RSF-បារាំង

RSF៖​ចំនួន​អ្នកកាសែត​ជាប់ឃុំ​ក្នុង​លោក​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ ២០១៦

លោក Christophe Deloire អគ្គលេខាធិការ​នៃ​អង្គការ Reporters sans frontières (RSF)
លោក Christophe Deloire អគ្គលេខាធិការ​នៃ​អង្គការ Reporters sans frontières (RSF) RFI

នៅ​ថ្ងៃ​អង្គារ ទី១៣ ធ្នូ​នេះ អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន (Reporters sans frontières) បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៦ ស្តីពី​ស្ថានភាព​អ្នកកាសែត​ក្នុង​លោក។ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​អ្នកកាសែត​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ក្នុង​ឆ្នាំ ២០១៦ មាន​ការ​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ ២០១៥។ តួកគី​ត្រូវ​បាន​អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន​ចាត់​ទុក​ជា​ប្រទេស​ដែល​មាន​ការ​ចាប់​អ្នកកាសែត​ដាក់​គុក​ច្រើន​ជាង​គេ។

ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​នេះ មាន​អ្នកកាសែត​សរុប រួម​ទាំង​អ្នក​សរសេរ​ក្នុង​ប្លុក​ចំនួន ៣៤៨នាក់​កំពុង​ជាប់ឃុំឃាំង​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ពិភពលោក ពោល​មាន​ការ​កើន​ឡើង​ចំនួន ៦% បើ​ធៀប​នឹង​ឆ្នាំ ២០១៥ ក្នុង​រយៈពេល​ដូច​គ្នា។ តែ​បើ​គិត​តែ​អ្នក​កាសែត​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​វិញ ចំនួន​អ្នក​ជាប់​ឃុំឃាំង​បាន​កើន​រហូត​ដល់​ទៅ ២២% នេះ​ជា​ការ​បញ្ជាក់​របស់​អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០១៦ របស់​ខ្លួន។ ចំនួន​ស្រ្តីអ្នកកាសែត​ជាប់​ឃុំ​ក្នុង​ឆ្នាំ ២០១៦ មាន​ការ​កើន​ឡើង ៤ដង​ធៀប​នឹង​ឆ្នាំ ២០១៥ ពោល​ពី ៥នាក់​ទៅ ២១នាក់។

តាម​របាយការណ៍ តួកគី​ជា​ប្រទេស​ដែល​បាន​ចាប់​អ្នកកាសែត​ដាក់​គុក​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៦ ពិសេស​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​ក្នុង​ខែ​កក្កដា។ ក្រៅ​ពី​ប្រទេស​តួកគី ចិន អ៊ីរ៉ង់ និង​អេហ្ស៊ីប​បូក​បញ្ចូល​គ្នា​បាន​ស្រូប​យក ២ភាគ៣ នៃ​ចំនួន​អ្នកកាសែត​សរុប​ទាំង ៣៤៨នាក់​ក្នុង​លោក​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។ គឺ​នៅ​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ​បាន​ជា​អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន​បាន​ឆ្លៀត​ឱកាស​ទាមទារ​ឲ្យ​បង្កើត​ប្រេសិតពិសេស​មួយ​នៅ​អង្គការ​សហប្រជាជាតិ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​អ្នកកាសែត។

ដោយឡែក របាយការណ៍​ឆ្នាំ ២០១៦ របស់​អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន​បាន​កត់​សម្គាល់​ឃើញ​ថា ចំនួន​អ្នកកាសែត​ជាប់​ជា​ចំណាប់ខ្មាំង​ក្នុង​ឆ្នាំ ២០១៦ មាន​ការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ ២០១៥ ពោល​ពី ៦១នាក់​មក​នៅ​ត្រឹម ៥២នាក់។ ឆ្នាំ ២០១៦ នេះ ចំនួន​អ្នកកាសែត​ជាប់​ជា​ចំណាប់ខ្មាំង​មាន​តែ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ពិសេស​នៅ​ស៊ីរី យេម៉ែន និង​នៅ​អ៊ីរ៉ាក់។ នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ មាន​អ្នកកាសែត​ចំនួន ២១នាក់​កំពុង​ស្ថិត​ក្នុង​ដៃ​អង្គការ​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI