ទំនាក់ទំនងរុស្ស៊ី-កម្ពុជា ឈានចូលដំណាក់ថ្មី
ចុះផ្សាយនៅថ្ងៃ៖
គ្រាន់តែ ក្នុងកន្លះឆ្នាំចុងក្រោយ គូភាគី បានធ្វើការផ្លាស់ប្តូរទស្សនកិច្ច ថ្នាក់ប្រមុខរដ្ឋាភិបាល ដែលជាករណីមិនធ្លាប់មានទេ។ បើកាលពីខែវិច្ឆិកាឆ្នាំមុន លោក នាយករដ្ឋមន្ត្រីរុស្ស៊ី ឌ្មីទ្រី មេដវេដេវ បានបំពេញជាលើកទី១ ទស្សនកិច្ច នៅប្រទេសកម្ពុជា នោះ ក្នុងសប្តាហ៍នេះ គឺទស្សនកិច្ច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរុស្ស៊ី ដើម្បីពង្រីក និង ពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលទើបគម្រប់បាន ៦០ឆ្នាំ។ តើនាកិច្ចចរចា ក្នុង ថ្ងៃ១៧ ឧសភាកន្លងទៅ ប្រមុខរដ្ឋាភិបាលរុស្ស៊ី និងកម្ពុជា បានសំណេះសំណាលគ្នាយ៉ាងណា មុននឹង ប្រព្រឹត្តទៅពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីមួយចំនួន ក្នុងវិស័យដែលជា អាទិភាព សម្រាប់ប្រទេសទាំងពីរ។
ថ្ងៃអង្គារ ១៧ឧសភា បន្ទាប់ពីបានអញ្ជើញមកដល់ក្រុងម៉ូស្គូ នៅពេលព្រឹក រំលងតែ ប៉ុន្មានម៉ោងសោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានត្រូវទទួលជួបសន្ទនា ដោយឥតបង្អែរ បង្អង់ ជាមួយសមភាគី រុស្ស៊ី។ កិច្ចចរចានេះ បានប្រព្រឹត្តទៅ នៅឯនិវេសនដ្ឋានរដ្ឋាភិបាលរុស្ស៊ី Gorki ជាយក្រុងម៉ូស្គូ នៅចម្ងាយ ១៥គ.ម. ពីរដ្ឋធានីរុស្ស៊ី។
ក្នុងបរិយាកាសលំអដោយទង់ជាតិសហព័ន្ធរុស្ស៊ី និង ទង់ជាតិរាជាណាចក្រកម្ពុជា មុននឹងផ្តើម កិច្ចចរចា លោកនាយករដ្ឋមន្ត្រីរុស្ស៊ី មេដវេដេវ បានថ្លែងទៅលោក ហ៊ុន សែន ៖ ”ទើបប៉ុន្មានថ្ងៃមុនសោះ នៅប្រទេសរុស្ស៊ី មានប្រារព្ធខួបទី៦០ នៃទំនាក់ទំនងការទូត រវាងរុស្ស៊ី និងកម្ពុជា។ ប្រាកដណាស់ ដែលក្នុង ៦ ទសវត្សរ៍កន្លងទៅ មានព្រឹត្តិការណ៍ច្រើនណាស់ បាន កើតឡើង នៅតាមប្រទេសយើងទាំងពីរ។ ប៉ុន្តែឥឡូវ សំខាន់បំផុត គឺសម្លឹងមើលទៅអនាគត។ ហាក់បីថ្មីៗសោះ គឺកាលពីខែវិច្ឆិកាឆ្នាំទៅមិញ ខ្ញុំបានទៅជាភ្ញៀវនៃប្រទេសឯកឧត្តម។ ខ្ញុំនៅចងចាំ ដោយកក់ក្តៅអំពីទស្សនកិច្ចនោះ។ ខ្ញុំសូមសំដែងអំណរគុណជាថ្មី ចំពោះការទទួលគណៈ ប្រតិភូយើងខ្ញុំ យ៉ាងរាក់ទាក់ក្រៃ និងចំពោះកិច្ចចរចាប្រកបដោយផ្លែផ្កា ដែលបានប្រព្រឹត្តទៅ នៅកម្ពុជា។ ហើយលើកនេះ យើងមានលទ្ធភាព ពិភាក្សាគ្រប់តែបញ្ហា គឺនៅប្រទេសរុស្ស៊ី ផ្ទាល់។ ខ្ញុំសូមស្វាគមអបអរសាទរ ឯកឧត្តម ដោយស្មោះអស់ពីចិត្ត នៅលើទឹកដីរុស្ស៊ី”។
ជាចម្លើយតបវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅលោក មេដវេដេវ ៖ “ពីចំណែកខ្ញុំ ខ្ញុំសូមសំដែងអំណរគុណឯកឧត្តម ចំពោះទស្សនកិច្ច ដែលឯកឧត្តម បានបំពេញ នៅប្រទេសកម្ពុជាយើងខ្ញុំ។ ទស្សនកិច្ចនោះ ជាទស្សនកិច្ចប្រវត្តិសាស្ត្រ ពីព្រោះ ឯកឧត្តម ជា នាយករដ្ឋមន្ត្រីរុស្ស៊ីទី១ ដែលបានធ្វើទស្សនកិច្ច នៅកម្ពុជា។ ជំនួបដែលបានប្រព្រឹត្តទៅ បាន ផ្តល់សន្ទុះថ្មី ដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ខ្ញុំរីករាយ ជាពន្លឹក នឹងជំនួបថ្ងៃនេះ នៅម៉ូស្គូ។ ម៉ូស្គូ ជាក្រុងល្អស្អាត ដែលខ្ញុំធ្លាប់បានមកកាន់ កាលពីជាង ៣០ឆ្នាំមុន ហើយខ្ញុំឃើញនៅទីនេះ មានការអភិវឌ្ឍន៍ និង វឌ្ឍនភាពធំធេង ក្រោម ការដឹកនាំ របស់ឯកឧត្តម។
ពេលចាប់ផ្តើមកិច្ចចរចា លោកមេដវេដេវ មានប្រសាសន៍ ៖ ”រុស្ស៊ី ចាត់ទុកកម្ពុជា “សឹងជាដៃគូយុទ្ធសាស្ត្រ” របស់ខ្លួន។ គ្រាន់តែក្នុងមួយឆ្នាំកន្លងទៅ ទំហំ ផ្តោះប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ ៤០%។ ប៉ុន្តែ បើគិតជា ទឹកប្រាក់ គឺវានៅមិនទាន់ឆ្លើយស្របនឹងសក្តានុពល ប្រទេសទាំងពីរ នៅឡើយ។ មិនតែប៉ុណ្ណោះ នៅពីមុខ រុស្ស៊ី និង កម្ពុជា មានទស្សនវិស័យដ៏ល្អ សម្រាប់សហប្រតិបត្តិការ វិស័យថាមពល។ រុស្ស៊ី ត្រៀមសង់ នៅកម្ពុជា ជាសំណង់នានា វិស័យថាមពល ត្រៀមលក់ទៅ កម្ពុជា គឺគ្រឿងបច្ចេកទេស សម្រាប់ផ្នែកថាមពល ផ្នែកការងារជីកបូមប្រេង និង ជីករ៉ែណា ដែលជាវត្ថុធាតុដើម មានតម្លៃ។ ប្រទេសទាំងពីរ មានបំណង សហការគ្នាកាន់តែស្វាហាប់ ក្នុងវិស័យ កសិកម្ម ទូរគមនាគមន៍ ព័ត៌មានវិទ្យា ហើយប្រាកដណាស់ ក្នុងវិស័យទេសចរណ៍។ កម្ពុជា ជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍យកចិត្តទុកដាក់ក្រៃលែង ដោយប្រាសាទអង្គរ ជា បេតិកភណ្ឌពិភពលោក ដែលខ្ញុំមានភ័ព្វសំណាងបានទៅឃើញផ្ទាល់ភ្នែក។
លោក ហ៊ុន សែន ពីចំណែកខ្លួន បន្ថែមថា ៖ “គូភាគី នឹងដាក់ឲ្យដំណើរការ ជើងយន្តហោះ ផ្ទាល់ រវាងរុស្ស៊ី និងកម្ពុជា។ បែបដូច្នេះ យើង នឹងបង្កើនចំនួនអ្នកទេសចររុស្ស៊ី ដែលទៅសម្រាកលំហែកាយ នៅតាមរមណីយដ្ឋាន ប្រទេស កម្ពុជា។ កម្ពុជាក៏មានសំណើ ប្រកបដោយសំណូមពរ សុំឲ្យរុស្ស៊ី ផ្តល់អាហាររូបករណ៍ កាន់តែ ច្រើនឡើង ដល់និស្សិតកម្ពុជា សម្រាប់គេបន្តការសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សារុស្ស៊ី។
លោកហ៊ុនសែន ក៏រៀបរាប់ថា ៖ “ក្នុងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មានរដ្ឋមន្ត្រី ៤រូប ដែលចេះភាសារុស្ស៊ី។ ហើយអ្នកបកប្រែរបស់ ខ្ញុំ គឺ រូបលោករដ្ឋមន្ត្រីក្រសួងអប់រំ ដែលខ្ញុំបានសុំគាត់ ឲ្យធ្វើជា អ្នកបកប្រែឲ្យខ្ញុំ។
តាមកាសែតក្រុងម៉ូស្គូ Komsomolskaya Pravda កត់សម្គាល់ នៅថ្ងៃបន្ទាប់មក ប្រសាសន៍នោះ របស់លោក នាយករដ្ឋមន្ត្រីកម្ពុជា បានញ៉ាំងឲ្យមានការភ្ញាក់ផ្អើល ពីខាងគណៈប្រតិភូរុស្ស៊ី ដែល បានវត្តមាន នាកិច្ចចរចា។ ត្រង់ចំណុចនេះ គួរដកឃ្លានិយាយថា ក្នុងប្រវត្តិនៃទំនាក់ទំនងការទូត៦០ឆ្នាំ រវាងរុស្ស៊ី និងកម្ពុជា តាមតួលេខក្រសួងការបរទេសរុស្ស៊ី មានពលរដ្ឋកម្ពុជា ប្រមាណ ៨.៥០០នាក់ បានទទួល ការសិក្សា នៅ រុស្ស៊ី និងនៅតាម សាធារណរដ្ឋទៀត នៃអតីតសហភាពសូវៀត ហើយបច្ចុប្បន្ន ក្នុងប្រទេសរុស្ស៊ីសម័យថ្មី ក្រោយពីសហភាពសូវៀតរលំទៅ មាននិស្សិតកម្ពុជា ជិត ២០០នាក់ នៅបន្តការសិក្សា។ តាមតួលេខក្រសួងអប់រំរុស្ស៊ី បច្ចុប្បន្ន រដ្ឋាភិបាលរុស្ស៊ី ផ្តល់ ក្នុងមួយឆ្នាំៗ គឺអាហារូបករណ៍ ដល់និស្សិតខ្មែរ ៣០នាក់។
ជាលទ្ធផលនៃកិច្ចចរចា នៅម៉ូស្គូ ថ្ងៃ១៧ឧសភា ភាគីរុស្ស៊ី និង កម្ពុជា បានចុះហត្ថលេខា លើ កញ្ចប់ឯកសារ ដែលប៉ះលើវិស័យ ថាមពលបរមាណូ , យោធា ,ទូរគមនាគមន៍ , ព័ត៌មានវិទ្យា និងកីឡា។
ថ្លែងក្នុងពិធីនោះ លោក ហ៊ុន សែន លំអិតថា ពេលដែលលោកនាយករដ្ឋមន្ត្រីមេដវេដេវ បំពេញ ទស្សនកិច្ច នៅកម្ពុជា មានចុះបាន កិច្ចព្រមព្រៀងទ្វេភាគីចំនួន ៦ច្បាប់ ហើយឥឡូវ ឯកសាររួមដែលមានចុះគឺឡើងដល់ ៨ច្បាប់ ឯណោះ។ ទាក់ទង នឹងកិច្ចព្រមព្រៀងវិស័យ ថាមពលបរមាណូ លោកហ៊ុន សែន បានសន្យាថា “ អាជ្ញាធរកម្ពុជា ប្រាថ្នាអភិវឌ្ឍ ថាមពល បរមាណូ សម្រាប់បម្រើតែគោលដៅស៊ីវិល ប៉ុណ្ណោះ ដោយមិនបណ្តោយឲ្យកម្ពុជា រំលោភ បំពានឡើយ លើ សន្ធិសញ្ញាដែលហាមប្រាមការសាយភាយអាវុធនុយក្លេអ៊ែរ។
តាមប្រសាសន៍លោក មេដវេដេវ ៖ ចង្កោមឯកសារចុះនោះ ដែលប្រមើលនូវ សហប្រតិបត្តិកា ររហូតដល់ឆ្នាំ២០២០ នឹងចាក់ជាគ្រឹះ សម្រាប់សមិទ្ធិ គម្រោងរួមរបស់ប្រទេសទាំងពីរ។ អំពីកិច្ចចរចា ដែលបានប្រព្រឹត្តទៅ លោក មេដវេដេវ បានទាញយកសេចក្តីសន្និដ្ឋានថា ៖
-ជំនួបជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព។
-រុស្ស៊ីចាត់ទុក រាជាណាចក្រកម្ពុជា ជាដៃគូសំខាន់ណាស់។
-ហើយរុស្ស៊ីសង្ឃឹមអភិវឌ្ឍទំនាក់ទំនង តាមគ្រប់មធ្យោបាយ ជាមួយមិត្តកម្ពុជារបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ