អានតួអត្ថបទ
បារាំង-អន្តោប្រវេសន៍​

បន្ទាប់ពី​អគ្គីភ័យ​​​​ក្នុង​ជំរំ​​​​នៅ​​​កាឡេ​​​មក ​​​ការ​​​ដឹក​​ជម្លៀស​​​ជន​​​អន្តោប្រវេសន៍​​​​បាន​​​​ចាប់​​ផ្តើម​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​ពុធ​នេះ​​​​​​

ផ្សែងភ្លើង​​ក្រាស់​ឃ្មឹក​​ហុយទ្រលោម​ពី​លើ​ជំរំនៅ​តំបន់​ Calais ថ្ងៃពុធ​២៦​តុលា ក្នុងពេលរសៀល​
ផ្សែងភ្លើង​​ក្រាស់​ឃ្មឹក​​ហុយទ្រលោម​ពី​លើ​ជំរំនៅ​តំបន់​ Calais ថ្ងៃពុធ​២៦​តុលា ក្នុងពេលរសៀល​ DENIS CHARLET / AFP
ដោយ៖ នុយ ប៊ែរណាដែត
១៦ នាទី

នៅ​​​ប្រទេស​បារាំង អគ្គីភ័យ​​​ជា​ច្រើន​និង​ការ​ផ្ទុះ​ធុងហ្កាស​ នៅ​​សំណង់​អាណាធិបតេយ្យ​ជន​អន្តោប្រវេសន៍​នៅ​កាឡេ​​ បាន​បណ្តាល​ឲ្យ​​​មាន​អ្នក​រង​របួស​ស្រាល​ម្នាក់។​ ក៏ប៉ុន្ត​អគ្គីភ័យ​​នេះ​ពុំ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ស្លន់ស្លោ​​នោះ​ទេ ​​​នៅ​មុន​ពេល​ដែល​ប្រតិបត្តិ​​ការ​ដឹក​ជម្លៀស​​ជន​អន្តោប្រវេសន៍ ត្រូវ​បាន​​ចាប់​ផ្តើម​ឡើង​​វិញ​​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​។ 

ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ប៉ូលីស​នៅ​តំបន់​Pas-de-Calais បាន​ពន្យល់​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ថា” អគ្គីភ័យ​នេះ ​“ជា​បាតុភាព​មួយ​ដែល​មាន​តាំង​ពី​យូរ​លង់​មក​ហើយ” ជាពិសេស មាន​សហគមន៍​ខ្លះៗ បាន​ដុត​​ចោល​លំនៅ​របស់​ខ្លួន​នៅ​​​មុន​ពេល​ចាក​ចេញ​ពី​កន្លែង​រស់​នៅ​របស់​ពួក​គេ។

បាតុភាព​នេះ ធ្លាប់​កើត​មាន​កាលពី​ខែ​មីនា​មុន​ដែរ នៅ​ពេល​មាន​ការ​កំទេច​បំផ្លាញ​សំណង់​អាណាធិបតេយ្យ​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។ ដើម្បី​ប្រយុទ្ធ​បង្រ្កាប​អគ្គីភ័យ​ទាំង​នេះ មេ​ប៉ូលីស បាន​បញ្ជា​រ​ឲ្យ​​កែណ្ឌ​កម្លាំង​អ្នក​លត់​ភ្លើង​ផង​និង​កង​ប៉ូលីស​ផង​ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​ដល់​ក្រុម​អ្នក​ពន្លត់​​ភ្លើង​ក្នុង​ពេល​បំពេញ​ការងារ​របស់​ពួកគេ។

រីឯ​“​អ្នក​រង​របួស​ម្នាក់​នៅ​ក្នុង​គ្រោះ​អគ្គីភ័យ ក៏​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ ដោយ​​សារ​គេ​ត្រូវ​រង​របួស​នៅ​​ក្រដាស​ត្រចៀក”នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​មេ​ប៉ូលីស​។​​

សូមបញ្ជាក់ថា តាំងពី​ព្រលប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ អគ្គីភ័យ​ជា​ច្រើន ត្រូវ​បាន​គេ​ដុត​នៅ​ក្នុង​ជំរំ​ជន​អន្តោប្រវេស្តន៍ ខណៈពេល​ដែល​គេ​កំពុង​​​ផ្តើម​ដឹក​ជម្លៀស​ជន​អន្តោប្រវេសន៍​​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក។ប៉ុន្តែ​អគ្គីភ័យ​​ចុង​ក្រោយ  បាន​រីក​រាល​ដាល​​យ៉ាង​ខ្លាំង​នៅ​រវាង​ជាង​ពាក់​កណ្តាល​អធ្រាត្រ​​ម្សិលមិញ​និង​នៅ​ម៉ោង​៣​ទៀប​ភ្លឺ​​នា​ថ្ងៃ​ពុធ​នេះ ជាពិសេស​​នៅ​តំបន់​ពាណិជ្ជកម្ម​ត្រង់​ច្រក​ចូល​ជំរំ​អន្តោប្រវេសន៍-នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ប្រមុខ​នគរបាល​តំបន់​កាឡេ។

ក៏ប៉ុន្តែ អគ្គីភ័យ​​ទាំង​អស់​នេះ ត្រូវ​ បាន​គេ​បង្ក្រាប​រួច​រាល់​ហើយ​ដែរ។ ក្នុង​រយៈ​ពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ជន​អន្តោប្រវេសន៍​ចំនួន​ជាង ៤០០០​នាក់ ត្រូវ​បាន​គេ​រក​ទី​កន្លែង​ឲ្យ​ស្នាក់​នៅ​​រួច​ហើយ​ដែរ។ ​ហើយ​យោង​តាម​រដ្ឋាភិបាល​បារាំង ក្រុម​ជនអន្តោប្រវេសន៍​វ័យ​ធំ​ចំនួន ៣ ២៤២​នាក់ ​​បាន​ចាក​ចេញ​ពី​​ជំរំ​ហើយ តាម​រថយន្ត​ដឹក​អ្នក​ដំណើរ​ឆ្ពោះ​ទៅ​កាន់​មជ្ឈមណ្ឌល​នានា​នៅ​​ក្នុង​ប្រទេស​បារាំង​ដែល​គេ​បាន​រៀបចំ​ទុក​សម្រាប់​​ទទួល​ឲ្យ​ជនអន្តោប្រវេស្តន៍​ស្នាក់​នៅ​និង​​ដើម្បី​​ជួយ​តម្រង់​ទិសដៅ​ដល់​ពួក​គេ​ផង​ដែរ​។

រីឯ​ក្មេង​នៅ​ពុំទាន់​ពេញ​វ័យ ចំនួន ៧៧២​នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​ដាក់​នៅ​មជ្ឈមណ្ឌល​ទទួល​​យក​ជនអន្តោប្រវេសន៍​ជា​បណ្តោះ​អាសន្ន​សិន។​ រីឯ​ការ​ឈូស​ឆាយ​ខ្ទម​ជម្រក​នានា​នៅ​តំបន់​កាឡេ ត្រូវ​បាន​ចាប់​ផ្តើម​ធ្វើ​​​តាំង​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​និង​ក៏​ប្រហែល​ជា​ត្រូវ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ពុធ​​នេះ​ទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ