អានតួអត្ថបទ
សហភាពអឺរ៉ុប-អន្តោប្រវេស្តន៍

សហភាព​អឺរ៉ុប​ ទុក​ពេល​២​ខែ​ដើម្បី​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍​

ជនអន្តោប្រវេស្តន៍​នៅក្នុងមណ្ឌលឃុំឃាំងមួយនៅក្រុង​ Athènes កាលពីខែកុម្ភៈ២០១៥.
ជនអន្តោប្រវេស្តន៍​នៅក្នុងមណ្ឌលឃុំឃាំងមួយនៅក្រុង​ Athènes កាលពីខែកុម្ភៈ២០១៥. AFP PHOTO / Angelos Tzortzinis
ដោយ៖ នុយ ប៊ែរណាដែត
១៣ នាទី

ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប​​ដឹកនាំ​ដោយ​ប្រទេស​ហូឡង់ បាន​ប្រកាស​ទុក​ពេល​២​ខែ​រហូត​ចុង​បញ្ចប់​រដូវ​ត្រជាក់​ខ្លាំង​ ដើម្បី​ចាត់​​វិធានការ​ទប់ស្កាត់​លំហូរ​អន្តោប្រវេស្តន៍​មក​អឺរ៉ុប នេះ ជា​ការ​គូស​បញ្ជាក់​របស់​លោក Mark Rutte ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ហូឡង់​នៅ​ថ្ងៃ​ពុធ​២០​មករា​នា​ទីក្រុង Strasbourg។

ផ្សាយពាណិជ្ជកម្ម

លោក Mark Rutte នាយករដ្ឋ​មន្ត្រី​ប្រទេស​ហូឡង់ដែល​ក៏ជាប្រធានផ្លាស់វេន​​សហភាព​​អឺរ៉ុប​​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​សភា​អឺរ៉ុបនៅក្រុង​​ Strasbourg​​ ​នៅថ្ងៃពុធម្សិលមិញ​ ថា​”លំហូរ​អន្តោ​ប្រវេស្តន៍​​មកអឺរ៉ុប​កាន់តែ​មាន​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ​ដែល​លោក​ពុំ​អាច​ទ្រាំទ្រ​ត​ទៅ​​ទៀត​បាន​ឡើយ"។

 
ប្រធានផ្លាស់​វេន​សហភាពអឺរ៉ុ​ប ថែមទាំង បាន​ទាមទារ​​ឲ្យ​អឺរ៉ុប ​ចាត់​វិធានការឲ្យបាន​ប្រសិទ្ធភាព​​ក្នុងការ​​​កាត់​បន្ថយ​លំហូរអន្តោប្រវេស្ត៍​​​នេះ ឲ្យ​បាន​ចំនួន​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​រយៈ​ពេល​ពី ​​៦​ទៅ​៨​​សប្តាហ៍​ខាង​មុខ។

 ប្រទេស​ហូឡង់ ដែល​ទើប​បាន​​ឡើង​កាន់​តំណែង​ជា​ប្រធាន​ផ្លាស់វេន​សហភាពអឺរ៉ុប ​​ចាប់​តាំង​​ពីថ្ងៃទី១មករានោះ នឹង ត្រូវ​បន្ត រហូតដល់ថ្ងៃ​ទី​៣០​មិថុនា​២០១៦។​

ក្នុងពេលនេះ សមាជិក​សភា​អឺរ៉ុប​ កំពុង​តែ​មាន​ការ​ព្រួយបារម្ភ​​ខ្លាំង ពីព្រោះ​គេ ខ្លាច​​ដល់​ពេល​រដូវ​ផ្ការីក ​​ដែល​​​អាកាសធាតុ មិន​សូវមានភាព​ត្រជាក់​ខ្លាំងនោះ អាចជំរុញ​​លំហូរ​​​​អន្តោ​ប្រវេស្តន៍​ ឲ្យ​​​ហក់​ស្ទុះ​​​ជាថ្មីឡើង​វិញ។ ពីព្រោះ​គ្រាន់តែ​នៅ​ឆ្នាំ​២០១៥​កន្លង​មក ចំនួន​ជន​អន្តោ​ប្រវេស្តន៍​ដែល​​រត់ចូលមកអឺរ៉ុប មានរហូត​ដល់​ជាង ១​លាន​នាក់។

 លោក Rutte  ថែមទាំង​​បាន​ថ្លែងសង្កត់ពាក្យទៀតថា ​”​វា​ជា​ការ​មួយ​ដ៏​សំខាន់​បំផុត​ដែល​សហភាព​អឺរ៉ុប ​ត្រូវតែ​អនុវត្ត​ឲ្យបានយ៉ាង​ឆាប់​រហ័ស ​នូវ​កិច្ច​ព្រមព្រៀង​នានា​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស តួកគី កាលពីឆ្នាំទៅមិញ ​ដើម្បី​ការកាត់​បន្ថយ​លំហូរ​អន្តោ​ប្រវេស្តន៍​​​មក​កាន់​អឺរ៉ុប​។

បន្ទាប់មកទៀត នៅ​ក្នុង​សន្និសីទ​កាសែត​មួយ លោក Rutte ក៏​ បាន​គូស​បញ្ចាក់​ទៀតថា” សហភាពអឺរ៉ុប ត្រូវតែ​ធ្វើការផងដែរ​ជាមួយ​បណ្តា​ប្រទេសនានា  ដូច​ជា​ប្រទេស លីបង់ ឬ​ក៏ប្រទស​ស៊ីហ្សកដានី​ជាដើម ដើម្បី​ឲ្យ​បណ្តា​ជន​ភៀសខ្លួន ដែល​កំពុង​ស្នាក់​នៅ​ទីនោះ បាន​ទទួល​ការ​ឧបត្ថម្ភ​យ៉ាង​ត្រឹម​ត្រូវដូចជា ​នៅ​ក្នុង​វិស័យ​សិក្សា សុខាភិបាល​ ឬ​ក៏​​មាន​ការងារ​ធ្វើ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ