អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប​កាន់​តែ​ច្រើន​ប្រើ​វិធានការ​​រឹប​អូស​ទ្រព្យសម្បត្តិ​ ប្រឆាំង​​ជនភៀស​ខ្លួន

សំឡេង ០៤:១២
ដាណឺម៉ាក​អនុម័ត​ច្បាប់​រឹប​អូស​ទ្រព្យ​សម្បត្តិ​ជន​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​ ក្រោម​សម្រែក​រិះគន់
ដាណឺម៉ាក​អនុម័ត​ច្បាប់​រឹប​អូស​ទ្រព្យ​សម្បត្តិ​ជន​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​ ក្រោម​សម្រែក​រិះគន់ Reuters
ដោយ៖ អៀង សុខម៉ិញ

កាលពី​ថ្ងៃ​អង្គារ សភា​ដាណឺម៉ាក ប្រទេស​ល្បី​ខាង​មាន​ចិត្ត​សប្បុរសធម៌ និង​ចិត្ត​ទូលាយ បាន​បោះឆ្នោត​អនុម័ត ក្នុង​សំឡេង​ដ៏​ច្រើន​លើស​លុប​ លើ​កំណែទម្រង់​ច្បាប់​ទាក់​ទង​នឹង​សិទ្ធិ​សុំ​ជ្រក​ក្រោន​របស់​ជន​ភៀស​ខ្លួន ដោយ​ត្រូវ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទុក​ជា​គ្រឿង​បញ្ចាំ​។ ជា​ច្បាប់​ដ៏​តឹង​តែង​ ដែល​រង​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​ជន​ភៀស​ខ្លួន ប៉ុន្តែ​សម្រាប់​ដាណឺម៉ាក និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ជា​សមាជិក​អឺរ៉ុប​ដូច​គ្នា ដែល​បាន​ពង្រឹង​ព្រំដែន​រួច​ហើយ ច្បាប់​ថ្មី​ប៉ះពាល់​ដល់​លុយ​កាក់​នេះនឹង​ធ្វើ​ឱ្យ​ជន​ភៀស​ខ្លួន​អស់ចិត្ត​ ចង់​វិល​ទៅ​មាតុ​ប្រទេស​វិញ។

ផ្សាយពាណិជ្ជកម្ម

ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​អន្តោប្រវេសន៍​ បានស្រែក​ចោទ​ប្រកាន់​​កំណែទម្រង់​ច្បាប់​សុំ​ជ្រកកោន​ ថា​ញុះញង់​ចិញ្ចឹម​ចិត្ត​ឱ្យ​មាន​ការ​ភ័យ​ខ្លាច និង​ស្អប់​ខ្ពើម​ជន​ភៀស​ខ្លួន​ ! ប៉ុន្តែ​ដាណឺម៉ាក​មិន​បាន​ធ្វើ​ឮ​ទេ ! ក្រៅ​អំពីគ្រោង​កាត់​បន្ថយ​សិទ្ធិនិង​​ជំនួយ​សង្គម​ផ្សេងៗ សំណើ​ច្បាប់ អនុម័ត​ក្នុង​សំឡេង​៨១​លើ១០៩​ កាលពី​ថ្ងៃ​អង្គារ​ ​នឹង​អនុញ្ញាត​ឱ្យ​ប៉ូលិស​មាន​សិទ្ធិ​ឆែក​ឆេរ​  ​​​និង​​​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ជា​លុយ​និងជា​​វត្ថុ​មាន​តម្លៃ​ផ្សេងៗ​ ​ របស់​រាល់​ជនភៀស​ខ្លួន​ដែល​មានតម្លៃ​​លើស​ពី ១​ម៉ឺន​គួរោន (១៣៤០អឺរ៉ូ) លើក​លែង​តែ​វត្ថុ​អនុស្សាវរីយ៍ឬ​គ្រឿង​អលង្ការ​​ជា​តំណាង​មនោសញ្ចេតនា​ (ជញ្ជៀនភ្ជាប់​ពាក្យ -អាពិហ៍ពិពាហ៍)។ មិន​តែ​ប៉ុណ្ណោះ ជន​ភៀស​ខ្លួនត្រូវ​រង់ចាំ​ដល់ទៅបី​ឆ្នាំ ទើប​​អាច​មាន​សិទ្ធិ​សុំ​ច្បាប់​នាំ​គ្រួសារ​ឱ្យ​មក​រស់​នៅ​ជុំ​គ្នា​បាន។

ដំបូង​ឡើយ ដាណឺម៉ាក បាន​គ្រោង​រឹប​អូស​យកលុយ​កាក់-ទ្រព្យ​សម្បត្តិ​​ គ្រឿង​អលង្ការ វត្ថុ​មាន​តម្លៃ​ផ្សេងៗ សូម្បី​តែ​ជញ្ជៀន​រៀប​ការ ​ដែល​មាន​លើស​ពី​៣ពាន់​គួរោន ​ តែ​ដោយ​មាន​ការ​ទាមទារ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ និង​ការ​រិះគន់​មក​ពី​ខាង​ក្រៅប្រទេស ប្រដូច​​ទង្វើ​ដាណឺម៉ាក ទៅ​នឹង​ទង្វើ​របស់​ពួក​ណាហ្ស៊ី​លើ​ជនជាតិ​ជ្វីហ្វ ទើបកូផែនហាក​​ដំឡើង​ដល់​១ម៉ឺន​គួរោន​ដាណឺម៉ាក និង​ឈប់​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​មនោសញ្ចេតនា។

 
រដ្ឋាភិបាល​ដាណឺម៉ាក ដែល​បាន​ការ​ទទួល​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​មតិ​សាធារណៈ បាន​អះអាង​ថា ប្រទេស​​លែង​មាន​សមត្ថភាព​ទទួល​ជន​អន្តោប្រវេសន៍​​ថែម​ទៀត​ទេ ! នៅ​ឆ្នាំ​២០១៥​នេះ ដាណឺម៉ាក បាន​ទទួល​ពាក្យ​ស្នើ​សុំ​សិទ្ធ​ជ្រក​កោន​​ ដល់​ទៅ ២១០០០​ករណី (នាក់) ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិនធ្លាប់​មាន​ពី​មុន​មក​ទេ ​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​ដាណឺម៉ាក។​ ដាណឺម៉ាក រាជាណាចក្រ​ដ៏​តូច​មាន​ពលរដ្ឋ​រស់​នៅ​សរុប​ប្រមាណ​តែ​៥លាន​៦​សែន​នាក់​សោះ។ គម្រោង​កំណែទម្រង់​ច្បាប់​អនុម័ត​ហើយ​នេះ នឹង​ត្រូវ​ចុះព្រះហស្ថលេខា​ដោយ​ព្រះ​មហាក្សត្រ បន្ទាប់​មក​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ដើម​ខែ​កុម្ភៈ​ទៅ។

នៅ​ថ្ងៃ​នេះ និង​តាំង​ពី​ច្រើន​ថ្ងៃ​មក​ហើយ ការ​រិះគន់ បរិហារ បាន​ផ្តោត​ខ្លាំង​ទម្លាក់​លើ​ដាណឺម៉ាក ប៉ុន្តែ​តាម​ការ​ពិត​ទៅ​នោះ ដាណឺម៉ាក មិន​មែន​ជា​​ប្រទេស​ដំបូង ឬ​តែ​មួយ​គត់​របស់​សហភាព​អឺរ៉ុប ដែល​ប្រើ​វិធានការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ជន​ភៀស​ខ្លួន​ទេ។ ស្វីស និង​ពិសេស​ អាល្លឺម៉ង់ ក៏​បាន​អនុវត្ត​វិធីសាស្ត្រ​​ កាត់​ជើង​ជន​ភៀស​ខ្លួន​តែ​មួយនេះ​ដូច​គ្នា។

នៅ​ប្រទេស​ស្វីស ច្បាប់​តម្រូវ​ឱ្យ​ជនភៀស​ខ្លួន​​រាយការណ៍ និង​ប្រគល់​អាជ្ញាធរ​នូវ​រាល់​វត្ថុ​មាន​តម្លៃ​ មាស​ពេជ្រ​ លុយ​កាក់​ លើស​ពី​១០០០​ហ្វ្រង់ស្វីស​ (៩១៣​អឺរ៉ូ)នៅពេល​ជន​ភៀសខ្លួន ដាក់​ជើង​ជាន់​ទឹក​ដី​ស្វ៊ីស​ភ្លាម។ កាលពី​ថ្ងៃទី ១៥​មករា អាជ្ញាធរ​ស្វីស​ទទួល​បន្ទុក​គ្រប់​គ្រង​អន្តោប្រវេសន៍ បាន​​ពន្យល់​បំភ្លឺ​ថា វិធានការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ជន​ភៀស​ខ្លួន​នេះ មាន​ចែង​ក្នុង​ច្បាប់​ជា​ធរមាន ដែល​តម្រូវ​ឱ្យ​ជន​ភៀស​ខ្លួន មាន​កាតព្វកិច្ច​ធ្វើ​វិភាគទាន​ ទៅ​តាម​លទ្ធភាព បង់​ថ្លៃ​សុំ​សិទ្ធិ​ជ្រក​កោន និង​ជំនួយ​សង្គម​ផ្សេងៗ។ ប៉ុន្តែ​ប្រសិន​បើ​ជនភៀស​ខ្លួន ប្តូរ​ចិត្ត​ចង់​វិល​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​រយៈ​ពេល​៧​ខែ ស្វីស​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​​ទាំង​អស់​នោះ​ឱ្យ​វិញ​យ៉ាង​គ្រប់​ចំនួន។

ចំណែក​នៅ​អាល្លឺម៉ង់​វិញ ជនភៀស​ខ្លួន​ខ្លះ មាន​សិទ្ធិ​ទុក​លុយ​នៅ​នឹង​ខ្លួន​ត្រឹម ៧៥០អឺរ៉ូ ឬ​តំបន់​ខ្លះ​ទៀត ត្រឹម​តែ​៣៥០អឺរ៉ូ​ប៉ុណ្ណោះ។ ប្រសិន​បើ​ប៉ូលិស​ឆែកឆេរ​ទៅ​ឃើញ​មានសាច់​​លុយ​សុទ្ធ​​លើស​ពី​នេះ នឹង​ត្រូវ​ទទួល​ពិន័យ​តាម​រយៈ​ការ​ទទួល​លិខិត​ឱ្យ​បង់​ប្រាក់​សំណង ជា​ថ្លៃ​រស់​នៅ​លើ​ទឹក​ដី​អាល្លឺម៉ង់។ ហេតុ​ផល​របស់​អាល្លឺម៉ង់​មិន​ខុស​អ្វី​ពី​ស្វី​ស​​និង​ដាណឺម៉ាក ប៉ុន្មាន​ទេ ស្នងការ​សហព័ន្ធ​គ្រប់គ្រង​អន្តោប្រវេសន៍​បាន​អះអាង​ថា តាម​ច្បាប់នៅ​​អាល្លឺម៉ង់ ជនភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​​ទាំង​អស់​ត្រូវ​រស់​ដោយ​ធនធាន​ផ្ទាល់​ខ្លួន​ឯង​សិន។ ដូច្នេះ​ហើយ​ទើប​ត្រូវ​ឆែកឆេរ​រឹប​អូស​យក​លុយ​និង​វត្ថុ​មានតម្លៃ​ផ្សេងៗ​ ពេល​មក​ដល់​អាល្លឺម៉ង់​ភ្លាម។

សូម​បញ្ជាក់​ថា ក្នុង​ករណី ការ​សុំ​សិទ្ធិ​ជ្រក​កោន​ត្រូវ​បដិសេធ ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ​មិន​ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ