គ​សភា​អឺរ៉ុប​រួច​បាត់​ទៅ​ហើយ។ ប៉ុន្តែ​នេះ​ហើយ​ជា​ចំណុច​ថ្មី​ស្រឡាង​មួយ សម្រាប់​អឺរ៉ុប។ ការ​បង្កើត​ភ្នាក់ងារ​ឆ្មាំ​ព្រំដែន ហាក់​កំពុង​នាំ​រដ្ឋ​ជា​សមាជិក​ឱ្យ​បោះបង់​ជា​បណ្តើរៗ​ពាក្យ​ថា​អធិបតេយ្យភាព​ជាតិ តែ​ការ​បោះបង់​នេះគឺ​ដើម្បី​ការពារ​អឺរ៉ុប។ ហើយ​អាច​ជា​ចំណុច​ល្អ ព្រោះ​ក្នុង​ករណី​ជាក់​ស្តែង​ប្រទេស​ក្រិក កំពុង​ក្ស័យធន អសមត្ថភាពក្នុង​ការ​គ្រប់គ្រង​ព្រំដែន ​តែ​អឺរ៉ុបពាំង​មុខជំនួស​​បាន។

ប៉ុន្តែ​នៅ​មាន​សំណួរ​មួយ​ទៀត ថា​តើ​កងកម្លាំង​ឆ្មាំ​អឺរ៉ុប ដែល​ជា​ស្ថាប័ន​ថ្មី​ស្រឡាង​នេះ​ មាន​កាតព្វកិច្ច​ការងារ​អ្វី​ឱ្យ​ច្បាស់​ទៅ ? នៅ​ថ្ងៃអនាគត​ ឆ្មាំ​ព្រំដែនអាច​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​មាន​សម្ពាធ​ខ្លាំង​ និង​មាន​ភារៈ​សំខាន់​មួយ​គឺ​ឱ្យ​មានប្រសិទ្ធិភាព​ខ្លាំង ការ​​បញ្ជូន​ញែក​​អន្តោប្រវេសន៍ដែល​មាន ​សិទ្ធិ​​សុំ​ជ្រក​កោន។

 

គម្រោង​បង្កើតកងកម្លាំង​​ឆ្មាំព្រំដែន​អឺរ៉ុប គាំទ្រ​​ដោយ​បារាំង​និង​អាល្លឺម៉ង់ ប្រទេស​ជា​ក្បាល​ម៉ាស៊ីន​ធំ​ពី​របស់​អឺរ៉ុប។ គម្រោង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​សភា និងក្រុមប្រឹក្សា​សហភាពអឺរ៉ុប ដែល​ជា​បណ្តុំ​​ក្រុម​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ពិនិត្យ មុន​នឹង​សម្រេចអនុម័ត​ប្រើ។

សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨​ប្រទេស​បាន​ទទួល​ការ​អនុញ្ញាត​ពី​អឺរ៉ុប ឱ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​ស្វ័យ​ប្រវត្តិ​ពលរដ្ឋ​ខ្លួន​ពេល​ចេញ​ចូល​ឆ្លង​ព្រំដែន​ជាតិ
សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨​ប្រទេស​បាន​ទទួល​ការ​អនុញ្ញាត​ពី​អឺរ៉ុប ឱ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​ស្វ័យ​ប្រវត្តិ​ពលរដ្ឋ​ខ្លួន​ពេល​ចេញ​ចូល​ឆ្លង​ព្រំដែន​ជាតិ REUTERS/Vincent Kessler

កែសម្រួល​ច្បាប់​Schengen

គម្រោង​បង្កើត​ឆ្មាំ​ព្រំដែន​អឺរ៉ុប គឺ​ជាចំណែក​មួយ​នៃ​​វិធានការ​ថ្មីៗ​ផ្សេង​ទៀត​ ដែល​គណៈកម្មការ​អឺរ៉ុប​ដាក់​បង្ហាញ​ជូន​សភា​អឺរ៉ុប កាលពី​ថ្ងៃ​អង្គារ។ គម្រោង​ថ្មី​នេះ ក៏​មាន​ដាក់​បញ្ចូល​ ការ​ស្នើ​សុំ​កែប្រែ​ច្បាប់​Schengen តាម​សំណើ​ដ៏​ទទូច​របស់​បារាំងដែរ។ ការ​កែប្រែ​នេះ​មិន​មែន​តិច​តួច​ធម្មតា​ទេ ! ដោយ​ចាប់​ពី​អំណើះ​តទៅ អឺរ៉ុប​ចង់​ពង្រីក​វិសាលភាព​នៃ​​ការ​ត្រួតពិនិត្យ​ដោយ​ស្វ័យប្រវត្តិ និង​ដោយ​ស៊ីជម្រៅ លើ​រាល់​រូប​ពលរដ្ឋ​​អឺរ៉ុប ពេល​ឆ្លងចូល​​ព្រំដែនអឺរ៉ុប​Schengen។ វិធានការចុងក្រោយ​នេះ​ ត្រូវ​បាន​សម្រេច​ឡើង ក្រោយ​ពីមានការ​វាយប្រហារ​​ភេរវកម្ម​នៅ​ប៉ារីស ពី​សំណាក់​ជនជីហាត​អ៊ីស្លាមជ្រុលនិយម​ជាតិ​បន្លំ​ខ្លួន​ ​ត្រលប់​ចូល​អឺរ៉ុប តាម​ច្រក​ផ្លូវ​របស់​​​ជន​ភៀសខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ