ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើឧស្ម័នមេតាន និង​ឧស្ម័នកាបូនិក មួយ​ណាបំផ្លាញ​បរិស្ថាន​ខ្លាំងជាង?

សំឡេង ០៦:២៩
ការ​ធ្វើ​ស្រែ កសិកម្ម​ចិញ្ចឹម​សត្វ ជា​ភ្នាក់ងារ​បញ្ចេញ​ឧស្ម័ន​មេតាន​ ប្រមាណ​៣៦%
ការ​ធ្វើ​ស្រែ កសិកម្ម​ចិញ្ចឹម​សត្វ ជា​ភ្នាក់ងារ​បញ្ចេញ​ឧស្ម័ន​មេតាន​ ប្រមាណ​៣៦% Getty Images/Patrick Foto

ក្រុមអ្នក​ស្រាវជ្រាវ​ជា​ច្រើន​រូប​បាន​ចេញ​របាយការណ៍ នៅ​ថ្ងៃ​ចន្ទ​ទី ១២ ធ្នូ ២០១៦ ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​និង​អាសន្ន​បំផុត​មួយ ស្តី​អំពី​ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ ក្នុង​បរិយាកាស​។ ពុំ​សូវ​មានអ្នក​​ស្គាល់ និង​ដឹង​អំពីផលវិបាក មេតាន​ជា​ឧស្ម័ន​​ផ្ទះ​កញ្ចក់​ដ៏បំពុល​បរិស្ថាន​ខ្លាំង​ជាង​ឧស្ម័នកាបូនិក​ទៅ​ទៀត និង​ពិបាក​កំណត់។ កំណើន​ឧស្ម័ន​ធម្មជាតិ​មួយ​នេះ អាចជា​ឧបសគ្គ​រារាំង​ពិភពលោក​មិន​ឱ្យ​សម្រេច​​កម្មវត្ថុ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៃ​ភពផែនដីបាន ប្រសិន​បើ​យើង​មិន​ព្រមចាត់វិធានការ​ឱ្យ​បាន​ទាន់ពេល​វេលាទេ។

ផ្សាយពាណិជ្ជកម្ម

ឧស្ម័នកាបូនិក Dioxyde de carbone CO2 ឬ និង​មេតាន(CH4)  ​ជា​ឧស្ម័ន​បំពុល​បរិយាកាស បង្ក​ជា​ឧស្ម័ន​ផ្ទះកញ្ចក់​ដូច​គ្នា​។ ​ឧស្ម័ន​កាបូនិក​អាច​ស្ថិត​នៅក្នុង​ខ្យល់​បាន​ដល់​ទៅជិត ២០០​ឆ្នាំ ចំណែក​មេតាន​វិញ ត្រឹម​តែប្រមាណ​១២​ឆ្នាំ​ប៉ុណ្ណោះ។

បើ​គិត​ក្នុងកំរិត​សតវត្សរ៍ និង​អំណាច​ដុត​កម្តៅ​ភពផែនដីវិញ  មេតាន​​មាន​កម្លាំង​ខ្លាំង​ជាង ឧស្ម័ន​កាបូនិក ដល់​ទៅ​​២៣​ដង​។ ដូច្នេះ​ ក្នុង​បរិមាណ​ដូចគ្នា មេតាន មាន​អំណាចបង្ក​ឧស្ម័ន​ផ្ទះកញ្ចក់​ខ្លាំង​ជាង​ឧស្ម័នកាបូនិក។ តែសំណាង​ល្អ ការ​បញ្ចេញ​ឧស្ម័នមេតាន មាន​កំរិត​ទាប​ជាង​ឧស្ម័នកាបូនិក។

ប៉ុន្តែ​ អ្វី​ដែល​អ្នក​ស្រាវជ្រាវ​ព្រួយ​បារម្ភ​ខ្លាំង​ និង​ទាញ​សញ្ញា​អាសន្ន​នៅ​ពេល​នេះ មក​ពីគេ​សម្គាល់​ឃើញ​មាន​បរិមាណ​មេតាន កើន​ឡើង​ខ្លាំង ជា​លំដាប់​​ ដល់​ទៅ​១០​ដង​លឿន​ជាង​កាលពី​១០​ឆ្នាំ​មុន (២០០៧)។ ជាពិសេស​ បន្សំ​ឧស្ម័នមេតានកើន​លឿន​ហួសហេតុ​នៅរវាង​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ២០១៤ និង​២០១៥។ កើន​ក្នុង​ល្បឿន​បែប​នេះ ​ហើយ​គ្មាន​វិធានការ​ទប់​ស្កាត់​ទេ នោះ​កម្មវត្ថុ​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ចព្រមព្រៀង​ពិភពលោក ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ពិត​ជា​មិន​អាច​សម្រេច​បាន​ឡើយ ព្រោះ​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ ​​វិធានការ​ទប់ស្កាត់​ការ​ឡើង​កំដៅ​អាកាសធាតុ ​​ផ្តុំ​តែ​លើ​ការ​កាត់បន្ថយ​ឧស្ម័នកាបូនិក ចេញ​មក​ពី​ថាមពលធ្យូងថ្ម ប្រេង ហ្កាស ដែល​តំណាង​ឱ្យ​៧០%​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់។

កសិកម្ម​និង​សម្រាម

គេ​ពិបាក​ធ្វើ​បញ្ជី​រាប់​ឈ្មោះ​អ្នក​បញ្ចេញ​ឧស្ម័នមេតាន​ជាង​ឧស្ម័នកាបូនិក ព្រោះ មួយ​ចំណែក​ធំ ជា​សកម្មភាព​ធម្មជាតិ តំបន់​សើម  ទឹកដីភូមិសាស្ត្រ ... ប៉ុន្តែ​មេតានជា​ឧស្ម័ន​ទីពីរ​ បន្ទាប់​ពី​ឧស្ម័នកាបូនិក ដែល​បញ្ចេញ​ដោយ​ស្នាដៃ​មនុស្ស និង​ដែល​មាន​ចំណែក​២០%​ ក្នុង​ការ​ដំឡើង​សីតុណ្ហភាព​នៃ​ភពផែនដី។ បើ​តាមការ​សិក្សា​​បាន​បង្ហាញ​ថា មនុស្ស​ជា​អ្នក​ទទួល​ខុស​ត្រូវ​បញ្ចេញឧស្ម័ន​មេតាន ​ដល់​ទៅ​ ៦០%​ ក្នុង​នោះ ៣៦%​ ជាស្នាដៃ​ធ្វើ​កសិកម្ម​ ​(ការ​ចិញ្ចឹម​​សត្វ​​ គោ ក្របី ដែល​បញ្ចេញ​ផោម​- ការធ្វើ​ស្រែ​) និង​សម្រាម។

ក្រុមអ្នក​ស្រាវជ្រាវ​ទាំង​៨០​រូប​មក​ពី​១៥​ប្រទេស​ ដែលជា​អ្នក​ចេញ​ផ្សាយ​របាយការណ៍​នៅ​ថ្ងៃ នេះ ជឿជាក់​ខ្លាំង​លើ​សម្មតិកម្ម​ខាង​លើ​ ព្រោះ​ថា​បើ​តាម​តួលេខ​របស់​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​ពិភពលោក ក៏​បាន​បង្ហាញ​អំពី​កំណើន​នៃ​ការ​ចិញ្ចឹម​សត្វ​ ពី​១៣០០​លាន​ក្បាល​នៅ​ឆ្នាំ​១៩៩៤ ទៅ ១៥០០​លាន​ក្បាល​នៅឆ្នាំ​២០១៤។​

តែ​ការ​ធ្វើ​អាជីវកម្ម​ថាមពល​ធ្យូងថ្ម បូមប្រេង -ឧស្ម័ន​ និង​ការ​ប្រើប្រាស់​ឧស្ម័ន​ហ្កាស ព្រមទាំង​ការ​លេច​ធ្លាយដែល​នាំ​ឱ្យ​មាន​ការ​ភាយ​ចេញ​ឧស្ម័ន​មេតាន ក៏​មាន​ចំណែក​ប្រមាណ​២១% នៃ​កំណើន​ឧស្ម័ន​មេតាន​នៅ​ក្នុង​បរិយាកាសដែរ។

នៅ​អំឡុង​ទសវត្ស​ឆ្នាំ​២០០០ បរិមាណមេតាន​ក្នុង​បរិយាកាស​ឡើង​ខ្លាំង ដោយ​ពេល​នោះ​ចិន​បាន​ធ្វើផលិតកម្ម​ធ្យូងថ្ម ក្នុង​ទ្រង់ទ្រាយ​ធំ ឯ​អាមេរិក​វិញ ក៏​ធ្វើ​អាជីវកម្ម​បូមឧស្ម័ន​ចេញ​ពីក្នុង​ដី​ក៏​ខ្លាំង​​ដែរ។ តែ​ការ​ស្ទុះ​ឡើង​ខ្លាំង​ នៅ​រវាង​​ឆ្នាំ​២០១៤ និង​២០១៥​នេះ អ្នក​ជំនាញ​ពុំ​ទាន់​អាច​ពន្យល់​បាន​ឡើយ។ បើ​ត្រឹម​តែ​ពីរ​ឆ្នាំ​រួច​ចប់ នោះ​អាច​ថា​ជាកត្តាធម្មជាតិ តែ​បើបន្តុំ​ឧស្ម័ន​មេតាន​នៅ​តែ​បន្ត​ខ្ពស់​ និង​កើន​ឡើង​ខ្លាំង​ដដែល បី បួន​ឆ្នាំ​ជាប់ៗ ទើប​មាន​ន័យថា​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មនុស្ស។

ចាប់​មេតាន​មក​ប្រើ​ជា​ចំហេះ

គេ​អាចបញ្ចេញ​សកម្មភាព តាំង​ពី​ពេល​នេះ​ បាន​ភ្លាម ដោយ​​កាត់បន្ថយឬ​ ចាប់​យក​មេតាន​មក​ប្រើ​បា្រស់ ដូច​ជា​បង្កើត​ប្រដាប់​ប្រមូល​មេតាន​ មក​ធ្វើ​គ្រឿង​ចំហេះ នៅ​តាមកសិដ្ឋាន​ចិញ្ចឹមសត្វ ប្តូរ​​​បច្ចេកទេស​នៃ​ការ​ដាំដុះ​ ធ្វើ​ស្រែ ដែល​បញ្ចេញ​មេតាន​តិច ដូច​ជា​ត្រូវ​ធ្វើ​ស្រែ​ស្រទន់ ឆាប់​​បង្ហូរ​ទឹក​ចេញ​ពីស្រែ។ បច្ចេកទេស​នេះ​ត្រូវ​បាន​ប្រើ​នៅ​ចិន ឃើញ​ថា​កាត់​បន្ថយ​ការ​បញ្ចេញ​មេតាន​បាន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។  កាត់​បន្ថយ​បរិមាណ​មេតាន​មានលក្ខណៈ​ងាយស្រួល​ជាង​ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក។

ចំពោះ​ធ្យូងថ្មវិញដែល​ជារងការ​រិះគន់​យ៉ាង​ខ្លាំង ថា​ជា​អ្នក​បំពុល​បរិស្ថាន ព្រោះ​បាន​បញ្ចេញ​ឧស្ម័ន​កាបូនិក និង​មេតាន គេ​បាន​ដឹង​យ៉ាង​ប្រាកដ​ថា តម្រូវការពិភពលោក​អាច​ទុច​បន្តិច​ តែធ្យូងថ្ម​​នៅ​តែ​ជា​ថាមពល​ដ៏​ចាំ​បាច់ ជា​ពិសេស​នៅ​អាស៊ី ដូច្នេះ​គេ​ក៏​ចាំ​បាច់​ត្រូវ​គិត​គូរ​រក​ធ្វើ​ការ​អភិវឌ្ឍន៍​ រក​បច្ចេកវិទ្យា​ដែល​អាចជួយ​ចម្រាញ់​ថាមពលធ្យូងថ្ម​ឱ្យ​​លែងសូវ​​បំពុ​ល​បរិស្ថាន ដោយ​បង្កើត​ជា​ប្រព័ន្ធ​ព័ទ្ធ​ចាំ​ និង​ស្តុក​ឧស្ម័ន​កាបូនិក​។ លើក​ទឹក​ចិត្ត​ឱ្យ​មានការ​ស្រាវជ្រាវ​ថ្មី បង្កើត​ទាំង​ការងារ ប្រយោជន៍​ទាំង​បរិស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI