អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មួយ​ឆ្នាំ​ក្រោយ​​មហាភេរវកម្ម​នៅ​ក្រុង​ប៉ារីស ...

សំឡេង ០៧:០៨
លោក ប្រធានាធិបតី​បារាំងនិង​លោកស្រី​អភិបាល​ក្រុង​ប៉ារីសបើក​ផ្ទាំង​ឧទ្ទិសវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​ភោជនីដ្ឋាន La  Belle Equipe
លោក ប្រធានាធិបតី​បារាំងនិង​លោកស្រី​អភិបាល​ក្រុង​ប៉ារីសបើក​ផ្ទាំង​ឧទ្ទិសវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​ភោជនីដ្ឋាន La Belle Equipe © Reuters
ដោយ៖ អៀង សុខម៉ិញ
៣៦ នាទី

នៅ​ថ្ងៃទី ១៣ វិច្ឆិកា ២០១៥ ភេរវកម្ម​ជីហាត​មួយ​ខ្សែ​បានផ្ទុះ​ឡើង​នៅ​ក្រុង​ប៉ារីស សម្លាប់​មនុស្ស​អស់​១៣០​នាក់។ នៅ​ថ្ងៃ​អាទិត្យ​នេះ ជា​គម្រប់​ខួប​មួយ​ឆ្នាំ​គត់​​នៃ​សោកនាដកម្ម​ដ៏រន្ធត់​ ដែល​បារាំង​មិន​ធ្លាប់​ជួប​ប្រទះ​ឡើយ។ លោក​ប្រធានាធិបតី​ ហ្វ្រង់ស័រ ហូឡង់ បាន​អញ្ជើញ​ទៅ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធជន​រង​គ្រោះ​​ ដល់​គ្រប់​ទី​កន្លែង​កើត​ហេតុ​តែ​ម្តង។ ពិធី​រំលឹក​ខួប​ ប្រព្រឹត្ត​ទៅ​ក្នុង​​សភាព​ស្រគត់​ស្រគំ​បំផុត ! ហើយ​នៅល្ងាច​មិញ ក្រុម​ភ្លេងអាមេរិក ក៏​បាន​វិល​មក​បើក​សម្ពោធ​សាល​ប្រគុំ​តន្ត្រី បាក់តាក្លង់ ដែល​ត្រូវ​ជួសជុល​កែលម្អ​ថ្មីទាំង​ស្រុង ដើម្បី​លុប​ស្នាម​អតីតកាល។

ផ្សាយពាណិជ្ជកម្ម

កម្មវិធី​​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះភេរវកម្ម​ថ្ងៃទី ១៣ វិច្ឆិកា បាន​ប្រព្រឹត្ត​ទៅ​តាមដាន​នៃ​សកម្មភាព​វាយប្រហារ​របស់​ពួក​ជីហាត។ អមដំណើរ​ដោយ​រដ្ឋ​លេខាធិការ​ទទួល​បន្ទុក​ជន​រងគ្រោះ និង​អភិបាល​ក្រុង​ប៉ារីស លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ ហូឡង់ បាន​ទៅ​ស្តាត​ដឺហ្វ្រង់ ទី​ដែល​ភេរវជន​អត្តឃាត បី​នាក់ បាន​បំផ្ទុះ​គ្រាប់​​នៅ​ជិត​ច្រក​ចូល បន្ទាប់មក​ទៅ​សង្កាត់​ទី​១០​និង​ទី​១១​របស់​ក្រុង​ប៉ារីស ដែល​​​មាន​ហាង​បារាំង​និង​ហាង​ខ្មែរ Le petit Cambodge រង​ការ​បាញ់​រះ​ពី​សំណាក់​ខ្មាន់​កាំភ្លើង បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​អស់​១៣​នាក់។

លោកប្រមុខ​ បន្ត​ដំណើរ​​ចូល​ទៅ​ផ្លូវ Fontaine au Roi ដែល​ពួក​ជីហាត​ក្រុមដដែល​បាន​ ឈប់​សម្លាប់​មនុស្ស​នៅ​តាម​ហាង​កាហ្វេ ស្លាប់​៥​នាក់ និងភេរវជន​អត្តឃាត​ម្នាក់ ចុច​បំផ្ទុះ​គ្រាប់​បែក​បង្ក​របួស​មនុស្ស​ពីរ​នាក់។ មុន​នឹង​ឈាន​ដល់​ដំណាក់​ចុង​ក្រោយ លោក ប្រមុខ​រដ្ឋ​បាន​ទៅ​ហាង​Belle Equipe ដែល​មាន​មនុស្សស្លាប់​ច្រើន​ជាង​គេ ដល់ទៅ​២០​នាក់ និង​របួស​១៧​នាក់។ ហើយ​កម្មវិធី​បញ្ចប់​រយៈ​ពេល​ពីរ​ម៉ោង បាន​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រគុំ​តន្រ្តី​បាក់តាក្លង់​ ទី​ដែល​កង​កុម្មង់ដូ​ជីហាត​បាញ់​សម្លាប់​មនុស្ស​យ៉ាង​ស្រស់ៗ​ដោយ​គ្មាន​ត្រាប្រណី។

 
នៅ​តាម​កន្លែង​​នីមួយៗ​នេះ លោកប្រធានាធិបតី​នឹង​បើក​សម្ពោធ​ផ្ទាំង​ឧទ្ទិស​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ និង​មាន​ការ​ស្មឹងស្មាធ​មួយ​នាទី​។ គ្មាន​សំលេង​ រូបភាព ឬ​សេចក្តី​ថ្លែងការណ៍ និង​គ្មានទាល់​តែ​សោះ​សុន្ទរកថា​ ព្រោះ​សាលាក្រុង​ប៉ារីស​ព្រមទាំង​សមាគម​ជន​រងគ្រោះ​មិន​ត្រូវ​ការ ចង់​បាន​ត្រឹម​ការជួប​ជុំ​​គោរព​វិញ្ញាណក្ខន្ធ​ផុស​ចេញ​ពី​ឆន្ទៈ​ពិត​ ដ៏​ស្ងប់ស្ងាត់​ ​ស្រគត់​ស្រគំ​បំផុត។ តំណាង​ជន​រងគ្រោះ​សុំ​ត្រឹម​ឱ្យ​ពលរដ្ឋ​ក្រុង​ប៉ារីស អុជ​ទាន​តាម​បង្អួត ប្រសិន​បើ​ចង់​ចូល​រួម​។

ភ្លើង​ទៀន​និង​ផ្កា​នៅ មុខ​ហាង «Le Carillon»និង «Le Petit Cambodge»ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី ១៣​វិច្ឆិកា ២០១៥
ភ្លើង​ទៀន​និង​ផ្កា​នៅ មុខ​ហាង «Le Carillon»និង «Le Petit Cambodge»ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី ១៣​វិច្ឆិកា ២០១៥ REUTERS/Jacky Naegelen

កំហឹង​ច្រើន​ជាង​ភ័យ​ខ្លាច

គេ​មិន​អាច​រស់​នៅក្នុង​ភាព​ភ័យ​ខ្លាច​រហូត​បាន​ឡើយ​ បើ​រស់​បែប​នេះ គឺ​ប្រៀប​ដូច​ជា​គ្មាន​ជីវិត​ទេ ! តាម​ការពិត​ទៅ ក្រៅ​អំពី​​អារម្មណ៍ទុក្ខសោក ភ័យខ្លាច ​សាមគ្គីភាព​ ពេល​នេះ​ប្រជាពលរដ្ឋ​​បារាំង មាន​អារម្មណ៍​ខឹង​សម្បារ​ខ្លាំង​ជាង ! 

កំហឹង ៖ ក្រោយ​ភេរវកម្ម​ថ្ងៃ​ទី ១៣​វិច្ឆិកា​ភ្លាម ប្រមុខ​រដ្ឋ​បារាំង​បាន​ប្រកាស​បើក​ស
មាជ​ជាតិ​ដ៏​មហោឡាឬក បាន​ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​អង្គការ​ជីហាត​រដ្ឋ​អ៊ីស្លាម ប្រកាស​ថា​បារាំង​កំពុង​មាន​សង្គ្រាម​ភេរវកម្ម និង​បាន​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ហាមឃាត់​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម។ តែ​តាមការពិត​ទៅ​គ្រាន់​តែ​ជា​ពាក្យ​ ជា​សង្គ្រាម​ដ៏​គួរ​ឱ្យ​អស់​សំណើច ឯ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ដាក់​យូរៗ​ទៅ​ដូច​ជា​ធម្មតា គ្មាន​ឃើញ​បម្រាម​អ្វី​ផង ក្រៅ​អំពី​ ការ​ហាមឃាត់​មិន​ឱ្យ​មាន​បាតុកម្ម​កាលសម័យ​សន្និសីទ​ស្តី​ពី​អាកាសធាតុ​COP21។ ការ​ដក​សញ្ជាតិ​ពី​ភេរវជន​សង្ស័យ​ក៏​លុប​ចោល អ្នក​មាន​ជាប់​បញ្ជី​តាមដាន​ភេរវកម្ម​ដ៏​នៅ​តែ​មាន​សេរីភាព​ ពេញ​ផ្លូវ​ដដែល។

​បើ​ទោះ​បី​ជា​មាន​ភេរវកម្ម​កើត​ឡើង​​ជា​បន្ត​បន្ទាប់​ទៀត ដូច​ជា ភេរវកម្ម​នៅទីក្រុង​នីស ក្នុង​ថ្ងៃ​បុណ្យ​ជាតិ ភេរវកម្ម​កាត់ក​សង្ឃកាតូលិក និង​បើ​ទោះ​បី​មនុស្ស​ភាគ​ច្រើន​យល់​ថា វិធានការ​សន្តិសុខ របស់​លោក​ប្រធានធិបតី​​ហូឡង់ មិន​អាច​កាត់​បន្ថយ​ហានិភ័យ​ភេរវកម្ម​ក្តី ក៏បារាំង ហាក់​ដូច​ជា​គ្មាន​អារម្មណ៍​លង់តក់ស្លុត​ដូច​ក្នុង​មហាភេរវកម្ម​ថ្ងៃទី ១១​កញ្ញា​នៅ​អាមេរិក​ទេ។

តើ​ការ​អង្កេត​បាន​ឈាន​ដល់​ណា​ដែរ ?

​ស្រាវជ្រាវ បាន​អនុញ្ញាត​ឱ្យ​ក្រុមអ្នក​ឯកទេស​ យល់​ពី​ដាន​និង​គូស​វាស​ឡើង​វិញ​បាន​ខ្លះ​​អំពី​ផែនការ​ធំៗ​នៃ​គម្រោង​ភេរវកម្ម​ដ៏​សម្បើម​វាយប្រហារលើ​ក្រុង​ប៉ារីស និង​​រក​ឃើញ​សំបុក​ជីហាត​ដ៏​ធំ នៅ​ភូមិ ម៉ូឡិនបិច ប្រទេស​បែលហ្ស៊ិក និង​ចាប់​ខ្លួន​ភេរវជន​ជីហាត​ម្នាក់ ក្នុង​ចំណោម​ភេរវជន​ថ្ងៃទី​១៣​វិច្ឆិកា​ទាំង​អស់ ប៉ុន្តែ​ការ​អង្កេត​ក៏​នៅ​តែ​ពុំ​ទាន់វែក​រក​ឃើញ​ទាំង​ស្រុង​គ្រប់​ចំណុច​ដែរ។

អង្កេត​ដែល​ដឹកនាំ​ដោយ​ក្រុមចៅក្រមស៊ើប​អង្កេត​៦​នាក់​ បាន​បង្ហើប​ឱ្យ​ឃើញ​ពីចំណុច​ខ្សោយ​របស់​ភ្នាក់ងារ​​​ចារកិច្ច​បារាំង ព្រោះ​​​គ្មាន​នរណា​ដឹង​សោះ​ថា Abdelamid Abaoud  អ្នក​សម្របសម្រួល​​និង​មេកើយ​ដឹកនាំ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​បារី អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ពេល​អឺរ៉ុប​បាន ខណៈ​ដែល​ជន​នេះ​ស្ថិត​ក្រោម​ដីការ​តាម​ចាប់​ខ្លួន​របស់​អន្តរជាតិ​សោះ​នោះ ?! Abaoud បាន​ជ្រៀត​ចូល​ដល់​បែលហ្ស៊ិក ដោយ​បង្កប់​ខ្លួន​ក្នុង​ហ្វូង​ជន​ភៀសខ្លួន កាលពី​ថ្ងៃ​ទី​១​សីហា ២០១៥​ ជា​មួយ​នឹង​ជនដៃដល់​ធ្វើ​ភេរវកម្ម​នៅ​ក្នុង​រថភ្លើង​ភ្ជាប់​ពី​ក្រុង​អាំស្ទែរដាំ​ប្រទេស​ហូឡង់​មក​ប៉ារីស​ផង។

គេ​ត្រូវ​រង់ចាំ​ដល់​មាន​ភេរវកម្ម​នៅ​ព្រុចសែល​ប្រទេស​បែលហ្ស៊ិក ថ្ងៃទី ២២​មីនា ២០១៦ ទើប​ការ​អង្កេត​ភេរវកម្ម​ក្រុង​ប៉ារីស មាន​ដំណើរ​ការ​ទៅ​មុខ​លឿន​បន្តិច ពោល​គឺ​នៅ​ពេល​រឹប​អូស​បាន​កុំព្យូទ័រ​មួយ​ ដែល​មាន​បង្កប់​ឯកសារឈ្មោះ “១៣វិច្ឆិកា” មានបន្សំ​​​ចែក​ជា​ក្រុមៗ ៖ ក្រុម​អូម៉ា រហ័សនាម​របស់​Abaoud - ក្រុម​បារាំង ទៅ​បាតាក្លង់ - ក្រុម​អ៊ីរ៉ាក់ ទៅ​ស្តាត​បារាំង- ក្រុម Scipol ឈ្មោះ​អាកាសយានដ្ឋាន​របស់​ប្រទេស​ហូឡង់ និង​ក្រុម​មេត្រូ។

ក្រុម​មេត្រូ​នេះ ដៅ​ចង់​វាយប្រហារ​រថភ្លើង​ក្រោម​ដីរបស់​ក្រុង​ប៉ារីស ឬនៅ​ព្រុចសែល​ប្រទេស​បែលហ្សិក ?​​ ចំណែ​កក្រុមស៊ីប៉ូល គ្រោង​វាយប្រហារ​ហូឡង់ឬ ? ក្នុង​ដំណាក់កាល​នេះ​គេ​នៅ​មិន​ទាន់​អាច​សន្មត់​​បាន​អំពី​ផែនការ​ប្រទាក់គ្នា​វាយប្រហារអឺរ៉ុប​បាន​ទេ។

ឈ្មោះ​មេកើយ​អ្នក​បញ្ជា​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ប៉ារីស និង​នៅ​ព្រុចសែល ក៏​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។ ក្រុម​អ្នក​អង្កេតបាន​ត្រឹម​​គិត​ស្មាន​ថា​ អ្នក​ផ្តល់​ពាក្យ​បញ្ជា គឺ​ជា​ជន​មាន​ងារ​ថា Abou Ahmad ដែល​អាច​ជា​ជនជាតិ​បែលហ្ស៊ិក​ឈ្មោះ អូសាម៉ា អាតារ  អាយុ​៣២​ឆ្នាំ ជា​គ្រូបាធ្យាយ​ជីហាត និរទេស​ខ្លួន​នៅ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ