បារាំង ប្រារព្ធបុណ្យណូអែល ក្រោមការការពារសន្តិសុខតឺងតែង
ការគំរាមកំហែងភេរវកម្មនៅតែមានកំរិតខ្ពស់ខ្លាំងក្នុងប្រទេសបារាំង ! អាជ្ញាធរបានពង្រឹងសន្តិសុខ នៅតាមគ្រប់ទីកន្លែងដែលមានការជួបជុំគ្នាច្រើន នៅតាមស្ថានីយ៍រថភ្លើង វិហារសាសនា ... មួយសប្តាហ៍ក្រោយភេរវកម្មជីហាតនៅប៊ែរឡាំង បារាំងត្រូវប្រារព្ធបុណ្យណូអែល ដោយមានការការពារសន្តិសុខខ្ពស់ ដើម្បីឱ្យប្រជាពលរដ្ឋរីករាយអបអរពិធីបុណ្យចុងឆ្នាំដោយចិត្តស្ងប់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប៉ូលិស នគរបាល ទាហាន ស្ថិតក្រោមបង្គាប់រដ្ឋាភិបាល ជាង ៩១០០០នាក់ ត្រូវបានដាក់ពង្រាយពេញផ្ទៃប្រទេសបារាំង ដើម្បីពង្រឹងសន្តិសុខនាឱកាសបុណ្យណូអែលជាប្រពៃណី។ សម្រាប់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការគំរាមកំហែងភេរវកម្មខ្ពស់ ការការពារក៏ត្រូវតែខ្លាំង។
ការពង្រឹងសន្តិសុខមានកាន់តែខ្លាំងបន្ថែមទៀត នៅតាមវិហារកាតូលិក និងកន្លែងបារព្វពិធីសាសនាផ្សេងៗ។ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំថ្មី និងវាយតម្លៃកំរិតសន្តិសុខជាជំនួយដល់ប៉ូលិសប្រចាំខេត្តក្រុងនីមួយៗ។ ជាសរុប មានវិហារកាតូលិកជាង២៤០០កន្លែងត្រូវបានទទួលការពារនៅយប់ថ្ងៃសៅរ៍ ថ្ងៃបុណ្យកំណើតព្រះយ៉េស៊ូ ដែលមានពលរដ្ឋមកសូត្រធម៌ក្នុងពេលកណ្តាលអាធ្រាត្រ។
សរសរស៊ីម៉ង់ ទម្ងន់មួយតោនៗ ត្រូវបានយកមកដាក់បាំងផ្លូវ នៅតាមកន្លែងយុទ្ធសាស្ត្រ បន្ថែមពីលើកម្លាំងឆែកឆេរ នៅតាមទីកន្លែងជួបជុំ នៅតាមទីប្រជុំជនក្រុង។ ប៉ូលិសក្នុងឯកសណ្ឋាន ឬជាស៊ីវិលប្រដាប់អាវុធ ដើរល្បាតតាមស្ថានីយ៍រថភ្លើង និងក្នុងរថភ្លើង ព្រោះឱកាសនេះ មានពលរដ្ឋធ្វើដំណើរទៅមកច្រើន។
វិធានការការពារសន្តិសុខឆ្នាំមានទម្រង់ធំខ្លាំងពិសេស មិនធ្លាប់មានទេ ! តំណាងមេប៉ូលិសបារាំងយល់ថា ឱកាសណូអែល បុណ្យអ្នកកាន់សាសនាគ្រិស្ត គឺជានិម្មត្តរូបខ្លាំងសម្រាប់ពួកជីហាតដែលចង់សាបព្រោះភ័យន្តរាយ។ ដូច្នេះបើទោះបីជាគ្មានសញ្ញាគំរាមកំហែងអ្វីជាពិសេសក៏ដោយ ក៏បារាំងត្រូវតែមានការប្រុងប្រយ័ត្នខ្លាំង។ ហានិភ័យសូន្យពិតជាគ្មានឡើយ !
បារាំងស្ថិតក្នុងភាពអាសន្ននៃការគំរាមកំហែងភេរវកម្មកំរិតខ្ពស់ តាំងពីដើមឆ្នាំ២០១៥មក។ ផែនការភេរវកម្មលើទឹកដីបារាំង ចំនួន១៧ត្រូវបានបង្ក្រាបទាន់ពេលវេលា ក្នុងអំឡុងឆ្នាំ២០១៦នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ