អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខួប២ឆ្នាំនៃការផ្តាច់ទឹកដីគ្រីមេចេញពីអ៊ុយក្រែនហើយភ្ជាប់វាមកនឹងរុស្ស៊ី

សំឡេង ០៥:២៦
ប្រធានាធិបតីរុស្ស៊ី  Vladimir Poutine នាសម័យប្រជុំមួួនៅវិមាន Kremlinក្រង​  Moscou ១៧ មីនា២០១៦
ប្រធានាធិបតីរុស្ស៊ី Vladimir Poutine នាសម័យប្រជុំមួួនៅវិមាន Kremlinក្រង​ Moscou ១៧ មីនា២០១៦ REUTERS/Alexei Nikolsky/Sputnik/Kremlin
ដោយ៖ កែវ ឆាយា
៣២ នាទី

ពីរ​ឆ្នាំ​មុន​គត់​ថ្ងៃ​១៨​មីនា​ឆ្នាំ​២០១៤​នៅ​រុស្ស៊ី​មាន​ប្រព្រឹត្ត​ទៅ​ព្រឹត្តិការណ៍​ដែល​វិមាន​ក្រេមឡាំង​ដាក់​ឈ្មោះ​ថា​ការ​ស្តារ​ឡើង​វិញ​យុត្តិធម៌​ប្រវត្តិសាស្ត្រ​ដោយ​រដ្ឋសភា​រុស្ស៊ី​សុខចិត្តយល់ព្រម​ឲ្យ​ទឹកដី​គ្រីមេ​ដែល​កាល​ក្នុង​ឆ្នាំ​១៩៥៤ របូត​ចេញ​ពី​រុស្ស៊ី​ទៅ​នៅ​ក្នុង​ប្រទេសអ៊ុយក្រែន ​បាន​ត្រឡប់​​​មកស្ថិត​នៅ​ក្នុង​មាតុភូម៌​រុស្ស៊ី​វិញ​ទៅ​តាមសំណូមពរ​បណ្តាជន​រុស្ស៊ី នៅ​ទីនោះ​ដែល​ក្នុង​ប្រជាមតិ​ពីរ​ថ្ងៃ​មុន គឺ​ថ្ងៃ​១៦មីនា​ដោយ​សំឡេង​សឹង​ជា​ឯកច្ឆន្ទ​បាន​គាំទ្រ​ដល់ការ​ភ្ជាប់​ទឹក​ដី​​ខ្លួន​មក​នឹង​រុស្ស៊ី​វិញ។ ប៉ុន្តែ អ.ស.ប. ចាត់ទុក​ទង្វើ​រុស្ស៊ី​ថា​ខុសច្បាប់​ដ្បិតរំលោភ​លើ​បូរណភាព​​ដែនដី​អ៊ុយក្រែន។ លោក​ប្រធានាធិបតី​អ៊ុយក្រែន ប្រកាស​ឆ្នាំ​២០១៦នេះ​ថាជា​ឆ្នាំ​បង្វែរ​ទឹកដី​គ្រីមេ​ទៅអ៊ុយក្រែន​វិញ។ ក្រុង​វ៉ាស៊ីនតោន​ក្នុង​ឱកាស​ខួប​នេះ ប្រកាស​ថា​បើ​ម៉ូស្គូ​មិន​ប្រគល់​គ្រីមេ​ទៅអ៊ុយក្រែន​វិញ​ទេ​នោះ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ជារៀង​រហូត។

ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​បាន​ញ៉ាំង​អាជ្ញាធរ​សាធារណរដ្ឋ​គ្រីមេ ឲ្យធ្វើ​ប្រជាមតិ​ គឺ​មក​ពី​ថ្ងៃ​២២​កុម្ភៈ ឆ្នាំ២០១៤​នោះ នៅ​ក្រុងគៀវមាន​ប្រព្រឹត្ត​ទៅ​រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​ឡើង​កាន់​អំណាច​គឺ​ក្រុម​មនុស្ស​​បស្ចិមលោក​និយម​ហើយ​រើស​អើង​និង​ស្អប់​បណ្តាជន​ដែល​រុស្ស៊ីនិយម រស់នៅគ្រីមេ។

 
ម៉្លោះ​ហើយ បាន​ជាក្នុងប្រជាមតិ ជាង​៣​សប្តាហ៍​ក្រោយមក គឺ​នៅ​ថ្ងៃ ១៦ មីនា ជុំវិញសំនួរ ៖ តើគួរ​ស្ថិត​នៅតទៅ​ទៀតឬ​ទេ ក្រោម​អំណាចក្រុង​គៀវនោះ “ អ្នកស្រុក​គ្រីមេដល់ទៅ ៩៦,៧៧% ​​និង​បណ្តាជន​ក្រុងផែ សេបាស្តូប៉ុល ជាមូលដ្ឋាន​កងនាវា​រុស្ស៊ី​ប្រចាំ​សមុទ្រខ្មៅ ក្នុង​ចំនួន​ច្រើន ដល់​ទៅ ៩៥,៦០% សុទ្ធតែ​បាន​បោះឆ្នោត​គាំទ្រ​ដល់ការភ្ជាប់​ទឹកដី​គេ មក ជា​ខេត្ត​ថ្មី​ពីរ ចំណុះ​សហព័ន្ធរុស្ស៊ី ហេតុដែល​បង្កើន​ចំនួន​ខេត្ត​ចំណុះ​សហព័ន្ធ​រុស្ស៊ី ឲ្យឡើង​ពី ៨៣​ដល់​៨៥​ខេត្ត​ឯណោះ។

ក្នុង​សុន្ទរកថា ថ្លែងពេល​ភ្ជាប់គ្រី​មេនោះ​មក​នឹង​រុស្ស៊ី លោក​ប្រធានាធិបតី​ពូទីន បាន​សង្កត់​ធ្ងន់​​​គឺ​ទៅលើ​ក្រុងផែ សេបាស្តូប៉ុល ដោយគាត់គូស​បញ្ជាក់​ថា គាត់មិន​អាចនឹក​ស្មាន​ទៅ​កើត​ឡើយ​ឲ្យថ្ងៃណាមួយ ក្រុង​ផែនេះ ដែល​ជា​មូលដ្ឋាន​កងនាវា​រុស្ស៊ីស្រាប់តែ​ប្រែក្លាយទៅ​ជា មូលដ្ឋាន​របស់​បក្សសម្ព័ន្ធ​អូតង់​ស្ថិត​នៅ​កៀកជាប់​នឹង​ព្រំដែន​ខាងត្បូង​របស់​រុស្ស៊ី​តែម្តង​ពី​ព្រោះ​​​​ពួក​មេ​ដឹកនាំ​ថ្មីនៅ​អ៊ុយក្រែន រមែង​ប្រាថ្នាឲ្យ​ប្រទេស​អ៊ុយក្រែន​របស់​គេក្លាយមិនគ្រាន់​តែជា​សមាជិក​សហភាពអឺរ៉ុប​ប៉ុណ្ណោះទេ តែ​ជាពិសេស​គឺជា​សមាជិកបក្ស​សម្ព័ន្ធអូតង់​គ្រាន់​នឹង​​ជួយ​ការពារ​រដ្ឋនេះ​ពី​ប្រទេស​រុស្ស៊ី​នៅជិត​ខាង​ដែលតាម​សម្តី​គេ​ជា​ប្រទេស”ឈ្លានពាន”។

អំពីការ​ភ្ជាប់ទឹកដី​គ្រីមេមក​នឹង​រុស្ស៊ី ក្រុង​ម៉ូស្គូ​តែង​ថ្លែង​ថា​គឺ​ស្របនឹង​ច្បាប់​អន្តរជាតិ ស្របនឹង​ធម្មនុញ្ញអ.ស.ប. ដែល​អ្នកស្រុក​គ្រីមេ តាម​ផ្លូវ​ប្រជាធិបតេយ្យ​សុទ្ធសាធ បាន​ធ្វើប្រជាមតិ​ប្រកប​​ដោយ​បំណង​ភ្ជាប់​ទឹកដី​នេះមក​នឹង​រុស្ស៊ី ហើយម៉ូស្គូ​ពីចំណែក​ខ្លួន​ត្រូវតែ​គោរពចំពោះ​ជម្រើស​ធ្វើ​ដោយបណ្តាជន​នោះ ដូច្នេះគឺចាំបាច់​ត្រូវតែ​គន់គិត ដល់​សេចក្តី​សម្រេចរបស់គេ។

ប៉ុន្តែ​តាមសំណូមពរ​របស់​គណៈប្រតិភូ​អ៊ុយក្រែន​ដែលគាំទ្រ​ដោយ​បណ្តា​ប្រទេស​ខាង​លិច នៅថ្ងៃ២៧​មីនា​ឆ្នាំ​២០១៤​នោះ មហាសន្និបាត អ.ស.ប. បាន​ធ្វើការបោះឆ្នោត ជុំវិញ​បញ្ហា “បូរណភាព​ដែនដី​អ៊ុយក្រែន” បណ្តាល​មកពី​ប្រជាមតិ​នៅ​គ្រីមេ។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ ​សឲ្យ​ឃើញថា​ពីក្នុង​ចំណោម ១៩៣​ប្រទេស-សមាជិក​អ.ស.ប. មាន​ដល់​ទៅ​១០០​ប្រទេស​​​ដែល​ចាត់​ទុក​ប្រជាមតិ​នៅ​គ្រីមេ​ថា​ខុសច្បាប់​មិនអាច​យកជាការឡើយ​ មានតែ ១១​ប្រទេស​ប៉ុណ្ណោះ ដែល​ចាត់​ទុក​ប្រជាមតិ​នោះថាស្របច្បាប់ អាច​យកជាការបាន , ចំណែក ៥៨​ប្រទេស បាន​ប្រកាន់​ឥរិយាបថ​អនុបវាទ ហើយ ២៤​ប្រទេស​ថែមទាំ​ង​មិនព្រម​ចូល​រួម ក្នុង​ការ​បោះឆ្នោត ទៅផង ពីព្រោះ សម្រាប់គេ ជាបញ្ហារសើប។

ក្នុងឱកាស​ខួប២​ឆ្នាំនៃការភ្ជាប់យកទឹកដីគ្រីមេដោយរុស្ស៊ី ក្រសួងការបរទេសស.រ.អា. បាន​ចេញ សេចក្តីថ្លែងការណ៍ទាមទារពីរុស្ស៊ី ឲ្យបង្វែរទឹកដីនោះទៅអ៊ុយក្រែនវិញ។ សេចក្តី​ថ្លែង​ការណ៍​​​​​នោះ លើកឡើងថា ទណ្ឌកម្មអាមេរិកប្រឆាំងរុស្ស៊ីនឹងបន្តទៅជានិច្ច ដរាបណា​ដែល​ក្រុង​ម៉ូស្គូ មិនព្រមប្រគល់ ទឹកដីគ្រីមេ ទៅឲ្យអ៊ុយក្រែនវិញទេ។ ថ្លែងនៅពីមុខពួកអ្នកកាសែត ក្នុងក្រុង វ៉ាស៊ីនតោន អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសអាមេរិក លោក John Kirby ចង្អុលឲ្យ ឃើញថា ក្នុងសតវត្សរ័ទី២១ ការកាត់ចៀរព្រំដែនបែបនេះ គឺជាការ​មិនអាច​ទទួល​យក​បាន ជាដាច់ខាត។ ល្មមដល់ពេលដែលរុស្ស៊ីឈប់ “កាន់កាប់”ដែនដីនេះទៅ។

គឺរដ្ឋសភាអ៊ុយក្រែន ដែលក្នុងសេចក្តីសម្រេចរបស់ខ្លួន ហៅគ្រីមេ ថាជាដែនដី ”ស្ថិតនៅ​ក្រោម​​ការកាន់កាប់បណ្តោះអាសន្ន” របស់រុស្ស៊ី។​ កាលពីថ្ងៃ១៤មករាកន្លងទៅ លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បានប្រកាស ក្នុង សន្និសីទកាសែតនៅក្រុងគៀវថា ការបង្វែរទឹកដីគ្រីមេទៅអ៊ុយក្រែនវិញ សម្រាប់​រដ្ឋ​អំណាច​​គាត់ គឺជា អាទិភាពចម្បងទី១ សម្រាប់​ឆ្នាំ២០១៦នេះ។ នៅតាមទិដៅនេះ ថែម​ទាំង​​មានលេចចេញ មកព័ត៏មានដែលថា ក្រងគៀវបានបង្កើតទៅហើយ ជាអង្កភាព​ទ័ព​ពួក​ជាតិនិយមអ៊ុយក្រែន សម្រាប់រំដោះគ្រីមេ មកវិញ។

ទាក់ទងនឹងរឿងនេះ ក្នុងវេទិកាពិភាក្សាតាមទូរទស្សន៍អំពីបញ្ហាដែលមាន សមាជិកម្នាក់នៃ ព្រឺទ្ធសភារុស្ស៊ី បានព្រមានថា បើអ៊ុយក្រែនចង់មានកងទ័ពខ្លួននៅគង់វង់ដដែល សូមកុំលូក​ដៃ ​ចូលគ្រីមេ សោះឡើយ។ មិនតែប៉ុណ្ណោះ ទាំងលោកប្រធានាធិបតីពូទីន ទាំងលោក​នាយក​រដ្ឋមន្ត្រីមេដវេដេវ តែងថ្លែង ហើយថ្លែងទៀតថា សម្រាប់រុស្ស៊ីបញ្ហាគ្រីមេ ឈប់​ចោទ​ទៀត​ឡើយ ក្នុងរបៀបរារៈប្រចាំថ្ងៃ របស់រដ្ឋរុស្ស៊ី។

ស្របនឹងលទ្ធផលនៃការស្ទង់មតិប្រជាពលរដ្ឋរុស្ស៊ី ធ្វើដោយអង្គការសង្គមសាស្ត្ររុស្ស៊ី VSIOM​ ចេញ​ថ្ងៃ​១៧មីនា​ម្សិលមិញ ពាក់ព័ន្ធនឹងខួប២ឆ្នាំនៃការភ្ជាប់ទឹកដីគ្រីមេ ឥឡូវ ពួក​អ្នក​ដែល​មិនសប្បាយចិត្តនឹងការភ្ជាប់យកទឹកដីនេះ គឺធ្លាក់មកនៅត្រឹមតែ ៥%ប៉ុណ្ណោះ។ ជាការ​ប្រៀប​ធៀប កាលពី២ឆ្នាំមុន តួលេខនេះ មានដល់ ១១%។ ចំណែកអ្នកស្រុករុស្ស៊ីដែលគាំទ្រ ដល់​ការភ្ជាប់ គ្រីមេ មកនឹងរុស្ស៊ី ហើយមិនគ្រាន់តែគាំទ្រទេ តែសន្និដ្ឋានថា គ្រីមេ ពិតជា​របស់​រុស្ស៊ី​ គឺ បានកើនឡើងពី៨៩% ក្នុងឆ្នាំ២០១៤ ស្ទុះដល់៩៥% ឯណោះ ក្នុងឆ្នាំ ២០១៦នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ