អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អឺរ៉ុប​

សន្និសីទ​​​​នៃ​​ប្រទេស​​អ្នក​ផ្តល់​ជំនួយ​ដល់​អាហ្វហ្កានីស្ថាន​​ចាប់​បើក​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ទីក្រុង​ព្រុចសែល​

ប្រធានាធិបតីអាហ្វហ្កានីស្ថាន​ Ashraf Ghani (ឆ្វេង)
ប្រធានាធិបតីអាហ្វហ្កានីស្ថាន​ Ashraf Ghani (ឆ្វេង) REUTERS/Cathal McNaughton
ដោយ៖ នុយ ប៊ែរណាដែត
១៩ នាទី

ប្រទេស​ចំនួន​៧០​និង​អង្គការ​អន្តរៈជាតិ​ចំនួន​២០ បាន​ចូល​រួម​នៅ​ក្នុង​សន្និសីទ​មួយ​ស្តីពី​បញ្ហា​​អាហ្វហ្កានីស្ថាន ​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​នៅ​ទី​ក្រុង​ Bruxelles ​ប្រទេស​បែលហ្ស៊ិក។លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ត្រូវលាតត្រដាង​ពី​តារាង​តុល្យាការ​របស់​រដ្ឋាភិបាល​របស់​លោក ជូន​ដល់​សហគមន៍​អន្តរជាតិ​និង​ការ​សន្យា​ធ្វើ​​កំណែ​ទម្រង់​ថ្មីៗ​ទៀត ដើម្បី​ឲ្យ​បាន​​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។ ក៏ប៉ុន្តែ​នៅ​នា​ឱកាស​នេះ បញ្ហា​ដ៏​រស៊ើប​បំផុត​មួយ​ស្តីពី​ការ​បញ្ជូន​អន្តោប្រវេស្តន៍​អាហ្វហ្កានីស្ថាន​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​វិញ​នោះ ក៏​ប្រហែល​ជា​គេ​មិន​លើក​ឡើង​ជា​សាធារណៈ​នោះ​ទេ។ 

ផ្សាយពាណិជ្ជកម្ម

អាហ្វហ្កានីស្ថាន ជា​ប្រទេស​មួយ​ដែល​កំពុង​នៅ​មាន​សង្គ្រាម​និង​ក៏​ជា​ប្រទេស​ដ៏​ក្រីក្រ​បំផុត​មួយ​នៅ​ក្នុង​តំបន់។ មូលហេតុ​នេះ​ហើយ​បាន​ជាជនជាតិ​អាហ្វហ្កានីស្ថាន​ចំនួន​ដ៏​ច្រើន​លើស​លុប​​នាំ​គ្នា​ចាក​ចេញ​ពី​ប្រទេស​ដើម្បី​រត់​ទៅ​ជ្រកកោន​នៅ​អឺរ៉ុប។ សព្វថ្ងៃ​នេះ ពួក​គេ​ជា​ក្រុម​ជនភៀសខ្លួន​ដ៏​ធំ​ទី​ពីរ​បន្ទាប់ពី​ក្រុម​អន្តោប្រវេស្តន៍​ស៊ីរី​ដែល​ធ្វើ​ដំណើរ​មក​កាន់​ទឹកដី​អឺរ៉ុប។

 
លោក​ Filippo Grandi.អគ្គស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​កាលពី​ខែ​មិថុនា​កន្លង​ទៅ​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា​ “សហគមន៍​អន្តរជាតិ បាន​ចាប់​ផ្តើម​​ដឹង​ឮ​អំពី​វត្តមាន​របស់​អន្តោប្រវេស្តន៍​អាហ្វហ្កានីស្ថាន គឺ​នៅ​ពេល​ដែល​ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​អឺរ៉ុប​ជាមួយ​នឹង​ក្រុម​ជន​ភៀសខ្លួន​ផ្សេងៗ​ទៀត។

 

គួររំលឹកថា ការ​ធ្វើ​ចំណាក​ស្រុក​របស់​ជនជាតិ​អាហ្វហ្កានីស្ថាន គឺ​ពុំមែន​ជា​រឿង​ថ្មីថ្មោង​នោះ​ដែរ ដោយ​ហេតុថា អាហ្វាហ្កានីស្ថាន ធ្លាប់​បាន​ជួប​ប្រទះ​រដ្ឋប្រហារ​របស់​ពួក​កុម្មុយនិស្ត​នៅ​ចុង​ឆ្នាំ​១៩៧០ បន្ទាប់​មក​ទៀត  ការ​លុកលុយ​ពី​សំណាក់​កងទ័ព​កុម្មុយនិស្ត​សូវៀត​និង​សង្គ្រាម​ស៊ីវីល។ 
នៅ​រវាង​ឆ្នាំ ២០០២​និង​២០០៨ បន្ទាប់ពី​របប​អ៊ីស្លាម​ជ្រុលនិយម​តាលីបង់ បាន​ធ្លាក់​ចេញ​ពី​អំណាច ប្រជាជន​អាហ្វហ្កានីស្ថាន ​រាប់​លាន​នាក់ បាន​នាំ​គ្នា​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​ប្រទេស​វិញ ដើម្បី​​ជួយ​កសាង​ប្រទេស​ជា​ថ្មី​ឡើង​វិញ។

ក៏ប៉ុន្តែ​ការ​កសាង​ប្រទេស​ឡើង​វិញ​នេះ មាន​ការ​យឺតយ៉ាវទៅហើយ​ ពីព្រោះ​ប្រទេស​នេះ បាន​ផុង​លុង​ខ្លួន​កាន់តែ​ជៅ្រ​ទៅៗ​នៅ​ក្នុង​អំពើ​ហិង្សា ជាអាទិ៍​ចាប់តាំងពី​កង​កម្លាំង​​សម្ព័ន្ធមិត្ត បាន​ចាក​ចេញ​ពី​អាហ្វហ្កានីស្ថាន​នៅ​ចុង​ឆ្នាំ​២០១៤។ មូលហេតុនេះហើយ ដែល​ជម្រុញ​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន ​រាប់​រយ​លាន​នាក់ បាន​នាំ​គ្នា​រត់ភៀស​ខ្លួន​ជា​ថ្មី​ទៀត។

ម្យ៉ាងទៀត ប្រទេស​អ៊ីរ៉ង់​និង​ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​ជិត​ខាង​អាហ្វហ្កានីស្ថាន ក៏​លែង​ទទួល​យក​ជន​ភៀសខ្លួន​នៅ​លើ​ទឹកដី​ខ្លួន​ទៀត​នោះ​ ជនអន្តោប្រវេស្តន៍​អាហ្វហ្កានីស្ថាន ​បាន​ប្រែ​ទិសដៅ​មក​កាន់​ទឹកដី​អឺរ៉ុប​វិញ​ម្តង នៅ​រវាង​ខែ​មករា​និង​ខែ​ធ្នូ​ឆ្នាំ​២០១៥។ ​ហើយ​ជនជាតិ​អាហ្វហ្កានីស្ថាន ​ចំនួន​២០​​ម៉ឺន​នាក់ បាន​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​មួយ​នៃ​​សហភាព​អឺរ៉ុប  គឺ មាន​ចំនួន​​៦​​ដង​​ច្រើន​ជាង​កាលពី​ឆ្នាំ​២០១៤។

យោងតាម​សាព័ត៌មាន​អង់គ្លេស សហភាព​អឺរ៉ុប មាន​គំរោង​ដឹក​បញ្ជូនអន្តោប្រវេស្តន៍​អាហ្វហ្កានីស្ថាន​ចំនួន ៨​ម៉ឺន​នាក់ ឲ្យ​វិល​ត្រឡប់​ទៅ​កាន់ប្រទេស​ដើមកំណើត​វិញ ដោយ​គំរាម​ថា បើ​ទីក្រុង​កាប៊ូល មិន​ព្រម​ទទួល​យក​ទេ នោះ​សហភាព​អឺរ៉ុប​នឹង​ធ្វើការ​កាត់​បន្ថយ​ជំនួយ​ដល់​អាហ្វហ្កានីស្ថាន​ជា​មិន​ខាន។

 
តើ​អាហ្វហ្កានីស្ថាន អាច​នឹង​ទទួល​យក​ជនជាតិ​របស់​ខ្លួន​ទាំង​អស់​នេះបាន​ដែរ​ឬ​ទេ ? ហើយសង្គ្រាម​នៅ​ក្នុង​ប្រទេស​នេះ​ហើយ ​បាន​ជម្រុញ​ឲ្យ​យុវជន​អាហ្វហ្កានីស្ថាន​​៤០​ម៉ឺន​នាក់​ភៀស​ខ្លួន​មក​កាន់​អឺរ៉ុប​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​មក​រក​ទីផ្សារ​ការងារ​នៅ​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ