តើគួរព្រួយបារម្ភនឹងគ្រោះទឹកជំនន់ទន្លេសែនលិចប៉ារីសដែរឬទេ ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្លៀងធ្លាក់ជោគជាំខ្លាំងខុសពីធម្មតា ជាប់គ្នាអស់ជាច្រើនថ្ងៃ និងបានជន់លិចតំបន់ជាយក្រុងប៉ារីសមួយចំនួនមក នៅថ្ងៃនេះដល់វេនរដ្ឋធានីប៉ារីស ម្តងដែលត្រូវប្រឈមនឹងគ្រោះទឹកជំនន់។ ទឹកទន្លេសែន អាចនឹងឡើងដល់ ៦.៣០ ឬ៦,៥០ម៉ែត្រនៅល្ងាចថ្ងៃសុក្រទី ៣ មិថុនានេះ ដែលកម្រិតកម្ពស់ដ៏កម្របំផុតមួយ។ ជាផលវិបាក ចរាចរណ៍តាមដងផ្លូវមាត់ទន្លេត្រូវបិទ ប្រព័ន្ធរថភ្លើងក្រោមដី ត្រូវរអាក់រអួលយ៉ាងខ្លាំង។ អាជ្ញាធរបានប្រមូលកម្លាំង និងវិធានការដំឡើងកំរិតអាសន្នទីពីរទៅទីបី។ តំបន់ជាយក្រុងមួយចំនួន នៅតែបន្តស្ថិតក្នុងស្ថានភាពអាសន្នទឹកជំនន់ ខ្ពស់បំផុត (កំរិតទីបួន) ដដែលនៅថ្ងៃសុក្រនេះ។
កម្ពស់ទឹកទន្លេសែន ដែលមានកម្ពស់៥ម៉ែត្រកន្លះ កាលពីម៉ោង ៦ព្រឹក (ម៉ោងនៅក្នុងប្រទេសបារាំង) នឹងបន្តឡើងជាប់ជានិច្ច និងបានឡើងដល់ខ្ពស់ជាង៦ម៉ែត្រនៅរសៀលនេះ (១,២៥ កាលពីថ្ងៃអាទិត្យទី ២៩ឧសភា)។ យោងតាមអ្នកឧតុនិយមមេឃនឹងផ្តើមស្រឡះ អាកាសធាតុចាប់ផ្តើមឡើងកម្តៅសីតុណ្ហភាពវិញ ភ្លៀងក៏ត្រូវចាប់រាំង ចាប់ពីថ្ងៃស្អែកទៅហើយ។
ក្រុមអ្នកឯកទេសមិនរំពឹងថា ទឹកទន្លេអាចស្រកបានលឿនទេ ! ជាមួយនឹងកំរិតកម្ពស់ទឹកទន្លេឡើងដល់៦ម៉ែត្រ អាជ្ញាធរយល់ថាអាចមានការហៀលិចផ្នែកខ្លះនៃក្រុង។ ហេតុដូច្នេះហើយបានជានៅថ្ងៃនេះ អាជ្ញាធរបានដំឡើងកំរិតអាសន្នទឹកជំនន់មួយកំរិតបន្ថែមទៀត។
សារមន្ទីរនិងបណ្ណាល័យបិទទ្វារ
ក្រសួងស្ថាប័ន ក្រុមហ៊ុនដែលមានទីតាំងនៅតាមមាត់ទន្លេសែន ជាពិសេសសារមន្ទីរLouvre សារមន្ទីរ Quai d’Orsay បណ្ណាល័យFrançois Mitterrand បានបិទទ្វារ នៅថ្ងៃនេះ ដើម្បីជាការបង្ការ និងដើម្បីឱ្យបុគ្គលិកត្រៀមរៀបចំរើចម្លាក់ និងវត្ថុបុរាណនៅក្រោមដី ទៅដាក់នៅទីមានសុវត្ថិភាព ក្រែងមានការជ្រាបលិចទឹក ជាយថាហេតុចៃដន្យណាមួយ។ ខ្សែរថភ្លើងក្រោមដី មួយខ្សែដ៏ចំណាស់ជាងគេ រត់ស្របតាមដងទន្លេសែន ត្រូវបានផ្អាកដំណើរការរត់កាត់ទីក្រុង។ ខ្សែផ្សេងៗក៏មានដំណើរការយ៉ាងរអាក់រអួលដែរ។ ចំណែកផ្លូវតាមមាត់ទន្លេ ក៏ត្រូវបានបិទ ទាំងស្រុងដែរ ដែលបង្កឱ្យមានកកស្ទះចរាចរណ៍ខ្លាំងខុសធម្មតានៅក្នុងក្រុង។
សូមបញ្ជាក់ថា ទឹកជំនន់បានគំរាមកំហែងតំបន់ជាយក្រុងប៉ារីស តាំងពីថ្ងៃអង្គារមកម្ល៉េះ។ តំបន់ខ្លះ មានទឹកចូលលិចទីប្រជុំជនក្រុងដល់ជាងមួយម៉ែត្រ និងក្រុងខ្លះទៀត កំពុងបន្តស្ថិតនៅក្នុងស្ថានភាពអាសន្នកំរិតខ្ពស់បំផុតផង នៅថ្ងៃនេះ។ មានមនុស្សពីរនាក់បានស្លាប់ និងប្រមាណ២ម៉ឺននាក់ត្រូវជម្លៀស-សង្គ្រោះ។ ការខូតខាត ផ្នែកសម្ភារៈ និងខាតបង់ថវិកាដោយសារទឹកជំនន់ អាចមានទំហំធំធេងខ្លាំង ដែលគេនឹងអាចដឹងច្បាស់ នៅពេលទឹកស្រកអស់។
ទន្លេសែន និងទឹកជំនន់
អាជ្ញាធរបារាំងតែងត្រៀមលក្ខណៈជាប់ជានិច្ច និងធ្លាប់បង្ហាញសេណារីយោទន្លេសែនជន់ឡើងខ្លាំងលិចក្រុងទៀត ព្រោះក្រុងប៉ារីសស្ថិតនៅក្នុងតំបន់ទំនាប។
បារាំងបានកំណត់ថា បើកម្ពស់ទឹកទន្លេសែន ឡើងដល់៥ម៉ែត្រ នោះជាគំរាមកំហែងទឹកជំនន់មធ្យម។ ឡើងដល់៦ម៉ែត្រ ជាជំនន់ខ្លាំង និងចាប់ពី៧ម៉ែត្រឡើងទៅ គឺជាទឹកជំនន់ដ៏ធ្ងន់ធ្ងរ។
មហន្តរាយដ៏ធ្ងន់ធ្ងរ គឺនៅឆ្នាំ១៩១០ ដែលកាលណោះកម្ពស់ទឹកទន្លេសែនបានឡើងដល់ ៨,៦២ម៉ែត្រ លិចក្រុងប៉ារីសរយៈពេល ៤៥ថ្ងៃ ទូក កាណូត បានមកជំនួសឡាន។ នៅឆ្នាំ១៩៥៥ ទឹកទន្លេសែនបានឡើងដល់៧,១៤ម៉ែត្រ។ គ្រោះទឹកជំនន់ដ៏ខ្លាំងចុងក្រោយ គឺនៅ១៩៨២ ដែលទឹកទន្លេសែនបានឡើងដល់ ៦,១៥ម៉ែត្រ។ គេសង្កេតឃើញថា គ្រោះទឹកជំនន់តែងតែគំរាមកំហែងក្រុងប៉ារីស ជាមធ្យម ជារៀងរាល់២៦ឆ្នាំម្តង។
នៅពេលកម្ពស់ទឹកទន្លេសែនឡើងដល់ ៧,១៣ម៉ែត្រ ប៉ារីស នឹងទាញសញ្ញាអាសន្នទឹកជំនន់ហើយ។
ភ្លៀងច្រើន ទឹកជំនន់ ជាផលវិបាកមួយនៃការប្រែប្រួលអាកាសធាតុ ?
តាំងពីពីរបីថ្ងៃមកហើយ ដែលអ្នកការពារបរិស្ថានបារាំង បានលើកឡើងអំពីទំនាក់ទំនងរវាងគ្រោះទឹកជំនន់ ភ្លៀងធា្លក់ឥតឈប់ឈរ លើប្រទេសបារាំងនេះ ទៅនឹងការប្រែប្រួលនេះអាកាសធាតុ។
នៅថ្ងៃម្សិលមិញទៀត លោកប្រធានាធិបតីបារាំង បានមានប្រសាសន៍ថា ភ្លៀងធ្លាក់ខ្លាំងរហូតក្លាយជាទឹកជំនន់ បញ្ជាក់ពីភាពចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅអាកាសធាតុ ដែលពិភពលោកទាំងមូលត្រូវបញ្ចេញសកម្មភាពទាំងអស់គ្នា។
នៅប្រទេសបារាំង រដូវដែលអាចមានទឹកជំនន់ខ្លាំង គឺនៅរវាងពីខែធ្នូដល់ខែកុម្ភៈ។ តែឆ្នាំនេះ ដល់ខែមិថុនា ដែលធម្មតាជារដូវផ្ការីក អាកាសធាតុក្តៅល្មមទៅហើយ គេឃើញមានតែមេឃអាប់អួរ និងភ្លៀងធ្លាក់យ៉ាងជោគជាំ ស្ទើរគ្មានលួសថ្ងៃ រហូតបង្កឱ្យមានទឹកជំនន់។ ទឹកជំនន់ដែលមិនកើតមាននៅប្រទេសបារាំងទេ ទន្ទឹមពេលជាមួយគ្នានេះនៅអាល្លឺម៉ង់ ទឹកជំនន់បានសម្លាប់មនុស្សអស់៩នាក់។
ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រ មិនទាន់មានសមត្ថភាពពន្យល់ និងបានចេញសេចក្តីសន្និដ្ឋាន អំពី ហេតុនិងផល នៃភ្លៀងទឹកជំនន់និងការប្រែប្រួលអាកាសធាតុទេ។ បើទោះបីពួកគេបានទទួលស្គាល់ថា ក្នុងរយៈពេលជាង៦០ឆ្នាំចុងក្រោយនេះ មានភ្លៀងធ្លាក់ច្រើនជាងមុន ហើយនិន្នាការនេះនឹងបន្តទៅថ្ងៃអនាគត ភ្លៀងកាន់តែច្រើននិងយូរខែ ឯរដូវប្រាំងវិញ កាន់តែស្ងួត កាន់តែក្តៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ