អ.ស.ប.បដិសេធ​លក្ខន្តិកៈ​គណៈកម្មការការពារ​​អ្នក​កាសែត​​ជា​​អង្គការ​ក្រៅរដ្ឋាភិបាល

អង្គការ​សហប្រជាជាតិ​បដិសេធ​បេក្ខភាព​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អ.ស.ប.
អង្គការ​សហប្រជាជាតិ​បដិសេធ​បេក្ខភាព​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អ.ស.ប. Reuters
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ បាន​ គីមូន បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង នៅ​ចុង​សប្តាហ៍នេះ ចំពោះ​សេចក្តី​សម្រេច​ចិត្ត​បដិសេធមិន​ឱ្យ​ គណៈកម្មាធិការ​ការពារ​អ្នក​កាសែត មាន​លក្ខន្តិកៈ​ជា​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ​ របស់​អង្គការ​សហប្រជាជាតិ។ តំណាង​ភាគី​បារាំង អាមេរិក សន្យា​ថា​នឹង​បោះឆ្នោត​ប្រឆាំង​បក​នឹង​សេចក្តី​សម្រេច​បដិសេធ​​នេះ​វិញ នៅ​ខែ​កក្កដា​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ការពារ​អ្នក​កាសែត បាន​ស្នើ​សុំ​លក្ខន្តិកៈ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល តាំង​ពី​ឆ្នាំ ២០១២ ប៉ុន្តែ​​សំណើ​នេះ​ត្រូវ​បាន​រុញ​ចេញ​ ដោយ​គ្មាន​​បោះឆ្នោត​សម្រេច​ចំនួន​៧​ដង​មក​ហើយ។ នៅ​ពេល​នេះ សំណុំ​បែប​បទ​បាន​ឈាន​ដល់​ការ​បោះឆ្នោត តែ​រុស្ស៊ី ចិន ​និង​អាហ្វ្រិក​ខាង​ត្បូង អាស៊ែបៃហ្សង់ ប៊ូរុនឌី គុយបា ប៉ាគីស្ថាន នីការ៉ាហ្កា ស៊ូដង់ វ៉េណេស៊ុយអេឡា ... សរុប​១០​ប្រទេស ​​ជា​សមាជិក​​គណៈកម្មា​ធិការ​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អង្គការ​សហប្រជាជាតិ បាន​បដិសេធ​មិន​យល់​ព្រម​ឱ្យ​​ដាក់​បញ្ជូល គណៈកម្មាធិការ​ការពារ​អ្នក​កាសែត ជា​អង្គការ​ទេ។ តួកគី ឥណ្ឌា និង​អ៊ីរ៉ង់ បាន​បោះឆ្នោត​អនុប្បវាទ។ ​មាន​តែ​អាមេរិក​ ក្រិក អ៊ីស្រាអែល​ ហ្គីណេ ម៉ូរីស អ៊ុយរូហ្គាយ​ប៉ុណ្ណោះ ដែល​​​គាំទ្រ​។

លោក​បាន​គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​បាន​គាំទ្រ​ការ​ងារ​របស់​គណៈកម្មាធិការ​​នេះ​យ៉ាង​មុះមុត​តាំង​ពី​ដើម​មក បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ឆ្នោត​ដែល​​រារាំង​មិន​ឱ្យ​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត ដែលជា​អ្នក​ការពារ​សេរីភាព​សារព័ត៌មាន​ បាន​ក្លាយ​ជា​ស្ថាប័ន​មួយ​​របស់​អង្គការ​សហប្រជាជាតិ និង​មាន​ចំណែក​បញ្ចេញ​មតិ​យោបល់​ ការពារ​សង្គម​ស៊ីវិល ដូច​អង្គការ​ការពារ​សិទ្ធិមនុស្ស។

ក្រៅ​អំពី​ភាព​សោកសៅ​របស់​ប្រធាន​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត សហរដ្ឋ​អាមេរិក ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ថា​នឹង​លើក​សំណើ​នេះ​ទៅ​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គការ​សហប្រជាជាតិ ដែល​ជា​ស្ថាប័ន​មេ​របស់​គណៈកម្មាធិការ​អង្គការ​ក្រៅ​រដ្ឋាភិបាល ពិនិត្យ​​ឡើង​វិញ​នៅ​ខែ​កក្កដា​ខាង​មុខ។ បារាំង​ជា​សម្ព័ន្ធ​មិត្ត និង​ដែល​ការពារ​ដាច់​ខាត​​​សេរីភាព​​នៃ​ការ​បញ្ចេញ​មតិ បាន​សន្យា​ថាឱ្យ​តែ​មាន​ឱកាស​បារាំង​​នឹង​បោះឆ្នោត​ការពារ​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត ដើម្បី​​លុប​សេចក្តី​សម្រេច​ចិត្ត​បដិសេធ​ថ្ងៃ​នេះភ្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI