វិបត្តិអន្តោប្រវេសន៍ ៖ អាល្លឺម៉ង់ចង់ព្រមានសមាជិកអឺរ៉ុបតាមផ្លូវច្បាប់
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានប្រកាសព្រមាននៅថ្ងៃសៅរ៍នេះ ថាដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ លើប្រទេសជាសមាជិកអឺរ៉ុបណា ដែលបដិសេធមិនព្រមទទួលជនភៀសខ្លួន ស្របតាមកម្មវិធីកូតាចែកចាយជនភៀសខ្លួនក្នុងក្របខ័ណ្ឌអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អឺរ៉ុបជាសហគមន៍មានច្បាប់ ! សម្តីដែលគ្រលាស់ចេញមកហើយត្រូវតែគោរព តែបើមិនធ្វើតាម មានតែត្រូវដោះស្រាយតាមច្បាប់ ! នេះជាប្រសាសន៍របស់ប្រមុខការទូតអាល្លឺម៉ង់ ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីប្រចាំសប្តាហ៍ Der Spiegel។
ការគំរាមរបស់អាល្លឺម៉ង់នេះ គឺសំដៅលើប្រទេសហុងគ្រី និងស្លូវាគី ព្រោះប្រទេសទាំងពីរនេះបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការអឺរ៉ុបប្រឆាំងនឹងកម្មវិធីកូតាចែកចាយជនភៀសខ្លួន ដែលរដ្ឋជាសមាជិកសហភាពអឺរ៉ុបបានអនុម័តកាលពីខែកញ្ញាតែហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីសោះ។
លើសពីនេះទៀត ស្លូវ៉ាគី បានបង្ហាញចរិកខុសប្លែកពីគេ ដោយប្រកាសជាឯកតោភាគី រំពឹងលើគោលការណ៍ស្ម័គ្រចិតុ្ត ទទួលយកជនភៀសខ្លួន និងយកតែជនភៀសខ្លួន កាន់សាសនាគ្រិស្ត ចំនួន ២៥គ្រួសារ ពោលគឺស្មើនឹង១៤៩នាក់។ ប៉ុន្តែនៅក្នុងក្របខ័ណ្ឌនៃការបែងចែកជនភៀសខ្លួន១៦ម៉ឺននាក់ ក្នុងក្របខ័ណ្ឌអឺរ៉ុប ស្លូវ៉ាគីមានកូតា ត្រូវទទួលជនភៀសខ្លួនដល់ទៅ ២៣០០នាក់។
អាល្លឺម៉ង់មិនមែនជាប្រទេសទីមួយ ដែលសំឡុតគំរាមរដ្ឋរឹងរូសរបស់អឺរ៉ុបទេ។ ប្រមុខរដ្ឋាភិបាលអូទ្រីស Werner Faymann បានអះអាងរួចមកហើយថាប្រទេសដែលទទួលប្រាក់ឧបត្ថម្ភពីសហភាព យ៉ាងច្រើនទៅបំប៉ោងកញ្ចប់ថវិកា អាចនឹងត្រូវកាត់បន្ថយជំនួយវិញ ប្រសិនបើបដិសេធមិនព្រមទទួលជនភៀសខ្លួនទេ។
នៅថ្ងៃព្រហស្បតិ៍និងសុក្រម្សិលមិញ សមាជិកអឺរ៉ុបបានជួបប្រជុំគ្នា និងស្រែករំលឹក ថាអឺរ៉ុបត្រូវការជាបន្ទាន់ការការពារព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប ដើម្បីទប់ទល់នឹងលំហូរអន្តរប្រវេសន៍។ ដើម្បីសម្រេចកម្មវត្ថុនេះ អាល្លឺម៉ង់ បានបញ្ជូនប៉ូលិស១០០នាក់ ព្រមទាំងនាវា និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ទៅជួយភ្នាក់ងារឆ្មាំព្រំដែនFrontex ទទួលបន្ទុកការពារព្រំដែន។ Frontex ត្រូវការកម្លាំងប្រមាណ៨៥០នាក់ ទើបអាចគ្រប់គ្រងព្រំដែនអឺរ៉ុប ចន្លោះពីតួកគី ទៅកោះក្រិកបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ