បែលហ្សិក ៖ ប៉ូលិសពីរនាក់រងរបួសក្នុងការវាយប្រហារដោយកាំបិត
ប៉ូលិសពីរនាក់បានរងការវាយប្រហារ ដោយកាំបិត នៅល្ងាចថ្ងៃសៅរ៍ម្សិលមិញ ពេលកំពុងបំពេញការងាររក្សាសន្តិសុខ នៅមុខទីស្នាក់ការតែម្តង។ នាយករដ្ឋមន្ត្រីបែលហ្សិក បានបរិហារទង្វើហិង្សានេះ និងអះអាងថា អាចជាសកម្មភាពវាយប្រហារភេរវកម្មអ៊ីស្លាមជ្រុលនិយម បើយោលទៅលើភស្តុតាងបឋម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ហេតុការណ៍វាយប្រហារលើប៉ូលិស បានកើតនៅមុខទីស្នាក់ការមួយ នៅក្បែរក្រុងព្រុចសែល ប្រទេសបែលហ្សិក ដោយមានជនម្នាក់ដកកាំបិតពីកាបូបស្ពាយខ្នង ស្ទុះយ៉ាងលឿនចូលទៅកាប់មុខប៉ូលិសស្ត្រីពីរនាក់ឱ្យរងរបួស ដោយស្រែកថា “ព្រះជាធំ” មុននឹងប៉ូលិសទីបីចូលមកទាន់ ដកកាំភ្លើងបាញ់ បង្ក្រាបឧក្រិដ្ឋជនឱ្យស្លាប់ ពេលទៅដល់មន្ទីរពេទ្យ។
លោកនាយករដ្ឋមន្ត្រី បែលហ្សិក បានបញ្ចេញប្រតិកម្មភា្លម ថ្កោលទោសដាច់ខាតអំពើវាយប្រហារ និងផ្ញើសេចក្តីឈឺឆ្អាលដល់ជនរងគ្រោះព្រមទាំងគ្រួសារ និងប៉ូលិសបែលហ្សិកជាទូទៅ។ សម្រាប់លោកប្រមុខរដ្ឋាភិបាល ថ្វីបើគេត្រូវរក្សាប្រុងប្រយ័ត្នមិនទាន់អាចសន្និដ្ឋានបានដោយប្រាកដភ្លាមក៏ដោយ ក៏មានភស្តុតាងដំបូងនាំ អាជ្ញាធរឱ្យគិតថាអាចជាការវាយប្រហារភេរវកម្ម ប៉ុន្តែគេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនដៃដល់ទេ។
ការវាយប្រហារនេះ កើតឡើងក្នុងបរិបទនៃការគំរាមកំហែងភេរវកម្មខ្លាំង និងបន្ទាប់ពីមានការវាយប្រហារមួយខ្សែ របស់ពួកអង្គការរដ្ឋអ៊ីស្លាម នៅតាមប្រទេសជិតខាង ដូចជាបារាំងនិងអាល្លឺម៉ង់។ ព្រុចសែល ដែលជាទីក្រុងរបស់អឺរ៉ុប និងមានស្ថាប័នអឺរ៉ុបនិងអូតង់តាំងនៅច្រើន ទើបរងភេរវកម្មនៅអាកាសយានដ្ឋាន និងស្ថានីយ៍រថភ្លើងក្រោមដី សម្លាប់មនុស្សអស់ ៣២ នាក់ កាលពីថ្ងៃទី ២២មីនាកន្លងទៅ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសថា ការិយាល័យទទួលបន្ទុកវាយតម្លៃការគំរាមកំហែងភេរវកម្ម កំពុងធ្វើសិក្សាហានិភ័យភេរវកម្ម។ បែលហ្សិក បានដាក់ប្រទេសក្នុងភាពអាសន្នភេរវកម្មកំរិតខ្ពស់ទីបី ក្នុងចំណោមកំរិតខ្ពស់បំផុតទាំងបួន មានន័យ ប្រទេសអាចនិងទំនងជាត្រូវរងការវាយប្រហារភេរវកម្ម។
នាយករដ្ឋមន្ត្រីបែលហ្សិក ត្រូវដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ នៅថ្ងៃអាទិត្យនេះ។ កាលពីថ្ងៃទី ៣០កក្កដា បែលហ្សិកបានចាប់ខ្លួនជនមនុស្ស១២នាក់ ជាប់សង្ស័យរៀបផែនការភេរវកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ