ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អំពើ​ហិង្សាជា​ជំងឺ​រ៉ាំរ៉ៃ​​នៃការ​ប្រកួត​បាល់ទាត់ ?

សំឡេង ០៤:២២
អ្នក​គាំទ្រ​កីឡាករ​បាល់ទាត់​អង់គ្លេស ត្រូវ​អ្នកគាំទ្រ​ខាង​រុស្ស៊ី​វាយ ក្រោយ​ការ​ប្រកួត​ចប់
អ្នក​គាំទ្រ​កីឡាករ​បាល់ទាត់​អង់គ្លេស ត្រូវ​អ្នកគាំទ្រ​ខាង​រុស្ស៊ី​វាយ ក្រោយ​ការ​ប្រកួត​ចប់ Reuters/路透社

ការ​ប្រកួត​បាល់ទាត់​អឺរ៉ុប អឺរ៉ូ​២០១៦ បាន​និងកំពុង​ប្រព្រឹត្ត​ទៅ​ប្រទេស​បារាំង ដែល​សម្គាល់​ដោយ​អំពើ​ហិង្សា​យ៉ាង​ខ្លាំង ស្ទើរ​ក្លាយ​ជា​សមរភូមិ​សង្គ្រាម​កណ្តាល​ក្រុង តាំង​ពី​ថ្ងៃ​ដំបូង។ ជា​លទ្ធផល មាន​អ្នក​រង​របួស​៣៥​នាក់ ក្នុង​នោះ​បួន​នាក់​ធ្ងន់ធ្ងរ​ខ្លាំង មាន​ការ​បណ្តេញ​ចេញ​អ្នក​គាំទ្រ​បាល់​ទាត់​ឱ្យ​ត្រលប់​ទៅ​ប្រទេស​វិញ​ មាន​ការ​កាត់ទោស ... មិន​តែ​ប៉ុណ្ណោះ​សោត​ភាព​ហិង្សា​បាន​រុញ​ច្រាន​ឱ្យ​សហព័ន្ធបាល់ទាត់​បាន​ព្រមាន និង​ពិន័យ​​រុស្ស៊ី​ឱ្យ​បង់ប្រាក់​ផង។ ​ភាព​ហិង្សា​បែប​នេះ​ទំនង​អាច​នឹង​​កើត​មាន​ទៀត នៅ​ក្នុង​អំឡុង​ពេល​ប្រកួត​បាល់ទាត់​អឺរ៉ុបខាង​មុខ​។ ហេតុ​អ្វី​បាន​ជា​ការ​ប្រកួត​កីឡាបាល់​ទាត់​ឆ្នាំ​នេះ​ មាន​ភាព​ហិង្សា​ខ្លាំងម្ល៉េះ ? មក​ពី​ម្ចាស់​ផ្ទះ​អន់? ​ឬ​មក​ពី​មូលហេតុ​ផ្សេង ?

ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​លើ​​វិបត្តិ​សង្គម​ បាតុកម្ម​បិទ​រោងចក្រ​ប្រេង ស្ទុះ​មធ្យោបាយ​ដឹកជញ្ជូន ទឹក​ជំនន់ ការ​គំរាម​កំហែង​ភេរវកម្ម បារាំង​បាន​ធ្លាក់​ក្នុង​អំពើហិង្សាកណ្តាល​ក្រុង​មួយ​ជាន់​ទៀត​ នៅ​សប្តាហ៍​កន្លង​ទៅ​នេះ ! ជា​អំពើ​ហិង្សា​ក្រៅ​និង​ក្នុង​ស្តាតដ៏​សន្ធោសន្ធៅ​ប្រៀប​ដូច​សមរភូមិ​សង្គ្រាម​ស៊ីវិល​ ដែល​បណ្តាល​មក​ពីមាន​ការ​ប៉ះទង្គិច​គ្នា​រវាង​​អ្នកគាំទ្រ​កីឡា​បាល់ទាត់រុស្ស៊ី​និង​អង់គ្លេស។ អំពើ​ហិង្សា​បាន​បង្ក​ឱ្យ​មាន​អ្នក​របួស ការ​ចាប់​ខ្លួន ការ​កាត់​ទោស​ ការ​បណ្តេញ​ចេញ​ពី​ទឹក​ដី​បារាំង ការ​ព្រមាន​និង​ពិន័យ​កីឡាករ​រុស្ស៊ី​ទៀត​ផង។ នេះ​គឺ​ជា​ល្បាយ​​​ដ៏​ចម្រុះ​គ្រប់​គ្រាន់​សម្រាប់​បង្អាប់ និ​ងរិះគន់​អាជ្ញាធរ​បារាំង ដែល​ជា​ម្ចាស់​ផ្ទះ និង​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អប្រជាប្រិយភាព​ស្រាប់។

 
តាម​ការ​ពិត​ ភាព​ហិង្សា​ក្នុង​ពេល​ប្រកួត​កីឡាបាល់ទាត់ មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ទេ ! រាល់ការប្រកួត​ខ្នាត​អន្តរជាតិ​ម្តងៗ ជាពិសេស​ការ​ប្រកួត​បាល់ទាត់​ពិភពលោក និង​អឺរ៉ុប នៅ​អាល្លឺម៉ង់ តួកគី ​នៅ​អេស្ប៉ាគ ។ល។ និង​។ល។ ភាព​ហិង្សាតែង​មាន​ផ្ទុះ​ឡើង​ តូច​ឬ​ធំ​ ធ្ងន់​ឬ​ស្រាល ទៅ​តាម​គូ​ប្រកួត ​ទៅ​តាម​ទីកន្លែង​​ កាលៈទេសៈ និង​ទៅ​តាម​សមាសភាព​អ្នក​គាំទ្រ ...
នៅ​ក្នុង​ប្រវត្តិ​កីឡាបាល់ទាត់ ភាព​ហិង្សា​មិន​ដែល​ឃ្លាតឆ្ងាយ​ពី​ការ​ប្រកួតទេ។ ការ​សិក្សា​ខ្លះ​បាន​ថែម​ទាំងពិព័ណនា​កីឡា​បាល់ទាត់ ថា​ជា​កីឡា​ហិង្សា ហិង្សា​កម្លាំង​ ហិង្សា​កាយវិការ សំដី ហិង្សា​ខាង​ក្បួនច្បាប់​បញ្ញត្តិ​លេង​​ ដែល​សមាគមន៍​អន្តរជាតិ​បាល់ទាត់​បាន​ខិត​ខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​និង​លុប​បំបាត់​តាម​រយៈ​ការ​ចេញ​ច្បាប់​វិធាន​ជា​ច្រើន​ និង​ជា​បន្តបន្ទាប់។ នៅ​ឆ្នាំ​១៩៩០ ការ​សិក្សា​វិទ្យាសាស្ត្រ​បាន​ទទួល​ស្គាល់អំពី​ភាព​ហិង្សា​​ នៅ​ក្នុង​និង​ក្រៅ​ស្តាត​ និង​ការ​កើន​ឡើង​នៃ​ភាព​ពាលា​ក្នុង​ពេល​ប្រកួត​បាល់ទាត់​ទៀត​ផង។

យ៉ាងណា​មិញ ​បាល់ទាត់​អឺរ៉ូ​២០១៦ នៅ​បារាំង​​មិន​មែន​ជា​ករណី​លើក​លែង​ឡើយ។ គ្រប់​អ្នកឯកទេស​សុទ្ធ​តែ​បានទស្សទាយ​ថា នឹង​មាន​​​​ការ​ផ្ទុះ​ហិង្សា​ នៅ​ក្នុង​អំឡុង​ពេល​ប្រកួត​កីឡា​បាល់ទាត់​អឺរ៉ុប​ឆ្នាំ​២០១៦​នេះ ដោយ​គេច​ពុំ​រួច​ឡើយ និង​មាន​សរុបប្រមាណ​​៦​ក្រុម​ ដែល​អាច​ផ្តល់​ហានិភ័យ​ខ្ពស់ផ្ទុះ​អំពើ​ហិង្សា​ នៅ​ពេល​និង​ក្រោយ​ការប្រកួត​។

អំពើ​ហិង្សាដែល​បាន​​ផ្ទុះ​ឡើង នៅ​ថ្ងៃ​សៅរ៍​ មិន​មែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ ​ក្រុម​កីឡា​បាល់ទាត់អង់គ្លេស​ ទៅ​ប្រកួត​​នៅ​ក្រុងម៉ាសី ក្រុង​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ដែល​​មាន​អ្នក​គាំទ្រទាំង​អង់គ្លេស និង​បារាំង​ម៉ាសី សុទ្ធ​​ជា​អ្នក​​ជ្រុល​និយម​ និង​ហិង្សាដូច​គ្នា ធ្លាប់​បង្ក​ភាព​ហិង្សា​ខ្លាំង​នៅ​​ឆ្នាំ​១៩៩៨ ក្នុង​ពេល​ប្រកួត​បាល់ទាត់​ពិភពលោក អង់គ្លេស-ទុយនីស៊ីម្តង​រួច​ហើយ។

ហើយ​នៅ​លើក​នេះ មាន​កត្តា​ទី​បី មក​បូកបន្ថែម​មួយ​ជាន់​ទៀត នោះគឺ​អង់គ្លេស​ត្រូវ​ប្រកួត​ជាមួយ​រុស្ស៊ី ដែល​​អ្នកគាំទ្រ​សុទ្ធ​ជាក្រុម​​មនុស្ស​ហិង្សា​ មហាជ្រុលនិយម។

ពី​មុន​អ្នក​គាំទ្រ​បាល់ទាត់​​ដែល​មាន​លក្ខណៈ​កាច​​និង​ហិង្សា​ខ្លាំង​គេ គឺ​ពួក​អង់គ្លេស រហូត​ដល់​មាន​ងារ និង​ពាក្យ​សម្គាល់​ហៅ​អ្នក​គាំទ្រ​កីឡា​បែប​កាច​ហិង្សាថា Hooligans ជា​ភាសា​អង់គ្លេស​ ឈ្មោះ​ត្រកូល​គ្រួសារ​មួយ​ដែល​កូន​ប្រុស​ ​ជា​បង​ធំ​ វាយតប់​យ៉ាង​ហិង្សា ព្រោះ​ងប់ងល់​នឹង​កីឡាបាល់ទាត់។ ហើយ​ខណៈ​ដែល​​ក្រុម​ហិង្សា​អង់គ្លេស​បាន​រសាយ​គ្នា​តិច​ទៅៗ ដោយ​ហេតុ​វិធានការ​របស់​អាជ្ញាធរ អ្នក​គាំទ្រ​ហិង្សា​​បាន​ទៅ​កើន​ឡើង​នៅអឺរ៉ុប​ខាង​កើត ជាពិសេស​នៅ​​រុស្ស៊ី។

មិន​តែ​ប៉ុណ្ណោះ ក្រុម​ហូលីហ្កាន​រុស្ស៊ី ដែល​បាន​នាំ​គ្នា​មក​តាមដាន​កា​រ​ប្រកួត​បាល់ទាត់​នៅ​អឺរ៉ុប ដល់​ទៅ​ប្រមាណ​៦០០​នាក់ មាន​លក្ខណៈ​កាច​ហិង្សា​ខ្លាំង​ជា​ទី​បំផុត។ ក្រុម​នេះ​ជា​យុវជន​មាន​អាយុ​ប្រមាណ​ពី ២៥​ទៅ ៣៥​ឆ្នាំ​  មាន​ចរិត​​ជ្រុល​និយម​ ដាច់​ខាត​ ប្រព្រឹត្ត​​ហិង្សា​ជា​កីឡា​ ហាត់​ពត់​លត់​ដំ​ខាង​ប្រវាយ​ប្រតប់​គ្នា​ យក​ធ្វើ​ជា​អាជីព ជា​ឯកទេស ដូច​កង​កម្មង់ដូ​យ៉ាង​ដូច្នោះ។ ការ​វាយតប់ ប្រើ​អំពើហិង្សា​បានក្លាយ​ជា​ល្បែង ហើយ​នៅ​ពេល​មាន​ការហាមឃាត់​ដោយ​អាជ្ញាធរ​ ពួក​នេះ​អាច​ណាត់​បន្ត​វាយ​គ្នា​នៅ​ក្នុង​ព្រៃ​ក៏​មាន។

ទោះ​បី​ជា​ពេល​នេះ​អាជ្ញាធរ​បារាំង​បាន​ដាក់​ទណ្ឌកម្ម​កាត់​ទោស បណ្តេញ​ចេញ​ពី​ទឹក​ដីជន​ល្មើស​ហិង្សា ក៏​អំពើ​ហិង្សា​នៅ​អាច​បន្ត​មាន​ផ្ទុះ​នៅ​បារាំង​ទៀត​ នា​ឱកាស​ប្រកួត​ក្រោយ​ៗ​ទៀត​ដែរ។ ក្នុង​វិស័យ​បាល់ទាត់​អន្តរជាតិ​ គេ​ពិត​ជា​ពិបាក​ត្រួត​ពិនិត្យ​ និងដាក់ច្បាប់​ណាស់។

ទណ្ឌកម្ម​អាច​ធ្វើ​ទៅកើត​ក្រោយ​ពី​មាន​កំហុស​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​ករណី​ពលរដ្ឋ​រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ហិង្សា​ តើ​អាជ្ញាធររុស្ស៊ី​មាន​ឆន្ទៈ​ដាក់ទណ្ឌកម្ម​ដែរឬអត់? បារាំង​ជា​ម្ចាស់​ផ្ទះ​ច្បាស់​ណាស់​ថា​ត្រូវចាត់​វិធានការឱ្យ​មាន​ប្រសិទ្ធិភាព​។ តែ​​​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ក៏​មាន​ទំនួល​ខុស​ត្រូវ​ដែរ ដើម្បីកុំ​ឱ្យ​រូបភាព​កីឡា​បាល់ទាត់​ប្រលាក់​ប្រឡូស​ដោយ​អំពើ​ហិង្សា​ពេក ត្រូវ​តែ​​​ដាក់​សម្ពាធ​លើរុស្ស៊ី ព្រោះ​ប្រទេស​នេះ​​នឹង​ត្រូវ​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​២០១៨ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI