រដ្ឋាភិបាលរុស្ស៊ី ត្រៀមកាត់បន្ថយ១០% ខ្ទង់ចំណាយនៃថវិកា
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលរុស្ស៊ី កំពុងរៀបចំខ្លួនកាត់បន្ថយដល់ទៅ១០% ខ្ទង់ចំណាយនៃថវិកា ដើម្បីសម្របសេដ្ឋកិច្ចជាតិរុស្ស៊ី ទៅនឹងស្ថានការណ៍បណ្តាលមកពីការស្រុតចុះយ៉ាងខ្លាំង នៃតម្លៃប្រេងលើទីផ្សារពិភពលោក ដ្បិតដោយមកពីការធ្លាក់ចុះនៃតម្លៃប្រេងខ្ទង់ចំណូលរបស់ថវិការុស្ស៊ី ចេះតែរួញខើចទៅ - ដំណឹងនេះ បង្ហើបឲ្យដឹងដោយកាសែតសេដ្ឋកិច្ច ក្រុងម៉ូស្គូ ឈ្មោះ Vedomosti លេខថ្ងៃអង្គារទី១២មករា។
ការស្រុតចុះនៃតម្លៃ”មាសខ្មៅ” ដែលបូកជាមួយឧស្ម័ន គឺតែងនាំចំណូលក្រាស់ក្រែលដល់រដ្ឋរុស្ស៊ី បានបន្តអូសទាញទៅជាមួយវាក្នុងថ្ងៃអង្គារម្សិលមិញ ទាំងទីផ្សារហិរញ្ញវត្ថុរុស្ស៊ី នាំឲ្យទ្រនិចលេខនៃទីផ្សារភាគហ៊ុនក្រុងម៉ូស្គូ RTS និងអត្រាប្រាក់រូប្លធ្លាក់យ៉ាងគំហុក ដល់កម្រិត ទាបបំផុត បើគិតតាំងពីខែធ្នូឆ្នាំ២០១៤មក។
ថវិកាឆ្នាំ២០១៦នេះ ត្រូវបានតាក់តែងឡើង ដោយរដ្ឋរុស្ស៊ីគ្រោងថា តម្លៃប្រេងក្នុង១ធុង គឺ ៥០ដុល្លារ ប៉ុន្តែឥឡូវជាក់ស្តែង គឺតែម្តុំ៣០ដុល្លារប៉ុណ្ណោះ។ ចំណែកលោកប្រធានាធិបតីពូទីន បានដាក់ទិស ឲ្យទ្រទ្រង់ឧនភាពថវិកា ក្នុងទំហំកុំលើសសោះឡើយពី៣%នៃផលិតផលសរុប ក្នុងប្រទេស ហៅថា GDP ដើម្បីការពារ “ឯករាជ្យហិរញ្ញវត្ថុ”ប្រទេសរុស្ស៊ី។
យោងទៅលើមន្ត្រីជាន់ខ្ពស់ពីរនាក់ដែលមិនបញ្ចេញឈ្មោះ កាសែតសេដ្ឋកិច្ច Vedomosti ចុះ ផ្សាយថា ទៅទល់ថ្ងៃសុក្រខាងមុខ ក្រសួងទាំងឡាយត្រូវកំណត់ តើដោយរបៀបណាដែលគេនឹងបន្ថយ១០% ខ្ទង់ចំណាយនៃថវិកា។
លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ពីចំណែកគាត់លំអិតថា ការកាត់បន្ថយទាំងនេះ មិនត្រូវប៉ះពាល់ ឡើយ ដល់ប្រាក់ខែពួកមន្ត្រីរដ្ឋការ និងពួកយោធា។
គួរនិយាយថា កាលពីកណ្តាលឆ្នាំមុន នៅរុស្ស៊ីមានលេចចេញមកជាសញ្ញា នៃស្ថិរភាពសេដ្ឋកិច្ច លុះទាល់តែរដ្ឋាភិបាល ខំសង្ឃឹមថាអាចងើបឡើងវិញក្នុងឆ្នាំ២០១៦នេះ ប៉ុន្តែរលកបោកបក់ ហិរញ្ញវត្ថុឥឡូវនេះ ស្រាប់តែនាំឲ្យខូចការទៅហើយ ដល់សេណារីយ៉ូ ដែលមានគ្រោងទុក។
ព្រមជាមួយនេះ រដ្ឋរុស្ស៊ីទើបប្រកាសធ្វើជាតូបនីយកម្ម ធនាគារពាណិជ្ជជាតិរុស្ស៊ី ហៅកាត់ថា RNCB ជាធនាគារដើរតួគន្លឹះសម្រាប់សេដ្ឋកិច្ចទៀបកោះគ្រីមេ ប៉ុន្តែដែលជាប់ក្នុងទណ្ឌកម្ម ស.រ.អា. មកពីត្រូវក្រុងវ៉ាស៊ីនតោន ចោទអាជ្ញាធររុស្ស៊ី ថាប្រើធនាគារនេះ សម្រាប់លេបយកទឹកដីគ្រីមេ។
ធនាគារនេះ ជាប់ចំណាត់ថ្នាក់ទី៩០ ក្នុងបញ្ជីធនាគារចំនួន ៧០០ នៅរុស្ស៊ី ត្រូវបានបង្កើតឡើង នៅម៉ូស្គូ ក្នុងឆ្នាំ១៩៩០ ហើយរើទៅនៅគ្រីមេភ្លាម ក្រោយពីទឹកដីនេះ ចូលមកក្នុងសហព័ន្ធរុស្ស៊ី កាលពី ខែមីនាឆ្នាំ២០១៤៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ