ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្វី​ជា​មេរៀន​ ក្រោយ​ខួប​មួយ​ឆ្នាំ​នៃ​ភេរវកម្ម​ប្រឆាំង​ទស្សនាវដ្តី​Charlie Hebdo ?

សំឡេង ០៤:២៨
ទំព័រ​មុខ​ទស្សនាវដ្តី​ចេញ​ផ្សាយ​ថ្ងៃ​ទី ៦ មករា ២០១៦ ខួប​មួយ​ឆ្នាំ​ក្រោយការ​វាយប្រហារ​ភេរវកម្ម
ទំព័រ​មុខ​ទស្សនាវដ្តី​ចេញ​ផ្សាយ​ថ្ងៃ​ទី ៦ មករា ២០១៦ ខួប​មួយ​ឆ្នាំ​ក្រោយការ​វាយប្រហារ​ភេរវកម្ម Charlie Hebdo

៧មករា ២០១៥-៧​មករា​២០១៦ ថ្ងៃ​នេះ​ជា​ខួប​មួយ​ឆ្នាំ​គត់​នៃ​ភេរវកម្មបាញ់​ប្រហារ​​ប្រឆាំង​នឹង​ទស្សនាវដ្តី​ត្លុក​កំប្លែង Charlie Hebdo ​ ផ្តាច់​ជីវិត​អ្នក​កាសែត អ្នក​គូរ​រូប​ត្លុក​​ដ៏​ល្បីល្បាញ​របស់​ទស្សនាវដ្តី​។ ការ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​និង​ទស្សនាវដ្តី ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍​នេះ។ ភេរវកម្ម​ដែល​បន្សល់​ទុក​នូវ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ដល់​ថ្ងៃ​នេះ និង​ដែល​បាន​អង្រួញចិត្ត​​ពិភពលោក​ទាំង​មូល​ កាលពី​មួយ​ឆ្នាំមុន ផ្តល់​មេរៀន​អ្វី​ខ្លះ ? ​

ផ្សាយពាណិជ្ជកម្ម

ថ្ងៃ៧​មករា ២០១៥ ម៉ោង​ប្រមាណ ១១​និង​៣០​នាទី ព្រឹក ​បុរស​ពីរនាក់​ស្លៀក​ពាក់​ខ្មៅ បិទ​មុខ ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​ បាន​សំរុក​ចូល​ក្នុងទីស្នាក់​ការ​ទស្សនាវដ្តី Charlie Hebdo -មាន​ទី​តាំង​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ប៉ារីស (ក្នុង​សង្កាត់​ទី ១១)​ បាញ់​សម្លាប់​អ្នក​យាម​ទ្វារ​ម្នាក់ មុន​នឹង​ចូល​ទៅ​ក្នុង​បន្ទប់​ប្រជុំ​របស់​ទស្សនាវដ្តី​ បាញ់​រះ​លើ​​ក្រុម​ការិយាល័យ​និពន្ធ​ដែល​កំពុង​ជួប​ប្រជុំ​គ្នា​ ដោយ​ស្រែក​ថា “អាឡា កាបារ”។

 
បន្ទាប់​មក​ ភេរវជនឈាម​ត្រជាក់ ​ទាំង​ពីរ បានរត់​ឡើង​ឡាន​ដោយ​សម្រួល​ ចេញ​ពី​កន្លែង​កើត​ហេតុ និង​បាញ់​សម្លាប់​ប៉ូលិស​ដើរ​ល្បាត​តាម​ផ្លូវ ដែល​មិននឹក​ស្មាន​ដល់​ថា​ជា​ការ​វាយប្រហារ​​ភេរវកម្មទេ។​ ក្នុង​ពេល​ដែល​ប៉ូលិស​កំពុង​តាម​ស្វែង​រក​ចាប់​​ភេរវជន​ពីរ​នាក់​បង​ប្អូន​​គូសហ្ស៊ី និងក្តុកក្តួល ចំពោះ​ការ​បាត់​បង់​ក្រុម​បញ្ញាវន្តនៃ​ទស្សនាវដ្តី​ត្លុក​គំនូរ​ មាន​ការ​បាញ់​រះ​សម្លាប់​ប៉ូលិស​ម្នាក់​ទៀត​បាន​កើត​ឡើង​នៅ​ភាគ​ខាង​ប៉ារីស​ម្តង។ មួយ​ថ្ងៃ​ឡើង​ទៀត គឺ​នៅ​ថ្ងៃ​ទី ៩ មករា ក្នុង​ពេល​ដែល​ប៉ូលិស​រក​ឃើញ​ដាន​ភេរវជន​ពីរ​នាក់​បង​ប្អូន ចូល​ក្នុង​រោងចក្រ​មួយ​នៅ​ភាគ​ខាង​ឦសាន​ក្រុង​ប៉ារីស ស្រាប់​តែ​មាន​កា​រចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ក្រុង​ប៉ារីស​​មួយ​កន្លែង​ផ្សេង​ទៀត ក្នុង​ផ្សារ។ ភេរវជន​ទាំង​បី បាន​រៀប​ផែន​ការ​ចង់​ធ្វើ​សកម្មភាព​ក្នុង​ពេល​តែ​មួយ​ ក្នុង​នាម​ចលនា​ភេរវនិយម​អាល់កៃដា​នៅ​យេមែន។

មិន​ធ្លាប់​មានទេ​​ក្នុង​ប្រវត្តិ​សាស្ត្រ​បារាំង ដែល​មាន​សមរភូមិ​​ចំណាប់​ខ្មាំង​ពីរ​ ក្នុង​ពេល​តែ​មួយ កណ្តាល​រដ្ឋ​ធានី​យ៉ាង​ដូច្នេះ។ វិបត្តិ​ចំណាប់​ខ្មាំង​បាន​បិទ​បញ្ចប់ ដោយ​ប្រតិបត្តិការ​ប៉ូលិស​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ បាញ់​សម្លាប់​ខ្មាញ់​កាំភ្លើង​កុម្មង់ដូ​ទាំង​បី និង​ជន​រងគ្រោះ​ដល់​ជីវិត​១៧​នាក់។ ភាព​តក់​ស្លុត រន្ធត់​ បាន​ជំរុញ​ឱ្យ​ពិភពលោក​ទាំង​មូល ដែល​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​ ចាប់​ដៃគ្នា បង្ហាញ​សាមគ្គី​ភាព​ជាមួយ​បារាំង។ ប្រមុខ​រដ្ឋ រដ្ឋាភិបាល​ស្ទើរ​គ្រប់​ប្រទេស​នៃ​ភព​ផែនដី​បាន​នាំគ្នា​ធ្វើ​ដំណើរ​មក​ប៉ារីស ដើម្បី​​ដើរ​ដង្ហែ​ក្បួន​​សន្តិភាព​ ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​​។

កាសែត​Charlie Hebdo ដែល​បាត់​បង់​សហការី​ដ៏​ចំណានៗ​ គ្មាន​ប្រៀប​ ប្រឹង​ត្រដរ​រស់ នឹង​ចេញ​ផ្សាយ​​តាម​ទម្លាប់​នូវ​លេខ​ពិសេស​ក្រោយ​ភេរវកម្ម​ភ្លាម ដោយ​គូរ​រូប​ត្លុក​មហាម៉េត ជាមួយ​នឹង​ចំណង​ជើង “លើក​លែង​ទោស”។ ​លេខ​ក្រោយ​ពី​ស្លាប់​​នោះ​លក់​ដាច់​អស់​ជាង​៧​លាន​៨​សែន​ច្បាប់ ច្រើន​ជាង​ធម្មតា​ដល់​ទៅ​ជិត​១០​ដង។

មួយ​ឆ្នាំ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ ដែល​ផ្តាច់​ជីវិត​អ្នក​កាសែត​​អ្នក​គូរ​រូប​ត្លុក​ស្ទើរ​អស់​ពី​ការិយាល័យ​និពន្ធ​ Charlie Hebdo ​បាន​​ចេញ​ផ្សាយ​លេខ​ពិសេស ដើម្បី​ឧទ្ទិស​ដល់​ព្រលឹង​អ្នក​ស្លាប់ នៅ​ថ្ងៃ​ទី ៦មករា ២០១៦ ចំនួន​១​លាន​ច្បាប់ ដោយ​មាន​ភ្ជាប់​កូន​សៀវភៅ​គំនូរ ជា​ស្នាដៃ​​អ្នក​គូរល្បីៗ​ស្លាប់​ក្នុង​ភេរវកម្ម​៧​មករា​២០១៥ និង​ការ​ចូល​រួម​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌​បារាំង ព្រមទាំង​បញ្ញាវន្ត​បង់ក្លាដែស អាមេរិក សិល្បករសិល្បការិនី ឬ​អ្នក​ភ្លេង​ផង។ នៅ​ទំព័រ​មុខ គេ​ឃើញ​មាន​រូប​គំនូរ​ត្លុក​ ព្រះដុះ​ពុក​មាត់​​ស្រមូម ស្ពាយ​​កាំភ្លើង​អាកា kalachnikov អាវវែង​​ប្រឡាក់​ឈាម គូរ​ដោយ​នាយក​ទស្សនាវដ្តី​ផ្ទាល់ ​ក្រោម​ចំណង​ជើង​ថា “មួយ​ឆ្នាំ​ក្រោយ ​ឃាតករនៅ​គេច​ខ្លួន”។

ទស្សនាវដ្តី​មិន​ទាន់​ចេញ​ដាក់​លក់​តាម​តូប​ផង ពាក្យ​រិះគន់ និង​គាំទ្រ​បាន​ផ្ទុះ​សុសសាយ​ពេញ​ប្រព័ន្ធ​សង្គម។ អ្នក​ប្រឆាំង​យល់​ថា​ កាសែត​លេង​សើច​នឹង​សាសនា​ទៀត​ហើយ ឯ​អ្នក​ការពារ​វិញយល់​ថា​ នេះ​ជា​គំនិត​ដើម​នៃ​ទស្សនាវដ្តី​ត្លុក គឺ​រិះគន់ ចំអក សើច​កំប្លែង​ ពី​គេ​ ពី​សាសនា ពី​ខ្លួន​ឯង​ផ្ទាល់។ ទំព័រ​មុខ​របស់​ទស្សនាវដ្តី​លេខ​ពិសេស​នេះ គ្មាន​​លក្ខណៈ​វាយប្រហារ​ និង​ម៉ៅ​លើ​សាសនា​អ៊ីស្លាម​ទេ ! សុខចិត្ត​និយាយបែប​សរុប​សំដៅ​លើ​ព្រះ​ជា​រួម។ នាយក​ទស្សនាវដ្តី បានពន្យល់​ថា​ ​លេខ​ពិសេសខួប​មួយ​ឆ្នាំ​ សូម​​ឧទ្ទិស​ដល់​ភាព​គ្មាន​សាសនា​ និង​បរិហារ​ការ​ងប់ងល់​នឹងគម្ពីរ​កូរ៉ង់ យកពរ​​សាសនា​មក​សម្លាប់​កាសែត​ដែល​ហ៊ាន​លេង​សើច​នឹង​សាសនា។

ភេរវកម្ម​ប្រឆាំង​នឹង​ទស្សនាវដ្តី Charlie Hebdo បាន​ធ្វើ​ឱ្យ​ប្រទេស​បារាំង បាន​ឡើង​ចំណាត់​ថ្នាក់​ខ្ពស់​នៅ​ឆ្នាំ ២០១៥ លំដាប់​ទី​បីបន្ទាប់​ពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ដែល​មាន​ចំនួន​អ្នក​កាសែត ស្លាប់​ច្រើន​ជាង​គេ​ ពេល​កំពុង​បំពេញ​ការងារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI