ភេរវកម្មប៊ែរឡាំង ៖ អាល្លឺម៉ង់តាមប្រមាញ់ភេរវជន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការរដ្ឋអ៊ីស្លាម ប្រកាសទទួលស្គាល់ ភេរវកម្មបើកឡានកាមីញ៉ុងកិនមនុស្សស្លាប់១២នាក់ របួស៤៨នាក់ នៅផ្សារណូអែល ក្រុងប៊ែរឡាំង ថាជាស្នាដៃប្រតិបត្តិរបស់ទាហានកាលីហ្វា។ ប៉ុន្តែតើទាហាននោះជានរណា ? គ្មានចម្លើយនៅឡើយទេ តែជននេះកំពុងតែមានសេរីភាព ! ជនប៉ាគីស្ថានចាប់បានកាលពីម្សិលត្រូវដោះលែងវិញ ដោយគ្មានភស្តុតាងគ្រប់គ្រាន់។ ប៉ូលិសអាល្លឺម៉ង់ ថ្ងៃនេះ បានចាប់ផ្តើមយុទ្ធនាការតាមចាប់ភេរវជនបើកឡានកាមីញ៉ុង ដែលជាជនដ៏គ្រោះថ្នាក់ អាចបញ្ចេញសកម្មភាពជាថ្មី និង មានអាវុធនឹងដៃទៀត។
“ទាហានអង្គការរដ្ឋអ៊ីស្លាម បានធ្វើប្រតិបត្តិការនៅប៊ែរឡាំង ស្របតាមការអំពាវនាវរបស់អង្គការ ឱ្យវាយប្រហារក្រុមប្រទេសក្នុងសម្ព័ន្ធអន្តរជាតិ” ! នេះសាររបស់អង្គការភេរវនិយមរដ្ឋអ៊ីស្លាម ។ អង្គការដែលទំនងជាបានទាក់ទងជួបជនដៃដល់ ឬបានទទួលខ្សែវីដេអូ ឬបានទទួលការសុំភ្ជាប់ខ្លួនជាសមាជិករដ្ឋអ៊ីស្លាម ទើបហ៊ានចេញមុខអះអាងយ៉ាងដូច្នេះ។
ប៉ុន្តែ ជនដែលអង្គការរដ្ឋអ៊ីស្លាមរាប់ថាជាកូនទាហានរបស់ខ្លួន កំពុងតែរត់គេចខ្លួន នៅឡើយទេ ! មេប៉ូលិសអាល្លឺម៉ង់បានទទួលស្គាល់ថា ជននេះ ជាមនុស្សឧក្រិដ្ឋដ៏គ្រោះថ្នាក់ និងកំពុងធ្វើឱ្យពលរដ្ឋអាល្លឺម៉ង់ព្រួយបារម្ភយ៉ាងខ្លាំង។ តែអាជ្ញាធរអាល្លឺម៉ង់ ជឿជាក់ថានឹងអាចស្វែងរកឃើញនិងចាប់បានភេរវជននេះ ក្នុងពេលឆាប់ៗ ព្រោះប៉ូលិសមានកំណត់សញ្ញាច្រើន ដូចជាភិនភាគផ្តល់ដោយសាក្សី ឬក៏ដានADN ជាដើម។ល។
ដោយហេតុថាភេរវជននៅមានសេរីភាពនៅឡើយ មានអាវុធក្នុងដៃ ហើយអាចបញ្ចេញសកម្មភាពវាយប្រហារជាថ្មី អាជ្ញាធរប៊ែរឡាំង បានស្នើសុំឱ្យពលរដ្ឋទាំងអស់ធ្វើការប្រុងប្រយ័ត្ន។ សន្តិសុខត្រូវបានពង្រឹងនៅពេញក្រុង ដោយមានវត្តមានប៉ូលិសប្រដាប់អាវុធ នៅតាមទីសាធារណៈ ទីផ្សារណូអែល។
សូមបញ្ជាក់ថា បើតាមជាតុល្យការបណ្តោះអាសន្ន ភេរវកម្មបើកឡានកាមីញ៉ុងកិនមនុស្សក្នុងផ្សារណូអែល កាលពីថ្ងៃចន្ទ បានផ្តាច់ជីវិតមនុស្ស១២នាក់ និង៤៨នាក់រងរបួស ក្នុងនោះ ១៨នាក់ធ្ងន់ធ្ងរខ្លាំង។ ក្នុងយប់ដដែលនោះ ប៉ូលិសអាល្លឺម៉ង់ ចាប់ខ្លួនបានជនសង្ស័យជាតិប៉ាគីស្ថាន អាយុ២៣ឆ្នាំ ជាអ្នកសុំសិទ្ធិជ្រកកោន នៅជិតកន្លែងកើតហេតុ ប៉ុន្តែទើបត្រូវដោះលែងវិញ ព្រោះប៉ូលិសវិទ្យាសាស្ត្រមិនអាចរកភស្តុតាង ឬដានអ្វីភ្ជាប់ជននោះនិងវត្តមានឡានឡើយ។ ការអង្កេតបឋមក៏បានបង្ហាញទៀតថា អ្នកបើកបរឡានកាមីញ៉ុង ជាម្ចាស់ដើម ជាតិប៉ូឡូញ ត្រូវបានភេរវជនបាញ់សម្លាប់ក្រោយហេតុការណ៍ភេរវកម្មប៉ុណ្ណោះ ដោយមានការប្រវាយប្រតប់គ្នា ដើម្បីរារាំងភេរវកម្មក៏មិនដឹង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ