រុស្ស៊ី និ​ង អ៊ីតាលី ជា ដៃគូសេដ្ឋកិច្ចដ៏សំខាន់ នឹងគ្នា

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine (ស) និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី Matteo Renziនៅ​វិមាន​ក្រេមឡាំង ថ្ងៃទី ៥​មីនា ២០១៥
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine (ស) និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី Matteo Renziនៅ​វិមាន​ក្រេមឡាំង ថ្ងៃទី ៥​មីនា ២០១៥ PHOTO / POOL / SERGEI KARPUKHIN

នារសៀលថ្ងៃសុក្រ ៨មករា​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី Matteo Renzi បាន​ភ្ជាប់​ខ្សែ​ទូរសព្ទ ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ វិមានក្រេមឡាំង ដោយ​ផ្សព្វផ្សាយ​ដំណឹង​នេះ បាន​ប្រកាស​ថា គឺ​ក្នុង​ស្មារតី​ស្ថាបនា ដែល​រដ្ឋ​បុរស​ទាំងពីរ បាន​ពិភាក្សា​អំពី​បញ្ហា​គន្លឹះៗ​មួយចំនួន នៃ​សហប្រតិបត្តិការ​រុស្ស៊ី-អ៊ីតាលី មាន​វិស័យ​ពាណិជ្ជកម្ម-​សេដ្ឋកិច្ច ជាដើម។

ផ្សាយពាណិជ្ជកម្ម

តាមវិមានក្រេមឡាំង នាកិច្ចសន្ទនា​តាម​ទូរសព្ទ​នោះ លោកពូទីន និង លោក Renzi បាន​និយាយ​អំពី​សហប្រតិបត្តិការ​រុស្ស៊ី-អ៊ីតាលី ជាពិសេស ផ្នែកពាណិជ្ជកម្ម និង សេដ្ឋកិច្ច ដោយ​បញ្ជាក់​ជា​ថ្មី​ពី​សារៈសំខាន់​នៃ​ការបន្ត​ធ្វើ​ការងារ​រួមគ្នា ដើម្បី​សម្រេច​ឲ្យ​បាន​ដូច​ចិត្ត នូវ​គម្រោង​ធំៗ​វិស័យ​ថាមពល។

 
សេចក្តីជូនដំណឹង របស់​វិមាន​ក្រេមឡាំង លំអិតថា ប្រមុខ​រដ្ឋ​រុស្ស៊ី និង នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ក៏បាន​លើក​ឡើង “អំពី​ទស្សនវិស័យ​នៃ​ដំណោះស្រាយ​ជម្លោះ​នៅ​ស៊ីរី និង សភាពការណ៍ នៃ​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត”។

សេចក្តីជូនដំណឹងនោះ បន្ថែមថា “ក្នុង​បរិបទ​នេះ​គូភាគី បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការស្រាក់កម្លាំង​គ្នា​យ៉ាង​ជិតស្និទ្ធ ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ទល់​នឹង​ភេរវនិយម​អន្តរជាតិ។

ជាការរំលឹក អ៊ីតាលីដែលជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់​បំផុត​របស់​រុស្ស៊ី​នៅ​អឺរ៉ុប ក្នុង​ខែ​ធ្នូ​កន្លង​ទៅដោយ​រុញ​ច្រាន​ចេញ​មក​នូវ​ការទាមទារ​ឲ្យ​លើក​ពេល​អនុម័ត​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប ពន្យារ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ចំ​ពោះគោល​ជំហរ​ឥត​ប្រែប្រួល​របស់​ក្រុង​ម៉ូស្គូ ក្នុង​វិបត្តិ​នៅ​អ៊ុយក្រែន គឺបាន​បន្ទុចបង្អាក់​អស់​មួយ​រយៈពេល​ទៅ​អភិក្រម ខាង​អនុម័ត​សេចក្តី​សម្រេច​បែប​នេះ តាម​ផ្លូវ​ព្រមព្រៀង​គ្នា​ជា ​Consensus។

លុះនៅចុងខែធ្នូ ទើប​ក្បាល​ម៉ាស៊ីន​សហភាព​អឺរ៉ុប នៅ​ក្រុង​ព្រុចសែល បាន​អនុម័ត​ដាច់​ស្រេច​ជាស្ថាពរ សេចក្តី​សម្រេច​ពន្យារ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នោះ ទៅ​មុខ​កន្លះ​ឆ្នាំ​ទៀត រហូត​ដល់​ថ្ងៃ​ទី ៣១​កក្កដា​ឆ្នាំ ២០១៦ ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ដាក់​តាំងពី​ឆ្នាំ​២០១៤​មក ចំពោះ​ការ​ដែល​ម៉ូស្គូ​ប្តេជ្ញា​គាំទ្រ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​រុស្ស៊ីនិយម នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន។

កាលពីខែមីនា​ឆ្នាំ​មុន ការសិក្សា​ធ្វើ​ដោយ​ធនាគារ​អ៊ីតាលី Intesa San Paolo បង្ហាញ​ឲ្យ​ឃើញ​ថា ដោយ​មក​ពី​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​ប្រឆាំង​រុស្ស៊ី និង​ទណ្ឌកម្ម​បក​វិញ​ពី​ខាងរុស្ស៊ី​ សេដ្ឋកិច្ច​របស់​អ៊ីតាលី ប្រទេស​ជា​សមាជិក​សហភាព​នេះ បាន​រង​នូវ​ការ​ខាតបង់ អស់ ១.២០០​លាន​អឺរ៉ូ ក្នុង​ឆ្នាំ​២០១៤ និង កាន់​តែ​ច្រើន​ជាង​នេះទៅ​ទៀត ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ។

រុស្ស៊ីនិងអ៊ីតាលី មាន​ចំណង​សេដ្ឋកិច្ច​មាំមួន​នឹង​គ្នា ជាពិសេស​ផ្នែក​ថាមពល​ឧស្ម័ន ដែល ២៥% នៃ​តម្រូវការ​របស់​ខ្លួន​ត្រូវ​អ៊ីតាលី​នាំ​ចូល​គឺ​ពី​រុស្ស៊ី​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI