ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី ៖ ក្រោយ​ប្រើ​ធម៌​ក្តៅ រុស្ស៊ី​ស្នើ​ដំណោះស្រាយចរចា​នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រតិបត្តិការ​ជម្លៀស​ជនស៊ីវិល​ស៊ីរី បាន​និង​កំពុង​ចាប់​ផ្តើម​ តាំង​ពី ល្ងាច​ថ្ងៃព្រហស្បតិ៍​ និង​បន្ត​រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ​ទៀត។ ប្រធានាធិបតី​ស៊ីរី លោក បាស្ហារ អាល់ អាសាដ ក៏​បាន​ប្រកាស​ និង​ធ្វើ​ពិធី​អបអរ​ការ​ដណ្តើម​បាន​ជោគជ័យ​នៅ ក្រុង​អាឡិប​ ពី​កណ្តាប់​ពួក​ឧទ្ទាម​។ ក្នុង​ពេល​ទន្ទឹម​គ្នា​នោះ សកម្មភាព​​ការទូត​ ក៏​កាន់​តែ​ប្រញឹក។ សហភាព​អឺរ៉ុប និង​ប្រធានាធិបតី​បារាំង បាន​ស្នើ​សុំ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ចេញ​សេចក្តីថ្លែងការណ៍​មនុស្សធម៌​នៅ​ស៊ីរី។ ចំណែក​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ប្រកាស​ថា ដំណាក់កាល​ជា​បន្ទាប់​ គឺ​នឹង​មាន​បទ​ឈប់​បាញ់​ទៅ​ទូទាំង​ប្រទេស​ស៊ីរី​តែ​ម្តង។

ឡាន​ចាំដឹក​ជម្លៀស​ជនស៊ីវិល​នៅ​ក្រុង​អាឡិបខាងកើត
ឡាន​ចាំដឹក​ជម្លៀស​ជនស៊ីវិល​នៅ​ក្រុង​អាឡិបខាងកើត REUTERS/Abdalrhman Ismail
ផ្សាយពាណិជ្ជកម្ម

មាន​ជនស៊ីវិល​ ប្រមាណ​ជិត​៨ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ទៅ​ដល់​កន្លែង​មាន​សុវត្ថិភាព ! នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​ទទួល​ខុស​ត្រូវ​តួកគី ព្រឹក​មិញ។ ចំណែក​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី វិញ​បាន​លើក​ឡើង​ថា​មាន​ជនស៊ីវិល​ប្រមាណ​៦៤០០​នាក់ ត្រូវ​បាន​ជម្លៀស​នៅ​រវាង​២៤​ម៉ោង​ចុងក្រោយនេះ ក្នុង​នោះ ៣ពាន់​នាក់​ពួកឧទ្ទាម។

ប៉ុន្តែនៅ​ព្រឹកមិញ បើ​តាមអ្នក​ទទួល​ខុស​ត្រូវ​ស៊ីរី ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ប្រតិបត្តិការ​នេះ​បាន​បញ្ជាក់​ថា ការ​ជម្លៀស​ជនស៊ីវិល ត្រូវ​ផ្អាក​ ដោយ​មាន​ការ​រារាំង​ ពី​សំណាក់​ក្រុមបាតុករ​ដែល​ចង់​ឱ្យ​មាន​ការ​ជម្លៀស​សង្កាត់​ឈីអ៊ីត​។ អ្នក​យក​ព័ត៌មាន​របស់​ភ្នាក់ងារ​Reuters ​បាន​សម្គាល់​ឃើញ​ថា​មាន​បាតុកម្ម​មែន។ ជាង​នេះ​ទៅ​ទៀត ក្រុម​អង្គការ​មនុស្ស​ធម៌ ដូច​ជា​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន កាកបាទ​ក្រហម ក៏​បាន​ទទួល​បញ្ជា​ឱ្យ​ចេញ​ពី​ក្រុង​អាឡិប​ខាងកើត​ដែរ។ សួរ​ថា​បញ្ជា​មក​ពីណា ?! គ្មាន​នរណា​ដឹង​ទេ មាន​តែ​ការ​ស្មានថា​ជា​បញ្ជា​របស់​រុស្ស៊ី។

បារាំង​ស្នើអនុម័ត​សេចក្តី​សម្រេច​មនុស្សធម៌

ម្សិលមិញ​សហភាព​អឺរ៉ុប​បាន​បើក​ជំនួប​ប្រជុំ​ចុងក្រោយ​របស់​ខ្លួន ប្រចាំ​ឆ្នាំ​២០១៦ ដោយ​ឧទ្ទិស​ខ្លាំង​ដល់​ស្ថានការណ៍​នៅ​ក្រុង​អាឡិប។ សហភាព​អឺរ៉ុប​ចង់​ដាក់​សម្ពាធ​លើ​រុស្ស៊ី ប៉ុន្តែ​ដូច​រចនា​ដឹង​ស្រាប់​ហើយ​ សម្ពាធនោះ​គ្មាន​ប្រសិទ្ធិភាព​ទេ។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ទទួល​ស្គាល់​ដោយ​ផ្ទាល់​ដែរ នៅ​យប់​មិញ​។ អញ្ចឹង​ហើយ​បាន​ជា​លើក​នេះ អឺរ៉ុប​ មិន​សម្រេច​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ទៀត​ទេ។ លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ យល់​ថា មិន​មែន​ទាន់​ដល់​ពេលវេលា​ ចាំ​មើល​ពីរ​បី​សប្តាហ៍​ទៀត ក្រែង​មាន​អំពើ​រំលោភសិទ្ធិមនុស្ស​ខ្លាំង​ជាមូល​ដ្ឋាន ចាំ​ពិចារណា​ឡើងវិញ។

សម្រាប់​ថ្ងៃ​នេះ លោក​ប្រធានាធិបតី​បារាំង​បាន​ស្នើឱ្យ​មាន​ការ​អនុម័ត​សេចក្តីសម្រេច​មនុស្សធម៌នៅ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ប្រជាជាតិ​។ គម្រោង​ច្បាប់​ដែលការពារ​ជន​ស៊ីវិល​ និងផ្តល់​សិទ្ធិ​ដល់​ការឃ្លាំ​មើល​ពី​សំណាក់​អ្នក​សង្កេតការណ៍​អន្តរជាតិ។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​នឹង​ត្រូវ​បើក​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​តែ​ម្តង។

លោកប្រធានាធិបតី​បារាំង​ដឹង​ច្បាស់​ណាស់​ថា​រុស្ស៊ី​ចូលចិត្ត​ប្រើ​សិទ្ធិ​វេតូ លើ​រាល់​សេចក្តី​សម្រេច​នយោបាយ ប៉ុន្តែ​សម្រាប់​លើក​នេះ លោក​ជឿជាក់​លើ​លោក​ពូទីន ! ជឿ​ថា​ រុស្ស៊ី​មិន​ប្រើ​សិទ្ធ​វេតូ​ប្រឆាំង​នឹង​​សេចក្តីសម្រេច​ដែលមាន​លក្ខណៈ​មនុស្សធម៌​ទេ ព្រោះ​វា​គ្មាន​ប្រយោជន៍​​សោះ ចម្បាំង​សឹង​ថា​ចប់ ខ្លឹមសារ​នៃ​សេចក្តី​សម្រេចចិត្ត​អង្គការ​សហប្រជាជាតិ​ផ្តោត​តែ​លើ​ការ​ជួយ​សង្គ្រោះ​ជនស៊ីវិល និងការ​ផ្តល់​​ជំនួយ​មនុស្សធម៌។ រឿ​ងអី​ហេតុអី​ត្រូវ​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង។

ក្រោយ​ប្រើ​កម្លាំងបាយ រុស្ស៊ី​ផ្តួចផ្តើម​ចរចាសន្តិភាព

​បន្ទាប់​ពី​បានបើក​ប្រតិបត្តិការ​យោធា​យ៉ាង​សន្ធាប់​រហូត​បាន​ជោគជ័យ​នៅ​ក្រុង​អាឡិប ដល់​ពេល​ដែល​រុស្ស៊ី​​អង្អែល​ម្តង ដោយងាកមកស្នើ​​​​​​ដំណោះស្រាយ​នយោបាយ ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ស៊ីរី។ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ពី​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន និង​បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតីតួកគី លោក​ពូទីន​បាន​អះអាង​ថា រុស្ស៊ី​នឹង​បើកការ​ចរចា​ដើម្បី​សម្រេច​បាន​បទ​ឈប់​បាញ់​មួយ​ទូទាំង​ប្រទេស​។ ដំណើរ​ការ​​ចរចានេះ គឺ​ការ​បំពេញ​បន្ថែម​ពី​លើ​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ចង់​​​សម្រេចឱ្យ​បាន​កាលពី​​នៅ​ទីក្រុង​ហ្សឺណែវ។ និយាយ​ឱ្យ​ចំ​ គឺ​រុស្ស៊ី​ចង់​សំដៅ​លើ​ការ​ចាប់​ផ្តើម​​ចរចា​សន្តិភាព​ឱ្យ​ស៊ីរី ដោយ​ស្នើ​ឱ្យ​មាន​ការ​រៀប​ចំ​ជំនួប​ប្រជុំ​នៅ​ប្រទេស​កាហ្សាក់ស្ថាន។

រដ្ឋាភិបាល​លោក បាស្ហារ អាល់​អាសាដ ពេល​នេះ​បាន​ស្គាល់​ជោគជ័យ ព្រោះ​បាន​រំដោះ​ ក្រុង​អាឡិប ក្រុង​ធំ​ទីពីររបស់​ប្រទេស​បាន​ពី​កណ្តាប់​ដៃ​ពួក​ឧទ្ទាម​ប្រឆាំង តែ​រដ្ឋាភិបាលនេះ​មាន​សំណាង​តិច​តួច​ណាស់​នឹង​សម្រេច​កម្មវត្ថុ​រំដោះ​ទឹកដី​ទាំង​មូល​ពី​កណ្តាប់​ដៃ​ពួក​ឧទ្ទាម ពួក​ប្រដាប់​អាវុធ​បរទេស (គួដឌីស្ថាន​-តួកគី) អង្គការ​រដ្ឋ​អ៊ីស្លាម និង​ក្រុមយុទ្ធជន​ប្រឆាំងស៊ីរី​ជា​ច្រើន​ទៀត។​​ ​​ជោគវាសនា​អនាគត​របស់​ប្រធានាធិបតី​រូប​នេះ ស្ថិត​នៅ​ក្រោម​កណ្តាប់​ដៃ​រុស្សី​និង​អ៊ីរ៉ង់ ជា​អាណាព្យាបាល​ទាំងស្រុង។ ហើយ​ប្រទេសពីរ​​នេះ​ ដែល​បាន​ចំណាយ​ច្រើន​ណាស់​​ទម្រាំ​យក​ជ័យ​ជំនះ​លើ​ក្រុង​អាឡិប​បាន​ ត្រូវ​តែ​ទារ​សំណង​​យក​ប្រយោជន៍​នយោបាយ និង​ការ​ទូត​ឱ្យ​ប្រទេស​យ៉ាង​ដូច្នេះ​ឯង។ លោកពូទីន ត្រូវ​តែធ្វើ​ជា​មេ​គំនិត​ ផ្តើម​រក​ដំណោះស្រាយ​សន្តិភាព​តាម​ផ្លូវ​នយោបាយម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត