អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​រុស្ស៊ី​ជា​មហាអំណាច​ពិភពលោក ឬ​មហាអំណាច​តំបន់?

សំឡេង ០៥:៤៩
លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន
លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន REUTERS/Mikhail Klimentyev/Sputnik/Kremlin
ដោយ៖ កែវ ឆាយា
៣១ នាទី

ប្រព័ន្ធ​ផ្សព្វផ្សាយ BBC របស់​អង់គ្លេស​បាន​ន័យ​ថា របស់​បស្ចិមលោក ដែលតែង ប្រឈម​នឹង​រាល់​អ្វីៗ ជា​រុស្ស៊ី បាន​ចេញ​បទអត្ថាធិប្បាយ​ធ្វើ​វិភាគ តើ​រុស្ស៊ី ជា​មហាអំណាច ពិភពលោក ឬ មហា​អំណាច​តំបន់?។ គឺ​ក្នុង​បរិបទ​នៃ​យុទ្ធសាស្ត្រ​ថ្មី​ស្តី​អំពី​សន្តិសុខជាតិ​រុស្ស៊ី អនុម័ត ដោយ​លោក​ប្រធានាធិបតី​ពូទីន នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​ទើប​កន្លង​ផុត​ទៅ គឺ ថ្ងៃទី​៣១​ធ្នូ ឆ្នាំ២០១៥។ យុទ្ធសាស្ត្រ​ថ្មី​នេះ លើក​ជា​អាទិភាព​មួយ ក្នុង​ចំណោម​អាទិភាព គឺ ប្រមើល​ពង្រឹង លក្ខន្តិកៈ​ប្រទេស​រុស្ស៊ី ជា​មហាអំណាច​មួយ​នាំ​មុខ​គេ នៅ​ក្នុង​លោក។

ផ្សាយពាណិជ្ជកម្ម

តើ​គេ​អាច​ចាត់​ទុក​រុស្ស៊ី ជា​មហាអំណាច​មួយ​នាំ​មុខ​គេ​ឬ​ទេ”? ដោយ​ចាប់​ផ្តើម​ពី​សំណួរ​នេះ BBC ផ្ទាល់ ឆ្លើយ​ថា មក​ទល់​ឥឡូវ សំណួរ​នេះ​ស្ថិត​នៅ​ចំហដដែល ពុំ​ទាន់​មាន ចម្លើយ​ទេ ពីព្រោះ ទី១ រុស្ស៊ី​ជា​ប្រទេស​ដែល​មាន​ដែនដីធំ​ជាង​គេ​បង្អស់​លើ​ផែនដី ព្រមទាំង​ជា​ប្រទេស ផលិត ប្រេងឆៅ បរិមាណច្រើន​ជាង​គេ នៅ​ក្នុង​លោក។ ទី២ រុស្ស៊ី​ជា​សមាជិក​អចិន្ត្រៃយ៍ ក្នុង​ចំណោម ៥សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. បំពាក់​ទៅ​ដោយ​សិទ្ធិវេតូ។ ទី៣ រុស្ស៊ី​មាន​សក្តានុពល​នុយក្លេអ៊ែរ កាន់​តែ​ទំនើប​ទៅៗ ជា​លំដាប់។ ទី៤ ការ​ចំណាយ​ផ្នែក​យោធា របស់​រុស្ស៊ី ដែល​ចេះ​តែ​កើន​ឡើង​ជា​ដរាប បានបង្ខិត​ប្រទេស​នេះ ទៅ​ជិត​គោលដៅ ដើម្បី​សម្រេច​បាន​មែន នូវ​ឧត្តមភាព​ក្នុងសង្គ្រាម​ប្រចាំ​តំបន់​ណា​មួយ។

ប៉ុន្តែ ជា​ការ​កត់សម្គាល់ មូលដ្ឋាន​សេដ្ឋកិច្ច​របស់​រុស្ស៊ី សម្រាប់​ទ្រទ្រង់​លទ្ធភាព​ទាំង​នេះ ចេះ​តែ រួញ​ខើច​ទៅ​នា​២ឆ្នាំ​ចុង​ក្រោយ ក្រោម​សម្ពាធ​ធ្ងន់​ដំណំ ពី​ខាង​បស្ចិមលោក។ ដោយ​មក​ពី​អត្រា​ប្រាក់​រូប្ល​រុស្ស៊ី ក្នុង​ឆ្នាំ២០១៤ និង ២០១៥ បាត់​ទម្ងន់​ខ្លួន សរុប​ទៅ អស់​ពាក់ កណ្តាល ហើយ​រាល់​អ្វីៗ​ផលិតបាន​ក្នុង​ប្រទេស ទទួល​បាន​ជា​ប្រាក់រូប្ល​នេះ លុះ​គិត​ជា​ដុល្លារ គឺ ស្រាប់​តែស្រុត​ចុះ​យ៉ាង​ខ្លាំង បាន​ជា ពេល​គិត​ជា​ដុល្លារអាមេរិក គឺ​អូសទាញ ទំហំផលិតផល សរុប​ក្នុង​ស្រុក ហៅ​ថា GDP របស់​រុស្ស៊ី ឲ្យ​ធ្លាក់​ពី ចំណាត់ថ្នាក់​ទី៦​នៅ​ក្នុង​លោក ចុះ​ដល់​ទី១០ ឯណោះ នេះ​បើ​តាម​ការ​បូក​គុណ​ឃើញ​របស់ពួក​អ្នកជំនាញ BBC។

BBC ប្រៀបធៀប​ទំហំ​សេដ្ឋកិច្ច​រុស្ស៊ី​ទៅ​នឹង ៩ ប្រទេស​ទៀត​ដែល​ស្ថិត​ក្នុងបញ្ជី​នៃ​១០ ប្រទេស​នាំ​មុខ​គេ ក្នុង​លោក ខាង​ទំហំ​សេដ្ឋកិច្ច​នេះ ហៅ​ម្យ៉ាងទៀត​ថា GDP ពោល​គឺ៖
ជាប់លេខ​១ គឺ​ទំហំ​របស់ ស.រ.អា. ក្នុង​ទឹកប្រាក់ ១៧៤សែន ១ម៉ឺន ៩.០០០ លានដុល្លារ។
ជាប់លេខ២ គឺ​ទំហំ​របស់​ចិនដីគោក​ក្នុង​ទឹកប្រាក់ ១០៣សែន ៦ម៉ឺន លានដុល្លារ
ជាប់លេខ៣ គឺ​ទំហំ​របស់​ជប៉ុន​ក្នុង​ទឹកប្រាក់ ៤៦សែន ១.៤៦១ លានដុល្លារ
ជាប់លេខ៤ គឺ​ទំហំ​របស់​អាល្លឺម៉ង់ ៣៨សែន ៥ម៉ឺន ២.៥៥៦ លានដុល្លារ
ជាប់លេខ៥ គឺ​ទំហំ GDP អង់គ្លេស ២៩សែន ៤ម៉ឺន១.៨៨៦ លានដុល្លារ
ជាប់លេខ៦ គឺ​ទំហំ GDP បារាំង ២៨សែន ២ម៉ឺន ៩.១៩២ លានដុល្លារ
ជាប់លេខ៧ គឺ​ទំហំ GDP ប្រេស៊ីល ២៣សែន ៤ម៉ឺន ៦.១១៨ លានដុល្លារ
ជាប់លេខ៨ គឺ​ទំហំ GDP អ៊ីតាលី ២១សែន ៤ម៉ឺន ៤.៣៣៨ លានដុល្លារ
ជាប់លេខ៩ គឺ​ទំហំ GDP ឥណ្ឌា ២០សែន ៦ម៉ឺន ៦.៩០២ លានដុល្លារ​​
ជាប់លេខ១០ គឺ​ទំហំ GDP រុស្ស៊ី ១៨សែន ៦ម៉ឺន ៥៩៨ លានដុល្លារ។​

មិន​តែ​ប៉ុណ្ណោះ សេដ្ឋកិច្ច​រុស្ស៊ី​ក៏​ញាំញី​ដោយ​អំពើពុករលួយ និង​មហិច្ឆិតាស្រេកឃ្លាន ទទួល ចំណូល​កប់​ក្តោង​ពី​សម្បត្តិធម្មជាតិ ហេតុ​ដែល​នាំ​ជា​ការបង់​ខាត​ធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​នេះ​ឯង។ សេដ្ឋកិច្ច​រុស្ស៊ី ដូច​មុន​ដដែល សំពីងសំពោង ដោយ​ហេដ្ឋារចនាសម្ព័ន្ធ សល់​ពី សម័យ​សូវៀត។ ចំណែក​សមត្ថភាព​សេដ្ឋកិច្ច​នេះ ខាង​ធានា វិស័យ​សិក្សាធិការ និង​សេវាកម្ម​សុខាភិបាល​ឲ្យ​ស្ថិត​ក្នុង​កម្រិត​យ៉ាង​សក្តិសម សម្រាប់​បណ្តាជន ស្រាប់​តែ​រួញ​ខើច​យ៉ាង​លឿន។

ទាក់ទង​នឹង​លក្ខន្តិកៈពិភពលោក​របស់​រុស្ស៊ី គឺ​មាន​ចំណុច​ពីរ​ដែល​មិន​អាចប្រកែក​បាន មួយ​ចំណែក រុស្ស៊ី​ចាត់​ទុក​ខ្លួន​ឯង ជា​ប្រទេស​មហាអំណាច។ ប្រាកដ​ណាស់​ដែល សម្រាប់​មតិ​ផ្ទៃក្នុង​ប្រទេស​ផ្ទាល់ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យឡើយ។ ប៉ុន្តែ មួយ​ចំណែក​ទៀត លើ​ឆាក​ពិភពលោក រុស្ស៊ី តាំង​ពី​យូរ​មកហើយ ត្រូវ​បាន​មហាប្រទេស ចិន​ដីគោក មិន​គ្រាន់​តែ​ដេញ​តាម​ទាន់ប៉ុណ្ណោះ​ទេ តែ​ក៏ ថែម​ទាំង​វ៉ា​ឈ្នះ​ទៅ​ផង លុះ​ទាល់​តែ បច្ចុប្បន្ន ចិន​ក្លាយជា​មហាអំណាច​ពិភពលោក ជាប់​ចំណាត់ថ្នាក់​ទី២ នៅ​តែ​ពី​ក្រោយ​ស.រ.អា.។

ថ្វី​ត្បិត​តែ ក្រោយ​ពី​បដិវត្តន៍​នៅ​អ៊ុយក្រែន រុស្ស៊ី​រមែង​ថ្លែង​អំពី​ការ​ពិនិត្យ​សើរើឡើង​វិញ អាទិភាព​ខ្លួន គឺ​ទៅ​ទិស​ខាង​កើត ទិស​អាស៊ី ក៏​រុស្ស៊ី ក្នុង​ចិត្ត ដូច​មុនអ៊ីចឹង នៅ​តែ​ប្រៀបប្រដូច​ខ្លួន​ឯង ទៅ​នឹង បស្ចិមលោក ជា​ពិសេស គឺ​ទៅ​នឹងស.រ.អា.តែ​ម្តង។ រុស្ស៊ី​ចេះ​រក​ឃើញ កន្លែង​មួយ​ពិសេស​សម្រាប់​ខ្លួន គឺ ក្នុងនយោបាយ​ពិភពលោក ស្ថិត​នៅ​តំបន់ ដែល​ហៅ​ថា អឺរ៉ុប-អាស៊ី ដោយ​មិនចង​សម្ព័ន្ធ​អ្វី​ណា​ទេ​ ទោះ​ជាមួយ​អឺរ៉ុប​ក្តី ទោះ​ជាមួយ​អាស៊ី​ក្តី ប៉ុន្តែ ខិតខំ​ជះឥទ្ធិពល​ខ្លួន ទាំង​នៅ​អឺរ៉ុប​ផង ទាំង​នៅ​អាស៊ី​ផង។

BBC ក្នុង​បទវិភាគ​ខ្លួន កត់​សម្គាល់​ថា រុស្ស៊ី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្នះខ្នែងបង្កើត​ឡើង​ជា សហភាពអឺរ៉ុប-អាស៊ី តាម​លំនាំ សហភាពអឺរ៉ុប ប៉ុន្តែ​មិនឈរលើ បទដ្ឋាន​អឺរ៉ុប អ្វី​ណា​ទេ។ ម៉្លោះ​ហើយ បាន​ជា​ញ៉ាំង​ឲ្យ​ចោទ​ឡើង​ជា​សំណួរ​ថា តើ​សហភាពអឺរ៉ុប-អាស៊ី​នេះ​អាច​រស់រាន យូរអង្វែង​ឬ​ទេ បើ​សេដ្ឋកិច្ច​រុស្ស៊ី​ផ្ទាល់ ដូច​ជា​មិនមាំ​មួន​ឡើយ? ចំណែក​ប្រទេស​ឯ​ទៀត ដែល​ជា​ សមាជិក​សហភាព​នេះ ក៏​គ្មាន​បំណង ភ្ជាប់ខ្លួន​ដោយ​ស្លាប់​រស់ ជាមួយ​រុស្ស៊ីឡើយ។

ក្នុង​ដំណាក់​ឥឡូវ គេ​ពិបាក​យល់ តើ​រុស្ស៊ី​មើល​ឃើញ​បេសកកម្ម​ប្រវត្តិសាស្ត្រខ្លួន​នៅ​ត្រង់​ណា ក្រៅ​ពី​ដើម្បី​បង្កើន​ឥទ្ធិពល​ខ្លួន?

តាម​ផ្លូវ​វោហា រុស្ស៊ី​តែង​ជំទាស់​យ៉ាង​ខ្ជាប់​ខ្ជួន ទល់​នឹង​គំនិត ខាង​សាយ​ភាយ​ប្រជាធិបតេយ្យ។ ព្រម​ជាមួយ​នេះ ទំហំ​នៃ​ជំនួយ​របស់​រុស្ស៊ី សម្រាប់​រដ្ឋបរទេស​នានា សព្វ​ថ្ងៃ​ស្ថិត​ក្នុង​កម្រិត​ទាប សែនទាប លើកលែង​តែ​ជំនួយ​ផ្តល់​ទៅ ក្នុង​បរិវេណ​នៃ អតីត​លំហ​សហភាពសូវៀត។ ចំណែក ការ​ចូលរួមរបស់​រុស្ស៊ី ក្នុង​ប្រតិបត្តិការ​ទ័ព​មួកខៀវ​អ.ស.ប. ក្រោយ​​ពី​ទសវត្សរ៍​ទី៩០​មក លែង មាន​ប្រព្រឹត្ត​ទៅ ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ