អាល្លឺម៉ង់ច្រានចោលដាច់ខាតសំណើសើរើនយោបាយទទួលអន្តោប្រវេសន៍
លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អង់ហ្គឺឡា មែរកិល បានច្រានចោលយ៉ាងដាច់អហង្ការ នៅថ្ងៃព្រហស្បតិ៍ សេចក្តីអំពាវនាវឱ្យអាល្លឺម៉ង់សើរើមើលឡើងវិញ នយោបាយទទួលជនអន្តោប្រវេសន៍របស់ខ្លួន។ ជាសំណើដែលបានធ្វើក្រោយពីអាល្លឺម៉ង់បានរងការវាយប្រហារភេរវជនពីរ ក្នុងរយៈពេលតែមួយសប្តាហ៍ ដោយស្នាដៃរបស់ជនភៀសខ្លួន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពួកជីហាតចង់បំផ្លាញនយោបាយទទួលជនមានទុក្ខ ដូច្នេះយើងត្រូវប្រឆាំងជាដាច់ខាត ! នេះជាប្រសាសន៍របស់លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងសន្និសីទកាសែត ក្នុងខណៈដែលនយោបាយទទួលអន្តោប្រវេសន៍របស់លោកស្រីទទួលរងការរិះគន់ខ្លាំងជាថ្មី។
លោកស្រីនៅតែបង្ហាញភាពជឿជាក់ ថាអាល្លឺម៉ង់នឹងធ្វើបានសម្រេច ថ្ងៃនេះក៏ដូចជាថ្ងៃម្សិលមិញ ជំនះឧបសគ្គជាប្រវត្តិសាស្ត្រសម័យសកលលោកភាវូបនីយកម្ម គឺទទួលស្រោចស្រង់ជនអន្តោប្រវេសន៍រាប់សិបពាន់នាក់ ដែលរត់គេចពីសង្គ្រាមនិងទុក្ខវេនាឱ្យខាងតែបាន។ ហើយអាល្លឺម៉ង់ក៏សម្រេចជោគជ័យបានច្រើនមកហើយ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ជាចម្លើយតបទៅនឹងអ្នកនយោបាយក្នុងបក្សជាមួយគ្នា លោកស្រីបានប្រកាសទទួលស្គាល់ថាអំពើភេរវកម្មពីរកន្លងនេះ បានបង្កអសន្តិសុខយ៉ាងខ្លាំងដល់មតិសាធារណៈ ធ្វើឱ្យមនុស្សភ័យ ដោយមិនអាចប្រកែកបានឡើយ តែការភ័យមិនមែនជាមូលដ្ឋាននៃការបញ្ចេញសកម្មភាពនយោបាយទេ។
អាល្លឺម៉ង់មិនអាចបោះបង់ភាពជាអ្នកទទួលខុសត្រូវ មានមនុស្សធម៌បានទេ គឺមានតែការទទួលបន្ទុក។ ក្នុងន័យនេះ លោកស្រី បានប្រកាសចាត់វិធានការមួយចំនួនដើម្បីសម្រួលដល់ការបណ្តេញជនភៀសខ្លួនមិនគោរពច្បាប់ ដើម្បីងាយរាវចាប់ជនសុំសិទ្ធិជ្រកកោននយោបាយណាសដែលផ្តាច់ខ្លួនទៅជាជនជ្រុលនិយមអ៊ីស្លាម និងបានបង្ហើបលទ្ធភាពឱ្យយោធាអាល្លឺម៉ង់អាចធ្វើអន្តរាគមន៍ដើម្បីការពារសន្តិសុខជាតិ ក្នុងករណីមានភេរវកម្មធំ។ នេះជាវិធានការដែលមិនធ្លាប់មានទេពីមុនមកនៅអាល្លឺម៉ង់។
នៅឆ្នាំ២០១៥កន្លងទៅនេះ មានជនភៀសខ្លួនជាងមួយលានបានធ្វើដំណើរមកដល់អាល្លឺម៉ង់ ដែលជាបន្ទុកដ៏ធ្ងន់ និងបានធ្វើឱ្យសង្គមអាល្លឺម៉ង់ស្គាល់ភាពច្រឡាប់ចាក់យ៉ាងខ្លាំង។ ភេរវកម្មពីរបង្កឡើងជនភៀសខ្លួន កាប់មនុស្សក្នុងរថភ្លើង និងបំផ្ទុះគ្រាប់នៅមាត់ច្រកកន្លែងប្រគុំតន្ត្រីដែលជាស្នាដៃរបស់ទាហានអង្គការរដ្ឋអ៊ីស្លាម បានធ្វើឱ្យនយោបាយចិត្តល្អរបស់អាល្លឺម៉ង់រងការរិះគន់យ៉ាងខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ