បារាំង ៖ សហជីពមានសិទ្ធិធ្វើបាតុកម្ម តែមិនអាចដង្ហែក្បួន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តើអាជ្ញាធរបារាំងត្រូវធ្វើយ៉ាងណារវាងការគោរពសិទ្ធិធ្វើបាតុកម្ម និងបញ្ហាសន្តិសុខ ?! នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានសរសេរលិខិតមួយទៅឱ្យសហជីព ដែលគ្រោងនឹងធ្វើបាតុកម្មប្រឆាំងច្បាប់ការងារជាថ្មីទៀត នៅថ្ងៃព្រហស្បតិ៍ទី ២៣ មិថុនា មិនហាមឃាត់បាតុកម្មឡើយ តែស្នើត្រឹមមានទម្រង់ជាការប្រមូលផ្តុំគ្នានៅមួយកន្លែង នៅក្រុងប៉ារីស។ ប៉ុន្តែតំណាងសហជីពមិនយល់ព្រម ដោយចាត់ទុកជាការរំលោភសិទ្ធជាមូលដ្ឋានរបស់ពលរដ្ឋ។
បើយោលទៅតាមស្ថានភាពសន្តិសុខជាតិ ប្រទេសស្ថិតក្នុងភាពអាសន្ន គួរតែពុំមានការដើរដង្ហែក្បួនបាតុកម្ម ក្នុងរដ្ឋធានី។ អាជ្ញាធរបានស្នើឱ្យមានការប្រមូលផ្តុំគ្នានៅមួយកន្លែង និងបានព្រលយពាក្យបែបគំរាម ហាមឃាត់មិនឱ្យមានបាតុកម្មផ្សេងទៀតរៀបចំឡើយ។ សម្រាប់រដ្ឋាភិបាល បារាំងកំពុងស្ថិតក្រោមការគំរាមកំហែងភេរវកម្មផង និងមានភារៈការពារសុវត្ថិភាពសន្តិសុខការប្រកួតកីឡាបាល់ទាត់អឺរ៉ុប អឺរ៉ូ-២០១៦ផង ដែលត្រូវការប្រើកម្លាំងសន្តិសុខច្រើនស្រាប់ទៅហើយ មិនមែនជាពេលវេលាត្រូវបន្ថែមបន្ទុកទៅការពារទប់ស្កាត់អំពើហិង្សារាលដាលពីបាតុកម្មទេ។
កាលពីថ្ងៃអង្គារទី ១៤ មិថុនា ក្រុមសហជីពបានរៀបចំបង្ហែក្បួនបាតុកម្មឆ្លងកាត់ពេញទីក្រុងប៉ារីស ដែលរាលដាលទៅជាអំពើហិង្សាបំផ្លិចបំផ្លាញវត្ថុឯកជននិងសាធារណៈ រួមមានទាំងមន្ទីរពេទ្យកុមារមួយផង ពីសំណាក់ក្រុមឆ្លៀតឱកាស និងបាតុករជាសមាជិកសហជីពផង (នេះបើតាមប្រភពប៉ូលិស)។ ហេតុដូច្នេះហើយបានជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានអំពាវនាវឱ្យសហជីព ទទួលយកសំណើរបស់រដ្ឋាភិបាល ក្នុងនាមជាអ្នកមានទំនួលខុសត្រូវ យល់និងស្គាល់កាលៈទេសៈរបស់ប្រទេសជាតិ។
ប៉ុន្តែ សហជីពបារាំង ដែលគ្រោងនឹងធ្វើបាតុកម្ម ប្រឆាំងនឹងច្បាប់ការងារជាថ្មី នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃទី ២៨ មិថុនាខាងមុខ ថាបាតុកម្មជាសិទ្ធិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ សំណើរបស់រដ្ឋាភិបាលគ្រាន់តែជាទម្រង់មួយនៃការរំលោភច្បាប់ជាមូលដ្ឋាលគ្រឹះ និងបានស្នើបកទៅរដ្ឋាភិបាលវិញ សុំធ្វើបាតុកម្មនិងដោយមានការធានាសន្តិសុខសម្រាប់ពលរដ្ឋគ្រប់រូប។
សូមបញ្ជាក់តាំងពីជាច្រើនខែថ្ងៃមកហើយ ដែលក្រុមសហជីពបារាំងបានដឹកនាំធ្វើបាតុកម្ម ប្រឆាំងនឹងកំណែទម្រង់ច្បាប់ការងារថ្មី។ ស្ទើររាល់លើក ទោះក្នុងទម្រង់ជាការដើរដង្ហែក្បួន ឬប្រមូលផ្តុំនៅមួយកន្លែង ជាញឹកញយតែងផ្ទុះអំពើហិង្សា ដែលតម្រូវឱ្យមានអន្តរាគមន៍ពីកងកម្លាំងសន្តិសុខ នគរបាលនិងទាហានផង។ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីបារាំង បានគំរាមថានឹងអាចដាក់បម្រាមហាមឃាត់រាល់បាតុកម្មណាដែលនាំដល់អំពើហិង្សា។ ការស្ទង់មតិ ក៏បង្ហាញថាពលរដ្ឋបារាំងភាគច្រើន (៧១%) ចង់ឃើញមានការហាមឃាត់បាតុកម្មដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ