អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី និង អ៊ុយក្រែន កាន់តែសត្រូវនឹងគ្នា

សំឡេង ០៥:៥៤
ប្រធានាធិបតី​រុស្ស៊ី​លោក  Vladimir Poutine ថ្ងៃទី ១០ សីហា ២០១៦ នៅ​វិមាន​ក្រេមឡាំង​ ក្រុង​ម៉ុស្គូ
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Poutine ថ្ងៃទី ១០ សីហា ២០១៦ នៅ​វិមាន​ក្រេមឡាំង​ ក្រុង​ម៉ុស្គូ REUTERS/Vasily Maximov
ដោយ៖ កែវ ឆាយា
៣៦ នាទី

ថ្ងៃ១០សីហាកន្លងទៅ ស្ថាប័នសន្តិសុខជាតិ​រុស្ស៊ី FSB បាន​ប្រកាស​ថា ចាប់បាន​ពួក​វិច្ឆេទករ​អ៊ុយក្រែន ដែល​បញ្ជូន​ដោយ​អាជ្ញាធរ​ក្រុងគៀវ ឲ្យ​ទៅ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម នៅលើ​ទឹកដី​គ្រីមេ ដែល​អស់​ជាងពីរ​ឆ្នាំ​មក​ហើយ ត្រូវ​ម៉ូស្គូ​ចាត់ទុក ជា​ដែនដី​សហព័ន្ធ​រុស្ស៊ី។ ល្ងាច​ថ្ងៃ​នោះ​ឯង លោក​ប្រធានាធិបតី​រុស្ស៊ី បាន​ថ្លែង​ចោទ​យ៉ាង​ធ្ងន់​ជា​លើក​ទី​១ មិន​ធ្លាប់​មាន​ទេ ពីមុនៗ​ថា ក្រុង​គៀវ​ឥឡូវ ឆ្លង​ទៅ​អនុវត្ត​វីធី​ភេរវកម្ម ជា​ជំនួស វិធី​ដោះស្រាយ​ជម្លោះ តាម​ផ្លូវ​ចរចា។ ចំណែក លោក​ប្រមុខ​រដ្ឋ​អ៊ុយក្រែន ហៅ​ការចោទប្រកាន់​នេះ​របស់​ម៉ូស្គូ ថាជា “គំនិត រវើវាយ​មិន​ចេះ​ខ្មាស” និង​ថា គឺ​រុស្ស៊ី​ខ្លួន​ឯង​ទេ​តើ ជា​ប្រទេស​ភេរវនិយម តាមរយៈ​សកម្មភាព​ខ្លួន​នៅ​គ្រីមេ និង នៅ​តំបន់​បះបោរ​ខាង​កើត​អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

គួររំលឹកថា បន្ទាប់ពីគ្រីមេ របេះ​ចេញ​ពី​អ៊ុយក្រែន ហើយ​ឆ្លង​មក​នៅ​ក្រោម​អំណាច​ម៉ូស្គូ តាំងពី​ខែ​មីនា​ឆ្នាំ​២០១៤​មក ពួក​ជាតិ​និយម​អ៊ុយក្រែន រមែង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ដោ​យមុន​ដំបូង នាំគ្នា​ផ្តាច់​ប្រព័ន្ធ​បង្ហូរ​ទឹក ទៅ​ខេត្ត​ថ្មី​នេះ​របស់​រុស្ស៊ី រួច​មក​បំផ្លាញ​ចោល​ខ្សែ​កាប ដែល​នាំ​ចរន្ត​អគ្គិសនី​ពី​អ៊ុយក្រែន​ទៅ​គ្រីមេ។ លុះឃើញ អាជ្ញាធរ​រុស្ស៊ី ចេះ​ចាត់​វិធានការ​ធានា ឲ្យ​គ្រីមេ មាន​ទឹកភ្លើង​ប្រើប្រាស់​បាន​គ្រប់គ្រាន់​វិញ ពួកគេ​ក៏​ប្រកាស​បង្កើត​ឡើង​ជា​ក្រុម​កុម្ម៉ង់ដូ សម្រាប់​ធ្វើ​អំពើ​វិទ្ធង្សនា តាម​កាណូត​អុកឡុក​រំខាន ដល់​ស្ថាបនកម្ម​ដែល​កំពុង​ប្រព្រឹត្ត​ទៅ ដើម្បី​សង់​ស្ពាន​ប្រវែង​ដល់ ១៩គ.ម. បែកចេញ ពី​ខេត្ត​ខាងត្បូង​រុស្ស៊ី ភ្ជាប់​ទៅ​នឹង​ទៀប​កោះ​គ្រីមេ​ផ្ទាល់។

 
 ហើយក្នុងខែសីហានេះ ជាដំណាក់ថ្មី នៃ​សកម្មភាព​អ៊ុយក្រែន​ប្រឆាំង​គ្រីមេ។ កាលពី​យប់ថ្ងៃ ៦ ឆ្លង​ចូលថ្ងៃ ៧​សីហា តាម​ទិន្នន័យ​របស់​ស្ថាប័ន​សន្តិសុខជាតិ​រុស្ស៊ី FSB ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់ ក្រុម​វិច្ឆេទករ​អ៊ុយក្រែន​ដែល​បាន​ជ្រៀត​ចូល​តាម​ច្រក​មួយ​នៃ​ព្រំដែន​គ្រីមេ មាន​ស្លាប់ អស់​យោធា​ម្នាក់​របស់ FSB រួច​នៅ​យប់​បន្ទាប់​មក ពី​ថ្ងៃ​៧​ឆ្លង​ចូល​ថ្ងៃ​៨​សីហា ក្នុង​ប្រតិបត្តិការ​បែប​នេះ​ដែរ មាន​យោធា​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ស្លាប់​អស់​ម្នាក់​ទៀត។ សរុបទៅ ខាងរុស្ស៊ី ស្លាប់​អស់​ពីរ​នាក់ ព្រម​ទាំង​របួស​ដល់​១០​នាក់។ ខាង​ក្រុម​វិវិច្ឆេទករ​អ៊ុយក្រែន ដែល​លុក​ចូល តាម​តួលេខ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី គឺ​មាន​គ្នា​រហូត​ដល់​២០​នាក់ ​ពី​ក្នុង​នោះ ស្លាប់​អស់​ម្នាក់ និង​ចាប់ខ្លួន​បាន​៧​នាក់ សល់​ពីនេះ គឺ​រត់​គេច​បាត់ ទៅ​តាម​ច្រក​ល្ហក​ប្លែកៗ​នៃ​ទឹកដី​គ្រីមេ ដែល​កំពុង​ត្រូវ​អាជ្ញាធរ​រុស្ស៊ី រាយ​សំណាញ់​តាម​រក​ចាប់។

តាមការសារភាពនៃ​ពួក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទៅ​ហើយ​នោះ ពួកគេ​បំពេញ​បេសកកម្ម​ទៅ​តាម បទបញ្ជា​នៃ​ដេប៉ារតឺម៉ង់​ឈ្លប​ការណ៍ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន។ ទោះបី​ទូរទស្សន៍​រុស្ស៊ី បាន​បង្ហាញ​តឹកតាង​ច្បាស់​ក្រឡែត​រឹបអូស​យក​បាន​ពី​ពួកនោះ បែប​យ៉ាង កាំភ្លើង​វ៉ៃ​ផ្លាក​សម្គាល់ ជា​ភាសា​អ៊ុយក្រែន របស់​ក្រសួង​ការពារជាតិ​អ៊ុយក្រែន ព្រមទាំង​គ្រាប់​បែកដៃ គ្រាប់បែក​ច្នៃ គ្រាន់មីន សម្រាប់​បង្កប់​ក្នុង​ដី កាលណា​ដើរ​ជាន់​វា ឬ បើកឡាន​ជាន់​វា គឺ​ផ្ទុះ​គ្ឌាំង​តែ​ម្តង សរុប​ទៅ​មាន​កម្លាំង​ផ្ទុះ​ស្មើ​នឹង​ធាតុ TNT ៤០គីឡូក្រាម​ឯណោះ​ក្តី ក៏​ក្រុង​គៀវ​បដិសេធ ច្រាន​ចោល​ការចោទ​ប្រកាន់​នេះ​របស់​ម៉ូស្គូ។

តាមកាសែត​ក្រុងម៉ូស្គូ ចុះផ្សាយ​ថ្ងៃ​១១​សីហា យោង​ទៅលើ​សម្តី​សារភាព​របស់​ពួកវិច្ឆេទករ​អ៊ុយក្រែន ជាប់​ក្នុង​ការឃុំឃាំង​ទៅ​ហើយ ៖
-ពួកគេ ដោយប្រើ​គ្រាប់បែក​ និង​មីន​ទាំងនោះ មាន​ភារៈ​ត្រូវ​បំផ្ទុះ​ផ្លូវ​ដែល​ភ្ជាប់​ក្រុង Simferopol ជា​ទី​រួមខេត្ត​គ្រីមេ ទៅ​នឹង​ក្រុង Yalta ជា​រមណីយដ្ឋាន​ល្បីល្បាញ​នៅ​មាត់​សមុទ្រ​ខ្មៅ ដែល​តាម​ផ្លូវ​នេះ ឧស្សាហ៍ មាន​ក្បួន​រថយន្ត​ជិះ ដោយ​ថ្នាក់​ដឹកនាំ​គ្រីមេ និង​ដោយ​មន្ត្រី​ជាន់ខ្ពស់ៗ ថ្នាក់​សហព័ន្ធ​រុស្ស៊ី​តែ​ម្តង។

-គេថា គ្នាគេមានជាច្រើន​ក្រុម ហើយ​ក្រុម​នីមួយៗ ដោយ​ប្រើ​គ្រាប់បែក ដែល​មាន​កម្លាំង​ផ្ទុះ មិន​ជា​ខ្លាំង​ទេ ត្រូវ​បំផ្ទុះ​វា ជួន​នៅ​កន្លែង​នេះ ជួន​នៅ​កន្លែង​នោះ នៃ​ទឹកដី​គ្រីមេ រួចយក​ល្អ បើ​ទង្វើ​គេ​ផ្តាច់​ជីវិត​ទាំង​ទេសចរ​ទៅ​ផង គឺ​ពិត​ជា​បង្ក​ឲ្យ​មាន​ចលាចល ភ័យឆោឡោ ជ្រួលច្របល់ ដល់​ទេសចរ​ណា ដែល​ចូលចិត្ត​សម្រាក​នៅ​ទីនោះ។ គោលដៅ គឺ​បំផ្លាញ វិស័យ​ទេសចរណ៍ ទៀប​កោះ​នេះ តែម្តង។

-គេថា គេបានទទួល​ការហ្វឹកហាត់ ក្រោម​ការដឹកនាំ​នៃ​ដេប៉ារតឺម៉ង់​ឈ្លបការណ៍ របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន។

ប្រាកដណាស់ដែល ក្រុងគៀវ ច្រានចោល​ដាច់​អហង្ការ ការចោទ​ប្រកាន់​របស់​ម៉ូស្គូ។ មិនតែ ប៉ុណ្ណោះ គួរ​និយាយ​ថា អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ប្រទេស​ជា​ខ្នង​បង្អែក របស់​អ៊ុយក្រែន​សព្វថ្ងៃ តប​នឹង​សំនួរ​អ្នក​កាសែត ទាក់ទង​នឹង​រឿង​នេះ បាន​ថ្លែង​ថា បើ​នរណា​ចង់​ដឹង ការ​ពិត​ឲ្យ​បាន​ល្អិតល្អន់ សូម​យោង​ទៅ​លើ​ព័ត៌មាន​ផ្តល់​ដោយ​ក្រុង​គៀវ​ទៅ។

សូម្បីតែក្នុង បរិបទ​នៃ​ភាព​តានតឹង​មិន​ចេះ​ចប់ រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ក្តី ក៏​ការប៉ុនប៉ង​ក្រុង​គៀវ ប្រព្រឹត្ត​អំពើ​ភេរវកម្ម នៅ​គ្រីមេ​ជា​ខេត្ត​ថ្មី​របស់​សហព័ន្ធ​រុស្ស៊ី គឺ​ប្រៀបបាន ជា​ចេតនា​ចាក់​ចំ​សាច់ ប្រទេស​រុស្ស៊ី​តែ​ម្តង ម៉្លោះ​ហើយ​បាន​ជា​លោក​ប្រធានាធិបតី​ពូទីន ប្រតិកម្ម​មិន​ថ្នម​សម្តី​ឡើយ ដោយ​ចោទ​ក្រុង​គៀវ​ត្រង់ៗ មិន​ធ្លាប់​មាន​ទេ​ពី​មុនៗ ថា​ឥឡូវ​អ៊ុយក្រែន​ឆ្លង ទៅ​អនុវត្ត​វិធី​ភេរវកម្ម ជា​ជំនួស​វិធី​រក​ដំណោះស្រាយ​ជម្លោះ តាម​ផ្លូវ​ចរចា។ តាមប្រសាសន៍គាត់ គោលដៅ អ៊ុយក្រែន គឺ អូសទាញ “បរិយាកាស​សង្គម-នយោបាយ នៅគ្រីមេ​ឲ្យ​ធ្លាក់​ក្នុង​អស្ថិរភាព”។ ហើយ ផ្លូវភេរវកម្ម ដែល​ជ្រើស​យក​ដោយ​ក្រុងគៀវ គឺដើម្បី​បន្លប់បន្លែ​ស្មារតី អ្នកស្រុក​អ៊ុយក្រែន ឲ្យ​ភ្លេច​គិត អំពី​ស្ថានការណ៍​យ៉ាប់យឺន​ក្នុង​ប្រទេស ដែល​បង្កើត​ឡើង ដោយ​ក្រុម​មនុស្ស ដែល​បាន​ប្លន់​អំណាច នៅក្រុង​គៀវ ហើយ​បន្ត​លួច​យក​ទ្រព្យសម្បត្តិ​ប្រជាជន​ឯង​ផ្ទាល់ ដើម្បី​នៅ​តោង​អំណាច​ឲ្យ​បាន​យ៉ាងយូរ។ លោកពូទីន បានឲ្យដឹងថា ចម្លើយ​ពី​ខាង​រុស្ស៊ី គង់​នឹង​កើត​មាន ដោយ​មកពី ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​ក្រុម​វិច្ឆេទករ​អ៊ុយក្រែន មាន​យោធា​រុស្ស៊ី បាន​បាត់បង់​ជីវិត​ដល់​ទៅ​ពីរ​នាក់។ លោកពូទីន ក៏​ថ្លែង​ដែរ​ថា នៅ​ពីមុខ​ស្ថានការណ៍​ថ្មី​នេះ គឺ “គ្មានន័យអ្វី”ទេ នឹង​រួមប្រជុំ​ចតុប្រទេស ពោល​គឺ បារាំង អាល្លឺម៉ង់ រុស្ស៊ី អ៊ុយក្រែន ដើម្បី​ពិភាក្សា​តទៅ​ទៀត អំពី​ដំណោះស្រាយ ឲ្យ​វិបត្តិ​នៅ​អ៊ុយក្រែន- កិច្ចប្រជុំ ដែល​គ្រោង​ធ្វើ ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល G-20 នៅស្រុក​ចិន ថ្ងៃ​មុខ។
 

ចំណែក លោក ប្រមុខរដ្ឋអ៊ុយក្រែន ហៅ​ការចោទប្រកាន់​នេះ​របស់​ម៉ូស្គូ ថា​ជា “គំនិត​រវើវាយ មិន​ចេះ​ខ្មាស” និង​ថា គឺ​រុស្ស៊ី​ខ្លួនឯង​ទេ​តើ ជា​ប្រទេស​ភេរវនិយម តាមរយៈ​សកម្មភាព​ខ្លួន នៅ​គ្រីមេ និង នៅ​តំបន់​បះបោរ​ខាងកើត​អ៊ុយក្រែន។ គាត់ថា ការចោទប្រកាន់ របស់​ម៉ូស្គូ គ្រាន់តែ​ជាលេស សម្រាប់​រុស្ស៊ី​បន្លឺ​ឡើង​នូវ​ការគម្រាម​យោធា​ជា​ថ្មី ទល់​នឹង​អ៊ុយក្រែន។ លោកប៉ូរ៉ូឆេនកូ ជឿជាក់ថា ការចោទប្រកាន់​របស់​ម៉ូស្គូ មិន​អាច​បង្ខូច​ឈ្មោះ​អ៊ុយក្រែន និង មិនអាច​ញ៉ាំង ពួកដៃ​គូ​អ៊ុយក្រែន​នៅ​បស្ចិមលោក ឲ្យ​លុប​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​បាន​ដូច​ចិត្តឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ