អានតួអត្ថបទ
បារាំង-អន្តោប្រវេស្តន៍

ប្រតិបត្តិការ​​ដឹក​ជម្លៀស​ជន​អន្តោប្រវេស្តន៍​នៅ​​​កាឡេ​បាន​ចាប់​ផ្តើម​នៅ​ព្រឹកមិញ​​

ជន​អន្តោប្រវេស្តន៍​ចាកចេញពីជំរំ​ នៅតំបន់​​កាឡេ(Calais)​នៅព្រឹកព្រលឹម​ថ្ងៃ​ចន្ទ​២៤​តុលា​​​
ជន​អន្តោប្រវេស្តន៍​ចាកចេញពីជំរំ​ នៅតំបន់​​កាឡេ(Calais)​នៅព្រឹកព្រលឹម​ថ្ងៃ​ចន្ទ​២៤​តុលា​​​ RFI / Richard Riffonneau
ដោយ៖ នុយ ប៊ែរណាដែត
១១ នាទី

ប្រតិបត្តិការ​ដឹក​ជម្លៀស​ជន​អន្តោប្រវេស្តន៍​នៅ​តំបន់​កាឡេ បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ព្រលឹម​​ថ្ងៃ​ចន្ទ​២៤​តុលា​ក្នុង​ភាព​ស្ងប់​ស្ងាត់​និង​ក្តោប​ក្តាប់​ស្ថានការណ៍​បាន​នៅ​ពេល​នេះ​-នេះ​ជា​ការ​អះអាង​​របស់​លោក Bernard Caseneuve ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​នៅ​នា​ឱកាស​ជួប​ប្រាស្រ័យ​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នានា​នៅ​ប៉ារីស។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ជន​ចំនួន ៦៤០០​ទៅ​៨១០០ នាក់​ដែល​រស់​នៅ​ក្នុង​​ជំរំ ​នឹង​ត្រូវ​ដឹក​ចេញ​តាម​រថយន្ត​ក្រុង​ឆ្ពោះ​ទៅ​កាន់​​តំបន់​ដែល​មាន​មណ្ឌល​សម្រាប់​ទទួល​ស្វាគមន៍​​ឬ​ក៏​ជួយ​តម្រង់​ទិសដៅ​ដល់​ជន​អន្តោប្រវេស្តន៍។ មេ​ប៉ូលីស​នៅ​តំបន់​កាឡេ លោកស្រី Fabienne Buccio បាន​ថ្លែង​ប្រាប់​ថា ប្រតិបត្តិការ​ដឹក​ជម្លៀស​ជន​អន្តោប្រវេស្តន៍​ចេញ​ពី​​កាឡេ ជា​ប្រតិបត្តិការ​មួយ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​ចាំបាច់​តម្រូវ​ឲ្យ​យើង​មាន​ពេល​វេលា​​គ្រប់គ្រាន់។ 

ផ្សាយពាណិជ្ជកម្ម

"ការងារ​នេះ វា​ស៊ី​ពេល​វេលា​តិច​ក៏​ពិត មែន ប៉ុន្តែ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា យើង​ត្រូវតែ​មាន​ការ​ទទួល​ខុសត្រូវ​។ យើង​មិន​ចាប់​ផ្តើម​រុះរើ​ជំរំ​ជន​អន្តោប្រវេស្តន៍​ភា្លមៗទេ ដរាបណា​យើង​នៅ​ពុំ​ទាន់​បាន​ប្តេជ្ញាចិត្ត​ណា​មួយ ​ហើយ​ការងារ​នេះ យើង​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​រួម​គ្នា​។

 
ម្យ៉ាងទៀត ជន​អន្តោប្រវេស្តន៍​ទាំង​អស់​នឹង​បាន​ទទួល​ដំណោះស្រាយ​ដ៏​សក្តិសម​មួយ​ដើម្បី​​អាច​រស់​​នៅ​ក្នុង​ប្រទេស​របស់​យើង ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ដែល​ខ្ញុំ​ជឿ​ជាក់​ថា​វា​ជា​កិច្ចការ​មួយ​ដ៏​សំខាន់​បំផុត។

អស់​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​ហើយ ដែល​យើង​ខិតខំ​ធ្វើ​ការងារ​យ៉ាង​ពេញ​ទំហឹង​ដើម្បី​ឲ្យ​យើង​​បាន​សម្រេច​នៅ​ថ្ងៃ​ពិសេស​នេះ  ហើយ ២​ខែ​មក​ហើយ​ដែល​យើង​បាន​ប្រឹងបែ្រង​ធ្វើ​ការងារ​ជាមួយ​សមាគមន៍​នានា ក្នុង​គោលដៅ​ដើម្បី​ត្រៀម​ការ​រៀបចំ​​រុះរើ​ជំរំ​ជន​អន្តោប្រវេស្តន៍​នេះ។

ក្នុង​រយៈ​ពេល​ពីរ​ខែ​នេះ​ដែរ ​យើង បាន​ស្វះ​ស្វែង​ដើរ​រក​ទីកន្លែង​នៅ​គ្រប់​ទិសទីនៅ​​តាម​​តំបន់​នានា​​ក្នុង​​ប្រទេស​​បារាំង​រហូត​ដល់​យើង​បាន​សម្រេច​​នៅ​ពេល​នេះ ដើម្បី​​ទុក​​សម្រាប់ទទួល​ជន​អន្តោប្រវេស្តន៍ ដូច្នេះ​ចំពោះ​រូប​ខ្ញុំ វា​គឺ​ជា​ថ្ងៃ​​ដ៏​​សំខាន់​​​​"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ