រដូវរត់ពន្ធអន្តោប្រវេសន៍តាមសមុទ្ទមេឌីទែរ៉ាណេ ចាប់ផ្តើមឡើងវិញ អ៊ីតាលីជាទិសដៅថ្មី
ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈ ចរន្តអន្តោប្រវេសន៍តាមទូកឆ្លងសមុទ្ទមេឌីទែរ៉ាណេ បានចាប់កំរើកឡើងវិញ។ បើតាមអង្គការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ មានជនអន្តោប្រវេសន៍ជិត៧០០នាក់ ក្នុងនោះជាង៤០នាក់ជាទារក បានស្លាប់បាត់បង់ជីវិត ក្នុងមហាសាគរមេឌីទែរ៉ាណេ ក្នុងរយៈពេលសរុបមួយសប្តាហ៍មកនេះ។ ជនភៀសខ្លួនទាំងនោះបានរត់ចេញតាមច្រកលីប៊ីសំដៅត្រើយអ៊ីតាលី តាមទូករខេករខាក និងគ្មានសុវត្ថិភាពទាល់សោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គ្មាននរណាអាចដឹងចំនួនច្បាស់ និងស្គាល់អត្តសញ្ញាណពិតប្រាកដ របស់អ្នកស្លាប់លង់ទឹកសមុទ្ទមេឌីទែរ៉ាណេ បានឡើយ ! នេះបើតាមសំដីសាក្សីបានរួចពីស្លាប់ ដែលមានសំណាងបានរួចជីវិតនិងមកតោងដល់ផែអ៊ីតាលីកាលពីថ្ងៃព្រហស្បតិ៍ និងដែលបានអះអាងបន្ថែមទៀតថា មានអន្តោប្រវេសន៍ប្រមាណ១១០០នាក់ផ្សេង បានចាកចេញពីផែលីប៊ី កាលពីថ្ងៃពុធ តាមទូកនេសាទពីរផ្ទុកមនុស្សជាង៥រយនាក់ និងអូសសណ្តោងពោងមួយផ្ទុកគ្នាជាង៥រយនាក់ដែរ។ ទូកពោង នោះបានលិច អូសដោយទាំងទូកនេសាទទីពីរផង ហើយអ្នកបើកនាវាទីមួយ ជាតិស៊ូដង់ បានកាត់ខ្សែសណ្តោងដើម្បីកុំឱ្យជនភៀសខ្លួនហែលតោងបាន ឬក៏ត្រូវអារកសម្លាប់មនុស្សផងក៏មាន មុននឹងត្រូវឃាត់ខ្លួនបានពេលមកដល់ត្រើយអ៊ីតាលី។ នេះបើតាមសារព័ត៌មានអ៊ីតាលី។
គិតជាសរុបមួយសប្តាហ៍នេះ មានទូករត់ពន្ធអន្តោប្រវេសន៍យ៉ាងហោចបីគ្រឿងបានលិច និងមានយ៉ាងហោចជនអន្តោប្រវេសន៍៧០០នាក់ បានស្លាប់ក្នុងមេឌីទែរ៉ាណេ។ នេះបើតាមតុល្យការរបស់អង្គការទទួលបន្ទុកជនភៀសខ្លួន HCR។ ហើយបើតាមភ្នាក់ងារឆ្មាំសមុទ្ទអ៊ីតាលី តាំងពីអាកាសធាតុចាប់ក្តៅមេឃល្អមក មានទូកពោងប្រមាណ៧០ និងទូកនេសាទប្រមាណ១០ ត្រូវរាប់ឃើញកំពុងដឹកអន្តោប្រវេសន៍ឆ្លងមកអឺរ៉ុប។
សូមបញ្ជាក់ថា តាំងពីច្រកបាល់កង់ត្រូវបិទ និងមានកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនពីក្រិកទៅតួកគីមក អ៊ីតាលីបានក្លាយជាទិសដៅថ្មី។ មេកើយឈ្មួញអន្តោប្រវេសន៍ ជាតិស៊ូដង់ ឈ្មោះ អ៊ូសាម៉ា បានប្រើផែលីប៊ី ដើម្បីរត់ពន្ធមនុស្សមកអ៊ីតាលី ក្នុងតម្លៃម្នាក់៤០០អឺរ៉ូ។
ប្រឈមមុខនឹងសា្ថនការណ៍បែបនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី បានអំពាវនាវឱ្យអឺរ៉ុបចុះកិច្ចព្រមព្រៀងជាមួយលីប៊ី និងបណ្តាប្រទេសនៅអាហ្វ្រិក តាមគំរូកិច្ចព្រមព្រៀងតួកគី ឱ្យបានកាន់តែឆាប់ ដើម្បីទប់ស្កាត់ចរន្តអន្តោប្រវេសន៍។ នៅថ្ងៃអាទិត្យនេះប្រធានសភាអឺរ៉ុប បានទទួលស្គាល់ ថាផែនការរបស់អ៊ីតាលី ជាសំណើរល្អ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ