បារាំងឈ្នះបាល់ តែពុំទាន់យកឈ្នះវិបត្តិសង្គមបាន
២ទល់នឹងមួយ ! នេះជាលទ្ធផលនៃការប្រកួតបាល់ទាត់រវាងបារាំងនិងរ៉ូម៉ានី នៅយប់មិញ នាឱកាសបើកកម្មវិធីបាល់ទាត់អឺរ៉ុប Euro២០១៦។ កីឡាករបារាំង និងប្រជាពលរដ្ឋទាំងមូល នាំគ្នាអបអរយ៉ាងខ្លាំង ចំពោះជោគជ័យដំបូងនេះ ប៉ុន្តែភាពរីករាយត្រូវបានបង្រួមដោយវិបត្តិសង្គម។ បាតុកម្មរបស់បុគ្គលិកនៅក្នុងវិស័យដឹកជញ្ជូនសាធារណៈ (រថភ្លើង ...) និងបុគ្គលិកប្រមូលសម្រាម មិនទាន់ដោះស្រាយចេញផង ថ្ងៃនេះបុគ្គលិកអាកាសចរណ៍ ក៏នាំធ្វើបាតុកម្មដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ថែមពីលើវិញ្ញាសាសន្តិសុខនិងសុវត្ថិភាព អាជ្ញាធរបារាំងត្រូវប្រឈមនឹងសម្ពាធសង្គមដ៏ធ្ងន់ធ្ងរ។ បន្ទាប់ពីចលនាបាតុកម្ម របស់បុគ្គលិកក្នុងវិស័យដឹកជញ្ជូនអយស្ម័យយានសាធារណៈ លើនិងក្រោមដី បាតុកម្មរបស់ក្រុមប្រមូលសម្រាម ថ្ងៃនេះក្រុមបុគ្គលិកលើអាកាស នៃក្រុមហ៊ុនអាកាសចរណ៍អ៊ែរហ្វ្រង់ក៏ចេញធ្វើកូដកម្ម ដែលបានបង្កឱ្យចរាចរណ៍ហោះហើរមានការរអាក់រអួល ក្នុងកំរិត២០%។
ក្រុមសហជីព ដែលបើទោះជាបីបានព្រមព្រៀងចូលជួបតំណាងរដ្ឋាភិបាលឆាប់ៗនេះក៏ដោយ ក៏នៅសន្យាប្រមូលគ្នាបានជាងមួយលាន២សែន ដើម្បីចុះថ្នល់ធ្វើបាតុកម្មជាតិ នៅថ្ងៃទី ១៤ មិថុនាខាងមុខ។
ប៉ុន្តែជ័យជំនះរបស់បារាំងលើរ៉ូម៉ានីយប់មិញ បានអនុញ្ញាតឱ្យបារាំងផ្ទុះអំណរ និងរីករាយ ភ្លេចអស់ការខ្វល់ខ្វាយពីវិបត្តិសង្គម មួយរយៈ។ កម្មវិធីបើកប្រកួតកីឡាបាល់ទាត់អឺរ៉ូ២០១៦ បានប្រព្រឹត្តទៅដោយរលូន និងមានអ្នកគាំទ្រចូលទស្សនាណែនពហុកីឡាដ្ឋានជាតិ បន្ទាប់ពីបានឆ្លងរបងឆែកឆេរសុវត្ថិភាពដ៏តឹងតែង។ ភាពរីករាយមានកាន់ខ្លាំងថែមទៀត នៅពេលក្រុមកីឡាករបារាំងបានយកឈ្នះរ៉ូម៉ានី ២-១។
នៅតាមកន្លែងប្រមូលផ្តុំចាក់បញ្ចាំងបន្តផ្ទាល់ការប្រកួតបាល់Fan Zone ដែលមានការត្រួតពិនិត្យសុវត្ថិភាពនិងសុខសន្តិសដ៏តឹងតែងដែរវិញ ចំនួនអ្នកចូលរួមមានតិចជាងការគ្រោងទុកដល់ទៅពាក់កណ្តាល។ ប៉ុន្តែគឺនៅថ្ងៃសៅរ៍នេះទេ ដែលអាជ្ញាធរត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំង។ ការប្រកួតរវាងអង់គ្លេសនិងរុស្ស៊ី នៅពហុកីឡាដ្ឋានជាតិភាគខាងត្បូងប្រទេស (ក្រុងម៉ារសី) ត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ខ្លាំង អាចនាំឱ្យមានភាពហិង្សាប៉ះទង្គិចគ្នារវាងអ្នកគាំទ្រកីឡាករម្ខាងៗ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ អ្នកគាំទ្រកីឡាករពីរប្រទេសនេះ បានប្រឈមមុខដាក់គ្នាម្តងរួចហើយ និងឈានដល់ការចាប់ឃាត់ខ្លួនបីបួនាក់ផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ