ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកពូទីន អំពី អ្នកកាន់អំណាចមុនគាត់ តាំងពី Lenin រហូតដល់ Yeltsin

សំឡេង ០៥:២៧
ប្រធានាធិបតី​រុស្ស៊ី លោក  Vladimir Poutine
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine REUTERS/Mikhail Klimentyev/Sputnik/Kremlin

ក្នុងសប្តាហ៍នេះ ទស្សនាវដ្តី​ក្រុង​ម៉ូស្គូ ឈ្មោះ វណ្ណៈ​នយោបាយ បាន​ចង​ក្រង​មតិ បញ្ចេញ​នា​ពេល​ចុងក្រោយ ដោយ​លោក​ពូទីន ប្រមុខ​រដ្ឋ​រុស្ស៊ី​សព្វ​ថ្ងៃ អំពី​រាល់​អ្នក​កាន់​អំណាច​មុន​គាត់ តាំងពី​ជំនាន់​សហភាព​សូវៀត ដោយ​ចាប់ផ្តើម​ពី​អគ្គមគ្គុទេសក៏ Lenin រហូត​ដល់​លោក Yeltsin ជា​ប្រធានាធិបតី​ដំបូង​បង្អស់​នៃ​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី ក្រោយពី​សហភាព​សូវៀត​បែកខ្ញែក​លែង​មានអត្ថិភាព​ទៅ។

ផ្សាយពាណិជ្ជកម្ម

ជាបឋម លោកពូទីន ទិតៀន Lenin ក្នុង​ទំនាស់​ជាមួយ Stalin។ ដោយ​បញ្ចេញ​យោបល់ អំពី​មូលហេតុ ដែល​នាំ​ឲ្យ​សហភាព​សូវៀត​រលំ​រលាយ​ទៅ លោក​ពូទីន ទម្លាក់​កំហុស​លើ Lenin ហើយ​កាន់ជើង Stalin។ ថ្លែង​ថ្ងៃ​២៥​មករា ក្នុង​សន្និបាត​នៃ​ចលនា​ដែល​គាត់​បាន​បង្កើត​ឡើង ក្រោម​ឈ្មោះ​ថា “វេទិកា​ប្រជាជន​ទូទាំង​ប្រទេស​រុស្ស៊ី” លោក​ពូទីន​បាន​ចោទ Lenin ថា​ជា​អ្នក​បាន “បង្កប់​មីន” នៅ​ពី​ក្រោម​សហភាព​សូវៀត លុះ​ទាល់​តែ​ថ្ងៃ​មួយ គ្រាប់មីន​នោះ​ឯង​ផ្ទុះក្តាំង​តែម្តង។ លោក​ពូទីន ពន្យល់​បំភ្លឺ​ថា សាច់​រឿង​គឺ ការជជែក​គ្នា​តឹង​សរសៃ​ក​រវាង Lenin និង Stalin អំពី​ទ្រង់ទ្រាយ​រដ្ឋ​សូវៀត។

 
លោកប្រមុខរដ្ឋរុស្ស៊ី​សព្វថ្ងៃ រំលឹក​ថា Stalin បាន​បំផុស​មក​នូវ​គំនិត​ធ្វើ​ស្វ័យភាវូបនីយកម្ម សហភាព​នៃ​សាធារណរដ្ឋ​សង្គម​និយម​សូវៀត ដែល​ស្រប​នឹង​គំនិត​នេះ បណ្តា​សាធារណរដ្ឋ នៃ​អនាគត​សហភាព​ត្រូវ​ចូល​ទៅ​ក្នុង​សហភាព​នេះ គឺ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ ស្វ័យភាព​ប្រកប​ដោយ​អំណាច​ទូលំទូលាយ ប៉ុន្តែ​មិន​អាច​ដក​ខ្លួន​ចេញ​ទៅ​វិញ​ទេ។

រីឯ Lenin ចាត់ទុក​គំនិត​ខាង​លើ​របស់ Stalin ថា “មិនត្រូវ” សោះ​ឡើយ។ ក្នុង​រឿង​នេះ លោក ពូទីន ពន្យល់​ត​មក​ទៀត​ថា ៖ Lenin ស្ថិត​នៅ​ខាង​គំនិត​ដើម្បី​ឲ្យ​សហភាព​នៃ​សាធារណរដ្ឋ​សង្គមនិយម​សូវៀត បង្កើត​ឡើង​​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ សមភាព​ពេញទី ប្រកប​ទៅ​ដោយ​សិទ្ធិ​សាធារណរដ្ឋ​និមួយៗ ដក​ខ្លួន​ចេញ​ពី​សហភាព​នេះ ទៅវិញ។ ទាំង​ព្រំប្រទល់​សាធារណរដ្ឋ​នានា ដែល​ចំណុះ​សហភាព​សូវៀត ក៏​ធូរ​រលុង ដោយ​មិន​ឈរ​លើ​ទឡ្ហីករណ៍​ជាក់ច្បាស់។ 

ឧទាហរណ៍ តំបន់ ដុនបាស ស្រាប់​តែ​ត្រូវ Lenin ផ្ទេរ​ទៅ​ឲ្យ​អ៊ុយក្រែន​ក្រោម​លេស​ថា ដើម្បី​បង្កើន​អត្រា​នៃ​វណ្ណៈ​អធន​ពលករ​នៅ​អ៊ុយក្រែន គ្រាន់​នឹង​រដ្ឋ​អំណាច​សូវៀត ទទួល​បាន​ការគាំទ្រ​យ៉ាង​ធំធេង​ពី​សង្គម។

លោកពូទីន ក៏​កត់​សម្គាល់​ថា គោលជំហរ​ប្រកាន់​យក​ដោយ Lenin ខាង​ស្ថាបនកម្ម​រដ្ឋ ទន្ទឹម​នឹង​នយោបាយ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ដែល​គ្មាន​ប្រសិទ្ធិភាព បាន​នាំ​មក​កាន់​ការ​រលំរលាយ​ទៅ​​នៃ​សហភាព​សូវៀត។ នេះ​ហើយ​ជា មីន​បង្កប់​ទុក ដែល​បាន​ភាយ​ឥទ្ធិពល​វា​ចេញ​មក​បន្តិច​ម្តងៗ។

ទាក់ទងនឹងការបែកខ្ញែក​រលំរលាយ​ទៅ​នៃ​សហភាព​សូវៀត លោក​ពូទីន ធ្លាប់​បាន​បញ្ចេញ​មតិ​ថា វា​ជា​មហន្តរាយ​ភូមិសាស្ត្រ​-នយោបាយ​ធំ​បំផុត​នៃ​សតវត្សរ៍​ទី​២០

ព្រម​ជាមួយ​នេះ លោក ពូទីន បាន​សារភាព​ថា​គាត់​មាន​សមានចិត្ត​ចំពោះ​គំនិត​កុម្មុយនិស្ត ដោយ​ប្រៀបប្រដូច “ក្រម​ស្ថាបនិក​លទ្ធិ​កុម្មុយនិស្ត” ទៅ​នឹង “គម្ពីរ​គ្រិស្តសាសនា” តែម្តង។ 

តបនឹងសំនួរ ៖ តើគួរ​លើក​សព Lenin ចេញ​ពី​មតចេតិយ​លើ​ទីលាន​ក្រហម​យក​ទៅ​បញ្ចុះ ក្នុង​ដី​ឬ​ទេ ? លោក ពូទីន ថ្លែង​ថា ៖ ក្នុង​បញ្ហា​នេះ ត្រូវតែ​ចេះ​ប្រកាន់​ឥរិយាបថ​ប្រយ័ត្នប្រយែង គឺ​មិន​ត្រូវ​ឈាន​ជំហានណា ដែល​នាំ​ឲ្យ​សង្គម​រុស្ស៊ី​បែកបាក់​ឡើយ។

អំពី​លោក Khrouchtchev ដែល​កាន់​អំណាច​បន្ទាប់​ពី Stalin លោក​ពូទីន​ចងចាំ​មិន​ភ្លេច​ទេ ពី​ទង្វើ​មេដឹកនាំ​សូវៀត​នេះ ដែល​ក្នុង​ឆ្នាំ​១៩៥៤ បាន​ផ្តាច់​ដោយ​អត្តនោម័ត ទៀប​កោះ​គ្រីមេ​ចេញ​ពី​រុស្ស៊ី ធ្វើជា​កាដូ ​ទៅ​ឲ្យ​អ៊ុយក្រែន ស្រុក​កំណើត​លោក Khrouchtchev ផ្ទាល់។ លោក ពូទីន ទម្លាក់​នាទី​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ​ទៅ​លើ Khrouchtchev ដែល​តាម​សម្តី​ពូទីន គឺ​បាន​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ នឹង​បទដ្ឋាន​ធម្មនុញ្ញ​សម័យ​នោះ។

អំពីលោក Brejnev ដែល​កាន់​អំណាច​បន្ទាប់ពី​លោក Khrouchtchev ពូទីន​សឹង​មិន​បញ្ចេញ​យោបល់​អ្វី​ណា​ទេ ប៉ុន្តែ​គ្រាន់តែ​និយាយ​ថា Brejnev ចូលចិត្ត​ខ្ទាស់​លើ​ទ្រូង​គាត់ គឺ​មេដាយ​ច្រើន​សន្ធឹក​ដែល​គាត់​ខ្លួន​ឯង​ចេញ​ក្រិត្យ​បំពាក់​ខ្លួនឯង។ ប៉ុន្តែ ពួក​អ្នក​នយោបាយវិទូ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ឧស្សាហ៍​ប្រៀប​ប្រដូច​ស្ថានការណ៍​នៅ​រុស្ស៊ី​សព្វថ្ងៃ ក្រោម​អំណាច​ពូទីន ទៅ​នឹង​ស្ថានការណ៍​នៅ​សហភាព​សូវៀត​ជំនាន់​អំណាច Brejnev ថា​ស្ថិត​នៅ កក​គាំង​មួយ​កន្លែង មិន​ចម្រើន​ទៅ​មុខ​ឡើយ។

ចំណែក លោក Gorbatchev ដែល​កាន់​អំណាច​បន្ទាប់​ពី Brejnev ហើយ​ដែល​ល្បី​ជា​អ្នក​ធ្វើ​កំណែ​ទម្រង់​ក្រោម​ឈ្មោះ​ថា Perestroika លុះ​ទាល់​តែ​សហភាព​សូវៀត រលំរលាយ​ទៅ បាន​ទិតៀន​លោក​ពូទីន​មិនតិច​ដង​ទេ ចំពោះ​ការ​ដែល​គាត់​គ្មាន​បំណង​ឲ្យ​នរណា​ស្នង​អំណាច​ពី​គាត់ ម៉្លោះ​ហើយ​បាន​ជា​លោក Gorbatchev ហៅ​អាណត្តិ​ទី​៣ របស់​លោក​ពូទីន ថា​ជា “ការធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​ប្រជាធិបតេយ្យ” នៅ​រុស្សី។

ទោះយ៉ាងណាក្តី ក៏ក្នុង​ឱកាស​ខួប​គម្រប់​៨០​ឆ្នាំ​របស់​លោក Gorbatchev កាលពី​ខែ​មីនា​ឆ្នាំ ២០១១ លោក​ពូទីន បាន​លើក​ឡើង​ពី​គុណូបការ លោក Gorbatchev ក្នុង​ឋានៈ​ជា​ឥស្សជន​រដ្ឋ ដ៏​វិសេសវិសាល​ ដែល​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រវត្តិសាស្ត្រ​ពិភពលោក និង​បាន​ធ្វើ​យ៉ាង​ច្រើន ដើម្បី​លើក​មុខ​មាត់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​លោក។

ចំពោះលោក​ប្រធានាធិបតី​ដំបូង​បង្អស់ នៃ​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី គឺ​លោក Yeltsin ដែល​ក្នុង​ថ្ងៃ ៣១​ធ្នូ ឆ្នាំ១៩៩៩ បាន​ស្ម័គ្រចិត្ត​លាចេញ​ពី​តំណែង​ខ្លួន ហើយ​ប្រគល់​ខ្សែ​បង្ហៀរ​ដឹកនាំ​ប្រទេស ទៅ​ក្នុង​ដៃ​លោក​ពូទីន ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ស្តីទី​សិន​ លោក​ពូទីន រមែង​បញ្ចេញ​យោបល់ ដោយ​ប្រយ័ត្នប្រយែង និង ក្នុង​ស្មារតី​គោរព​ក្រៃលែង។

ទោះបីមាន​លាន់​ឮ​ជា​ការទិតៀន​គ្មាន​ឈប់ ចំពោះ​ស្ថានការណ៍​សេដ្ឋកិច្ច​ជំនាន់​លោក Yeltsin ដោយ​ហៅ​ស្ថានការណ៍​នោះ​ ថា​ជា ភាពវឹកវរ​នៃ​ទសវត្សរ៍​ទី​៩០  ក៏​ពូទីន​មិន​ដែល​និយាយ​អ្វី ជា​អាក្រក់​ឡើយ អំពី​រូប​លោក Yeltsin ដែល​បាន​ចាក​ឋាន​ទៅ​ហើយ តាំងពី​៩​ឆ្នាំ​មុន​ម៉្លេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI