បារាំង ៖ បាតុកម្មប្រឆាំងច្បាប់ការងារ ធ្វើបារាំងជួបគ្រោះខ្វះប្រេងឥន្ធនៈ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីតំបន់ភាគខាងជើង និងខាងលិច នៅថ្ងៃចន្ទនេះ ស្ថានីយ៍ប្រេងឥន្ធនៈ មួយភាគធំ នៅក្រុងប៉ារីស ត្រូវបិទទ្វារ ជាបណ្តើរៗ និងបន្តបន្ទាប់ ព្រោះគ្មានប្រេងសំរាប់លក់ជូនអតិថិជនទៀតទេ។ មូលហេតុនៃកង្វះប្រេងឥន្ធនៈនេះ បណ្តាលមកពីក្រុមសហជីពកម្មករនាំគ្នាធ្វើបាតុកម្មបិទខ្ទប់រោងចក្រប្រេង ដើម្បីទាមទារឱ្យរដ្ឋាភិបាលដកគម្រោងធ្វើកំណែទម្រង់ច្បាប់ការងារ។
គិតមកទល់នឹងល្ងាចថ្ងៃចន្ទទី២៣ ឧសភានេះ មានរោងចក្រចម្រាញ់ប្រេង៦ ក្នុងចំណោម៨ - ឃ្លាំងប្រេងចំនួន៥ក្នុងចំណោមឃ្លាំងជាងមួយរយ ត្រូវបិទខ្ទប់ដោយកម្លាំងបាតុកម្ម។ ជាលទ្ធផល បន្ទាប់ពីតំបន់ភាគខាងលិច និងខាងជើងប្រទេស ពេលនេះសូម្បីតែក្រុងប៉ារីស ក៏បាននិងកំពុងជួបវិបត្តិខ្វះប្រេងឥន្ធនៈប្រើប្រាស់ដែរ។ ស្ថានីយ៍នៅក្នុងនិងជុំវិញរដ្ឋធានី បានបិទទ្វារជាបណ្តើរ តាំងពីព្រឹកថ្ងៃចន្ទមក។
ប៉ុន្តែរដ្ឋាភិបាលអះអាងថា នឹងគ្មានបញ្ហាខ្វះប្រេងកើតឡើងទេ ! ព្រោះបារាំងមានប្រេងឥន្ធនៈបំរុងបានដល់ទៅ៩០ថ្ងៃ។ ស្ថានភាពនឹងប្រសើរឡើងវិញ យ៉ាងយូរនៅថ្ងៃអង្គារ ព្រោះអាជ្ញាធរបានអនុញ្ញាត និងបង្កើនបរិមាណរថយន្តដឹកប្រេងទៅផ្គត់ផ្គង់ស្ថានីយ៍ មួយទ្វេជាបី។
ម្យ៉ាងទៀត បន្ទាប់ពីបានចាត់ទុកសកម្មភាពបិទខ្ទប់រោងចក្រប្រេងថាខុសច្បាប់ លោកនាយករដ្ឋមន្ត្រីបារាំង បានប្រកាសតាំងពីយប់ថ្ងៃអាទិត្យមក ថានឹងប្រើគ្រប់វិធានការស្របច្បាប់ រាប់ទាំងកម្លាំងបង្ក្រាបសាធារណៈ ឬប៉ូលិសផង ទៅគាស់រំលើងបាតុករ រំដោះរោងចក្រនិងឃ្លាំងប្រេងវិញ។
សូមបញ្ជាក់ថា តាំងពីថ្ងៃអង្គារទី ១៨ឧសភាមក ក្រុមសហជីពកម្មករបាននាំគ្នា ប្រើមធ្យោបាយរារាំងដំណើរការដឹកជញ្ជូនប្រេង ដោយបិទខ្ទប់រោងចក្រ ឬឃ្លាំងស្តុកប្រេង ដើម្បីប្រឆាំងនឹងច្បាប់ការងារថ្មី ដែលរដ្ឋាភិបាល ចង់ធ្វើកំណែទម្រង់។ ច្បាប់ការងារ ដែលក្រុមសហជីពយល់ថាផ្តល់ប្រយោជន៍ឱ្យតែក្រុមថៅកែ បានជំរុញឱ្យមានបាតុកម្មប្រឆាំង នៅគ្រប់ទិសទីពេញផ្ទៃប្រទេស ម្តងជាពីរដង ប៉ុន្តែលោកហ្វ្រង់ស័រ ហូឡង់ បានអះអាងនឹងមិនដកថយជាដាច់ខាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ