អានតួអត្ថបទ

តួកគី ប្រត្តិបត្តិការ​បោស​សម្អាត​ក្រោយ​រដ្ឋប្រហារ​ ឈាន​ដល់​ការបិទ​ប្រព័ន្ធ​ឃោសនាព័ត៌មាន

ប្រធានាធិបតី​តួកគី​កោះ​ប្រជុំ​ក្រុមប្រឹក្សា​យោធា​នៅ​ថ្ងៃ​ទី ២៨ កក្កដា ២០១៦
ប្រធានាធិបតី​តួកគី​កោះ​ប្រជុំ​ក្រុមប្រឹក្សា​យោធា​នៅ​ថ្ងៃ​ទី ២៨ កក្កដា ២០១៦ REUTERS/Umit Bektas/File Photo
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ការ​បោស​សម្អាត​ផ្ទៃក្នុង​ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច កាលពី​ថ្ងៃទី ១៥ កក្កដា នៅ​មិន​ទាន់​ហើយ​ទៀត។ ក្រោយ​ពី​បាន​ចាប់​ខ្លួន​នាយ​ទាហាន​ បុគ្គលិក​មន្ត្រី​រដ្ឋការ​ក្នុង​ប៉ូលិស អ្នកកាសែត សាស្ត្រាចារ្យ​ បិទសាលា ថ្ងៃ​នេះ​តួកគី​បាន​បើក​ភ្នែក​ជាមួយ​ដំណឹង​បិទ​ទ្វារ​ការិយាល័យ​កាសែត វិទ្យុ​និង​ទូរទស្សន៍​ជា​ច្រើន​ ព្រមទាំង​ការ​ឈូស​សម្អាត​នៅ​ក្នុង​ជួរ​អគ្គបញ្ជាការ​ដ្ឋាន​កងទ័ព មុន​នឹង​ឈាន​ដល់​ការ​ប្រកាស​រុះរើរដ្ឋាភិបាល​ទាំង​ស្រុង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

១៣​ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច​ តួកគី​នៅ​តែ​បន្ត​​​កម្ចាត់កម្ចាយ​​ដក​ហូត​ចេញ​ពី​តំណែង ចាប់​ឃុំឃាំង​ នូវ​មន្ត្រី​រដ្ឋការ និង​ស្ថាប័ន​ផ្សេងៗ​ដែលអាជ្ញាធរ​តួកគី ​​យល់​ថា​ស្និទ្ធ​នឹង​ ប្រមុខ​សាសនាអ៊ីស្លាមFethullah Gülen  ជាប់​ចោទ​ជា​មេកើយ​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ។

នៅលើក​នេះ ដោយ​​មាន​ចុះ​ផ្សាយ​ក្នុង​​កាសែត​ផ្លូវការ​រដ្ឋ​ផង អាជ្ញាធរ​​បាន​បញ្ជា​ឱ្យបិទ​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ជាង​១០០​ រួម​មាន​ កាសែត ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ ព្រមទាំង​ភ្នាក់ងារ​សារព័ត៌មាន​ចំនួន​បីផ្សេង​ទៀត។ បណ្តាញ​​ព័ត៌មាន​ទាំង​អស់ ភាគ​ច្រើន​ជា​បណ្តាញ​ក្នុង​ស្រុក​ ប្រចាំខេត្ត​និង​តំបន់​ ដែល​សិ្នទ្ធ​នឹង​អ៊ីម៉ាំ ឬ​ជា​បណ្តាញ​របស់ប​ក្ស​ប្រឆាំង​នឹង​ប្រធានាធិបតី​អេដូហ្កាន​។ ទស្សនាវដ្តី​កុមារ មួយ​ចំនួន​ ក៏​មាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ត្រូវបិទ​ដែរ ដោយ​ហេតុ​តែ​ម្ចាស់​ទស្សនាវដ្តី​ មាន​ជាប់​សង្ស័យ​មាន​ទំនាក់ទំនង​ជាក្រុម​ប្រឆាំង។

អាជ្ញាធរ​តួកគី ក៏​បាន​ជីកគាស់​កាន់​តែ​ជ្រៅ​ទៀត​នៅ​ក្នុង​រង្វង់​យោធា ដោយ​បាន​ទម្លាក់​ឧត្តមសេនីយ៍ និង​ឧត្តមនាវី ១៤៩​នាក់ពី​តំណែង ពោល​គឺ​ស្មើ​ជិត​ពាក់​កណ្តាល​ចំនួន​ឧត្តមសេនីយ៍​សរុប​​នៅ​ក្នុង​ប្រទេស។ នេះ​ដោយ​មិន​រាប់​ចំនួន​នាយ​ទាហាន​ជាង​មួយ​ពាន់​នាក់ ទាហាន​មាន​សក្តិ​រាប់​រយ​នាក់ ដែល​ដក​ចេញ​ពី​ការងារ​ដូច​ដក​ស្មៅ​ចោល​ផង។ មន្ត្រី​ក្រសួង​ការបរទេស​៨៨​នាក់ ក៏​ត្រូវ​បាន​បញ្ឈប់​ពីការងារ។

ប្រតិបត្តិការ​បោសសម្អាត​ថ្មី​នេះ ប្រព្រឹត្ត​ទៅ​មុន​សេចក្តី​ប្រកាស​បើក​ប្រជុំ​ក្រុមប្រឹក្សា​យោធា​កំពូល​ ដែល​បង្រួញ​ពេល​មក​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ក្រោម​វត្តមាន​របស់​លោក​ប្រធានាធិបតី​ អេដូហ្កាន ដើម្បី​រុះរើ​រៀប​អង្គ​អគ្គមេបញ្ជាការ​ដ្ឋាន​ឡើង​វិញ។ លទ្ធផល​នៃ​ការ​ប្រជុំ​នេះ​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​នៅ​សុក្រ​ស្អែក។ ប៉ុន្តែក្រុមប្រឹក្សា​យោធា​មិន​ទាន់បើក​ផង ​ឧត្តមសេនីយ៍ដ៏​សំខាន់​ពីរ​​នាក់​បានសុំ​​លាលែង​ចេញ​ពី​តំណែង។ ការរុះ​រើ​សមាសភាគ​រដ្ឋាភិបាលអាច​នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹកនេះ៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ