អានតួអត្ថបទ

ប៉ារីសសម្ពោធ​មជ្ឈមណ្ឌល​មនុស្សធម៌​សម្រាប់ជនភៀសខ្លួន

មជ្ឈមណ្ឌល​មនុស្សធម៌ទទួល​ជន​អន្តោប្រវេសន៍​ នៅ​ភាគ​ខាង​ជើង​ក្រុង​ប៉ារីស
មជ្ឈមណ្ឌល​មនុស្សធម៌ទទួល​ជន​អន្តោប្រវេសន៍​ នៅ​ភាគ​ខាង​ជើង​ក្រុង​ប៉ារីស CHRISTOPHE ARCHAMBAULT / POOL / AFP
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

បន្ទាប់​ពី​បាន​គាស់​រំលើង​ជំរំ​ជនភៀស​ខ្លួន​ដ៏​រខេករខាក គួរ​ឱ្យអាម៉ាស​ នៅកាឡេ​ភាគ​ខាង​ជើង​ប្រទេស​មក នៅ​ថ្ងៃព្រហស្បតិ៍​នេះ មជ្ឈមណ្ឌល​មនុស្សធម៌ ដ៏​សក្តិសម​មួយ​ ដែល​មាន​ភារៈ​តម្រង់ទិស​អន្តោប្រវេសន៍ និង​ដែល​អាច​ផ្តល់​ទី​ស្នាក់​នៅ​ដល់​ជនអន្តោប្រវេសន៍​បាន​៤០០​នាក់ បាន​បើក​សម្ភោធ នៅ​ភាគ​ខាង​ជើង​ក្រុង​ប៉ារីស។ កម្មវត្ថុ​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ គឺដើម្បី​ទប់​ស្កាត់​​លំហូរ​អន្តោប្រវេសន៍​កុំ​ឱ្យ​នាំ​គ្នា​ទៅ​រស់​​តាម​ដង​ផ្លូវ​ក្នុង​​រដ្ឋធានី។

ផ្សាយពាណិជ្ជកម្ម

មាន​បុគ្គលិក​ធ្វើការ​១២០​នាក់ អ្នក​ស្ម័គ្រ​ចិត្ត​៥០០​នាក់ មជ្ឈមណ្ឌ​ល​នេះ​នឹង​ទទួល​ជន​អន្តោប្រវេសន៍​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ​ពី ៥០ ទៅ ៨០​នាក់ ពោល​គឺប្រហាក់ប្រហែល​​នឹង​ចំនួន​ជនភៀស​ខ្លួន​ដែល​រត់​មក​ដល់​ក្រុង​ប៉ារីស ជា​ប្រចាំ។ មជ្ឈមណ្ឌល​ នឹង​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ ដល់​ជន​អន្តោប្រវេសន៍​ថ្មីថ្មោង ស្តី​អំពី​សិទ្ធិ​និង​សំណុំបែប​សម្រាប់​សុំ​សិទ្ធិ​ជ្រកកោន ឬ​សម្រួល​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​​តាម​ការ​ស្ម័គ្រ​ចិត្ត។

មនុស្ស​ប្រុស​ខ្លួន​មួយ នឹង​ត្រូវ​ទទួល​ឱ្យ​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល ដែល​មាន​បន្ទប់​គេង បន្ទប់​ទឹក​ស្អាត និង​ហាង​អាហារ ព្រមទាំង​ភ្នាក់ងារ​ថែទាំង​សុខភាព​​។ ចំណែក​ស្ត្រី​និង​គ្រួសារ​ ព្រម​ទាំង​ក្មេង​មិន​ទាន់​ពេញ​វ័យ ត្រូវ​បញ្ជូន​ទៅ​កាន់​មណ្ឌល​ទទួល​ជនភៀស​ខ្លួន​ផ្សេងៗ​ទៀត។

មជ្ឈមណ្ឌល ដែល​បាន​ចំណាយ​ថវិកា​អស់​១៦,៤​លាន​អឺរ៉ូ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បិទ​បញ្ចប់​​នូវ​រូបភាព​ដ៏​អាក្រក់​កណ្តាល​រដ្ឋធានី​ បង្ក​ឡើង​ដោយ​ក្រុម​ជន​អន្តោប្រវេសន៍​ដែល​ត្រដរ​ផ្តុំ​គ្នា​រស់តាម​ដង​ផ្លូវ​ប៉ារីស ដេញ​ពី​មួយ​កន្លែង​ទៅ​កើត​មួយ​កន្លែង​ទៀត​។ ប៉ុន្តែ​សំណួរ​បាន​ចោទ​ឡើង​ថា តើ​មជ្ឈមណ្ឌល​មនុស្សធម៌​នេះ​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់​គ្រាន់​នឹង​ទទួល​ជន​អន្តោប្រវេសន៍​មាន​លំហូរ​​ចូល​ក្រុង​ប៉ារីស​អត់​ដាច់​ជា​រៀង​រាល់​ថ្ងៃ​បាន​ឬ​អត់ ?!

សូម​បញ្ជាក់​ថា តាំង​ពី​មាន​វិបត្តិ​​​អន្តោប្រវេសន៍បាន​បោក​បក់​លើ​អឺរ៉ុប​យ៉ាង​​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ឡើយ​ គិត​ចាប់​តាំង​ពី​សម័យសង្គ្រាម​លោក​មក ប្រទេស​បារាំង​បាន​រង​ការ​រិះគន់​មិន​តិច​ទេ ជា​ពិសេស​ចំពោះ​​ជំរំ​ជនភៀស​ខ្លួន​ដ៏​រខេករខាក​នៅ​កាឡេ ដែលមាន​​ជន​អន្តោប្រវេសន៍​រាប់​ពាន់​នាក់​ រស់​ក្នុង​ស្ថានភាព​ដ៏​អមនុស្សធម៌​បំផុត ​ដើម្បី​សម្រេចកម្មវត្ថុ​រត់​ឆ្លង​ទៅ​អង់គ្លេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ