អានតួអត្ថបទ
បារាំង-អន្តោប្រវេសន្តន៍

អាជ្ញាធរ​​​បារាំង​​ចាប់​​ផ្តើម​​​ដឹក​​ជម្លៀស​​ជន​អន្តោប្រវេស្តន៍​​​ពីជំរំដ៏ធំមួួយ​នៅ​ខាងជើង​ក្រុង​ប៉ារីស​​

ជនអន្តោប្រវេស្តន៍ឈរបន្តគ្នារង់ចាំទទួល​ការចែកចាយ​ម្ហូបអាហារ​មនុស្សធម៌​ដ​ទទួលទាន​​នៅ​លើ​ផ្លូវ​ជិត​ métro​ Stalingrad​ ខាងជើង​​ Paris​​ដែល​មាន​ការ​បោះជំរំ​ ជនភៀសខ្លួន​២៥០០​នាក់​​
ជនអន្តោប្រវេស្តន៍ឈរបន្តគ្នារង់ចាំទទួល​ការចែកចាយ​ម្ហូបអាហារ​មនុស្សធម៌​ដ​ទទួលទាន​​នៅ​លើ​ផ្លូវ​ជិត​ métro​ Stalingrad​ ខាងជើង​​ Paris​​ដែល​មាន​ការ​បោះជំរំ​ ជនភៀសខ្លួន​២៥០០​នាក់​​ REUTERS/Charles Platiau
ដោយ៖ នុយ ប៊ែរណាដែត
១៨ នាទី

ក្រោយពី​ការ​រុះរើ​ជំរំ​ជន​ចំណាកស្រុក​នៅ​ក្នុង​​ព្រៃ​​នៃ​តំបន់​កាឡេ​រួច​មក នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​បារាំង បាន​ចាប់​ផ្តើម​រុះ​រើ​ជំរំ​និង​ដឹក​ជម្លៀស​ជន​អន្តោប្រវេស្តន៍ ​ជាង​​៣០០០​នាក់់​ចេញ​ពី​ជំរំ​ដ៏​ធំ​ជាង​គេ​​មួយ​​នៅ​​​ខាង​ជើង​​​ទីក្រុង​​ប៉ារីស​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់។ 

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ការ​រុះរើ​និង​ដឹក​ជម្លៀស​ជន​អន្តោប្រវេស្តន៍​ចេញ​ពី​ទី​ជំរំ​​​ព្រៃស្រោង​នៅ​តំបន់​​កាឡេ​រួច​មក នៅ​ព្រឹកព្រលឹម​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​បារាំង​បាន​ចាប់​ផ្តើម​រុះរើ​និង​​ដឹក​ជម្លៀស​ជន​អន្តោប្រវេស្តន៍​ចេញ​ពី​ជំរំ​ដ៏​ធំ​បំផុត​មួយ​នៅ​ខាង​ជើង​ទីក្រុង​ប៉ារីស។

លោកស្រី Emmanuelle Cosse រដ្ឋមន្ត្រី​ក្រសួង​លំនៅឋាន​បារាំង​ដែល​វត្តមាន​នៅ​ទី​នោះ បាន​អះអាង​ថា អាជ្ញាធរ​បារាំង បាន​រៀបចំ​ទីកន្លែង​ស្នាក់​នៅ​គ្រប់គ្រាន់​ហើយ​ដើម្បី​ទុក​សម្រាប់​​ទទួល​​​ជន​អន្តោប្រវេស្តន៍​ទាំង​អស់​ដែល​មាន​គ្នា​ពី​៣០០០​ទៅ​៣៥០០​នាក់។ លោកស្រី COSSE បាន​ថ្លែង​ប្រាប់​​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ​ថា ប្រតិបត្តិការ​លើក​នេះ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ប៉ុន្តែ ​អ្នក​មាន​ក្រុម​គ្រួសារ​មាន​ចំនួន​ដ៏​តិច​តួច។

ស្នងការ​ប៉ូលីស​នៅ​​ប៉ារីស​វិញ បាន​បញ្ជាក់​ថា ​​ប៉ូលីស​ជិត​៦០០​នាក់ ត្រូវ​បាន​កេណ្ឌ​​នៅ​ក្នុង​ប្រតិបត្តិការ​ដឹក​ជម្លៀស​ជន​អន្តោប្រវេស្តន៍​ចេញ​ពី​ជំរំ​ដ៏​ធំ​បំផុត​មួយ​នេះ​នៅ​ខាង​ជើង​ទីក្រុង​ប៉ារីស។  ជន​អន្តោប្រវេស្តន៍​ជា​ច្រើន​​រយ​នាក់ ត្រូវ​អាជ្ញាធរ​បារាំង​ដឹក​យក​ទៅ​ដាក់​នៅ​​តាម​មណ្ឌល​នានា​ចំនួន​៧៤​កន្លែង​នៅ​ក្នុង​តំបន់ Ile-de-France ដែល​​ទុក​បម្រុង​សម្រាប់​ទទួល​ជន​ភៀសខ្លួន។

ម្យ៉ាង​ទៀត រថយន្ត​ក្រុង​ទី​មួយ​ក្នុង​ចំណោម​រថយន្ត​ក្រុង​ទាំង​អស់​ចំនួន​៨០​ដែល​​ទុក​បម្រុង​សម្រាប់​ប្រតិបត្តិការ​​ជំលៀស​ជន​ភៀសខ្លួន​ បាន​ចេញ​ដំណើរ​តាំង​ពី​ម៉ោង​៦ ២០​នាទី​ព្រឹក។ ហើយ​នៅ​រវាង​ម៉ោង ៨​ព្រឹក ជន​ជាង ១០០០​នាក់ ត្រូវ​បាន​ដឹក​ចេញ​ពី​ជំរំ​រួច​រាល់​ដែរ​-នេះ​ជា​ការ​កត់​សម្គាល់​របស់​អ្នក​កាសែត​នៃ​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

“យោង​តាម​ប្រភព​ដដែល ជន​ភៀស​ខ្លួន​ទាំង​​អស់​ដែល​រស់​នៅ​តាម​សំណង់​អាណាធិបតេយ្យ​​​ខាង​ជើង​ទីក្រុង​ប៉ារីស មាន​គ្នា​ប្រមាណ​ជា ៣៨០០​នាក់​ហើយ​បើសិន​​ការ​ដឹក​ជំលៀស​នេះ បាន​​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ​ប្រពៃ នោះ​គេ​​រំពឹង​ទុក​ដែរ​ថា វា​នឹង​បាន​ចប់​សព្វ​គ្រប់​នៅ​​ពេល​រសៀល​នេះ​ដែរ​។​

គួរ​រំលឹកថា អាជ្ញាធរ​បារាំង​ធ្លាប់​បាន​ជំលៀស​ជន​អន្តោប្រវេស្តន៍​ជា​ច្រើន​សារ​មក​ហើយ ជាអាទិ៍​ការ​ដឹក​ជំលៀស​ដ៏​ធំធេង​២​លើក​នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ គឺ​នៅ​ថ្ងៃ​ទី​២៦​កក្កដា​មុន អាជ្ញាធរ បាន​រក​ទីកន្លែង​ស្នាក់​នៅ​សម្រាប់​ជន​ភៀសខ្លួន ២ ៥០០​នាក់​និង​​ជិត​២ ១០០​នាក់​នៅ​ថ្ងៃ​ទី​១៦​កញ្ញា។​

ក៏ប៉ុន្តែ​គ្រាន់តែ​រយៈពេល​តែ​ពីរ​សប្តាហ៍​ក្រោយ​មក​ ការ​បោះទីតាំង​សំណង់​អាណាធិបតេយ្យ​ថ្មីៗ​ទៀត បានធ្វើ​ឡើង​​នៅ​ទីកន្លែង​ជាច្រើន​ដូច​ជា​នៅ​តាម​ក្រោម​ស្ពាន​អាកាស​​រវាង​ចំណត​មេត្រូ  Jaurès និង Stalingrad ជិត​ Canal Saint-Matin និង​ជា​ពិសេស​នៅ​លើ​ដី​ផ្ទាល់​ត្រង់​ម្តុំ​រុក្ខវិថី Flandres  សង្កាត់​ទី​១៩​ក្នុង​ទីក្រុង​ប៉ារីស។

ចំណែក​ចៅហ្វាយ​ទីក្រុង​ប៉ារីស លោកស្រី Anne Hidalgo បាន​សំរេចចិត្ត​ចាប់​បើក​មជ្ឈមណ្ឌល​​ជម្រកមនុស្សធម៌​មួយ​ចាប់ពី​និទាឃៈ​រដូវ​ទៅ​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​សាង​សង់​សំណង់​អាណាធិបតេយ្យ​ជា​ថ្មី​ឡើង​វិញ​នៅ​ក្នុង​ក្រុង​បារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ