អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អន្តោប្រវេសន៍ ៖ ទោះ​ចាញ់​ឆ្នោត លោកស្រី​មែរកិល មិន​ប្តូរ​ជំហរនយោបាយ ​

សំឡេង ០៤:១៥
លោកស្រី​ អង់ហ្គឺឡា មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់
លោកស្រី​ អង់ហ្គឺឡា មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ REUTERS/Fabrizio Bensch
ដោយ៖ អៀង សុខម៉ិញ
២៦ នាទី

នៅថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​នេះ សហភាព​អឺរ៉ុប​ត្រូវ​បើក​ជំនួប​កំពូល​ ដើម្បី​សម្រេច​​អនុម័ត​​លើកិច្ចព្រមព្រៀង​​ស្តី​ពី​អន្តោប្រវេសន៍​រវាង​អឺរ៉ុប​ជាមួយ​នឹង​តួកគី។ ប៉ុន្តែពេញ​មួយ​សប្តាហ៍​នេះ គេ​សង្កេត​ឃើញ​មាន​តែ​​ភាព​ស្មុគ​ស្មាញ និង​សំឡេង​ប្រឆាំង​។ នៅ​ថ្នាក់​ជាតិ ក្នុង​ប្រទេស​អាល្លឺម៉ង់ បក្ស​លោកស្រី​មែរកិល​ បាន​ចាញ់​ឆ្នោត​តំបន់​យ៉ាង​ចាស់​ដៃ កាលពី​ចុង​សប្តាហ៍ ក៏​ព្រោះ​តែ​នយោបាយ​ទទួល​ជន​អន្តោប្រវេសន៍។ ក្នុង​កំរិត​អឺរ៉ុប ប្រទេស​ជា​សមាជិក​ផ្សេងៗ​បាន​សម្តែង​ជំហរកាន់​ច្បាស់​​ ​ប្រឆាំង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់។ ​ប៉ុន្តែ​គ្មាន​រង្គើ លោកស្រី​មែរកិល​ មិន​ប្តូរ​ទិសដៅ​នយោបាយ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាអឺរ៉ុបត្រូវ​បើក​ជំនួប​កំពូល​របស់​ខ្លួន​ដែល​ផ្តោត​ទៅ​លើ​វិបត្តិ​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​នេះ ! ប៉ុន្តែ​ជំនួប​កំពូល​បាន​ធ្លាក់​មក​ជួន​ចំពេល​ដែល​​នយោបាយ​ទទួល​ជន​ភៀស​ខ្លួន​ដ៏​ចម្រូង​ចម្រាស​បំផុត​របស់​លោក​ស្រី អង់ហ្គឺឡា មែរកិល ពី​សំណាក់​ដៃគូ​អឺរ៉ុប​ដូច​គ្នា ត្រូវ​បាន​ច្រាន​ចោល​ដោយ​ពលរដ្ឋ​អាល្លឺម៉ង់ទៀត។ ក្នុង​សម័យ​បោះឆ្នោត​ក្រុមប្រឹក្សា​តំបន់ បក្ស​អភិរក្ស​និយម​CDU របស់​លោកស្រី​មែរកិល បាន​បាត់​បង់​សំឡេង​អស់​​យ៉ាង​ច្រើន ឯបក្ស​ស្តាំ​និយម​ជ្រុល AFD មាន​និន្នាការ​ប្រឆាំង​ដាច់​ខាត​នឹង​អន្តោប្រវេសន៍​​ ទើប​បង្កើត​ឡើង​ប្រមាណ​តែ​ជាង​ពីរ​ឆ្នាំ ​ បាន​ទទួល​សំឡេង​គាំទ្រ កើន​ឡើង​​ដល់​ទៅ ជាង​២៤%។

បក្ស​ស្តាំ​និយម​ជ្រុល​នេះ​គ្មាន​​កម្មវិធី​នយោបាយ​​ទេ  ក្នុង​ពេល​ឃោស​នា​បោះឆ្នោត​ពួក​គេ​មាន​សម្រែក​តែ​មួយ​គឺ “​សុវត្ថិភាព​ព្រំដែន ! បញ្ឈប់​ការ​សាបព្រោះ​ភាព​វឹកវរ កា​រ​សាបព្រោះ​ជនភៀស​ខ្លួន ! មិន​ខុស​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ដទៃ​ទៀត ពី​អង់គ្លេស​ដល់​ប្រទេស​ស្លូវាគី ដែល​ចរន្ត​អ្នក​ជាតិ​និយម​ជ្រុល​បាន​រីក​លូត​លាស់ កើន​សំឡេង​ខ្លាំងឡើង​ក្នុង​ឆាក​នយោបាយ។ មិន​ធ្លាប់​មាន​ទេ​នៅ​អាល្លឺម៉ង់ ដែល​គណបក្ស​ស្តាំ​និយមជ្រុល​​បាន​ចូល​ប្រលូក​ក្នុង​សង្វៀន​នយោបាយបែប​នេះ។ ​ប៉ុន្តែ​ ភាព​លេចធ្លោ​របស់​បក្ស​ស្តាំ​និយម​ជ្រុល​អាល្លឺម៉ង់​ពេលនេះ គឺ​ជា​សារ​របស់​​​ពល​រដ្ឋថឬើ​​ចង់​ព្រមាន​លោក​ស្រី​មែរកិល​ ដែល​ក្នុង​នាម​ជា​សកម្មជន​ទទួល​ស្វាគមន៍​អន្តោប្រវេសន៍ បាន​ព្រមព្រៀង​ដោយ​ស្ងាត់ៗ​ជាមួយ​​តួកគី​ឱ្យ​ជួយ​សម្រាល​បន្ទុក។

 
កាលពី​ថ្ងៃអាទិត្យ​ទី ៦​មីនា យប់​មុន​បើក​ជំនួប​កំពូល​វិសាមញ្ញ​អឺរ៉ុប​-តួកគី ស្តីពី​វិបត្តិ​អន្តោប្រវេសន៍ នាយក​រដ្ឋមន្ត្រី​តួកគី បាន​ធ្វើ​សំណើ​ដ៏​ភ្ញាក់​ផ្អើល​មួយ​​មក​អឺរ៉ុប ទទួល​យកវិញ​នូវ​​ជន​ភៀស​ខ្លួន​​ដែល​ឆ្លង​កាត់​តួកគី​និង​មក​ដល់​អឺរ៉ុប​ ជា​ថ្នូរ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​និង​នយោបាយ។ សំណើ​នេះ​ជា​លទ្ធផល​នៃ​ការ​ចរចា​ស្ងាត់ៗ​រវាង​លោកស្រី​មែរកិល​និង​សមភាគី​តួកគី ដោយ​ឈរ​លើ​គោលការណ៍ “មួយ​ទៅមួយ​មក”។ តាម​គម្រោង នឹង​មាន​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ខុស​ច្បាប់ឆ្លង​កាត់​តួកគី​ទៅ​ក្រិក ឱ្យ​ត្រលប់​​ទៅតួកគីវិញ ហើយ​ជាថ្នូរ បើ​មាន​ការ​បញ្ជូន​ចេញ​ទៅ​តួកគី​ម្នាក់ នឹង​មាន​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ស៊ីរី​នៅ​តួកគី​មក​អឺរ៉ុប។

​ឧត្តមស្នង​ការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ បាន​​សម្តែង​ការ​ព្រួយបា​រម្ភ​យ៉ាង​ខ្លាំង​ខ្លាច​ផែនការ​នេះ​ក្លាយ​ទៅ​ការ​បណ្តេញ​​អន្តោប្រវេសន៍​ឬ​ក្លាយ​ជា​ការ​ដោះដូរ​មនុស្ស​ដូច​ទំនិញ រំលោភច្បាប់​អន្តរជាតិ។​ ចំណែក​ក្រុម​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ខ្លះ​ត្រៀម​ជា​ស្រេច​នឹង​​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ គម្រោង​កិច្ចព្រមព្រៀង​នេះ។ ខ្លះ​ទៀត​អាក់អន់​ចិត្ត​តែ​ម្តង ជា​ពិសេសគឺ​​ប្រធាន​ក្រុមប្រឹក្សា​និង​​គណៈកម្មាការ​អឺរ៉ុប​ ដែល​បាន​ចូល​រួម​ពិភាក្សា​ជាមួយ​អាល្លឺម៉ង់​និង​តួកគី។ ទាក់​ទង​នឹង​ខ្លឹមសារ​វិញ សហភាព​អឺរ៉ុប​​ត្រូវ​បង្កើន​កញ្ចប់​ថវិកា​ទ្វេ​មួយ​ជា​ពីរ​ទៅ​ឱ្យ​តួកគី សម្រាប់​ចាត់ចែង​ចិញ្ចឹម​ជន​ភៀស​ខ្លួន​លើ​ទឹកដី ហើយ​តួកគី​អាច​នឹង​ទទួល​ផល​ចំណេញ​បាន​ច្រើន ក្លាយ​ម្ចាស់​អុក អាច​ទាមទារ​ឱ្យ​ពន្លឿន​កិច្ចចរចា​លុប​ទិដ្ឋាការ​ពី​ពលរដ្ឋ​តួកគី​ពេល​ចូល​អឺរ៉ុប ឬ​​ក៏​ផ្តល់​សន្ទុះ​ឡើង​វិញ​​ដល់​ការ​ពិភាក្សា​ឈាន​ទៅ​រក​ការ​ចុះ​បេក្ខភាព​តួកគី​ក្នុង​សហភាព​អឺរ៉ុប។ សំណើជា​ថ្នូរ​របស់​តួកគី​ដែល​ត្រូវ​ជាប់​គាំង​ដោយ​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ប្រឆាំង​ដាច់​ខាត។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​លោកស្រី​មែរកិល​ មិន​រា​ថយ​ដែរ ! សម្រាប់​លោកស្រី កិច្ចព្រមព្រៀង​ជាមួយ​តួកគី​ គឺ​ជា​សំណាង​ដំបូង​គេ​បង្អស់​ក្នុង​ការ​នាំ​អឺរ៉ុប​ឱ្យ​ដើរ​ចេញ​ពី​វិបត្តិ​អន្តោប្រវេសន៍​​ដ៏​ធ្ងន់ធ្ងរ។

“ជាទូទៅ ខ្ញុំ​នឹង​បន្ត​នយោបាយ​ដែល​ខ្ញុំ​បាន​ធ្វើ​តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ” ! ​ថ្វីបើ​មិន​មែន​ជា​ដំណោះស្រាយ​​យូរ​អង្វែង ក៏​ខ្ញុំ​មាន​ជំនឿ​ជាក់​ថា​យើង​ត្រូវ​ការ​ពេលវេលា ហើយ​រាល់​គ្រប់​ដំណោះស្រាយ​តែង​ត្រូវ​ការ​ពេលវេលា ! នេះ​ជា​ប្រសាសន៍​បញ្ជាក់​ទៅ​កាន់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ​ទី ១៤ មីនា។ ហើយ​ក្រោមសម្ពាធ​របស់​បក្ស​ និង​មតិសាធារណៈ​លោកស្រី​ បាន​សម្រប​ខ្លួន​ដោយ​មាន​សូត្រ​ទស្សនៈ​មួយ​ថា “​យើង​នឹង​ធ្វើ​សម្រេច” ក្នុង​ន័យថា “តួកគី​នឹងធ្វើ​បាន​​ដើម្បី​យើង"៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ