ប្រធានគណៈកម្មការអឺរ៉ុប សម្រេចថា មកកាន់រុស្ស៊ី ទោះបីរុស្ស៊ី ជាប់ក្នុងទណ្ឌកម្មអឺរ៉ុបក្តី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker យល់ព្រមទទួល សេចក្តី អញ្ជើញរបស់រុស្ស៊ីទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅក្រុង Saint-Petersbourg ដែលនឹងបើកនៅថ្ងៃ១៦មិថុនាខាងមុខ - ដំណឹងនេះ ត្រូវបានប្រកាសម្សិលមិញ ដោយស្ត្រីអ្នកនាំពាក្យផ្លូវការ នៃអង្គការអំណាចនីតិប្រតិបត្តិកំពូលនេះរបស់សហភាពអឺរ៉ុប។
នេះជាការធ្វើដំណើរជាលើកដំបូងរបស់លោកប្រមុខរដ្ឋាភិបាលសហភាពអឺរ៉ុប មកកាន់ប្រទេសរុស្ស៊ី តាំងពីសហព័ន្ធរុស្ស៊ីបានភ្ជាប់យកទឹកដីគ្រីមេ ដោយផ្តាច់វាចេញពីអ៊ុយក្រែន កាលពីខែមីនាឆ្នាំ២០១៤ ហេតុដែលតម្រូវសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងម៉ូស្គូ តាំងពីពេលនោះមក ចំពោះតួនាទីរុស្ស៊ីនៅក្នុងវិបត្តិអ៊ុយក្រែន។
ដំណឹងស្តីអំពីទស្សនកិច្ចថ្ងៃមុខរបស់លោក Jean-Claude Juncker នៅរុស្ស៊ី បណ្តាលឲ្យមាន ក្តីទោមនស្សភ្លាមភ្លែត ពីខាងស.រ.អា.និងប្រទេសអឺរ៉ុបខ្លះ ដែលយល់ថា គោលដៅទណ្ឌកម្ម គឺខ្ទប់ប្រទេសរុស្ស៊ីឲ្យស្ថិតនៅក្នុងភាពឯកោ។ ពីព្រោះបស្ចិមលោក បារម្ភខ្លាចក្រែង ទស្សនកិច្ចលោក Juncker នៅរុស្ស៊ី អាចពង្រឹងគោលជំហរ លោកប្រធានាធិបតី រុស្ស៊ី វ៉្លាឌីមៀរ ពូទីន មុនពេលដែលសហភាពអឺរ៉ុប ត្រូវពិភាក្សាអំពីការពន្យារតទៅទៀត ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលត្រូវអស់សុពលភាព ក្នុងពីរខែទៀត គឺថ្ងៃ៣១កក្កដា។
ចំណែកអ្នកនាំពាក្យផ្លូវការរបស់វិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បានថ្លែងសាទរទៅហើយ ចំពោះបំណងលោកប្រធានគណៈកម្មការអឺរ៉ុប ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅក្រុង Saint-Petersbourg នៅថ្ងៃមុខ ដោយកត់សម្គាល់ថា អាជ្ញាធររុស្ស៊ី ក្នុងអនាគតគ្រោងឈានឲ្យ បានដល់កម្រិតទាល់តែ កែបានប្រសើរឡើងទំនាក់ទំនងទ្វេភាគី ជាមួយសហភាពអឺរ៉ុប ហើយចាត់ទុកទស្សនកិច្ចលោក Juncker ថារំលេចឲ្យឃើញពី ភាពត្រៀមខ្លួនធ្វើកិច្ចសន្ទនាជាមួយរុស្ស៊ី។
គេនៅចងចាំនៅឡើយ សេចក្តីថ្លែងការណ៍បង្កជាបដិវាទកម្ម ធ្វើកាលពីខែតុលាឆ្នាំមុន ដោយលោក Juncker ដែលថាសហភាពអឺរ៉ុប គប្បីស្តារឡើងវិញទៅជាមួយរុស្ស៊ី “ទំនាក់ទំនងអនុវត្ត ដែលនាំជាគុណប្រយោជន៍ទៅវិញទៅមក” ទាំងអំពាវនាវសហភាពអឺរ៉ុប កុំបណ្តោយខ្លួនស្ថិតនៅក្រោមបង្គាប់ស.រ.អា.ឡើយ ក្នុងការប្រកាន់ឥរិយាបថចំពោះក្រុងម៉ូស្គូ។ តាមសម្តីគាត់ ការស្តារឡើងវិញ “ទំនាក់ទំនងអនុវត្ត ដែលនាំជាគុណប្រយោជន៍ទៅវិញទៅមក” ជាមួយរុស្ស៊ី ជារឿងមិនសូវទាក់ចិត្តទេ ប៉ុន្តែអឺរ៉ុបត្រូវតែហ៊ានធ្វើ កុំនៅលង់ខ្លួន ក្នុងផ្នត់គំនិតនេះទៀត។
វេទិកាសេដ្ឋកិច្ចអន្តរជាតិ ដែលប្រព្រឹត្តទៅ ជារៀងរាល់ឆ្នាំ នៅក្រុង Saint-Petersbourg តាំងពី ឆ្នាំ ១៩៩៧មក ជាទីលាននៃការពិភាក្សាបញ្ហាសេដ្ឋកិច្ចពិភពលោក ចូលរួមដោយអ្នកដឹកនាំ ក្រុមហ៊ុនធំៗបំផុតក្នុងលោក និងសហគមន៍ពួកអ្នកជំនាញ។ លើកនេះ ជាលើកទី២០ វានឹងប្រព្រឹត្តទៅពីថ្ងៃ១៦ ដល់ ១៨ មិថុនា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ