អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​​បេក្ខជនប្រធានាធិបតីបក្ស​ស្តាំនិយម​បារាំង

សំឡេង ០៨:០៩
លោក François Fillon អតីត​នាយក​រដ្ឋមន្ត្រី​របស់​លោក Nicolas Sarkozy នាំ​មុខ​ក្នុង​ការបោះឆ្នោត​បេក្ខជន​ប្រធានាធិបតី​បក្ស
លោក François Fillon អតីត​នាយក​រដ្ឋមន្ត្រី​របស់​លោក Nicolas Sarkozy នាំ​មុខ​ក្នុង​ការបោះឆ្នោត​បេក្ខជន​ប្រធានាធិបតី​បក្ស REUTERS/Thomas Samson/Pool
ដោយ៖ អៀង សុខម៉ិញ

អតីត​ប្រធានាធិបតី​បារាំង លោក​ នីកូឡា សាកូហ្ស៊ី Nicolas Sarkozy ​ដែល​បាន​វិល​មក​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ថ្មី សម្រាប់​បក្ស​ស្តាំ​និង​កណ្តាល​និយម បាន​ទទួល​បរាជ័យ​យ៉ាង​ជូរ​ចត់​តាំង​ពី​ជុំ​ទីមួយ​តែ​ម្តង។ ខុស​ពី​ការ​ស្ទង់​មតិ លោក ហ្វ្រង់ស័រ ហ្វីយ៉ុង François Fillon អតីត​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​២០០៧-២០១២ បាន​ទទួល​សំឡេង​គាំទ្រយ៉ាង​ខ្លាំង (៤៤,១%) វិះ​តែ​នឹង​ឈ្នះ​ដាច់​ ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ស្តាំ​និងកណ្តាល​និយម​ទៅ​ហើយ។ ចំណែក​​លោក អាឡាំង ហ្ស៊ុបប៉េ Alain Juppé ដ៏​ពេញ​និយម​តាំង​ពី​ដំបូង បាន​ទទួល​ការគាំទ្រចំនួន២៨,៥%។

ផ្សាយពាណិជ្ជកម្ម

សេណារីយ៉ោ ដែល​គ្រប់​គ្នា​ប្រមើល និង​ព្យាករណ៍ ​​​ឃើញ វត្តមាន​​លោក​ នីកូឡា សាកូហ្ស៊ី​ នៅ​ជុំ​ទីពីរប្រឈម​នឹង​លោក អាឡាំង ហ្ស៊ុបប៉េ ត្រូវ​រលុប​ចោល​ទាំង​ស្រុង។ ការស្ទង់​មតិ ដែល​ធ្លាប់​តែ​លោក​ហ្វីយ៉ុង ឈ្នះ​ត្រឹម​កំរិត ៩ ទៅ​១១% បាន​បង្ហាញ​ពី​ការ​ស្ទុះ​ឡើង​របស់​លោក​ ហ្វីយ៉ុង​ដែរនារយៈ​ពេល​១៥​ថ្ងៃ​ចុងក្រោយ តែ​មិន​នឹក​ស្មាន​ដល់​ថាឡើង​ជិត​ឈ្នះ​ដាច់​តែ​ម្តង​សោះ។

គ្មាន​អ្នក​កាសែត គ្មាន​អ្នក​ស្ទង់​មតិ គ្មាន​​មតិ​សាធារណៈ​ ឬនិយាយ​ជា​រួម​គឺ​គ្មាន​នរណា​ម្នាក់​សោះ បាន​គិត​និង​នឹក​ឃើញ​ដល់​ជោគជ័យ​របស់​លោក ហ្វីយ៉ុង ​តែ​នៅ​ទីបំផុត លោក ហ្វ្រង់ស័រ ហ្វីយ៉ុង ដែល​ធ្លាប់​ចាញ់ក្រាប​​នៅ​គ្រប់​ការ​ប្រយុទ្ធ​ក្នុង​បក្ស -ធ្លាប់​ត្រូវ​បាន​គេ​បង្អាប់​បន្តុះ​កាល​នៅ​ជា​នាយក​រដ្ឋមន្ត្រី​​របស់​លោកនីកូឡា សាកូហ្ស៊ី ថា​ត្រុយៗ​ចាំ​តែ​គេ​ដឹក ស្រាប់​តែ​បាន​ទទួល​សំឡេង​គាំទ្រ ដល់​ទៅ​ជាង​៤៤% នាំ​មុខ​ឆ្ងាយ​ដាច់​ស្រឡះពី​គូប្រជែង​ផ្សេងៗ​ទៀត។

 
ចុះតើ​គេ​អាច​ពន្យល់​បាន​យ៉ាង​ដូចម្តេច​ទៅ​អំពី​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​របស់​លោក ហ្វីយ៉ុង ?

សម្រាប់​អ្នក​វិភាគ​ លទ្ធផល​ដ៏​ភ្ញាក់ផ្អើល​នេះ គឺ​ជា​ជោគជ័យ​របស់​លទ្ធិប្រជាធិបតេយ្យ និង​បញ្ជាក់​ថា​ពលរដ្ឋ​បារាំង​មិន​ស្ថិត​ក្រោម​អំណាច​ឬ​គំរូ​នយោបាយ​ គូសវាស​ដោយ​បក្ស​ និងបំពុល​ដោយ​ប្រព័ន្ធឃោសនា​ព័ត៌មាន​ ដែល​សម្រួច​ទៅ​លើ​គូប្រជែង​សាកូហ្ស៊ី-ហ្ស៊ុបប៉េ។
ក្នុង​ពេល​ដែល​គូប្រជែងដ៏​មាន​ប្រជាប្រិយភាព សាកូហ្ស៊ី-ហ្ស៊ុបប៉េ ​មួយ​គូ​​នេះ​វាយប្រហារ​គ្នា​ទៅ​វិញ​មក ​អ្នក​ធ្វើ​ឃោសនា​នយោបាយ​ពិត​ប្រាកដ​ ដូច​យ៉ាង​លោក ហ្វីយ៉ុង ត្រូវ​តែ​ឈ្នះ។ ព្រោះ​លោក​បាន​ប្រើ​ពេល​ឃោសនា​នោះ​មក​ពន្យល់​បំភ្លឺ​ទិស​ដៅ​ដឹកនាំ​នយោបាយរបស់​ខ្លួន​ ដោយ​ប្រើ​ភាសាឃោសនា​​​សាមញ្ញ បង្ហាញ​តម្លៃ​ជា​អ្នក​អភិរក្ស​ និង​បង្ហាញ​ផែនការ​សេដ្ឋកិច្ច​​​បែប​សេរី ​លើក​ស្ទួយ​ប្រទេស​ឱ្យ​មាន​កំណើន​ឡើង​វិញ​ ឱ្យ​​ពលរដ្ឋបាន​យល់។

លោកនីកូឡា សាកូហ្ស៊ី ដែល​សង្ឃឹម​យ៉ាងមុត​មាំ ថា​នឹង​អាចវិល​មក​កាន់​ឆាក​នយោបាយ នឹង​បាន​ក្លាយ​ជាប្រធានាធិបតី​ជា​ថ្មី មក​សង​សឹកលោក ហូឡង់ ​ ​ពិត​ជា​លំបាក​ធ្វើ​ចិត្ត​បន្តិច​ហើយ នៅ​ពេល​ត្រូវ​ដើរ​ចេញ​ពី​សង្វៀន​តាំង​ពី​ជុំ​ទីមួយ​យ៉ាង​ដូច្នេះ !

ប៉ុន្តែ​ទោះ​ចាញ់​យ៉ាង​ជូរ​ចត់ និង​បាក់​មុខ​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​អតីត​ប្រធានាធិបតី​រូប​នេះ បាន​ចេញធ្វើ​សុន្ទរកថា​នយោបាយ​លា យ៉ាង​សក្តិសម និង​ប្រកប​ដោយ​កិត្តិយស​បំផុត។

សុន្ទរកថា​របស់​លោក នីកូឡា សាកូហ្ស៊ី ទទួល​ស្គាល់​បរាជ័យ​ក្នុង​សម័យ​បោះឆ្នោត​បេក្ខជនប្រធានាធិបតី​បក្ស​ស្តាំនិ​ងកណ្តាលនិយម

  
​លោក ហ្វីយ៉ុង លើ​វិថី​នៃ​ជោគជ័យ​ នៅ​ជុំ​ទី​ពីរ​ ?​

នៅក្នុង​នយោបាយ​ គេ​មិន​អាច​បូក​ដក​លេខ ហើយ​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ​ថា​នរណា​ជា​អ្នក​ឈ្នះ​ជា​ចាញ់​ជាមុន​បាន​ទេ ! នៅ​ក្នុង​ពេល​នេះ ថ្វី​បើ​លោក ហ្វីយ៉ុង បាន​ទទួល​ការ​គាំទ្រ​ភ្លាម​ពី​លោក នីកូឡា សាកូហ្ស៊ី​ ដែល​ធ្វើ​ឱ្យ​លោករឹត​តែ​មាន​ជំហរ​រឹងប៉ឹង មាន​ចលនា​កាន់​តែ​សកម្ម និង​ធ្វើ​ឱ្យ​គូ​ប្រជែង លោក ហ្ស៊ុបប៉េ កាន់តែ​ជួប​ការ​លំបាក តែ​ដរាប​ណា ម្ខាង​ទៀតមិន​ប្រកាស​បោះបង់​ចោល​សង្វៀន​ទេ គ្មាន​នរណា​អាច​ប្រកាស​ជោគជ័យ​បាន តាំង​ខ្លួន​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្សបាន​ឡើយ។

អ្វីៗ​ត្រូវ​ចាប់​ផ្តើម​ជា​ថ្មី​ទៀត​ហើយ ចាប់​ពី​ថ្ងៃនេះទៅ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជានៅ​ពេល​​ថ្លែង​សុន្ទរកថាដំបូង​យប់​មិញ ក្រៅ​អំពី​ផ្តល់​តម្លៃ​ពិសេស​ដល់​លោក នីកូឡា សាកូហ្ស៊ី ថា​ការ​ចាញ់​ឆ្នោត​ មិនមែន​ជា​បង្អាប់បន្តុះ​មក លោក ហ្វីយ៉ុង​ បាន​ប្រកាស​ចេញ​ធ្វើ​យុទ្ធនាការ​បន្ត​ទៀត។ លោក ហ្វីយ៉ុង ៖

ប្រសាសន៍​របស់​លោក ហ្វ្រង់ស័រ ហ្វីយ៉ុង



សម្រាប់​​លោក អាឡាំង ហ្ស៊ុបប៉េ ពេលវេលា​នៃ​ការ​ឃោសនា​នយោបាយ​ ​កម្មវិធីទល់​នឹង​កម្មវិធី បាន​មក​ដល់​និង​ចាប់​ផ្តើម ! លោក​​សង្ឃឹម​លើ​ការ​តស៊ូ​មតិ​នៅ​ថ្ងៃព្រហស្បតិ៍​ក្រោយ ដែល​ជា​ឱកាស​ព្រលាត់​និង​ប្រៀប​ធៀប​កម្មវិធី​នយោបាយរបស់​លោក ជាមួយ​កម្មវិធី​របស់​លោក​ហ្វីយ៉ុង ​សម្រាប់​ទាញ​​និន្នាការ​ឆ្នោតឱ្យ​ងាក​មក​ខាង​លោក។ លោក ក៏​សង្ឃឹម​ថា បើបោះឆ្នោត​ថ្ងៃអាទិត្យ​​នេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ ជាមួយ​ការ​នាំ​មុខ​របស់​លោក​ហ្វីយ៉ុង នៅ​សប្តាហ៍​ក្រោយ​ក៏​នឹងអាច​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ទៀត មក​ខាង​លោក​ម្តង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ