រុស្ស៊ី និង​បារាំង ដាក់ទិស ស្តារទំនាក់ទំនងទ្វេភាគី ឲ្យមានថាមពលឡើងវិញ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បារាំង លោក Emmanuel Macron និង​សមភាគី​រុស្ស៊ី លោក Alexeï Oulioukaïev នៅ​ម៉ូស្គូ​ថ្ងៃ​ទី ២៥​មករា ២០១៦
រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បារាំង លោក Emmanuel Macron និង​សមភាគី​រុស្ស៊ី លោក Alexeï Oulioukaïev នៅ​ម៉ូស្គូ​ថ្ងៃ​ទី ២៥​មករា ២០១៦ REUTERS/Maxim Shemetov

លោករដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ម៉ូស្គូ ដែល​ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ គាត់​បាន​ចូលរួម​ក្នុង​“ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រុស្ស៊ី-បារាំង” ដែល​ខាន​រួម​ប្រជុំ តាំង​ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៣​មក ក្រោម​ចំហាយ​នៃ​ភាព​តានតឹង​នយោបាយ រវាង​ប្រទេស​ទាំងពីរ បណ្តាល​មកពី​វិបត្តិ​នៅ​អ៊ុយក្រែន។ គ្រាន់តែ​ក្នុង​៣​ខែ​ចុងក្រោយ ទស្សនកិច្ច​នេះ គឺ​ជា​ទស្សនកិច្ច លើកទី​៤​ទៅ​ហើយ​នៅ​រុស្ស៊ី នៃ​មន្ត្រី​បារាំង​ជាន់​ថ្នាក់​ខ្ពស់ៗ ដែល​អាច​ជា​សញ្ញា នៃ​បំណង​ស្តារ​ទំនាក់ទំនង​បារាំង​ជាមួយ​រុស្ស៊ី ឲ្យ​មាន​ថាមពល​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

ក្នុងដំណើរទស្សនកិច្ច មានចុះបានកិច្ចព្រមព្រៀង​ជាច្រើន ផ្នែក​ពាណិជ្ជកម្ម។ លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង Emmanuel Macron ថែម​ទាំង​បាន​សម្ពោធ “មជ្ឈមណ្ឌល High Tech បារាំង-រុស្ស៊ី” ទៅផង។

 
ទោះបីរុស្ស៊ីនៅ​ជាប់​ក្នុងទណ្ឌកម្ម​បស្ចិមលោក បណ្តាល​មកពី​វិបត្តិ​អ៊ុយក្រែន​ក្តី ក៏​បារាំង​ប្រាថ្នា​សកម្ម​ជាក់ស្តែង​មែន​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​ជាមួយ​ម៉ូស្គូ។

ថ្លែងក្នុងកិច្ចប្រជុំនៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រុស្ស៊ី-បារាំង លោក Emmanuel Macron លើក​ឡើង​ជា​អាទិ៍ ៖ ជា​ការ​មិន​អាច​ប្រកែក​បាន​ដែល ទំនាក់ំទំនង​ទ្វេ​ភាគី​ចេះ​តែ​សកម្ម​ទៅៗ។ នៅលើ​ផ្លូវ​នេះ​ត្រូវតែ​កត់​សម្គាល់​ពី​ការផ្លាស់ប្តូរ​ទស្សនកិច្ច កាន់តែ​ញឹកញយ​ឡើង រវាង​ប្រធានាធិបតី​ប្រទេស​ទាំងពីរ ដែល​ឆ្លុះ​ឲ្យ​ឃើញ​ពី​បន្ទាត់​នយោបាយ​ការទូត ដ៏​ទន់ភ្លន់។ សម្រាប់​ខ្ញុំ​ផ្ទាល់ ទស្សនកិច្ច​ជា​បន្តបន្ទាប់​នៃ​បណ្តា​រដ្ឋមន្ត្រី​បារាំង​នៅ​រុស្ស៊ី គឺ​ជា​ឆន្ទៈ​ខ្លាំង​ក្រៃលែង ផ្នែក​នយោបាយ​និង​ការទូត​បារាំង ឆ្ពោះ​ទៅ​រក្សា​ទុក ​កម្លាំង​នៅក្នុង​ទំនាក់ទំនង ផ្នែក​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ។ ក្នុងន័យនេះ ខ្ញុំ​សង្ឃឹម​ថា ការបំពេញ​តាម​កិច្ចព្រមព្រៀង​ក្រុង​មិនស្ក៍ អាច​នឹង​អនុញ្ញាត​ឲ្យ​លុប​ទៅ​វិញ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី នៅ​ម្តុំ​កណ្តាល​ឆ្នាំ​នេះ។  

សម្រាប់ក្រុងប៉ារីស ម៉ូស្គូ​បន្ត​ស្ថិត​នៅ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ មិន​អាច​រំលង​បាន ម៉្លោះ​ហើយ បាន​ជា​មិន​ត្រូវ​ថ្លោះ​ការ បណ្តោយ​ឲ្យ​ដៃ​គូ​បែប​នេះ​របូត​បាត់​ទៅ នៅ​ពេល​ដែល​ទណ្ឌកម្ម​នោះ ស្រាប់​តែ​លុបទៅ​វិញ​ទៅ។ លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​រុស្ស៊ី Alexei Oulioukaiev បាន​សំដែង​នូវ “ក្តី​សោមនស្ស” ដោយ​ឃើញនាពេល​ចុង​ក្រោយ ពួក​អ្នក​មុខ​អ្នក​ការ​បារាំង ឧស្សាហ៍​និយាយ ក្នុង​ន័យ​ជា​វិជ្ជមាន​អំពី​ការលុប​ទណ្ឌកម្ម​នោះ​ទៅ​វិញ។ រុស្ស៊ីផ្ទាល់ ពិត​ជា​យល់​ដឹង​ច្បាស់ ថា​សេដ្ឋកិច្ច​ខ្លួន​ពិបាក​ងើប​ឡើង​វិញ បើ​គ្មាន​ការជួយ​ជ្រោមជ្រែង​ពី​ខាង​បណ្តា​ប្រទេស​អឺរ៉ុប​ទេ។

ជាបញ្ចប់គួរនិយាយថា វិបត្តិ​នៅ​ស៊ីរី ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា ម៉ូស្គូ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​បារាំង​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI