អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឧក្រិដ្ឋកម្មសង្រ្គាម៖​អាមេរិក​ថា របាយការណ៍​របស់​តុលាការ​ព្រហ្មទ័ណ្ឌអន្តរជាតិ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់

សំឡេង ០៧:០៨
លោកស្រី​ហ្វាទូ បេនស៊ូដា រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ
លោកស្រី​ហ្វាទូ បេនស៊ូដា រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ REUTERS/Michael Kooren
៣៦ នាទី

នៅ​ថ្ងៃ​អង្គារ ទី១៥ វិច្ឆិកា សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​របាយការណ៍​របស់​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ដែល​ថា កងទ័ព​អាមេរិក និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់CIA ប្រហែល​ជា​បាន​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​នៅ​មន្ទីរឃុំឃាំង​សម្ងាត់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អឺរ៉ុប ដូច​យ៉ាង​ប៉ូឡូញ រូម៉ានី និង​លីទុយអានី។ អាមេរិក​យល់​ថា របាយការណ៍​របស់​តុលាការ​ព្រហ្មទ័ណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

ផ្សាយពាណិជ្ជកម្ម

គឺ​ជា​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ត្រូវ​បាន​លាតត្រដាង​បង្ហាញ​ដោយ​រូប​លោកស្រី​រដ្ឋអាជ្ញា​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ហ្វាទូ បេនស៊ូដា​នា​យប់​ថ្ងៃ​ចន្ទ ទី១៤ វិច្ឆិកា។ របាយការណ៍​បាន​ផ្តោត​សំខាន់​លើ​ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​លើ​អ្នកទោស​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ចន្លោះ​ឆ្នាំ ២០០៣ និង ២០០៤ ពោល ២ឆ្នាំ​ក្រោយ​ពី​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី GeorgesW Bush បាន​ផ្តើម​សង្រ្គាម​ទម្លាក់​របប​តាលីបង់​ក្នុង​ឆ្នាំ ២០០១។ នៅ​ក្នុង​ទង្វើ​ឃោរឃៅ ព្រៃផ្សៃ​លើ​អ្នកទោស​ដែល​ជាប់សង្ស័យ​ជា​ភេរវជន​អាល់កៃដា​ត្រូវ​បាន​លោកស្រី​បេនស៊ូដា​ទម្លាក់​កំហុស​ដាក់​ទាហានអាមេរិក ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIAពួកឧទ្ទាម​តាលីបង់ និង​ពួកសម្ព័ន្ធមិត្ត ព្រម​ទាំង​កម្លាំងរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

ក្រៅ​ពី​ការ​ធ្វើ​ទារុណកម្ម និង​ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​លើ​អ្នក​ទោស​ដោយ​ទាហាន​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន រដ្ឋអាជ្ញា​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ក៏​បាន​សម្គាល់​ឃើញ​មាន​ទង្វើ​ដូច​គ្នា​នេះ​នៅ​តាម​មន្ទីរឃុំឃាំង​សម្ងាត់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អឺរ៉ុប ដូច​យ៉ាង​ប៉ូឡូញ រូម៉ានី និង​លីទុយអានី។ យោង​តាម​របាយការណ៍ មាន​អ្នកទោស​យ៉ាង​តិច ៦១នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ទទួល​រង​ការ​ធ្វើ​បាប​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​ទាហាន​អាមេរិកាំង និង​មាន​យ៉ាង​តិច ២៧នាក់​បាន​ទទួល​រង​អំពើ​ដូច​គ្នា​នេះ​ពី​សំណាក់​ភ្នាក់ងារ CIA។ លោកស្រី​បេនស៊ូដា​មិន​បាន​លើក​ភស្តុង​មក​បង្ហាញ​ទេ តែ​គ្រាន់​បញ្ជាក់​ថា លោកស្រី​មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​គួរ​ឲ្យ​ជឿទុក​ចិត្ត​បាន និង​ថា ទង្វើ​បែប​នេះ​ជា​បទឧក្រិដ្ឋកម្ម​សង្រ្គាម។
 
អាមេរិក​ថា របាយការណ៍​នេះ​មិន​ពិត និង​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់
 
ប្រតិកម្ម​របស់​អាមេរិក​បាន​ធ្វើ​ឡើង​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោកស្រី Elizabeth Trudeau។ លោកស្រី Trudeau បាន​ព្យាយាម​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា អាមេរិក​ក៏​មាន​ប្រព័ន្ធជាតិ​មួយ​ដ៏​រឹងមាំ និង​ច្បាស់លាស់​របស់​ខ្លួន​ក្នុង​ការ​ស៊ើបអង្កេត និង​ស្វែង​វែកមុខ​រក​អ្នក​ទទួល​ខុសត្រូវ​ក្នុង​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស។ លោកស្រី Trudeau បាន​គូស​បញ្ជាក់​បន្ថែម​ថា​កន្លង​មក រដ្ឋបាល​អាមេរិក​បាន​បើក​ការ​ស៊ើបអង្កេត និង​ចាប់​បញ្ជូន​ទៅ​តុលាការ​នូវ​ទាហាន និង​ភ្នាក់ងារ​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​បទឧក្រិដ្ឋ និង​បទល្មើស​ផ្សេងៗ។
 
ក្រៅ​ពី​ការ​ចាត់​ទុក​របាយការណ៍​របស់​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ថា​មិន​ពិត និង​មិន​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ​ដដែល​ក៏​ឆ្លៀត​រម្លឹក​ជា​ថ្មី​ថា អាមេរិក​មិន​បាន​ឲ្យ​សច្ចាប័ន្រ​លើ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម​ដែល​អនុញ្ញាត​ឲ្យ​បង្កើត​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ក្នុង​ឆ្នាំ ១៩៩៨ ទេ នោះ​បើ​ទោះ​បី​ជា​អាមេរិក​បាន​គាំទ្រ​ការងារ​របស់​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ផ្សេងៗ ដូច​យ៉ាង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជា​ដើម។
 
អាមេរិក​ខ្លួន​ឯង​ជា​អ្នក​អនុញ្ញាត​ឲ្យ​ធ្វើ​ទារុណកម្ម​លើ​អ្នកទោស​ដើម្បី​ទទួល​បាន​ចម្លើយ​សារភាព

រឿងអាស្រូវ​ធ្វើ​ទារុណកម្ម​លើ​អ្នកទោស​ធ្លាប់​បាន​ទម្លាយ​ឲ្យ​ដឹង​កាល​ពី​ឆ្នាំ ២០១៤ នៅ​ក្នុង​របាយការណ៍​របស់​គណៈកម្មការ​ព្រឹទ្ធសភា​អាមេរិក​ស្តីពី​វិធីសាស្រ្ត​សួរចម្លើយ​របស់​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់ CIA លើ​ជនសង្ស័យ​នៅ​ក្រោយ​មហាភេរវកម្ម​ថ្ងៃទី១១ កញ្ញា ២០០១។ របាយការណ៍​ដែល​មាន​កម្រាស់​ជាង ៥០០ទំព័រ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​លើ​ជនសង្ស័យ​នៅ​ក្នុង​ពន្ធនាគារ​នានា​នៅ​បរទេស។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា នៅ​ប៉ុន្មាន​ខែ​ក្រោយ​មហាភេរវកម្ម​ថ្ងៃទី១១ កញ្ញា ២០០១ ប្រធានាធិបតី​អាមេរិក​លោក George W. Bush បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ដោយ​អនុញ្ញាត​ឲ្យ​ក្រសួង​ស៊ើបការ​សម្ងាត់ CIA មាន​សិទ្ធិ​សម្លាប់ ចាប់​ឃុំ និង​សួរចម្លើយ​លើ​ថ្នាក់ដឹកនំា​របស់​អង្គការ​ភេរវនិយម​អាល់កៃដា​ទំាង​អស់​នៅ​ក្នុង​លោក។ បន្ទាប់​មក​ក្នុង​ឆ្នំា ២០០២ រដ្ឋបាល​របស់​លោក Bush ដដែល​ក៏​បាន​អនុញ្ញាត​ស្ងាត់ៗ​ឲ្យ CIA មាន​សិទ្ធិ​ចាប់​ឃុំ ព្រម​ទំាង​សួរ​ចម្លើយ​លើ​ជនសង្ស័យ​ទំាង​អស់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាល់កៃដា។

គឺ​ចាប់​ពី​ឆ្នំា ២០០២ ដែល​បាន​លេច​ធ្លាយ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការ​វាយ​ធ្វើ​បាប និង​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​លើ​ជនសង្ស័យ​ពី​សំណាក់​ភ្នាក់ងារ CIA នៅ​ពន្ធនាគារ Bagram ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ តែតាំង​ពី​ខែ​ធ្នូ ឆ្នាំ២០០៧ CIA ក៏​ឈប់​ប្រើ​វិធានការ​របៀប​នេះ ហើយ​លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​បាន​ហាម​ជា​ផ្លូវការ​តាំង​ពី​ខែ​មករា ឆ្នាំ ២០០៩។
 
តុលាការ​ព្រហ្មទ័ណ្ឌអន្តរជាតិ​អាល់អែក​ក្នុង​ការ​បើក​ស៊ើបអង្កេត
 
ខណៈ​នេះ លោកស្រី​រដ្ឋអាជ្ញា​បេនស៊ូដា​គ្រាន់​តែ​បញ្ជាក់​ថា លោកស្រី​នឹង​សម្រេច​នា​ពេល​ឆាប់ៗ​ខាង​មុខ​ថា តើ​គួរ​ស្នើ​ឲ្យ​មាន​ការ​បើក​ស៊ើបអង្កេត​ពី​សំណាក់​ចៅក្រម​របស់​តុលាការ​ឬ​អត់។ បើ​មាន​ការ​បើក​ស៊ើបអង្កេត​មែន នោះ​ជា​ការ​ស៊ើបអង្កេត​មួយ​ក្រោម​ទ្រង់ទ្រាយ​ធំ មាន​លក្ខណៈ​ស្មុគស្មាញ និង​ក៏​អាច​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ដែល​តុលាការ​អន្តរជាតិ​មួយ​នេះ​មិន​ធ្លាប់​ធ្វើ​ទេ​នា​ពេល​កន្លង​មក។ ឧបសគ្គ​ចម្បង​នៅ​ចំពោះ​មុខ​សម្រាប់​តុលាការ​អន្តរជាតិ​មួយ​នេះ​នៅ​ត្រង់​ថា អាមេរិក​មិន​បាន​ឲ្យ​សច្ចាប័ន្រ​លើ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម​ក្នុង​ការ​បង្កើត​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ក្នុង​ឆ្នាំ ១៩៩៨ ទេ។
 
ដូច្នេះ​តុលាការ​ប្រហែល​ជា​ពិបាក​អូស ក ទាហាន​អាមេរិក ឬ​ភ្នាក់ងារ CIA ទៅ​កាត់ទោស​ក្នុង​បទឧក្រិដ្ឋកម្មសង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ឬ​នៅ​ក្នុង​ប្រទេស​ផ្សេង​ដែល​អាមេរិក​មាន​មន្ទីរឃុំឃាំង​ដោយ​លួចលាក់។ បើ​និយាយ​ពី​ផ្លូវច្បាប់ទោះបី​ជា​ច្បាប់​អាមរិកំាង ឬ​ច្បាប់​អន្តរជាតិ​ក្តី គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទារុណកម្ម​លើ​អ្នកទោស​ជា​ដាច់​ខាត ទោះ​បី​ជា​ទារុណកម្ម​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រូបភាព​ណា​ក៏​ដោយ ព្រោះ​ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស បំពាន​ច្បាប់អន្តរជាតិនិង​រំលោភបំពាន​លើ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ