​អឺរ៉ុបព្រួយ​បារម្ភ​នឹង​ដំណើរ​មក​ដល់យ៉ាង​លឿន​​នៃ​វីរ៉ុសហ្ស៊ីកា (Zika)

មូស​ខ្លា ជា​ភ្នាក់ងារ​​ចម្លង​ជំងឺ​ហ្សីកា Zika នៅ​អាមេរិក​ឡាទីន
មូស​ខ្លា ជា​ភ្នាក់ងារ​​ចម្លង​ជំងឺ​ហ្សីកា Zika នៅ​អាមេរិក​ឡាទីន

បន្ទាប់ពី​អង់គ្លេស ហូឡង់ ថ្ងៃ​នេះ​មន្ទីរ​ពេទ្យ​ដាណឺម៉ាក់ បាន​ប្រកាស​ថា​មាន​ករណី​ឆ្លង​វីរ៉ុស​​ហ្ស៊ីកា​ដំបូង​ ចូល​មក​ដល់​នៅ​ក្នុង​ប្រទេស។ ការ​ជូន​ដំណឹង​នេះ​ធ្លាក់​មក​ជួន​ចំពេល​ដែល​អង្គការ​សុខភាព​ពិភពលោក បានសម្តែង​ការ​ព្រួយ​បារម្ភ នឹង​រីក​រាត​ត្បាត​នៃ​វីរ៉ុស​ហ្ស៊ីកាកាន់តែ​ច្រើន​ឡើងៗស្ទើរ​ពេញ​​​ទ្វីប​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​អាច​ទប់​ស្កាត់​ដំណើរ​មក​ដល់នៃ​វីរ៉ុស​ហ្ស៊ី​កា​លើ​ទឹកដី​អឺរ៉ុបទេ ! អ្នក​ឯកទេសអឺរ៉ុប បាន​ព្យាករ​ថា​ហ្ស៊ីកា​អាច​នឹង​ចម្លង​មក​ដល់​អឺរ៉ុប​យ៉ាង​យូរ​ នៅ​រវាង​ខែ​ឧសភា​និង​មិថុនា។ ប៉ុន្តែ​លឿន​ជាង​ការ​គិត​​  គេ​បាន​រក​ឃើញ​ករណី​ឆ្លង​​វីរ៉ុស​ហ្ស៊ីកា​ តាំង​ពី​ខែ​មករា​២០១៦​ ម្តង ! ម្សិលមិញ​ ​ដាណឺម៉ាក បានប្រកាស​​រក​ឃើញ​​​វីរ៉ុស​ហ្ស៊ីកា​លើ​យុវជន​ម្នាក់ ទើប​ធ្វើ​ដំណើរ​​វិស្សមកាល​​មក​ពីអាមេរិក​កណ្តាល​និង​ខាង​ត្បូង។ ​ដោយ​សារ​ភាព​វ័យ​ក្មេងពេញ​កម្លាំង​និង​ជា​បុរសភេទ ក្តី​ព្រួយ​បារម្ភ​ប៉ះពាល់​ដល់​សុខភាព​ត្រូវ​បាន​ច្រាន​ចោល។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន អាជ្ញាធរ​សុខាភិបាលក្រុង​ឡុងដ៍ ទើប​បាន​រក​​ប្រកាស​ឃើញ​មាន​ករណីកើត​ជំងឺ​ហ្ស៊ីកា​នេះ​លើ​ពលរដ្ឋ​អង់គ្លេស​បី​នាក់ និង​​​​ក៏​ឃើញ​មាន​កើត​ដែរ នៅហូឡង់​ លើ​មនុស្ស​​១០​នាក់។ អ្នក​ជំងឺ​គ្រប់​រូប​មិន​ថា​អង់គ្លេស​ ឬ​ហូឡង់​ឬ​ដាណឺម៉ាក​ទេ សុទ្ធ​តែ​ទើប​ត្រលប់​មក​ពី​ទ្វីប​អាមេរិក​​ខាង​ត្បូង​ទាំង​អស់។

 
ហ្ស៊ីកា​ចម្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ខាំ។ ជំងឺ​នេះ​មាន​ប្រភព​មក​ពី​​អាហ្វ្រិក​ និងទើប​ផ្តើម​រាត​ត្បាត​​ជា​ថ្មី​នៅ​ប្រេស៊ីល និង​ត​ដល់​ប្រទេស​ជិត​ខាង នា​ឱកាស​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក កាលពី​ឆ្នាំ​ទៅ។ ​ពេល​នេះ ហ្ស៊ីកា​មាន​វត្តមាន​ស្ទើ​រ​នៅ​ក្នុងគ្រប់​ប្រទេស​ទាំង​អស់​នៃ​ទ្វីប​អាមេរិក លើក​លែង​តែ​កាណាដា​និង​​ឈីលី។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក។ អង្គការ​ដែល​បាន​សម្តែង​ការ​​ព្រួយ​បារម្ភ​ជា​ពិសេស ព្រោះថ្វី​បើ​៨០%​នៃ​អ្នក​ជំងឺ​​ហ្ស៊ីកា មិន​ដឹង​ខ្លួន ឬ​មាន​ត្រឹម​អាការៈ​គ្រុន​ក្តៅ​ វីរ៉ុស​នេះ​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​​ទារក​ក្នុង​ផ្ទៃ​កើត​មក​មាន​ក្បាល​តូច​ជាង​ប្រក្រតី ឬ​ស្លាប់​បាន។ ​

មក​ទល់​ពេល​នេះ​ពិភពលោក​ ​គ្មាន​ថ្នាំ​ព្យាបាល គ្មាន​ថ្នាំ​ការពារ​អ្វី​ទាំង​អស់​ គឺ​អាច​ព្យាបាលត្រឹម​បំបាត់​​អាការៈ​សញ្ញា​ក្តៅ​ខ្លួន ស្បែកឡើង​រោល​ឬ​កន្ទួល ឬ​ភ្នែក​ឡើង​ក្រហម​ តែ​ប៉ុណ្ណោះ។ វិធានការ​ក៏​ប្រសើរ​បំផុត​ គឺ​ការ​ការពារ ! ប្រទេស​មួយ​ចំនួន​ធំ​នៅ​​អាមេរិក​ឡាទីន​​​ និង​នៅ​តាម​ប្រជុំ​កោះ​ការ៉ាអ៊ីប បាន​ឃោសនា​ណែនាំ​ឱ្យ​ស្ត្រី​ពន្យារ​កំណើត​សិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI