ពិភពលោកប្រារព្ធបុណ្យណូអែល សម្តេចប៉ាបផ្តល់ក្តីអាណិតអាសូរដល់ក្មេងទុរគត
ប៉េកាំង ញូវយ៉ក ប៉ារីស បេតេឡែម វ៉ាទីកង់ ... លោកអូបាម៉ា និងគ្រួសារប្រារព្វពិធីបុណ្យណូអែលជាលើកចុងក្រោយនៅសេតវិមាន តាណូអែល ក៏បានទៅចែកចាយកាដូរនៅប្រទេសអ៊ីរ៉ាក់ដែរ បន្ទាប់ពីបានយកឈ្នះលើពួកអង្គការរដ្ឋអ៊ីស្លាមនៅម៉ូស៊ូល ... ពិភពលោកស្ទើរតែទាំងមូល បានប្រារព្វពិធីបុណ្យណូអែល ថ្ងៃកំណើតព្រះយេស៊ូ ថ្ងៃទី ២៥ធ្នូ។ ដូចជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ជាប្រពៃណីគ្រិស្តសាសនា ពិធីសូត្រធម៌ប្រព្រឹត្តទៅនៅយប់ថ្ងៃសៅរ៍ទី២៤ ធ្នូ បន្តដោយដោយការប្រសិទ្ធិពររបស់សម្តេចប៉ាប នៅថ្ងៃនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងពិធីសូត្រធម៌កណ្តាលអាធ្រាត្រ សម្តេចប៉ាប ហ្វ្រង់ស័រ បានស្នើសុំឱ្យគ្រិស្តសាសនិកជន១២០០លាននាក់ នៅទូទាំងពិភពលោក បង្ហាញក្តីអាណិតអាសូរដល់កុមាររងគ្រោះក្នុងសង្គ្រាម ក្នុងភាពទុរគត និងដល់ជីវិតដែលគេមិនបណ្តោយឱ្យកើត។ សម្រាប់សម្តេចប៉ាប ណូអែលពេលនេះកំពុងតែឃ្លាតចាកន័យដើម និងក្លាយទៅជាចំណាប់ខ្មាំងនៃពិភពសម្ភារៈនិយម រហូតដល់ភ្លេចសេចក្តីត្រូវការរបស់ជនភៀសខ្លួន និងជនរងគ្រោះក្នុងសង្គ្រាម។
សម្តេចប៉ាបត្រូវធ្វើពិធីប្រសិទ្ធិពរទៅកាន់ក្រុងនិងពិភពលោកទាំងមូល នៅចំពោះមុខគ្រិស្តសាសនិកជនដ៏ច្រើនកកកុញ នៅទីលានព្រះវិហារសាំងព្យ៉ែរ ដែលមានការការពារយ៉ាងតឹងរ៉ឹង បណ្តាលមកពីការវាយប្រហារភេរវកម្មប្រឆាំងទីផ្សារណូអែល នៅក្រុងប៊ែរឡាំង។
ក្នុងពេលដែលអឺរ៉ុបហាក់កំពុងប្រារព្វពិធីបុណ្យណូអែល ក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ដោយហេតុមានការគំរាមកំហែងភេរវកម្ម ឯនៅអាស៊ី ឥណ្ឌា ប៉ាគីស្ថាន ចិន ... ដែលមានប្រជាជនភាគតិចកាន់សាសនាគ្រិស្តមែន ប៉ុន្តែ ណូអែលបានក្លាយជាពិធីបុណ្យ ជាឱកាសជួបជុំរីករាយរបស់ប្រជាពលរដ្ឋទូទៅ។ លើកលែងតែហ្វីលីពីន ដែលកំពុងប្រឈមនឹងគ្រោះមហន្តរាយព្យុះសង្ឃរា។
នៅតំបន់ដើមបូព៌ា នាក្រុងBethléem ក្រុងកំណើតព្រះ ពិធីបុណ្យក្នុងបានប្រព្រឹត្តទៅក្នុងទឹកចិត្តរីករាយ និងស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ ដែលគ្របដណ្តប់ទៅអំពើហិង្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ក្រុងអាឡិបរបស់ស៊ីរី ក៏អាចដាក់តាំងលម្អដើមសាប៉ាំង បន្ទាប់ពីលង់ក្នុងភ្លើងសង្គ្រាមអស់ជាងបួនឆ្នាំ។ សាសនិកជនអ៊ីរ៉ាក់នៅមូស៊ូល ទើបរំដោះបានពីកណ្តាប់ដៃពួកអង្គការរដ្ឋអ៊ីស្លាមក៏បានស្គាល់ណូអែលជាប្រពៃណីឡើងវិញ។
ចំពោះសហរដ្ឋអាមេរិកដែលតែងប្រារព្វបុណ្យណូអែលយ៉ាងហ៊ឹកហ៊ាក់ជាងគេនោះ គ្រួសារត្រកូលអូបាម៉ា បានថ្លែងសារអបអរនិងជូនពរជាចុងក្រោយ ក្នុងនាមជាប្រធានាធិបតី។ ជាសារប្រកបដោយភាពកំប្លុកកំប្លែង ប៉ុន្តែលោកអូបាម៉ា ក៏បានឆ្លៀតបង្ហាញនិងការពារសា្នដៃដឹកនាំប្រទេសរយៈពេល៨ឆ្នាំ ដោយបានអះអាងថាអាមេរិកបច្ចុប្បន្នខ្លាំងជាងអាមេរិក កាលពីឆ្នាំ២០០៨ ! អាមេរិកបានទទួលការគោរពខ្លាំងពីពិភពលោក អាមេរិកបានធ្វើខ្លួនជាមេដឹកនាំ ការពារភពផែនដីសម្រាប់ក្មេងជំនាន់ក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ