អានតួអត្ថបទ

សហភាព​អឺរ៉ុប​ស្វែងរក​ដង្ហើម​ថ្មីក្រោយ​អង់គ្លេស​ដើរ​ចេញ​ពីអឺរ៉ុប

លោក François Hollande លោកស្រី​ Angela Merkel និងលោក Matteo Renzi ក្នុង​ជំនួប​ត្រីភាគី​ ថ្ងៃ​ទី ២៧ មិថុនា ២០១៦
លោក François Hollande លោកស្រី​ Angela Merkel និងលោក Matteo Renzi ក្នុង​ជំនួប​ត្រីភាគី​ ថ្ងៃ​ទី ២៧ មិថុនា ២០១៦ John MACDOUGALL / AFP
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

ប្រមុខ​រដ្ឋ​-ប្រមុខ​រដ្ឋាភិបាល​ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំង បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ប្រទេស​អ៊ីតាលី។ នេះ​ជាទម្រង់​នៃ​​​​ជំនួប​កំពូលអឺរ៉ុប​តូច​មួយ និង​ជា​លើក​ទីពីរ ដែល​ក្រុម​អ្នក​ដឹកនាំប្រទេស​សំខាន់ៗ​របស់​​អឺរ៉ុប​បាន​រៀប​ចំ​ឡើង។ កម្មវត្ថុ​នៃ​ជំនួប​ប្រជុំ​នេះ គឺ​ដើម្បី​ស្វែង​រក​ដង្ហើម​ថ្មី​សម្រាប់​ផ្តល់​សន្ទុះ​ឱ្យ​អឺរ៉ុប បន្ទាប់​ពីឆ្អល់​ចិត្ត​នៅ​ពេល​អង់គ្លេស​សម្រេច​ដើរ​ចេញ​ពី​អឺរ៉ុប​តាម​រយៈ​ប្រជាមតិ។

ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ២៧​មិថុនា ពីរ​បី​ថ្ងៃក្រោយ​ប្រជាមតិ​អង់គ្លេសភ្លាម ប្រមុខ​ដឹកនាំ​អ៊ីតាលី អាល្លឺម៉ង់ និង​បារាំង បាន​ព្រមព្រៀង​នៅ​ទីក្រុង​ប៊ែរឡាំង ថា​ត្រូវ​តែរក​ចរន្ត​​​ថ្មី​​ផ្តល់​កម្លាំង​ដល់​អឺរ៉ុប។ ថ្ងៃ​នេះ រ៉ូម ប៊ែរឡាំង និង​ប៉ារីស បាន​និង​កំពុង​ខិត​ខំ​ប្រែក្លាយ​ពាក្យ​សំដី​ឱ្យ​ទៅ​ជាសកម្មភាព​ពិត សម្រាប់​ធ្វើ​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ចលនា​ផ្តល់​សន្ទុះ​ដល់​អឺរ៉ុប​ដែល​ហាក់​ដូច​ជា​កំពុង​ថប់​ដង្ហើម​ខ្លាំង។

ជំនួប​ត្រីភាគី​ថ្ងៃ​នេះ គឺ​ជា​ការ​រៀប​ចំ​សេចក្តី​សម្រេចចិត្ត​ស្តីអំពី​អនាគត​អឺរ៉ុប​ (គ្មាន​អង់គ្លេស) សម្រាប់​ឱ្យ​ជំនួប​កំពូល​អឺរ៉ុប​ខែ​កញ្ញា​អនុម័ត។ អាទិភាព​ដំបូងគេ​ គឺ​ សន្តិសុខ​ផ្ទៃ​ក្នុង ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម និង​ឆន្ទៈដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍។

កម្មវត្ថុ​សំខាន់​មួយ​ទៀត គឺ​ការ​រឹត​ចំណង​ប្រទេ​សជា​មេ​ដឹកនាំ​អឺរ៉ុប ទាំង​កាយ​វិការ​ទាំង​គំនិត ព្រោះ​សូម​បញ្ជាក់​ថា ប្រទេស​ទាំង​បី​នេះ មាន​ទស្សនៈ​ខុស​គ្នា​ស្រលះ​ អ៊ីតាលី​ចង់​បាន​អឺរ៉ុប​ដែល​មិន​រិត​ត្បិត ផ្ទុយ​ពី​អាល្លឺម៉ង់ ចង់​ការ​ពារ​ជានិច្ច​គោលការណ៍សន្សំសំចៃ ឯ​បារាំង​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ ផ្តោត​ខ្លាំង​លើ​សន្តិសុខ​និង​គម្រោង​ការពារអឺរ៉ុប។

ប្រមុខ​ដឹកនាំ​អឺរ៉ុប​ទាំង​បី ក៏​ចង់​បោស​ខាត់​លើក​តម្កើង​ស្ថាប័ន​អឺរ៉ុបឡើង​វិញ​ ឱ្យសមាជិក​​អឺរ៉ុប​ខ្លួន​ឯងមាន​ទំនុក​ចិត្ត​ ដោយ​ត្រូវលាត​ត្រដាង​អំពី​តួនាទី​ និង​ដំណើរ​ការ​ស្ថាប័ន​មួយ​នេះ​ ឱ្យ​ពលរដ្ឋ​បាន​យល់​កាន់​តែច្បាស់។ ពង្រឹង​សេដ្ឋកិច្ច​អឺរ៉ុប ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ក្នុង​ផ្ទៃ​អឺរ៉ុប មាន​លំនឹង មានការ​ចុះ​សម្រុង​គ្នា​ផ្នែក​ពន្ធដារ​និង​សង្គម​ ក៏​នឹង​ត្រូវ​លើក​យក​ពិភាក្សា​គ្នា​ដែរ​ នា​ឱកាស​នេះ។

ជម្រើស​ធ្វើ​ជំនួប​កំពូល​ត្រីភាគី នៅវ៉ង់តូតេនេ ប្រទេស​អ៊ីតាលី មាន​អត្ថន័យ​ជា​និម្មិត្តរូប​បំផុត ថា​ប្រទេស​ទាំង​បី​ពិត​ជា​អាច​ធ្វើ​ឱ្យ​អឺរ៉ុប​មាន​សន្ទុះ​ឡើង​វិញ​បាន ព្រោះ​កោះ​អ៊ីតាលី​មួយ​នេះ ធ្លាប់​ជា​កន្លែង​ភៀសខ្លួន​របស់​ក្រុម​ប្រឆាំងតស៊ូ​ដើម្បី​សេរីភាពអឺរ៉ុប ​​ក្នុង​សម័យ​ហ្វាស៊ីស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ