រុស្ស៊ី ៖ យន្តហោះ​យោធា​ធ្លាក់​នៅ​សមុទ្ទ​ខ្មៅ​ ស្លាប់​មនុស្ស​៩២​នាក់

យន្តហោះ Tupolev 154 របស់​រុស្ស៊ី កំពុងហោះ​លើ​មេឃ
យន្តហោះ Tupolev 154 របស់​រុស្ស៊ី កំពុងហោះ​លើ​មេឃ Wikipedia

ព្រឹកមិញ ក្រោយពី​ហោះចេញ​ពី​អាកាសយានដ្ឋាន ក្រុង Sotchi នៅ​មាត់​សមុទ្រ​ខ្មៅ ទើប​បាន​៧​នាទី យន្តហោះ​មួយ​គ្រឿង​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ដែល​តាម​តួលេខ ចុង​ក្រោយ ផ្ទុក​ដោយ​មនុស្ស​ដល់​ទៅ​៩២​នាក់ សំដៅ​ទៅ​កាន់​ប្រទេស​ស៊ីរី ស្រាប់​តែ​បាត់​ដាន​វា​ពី​កញ្ចក់​រ៉ាដា។ ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​ស្វែង​រក ចាត់ចែង​ឡើង​ជា​បន្ទាន់ គេ​ឃើញ​ស្នាម​ប្រេង និង បំណែក​ទាំងឡាយ របស់​យន្តហោះ​នោះ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីឆ្នេរ ព្រម​ទាំង​សព​អ្នក​ដំណើរ ខ្លះ​ទៅ​ផង។ គ្មាន​ទេ អ្នក​ដែល​ថា​នៅ​រស់​នោះ។ តាម​ការអះអាង​របស់​អាជ្ញាធរ​រុស្ស៊ី ការ​ធ្លាក់​នេះ អាច​បណ្តាល​មកពី មូលហេតុ​បច្ចេកទេស ឬ កំហុស​ពីឡុត។ លោក​រដ្ឋមន្ត្រី​ការពារជាតិ រាយការណ៍ ជាប់​ជានិច្ច ជូន​លោក​ប្រធានាធិបតី​ពូទីន អំពី​ដំណើរ​វិវឌ្ឍន៍​នៃ​ព្រឹត្តិការណ៍​ដ៏​ក្រៀមក្រំ​នេះ។ លោកពូទីន បាន​ផ្ទុកផ្តាក់ លោក​នាយក​រដ្ឋមន្ត្រី មេដវេដេវ ឲ្យ ដឹកនាំ​គណៈកម្មការ​អង្កេត ដើម្បី​កំណត់​ឲ្យ​បាន​ពិត មូលហេតុ​នៃ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ដោយ​បាន​សំដែង​ការរួម​មរណទុក្ខ យ៉ាង​ជ្រាលជ្រៅ ដល់​គ្រួសារ​អ្នក​ស្លាប់​ទាំងអស់។

ផ្សាយពាណិជ្ជកម្ម

តើនរណាខ្លះ ដែលបានជិះក្នុងយន្តហោះយោធារុស្ស៊ី អភ័ព្វធ្លាក់ព្រឹកមិញ ក្នុង ទឹក សមុទ្រខ្មៅ នៅមិនឆ្ងាយប៉ុន្មានពី ឆ្នេរនៃទីក្រុង Sochiប៉ែកខាងត្បូងប្រទេសរុស្ស៊ី ?

ក្នុងចំណោម​មនុស្ស​៩២នាក់ ដែល​បាន​ស្ថិត​ក្នុង​យន្តហោះនោះ ធុន Tupolev-154  គឺ មាន ក្រុម​អ្នក​បើកបរ ៨នាក់ និង ៨៤នាក់ ជា​អ្នក​ដំណើរ ដែល​ក្នុង​នោះ ៦៨នាក់ ជា​ក្រុម​អ្នក​ច្រៀង​ជា​ពួក នៃ​វង់​ភ្លេង​ក្រសួង​ការពារ​ជាតិ ហោះ​ទៅ​សំដែង​សិល្បៈ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ដើម្បី​លើក​ទឹក​ចិត្ត​ពួក​យោធា​រុស្ស៊ី ដែល បំពេញ​បេសកកម្ម​នៅ​ស៊ីរី ៩នាក់​ជា​អ្នក​យកការណ៍ របស់​កាណាល់​ទូរទស្សន៍​រដ្ឋ “ប៉ុស្ត​លេខ​១” កាណាល់​ទូរទស្សន៍ Zvezda ប្រែ​មក​ថា “ផ្កាយ” របស់​កងទ័ព និង កាណាល់​ទូរទស្សន៍​ឯកជន NTV ហើយ អភ័ព្វ​ធ្លាក់​ខ្លួន​ស្លាប់​ក្នុង​គ្រោះថ្នាក់​យន្តហោះ​នេះ ក៏ទាំង​វេជ្ជបណ្ឌិត​ដ៏​ល្បីល្បាញ​ខាង​សង្គ្រោះ​កុមារ​កំព្រា កុមារ​នៅ​តាម​តំបន់​មាន​សង្គ្រាម កុមារ​ធ្លាក់​ខ្លួន​ឈឺ​និង​របួស  លោកស្រី Elizaveta Glinka ត្រូវ​គេ​ហៅ​យ៉ាង​ខ្លី​ថា វេជ្ជបណ្ឌិត Liza ដែល​ជា​ស្ថាបនិក​នៃ​មូលនិធិ “ជំនួយ​យុត្តិធម៌” រហូត​ពេល​ថ្មីៗ បាន​ទទួល​គ្រឿង​ឥស្សរិយយស ពី​ដៃ​លោក​ប្រធានាធិបតី​ពូទីន ទៅ​ផង ក្នុង​ឋានៈ​ជា ជ័យលាភី​រង្វាន់​រដ្ឋ​រុស្ស៊ី

យន្តហោះធ្លាក់នោះ មុនដំបូង បានហោះពីព្រលាន នៅ​ជាយ​ក្រុង​ម៉ូស្គូ ហើយ​ក្រោយ​ពី​ចុះ​ចាក់​សាំង​បន្ថែម​នៅ​អាកាសយានដ្ឋាន​ក្រុង Sotchi មាត់​សមុទ្រ​ខ្មៅ នៅ​វេលាម៉ោង ៥និង៤០នាទី ក៏​បាន​បន្ត​ដំណើរ ទៅ​កាន់​ក្រុង Lattaquié ប្រទេស​ស៊ីរី ប៉ុន្តែ​រំលង​តែ​៧​នាទី​សោះ វាស្រាប់តែ បាត់​ដាន​វា​ពី​កញ្ចក់​រ៉ាដា​ ទាំង​គ្មាន​ការ​ឲ្យ​ដំណឹង​អ្វី​ណា ពី​ពីឡុត​មក ប៉ុស្តិ៍​កុងត្រូល​នៅ​លើដី។

តាមអ្នកនាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការពារជាតិ ឧត្តមសេនីយ Igor Konashenkov ប្រតិបត្តិការ ប្រទាក់ក្រឡា​គ្នា​ស្វែង​រក ធ្វើ​ដោយ​ឧទ្ធម្ភាគចក្រ​៥​គ្រឿង នាវា​៤​គ្រឿង និង​យន្តហោះ​ដ្រូន បាន​ហុច​ជា​លទ្ធផល គឺ រក​ឃើញ​សព ៧​នាក់​ទៅ​ហើយ រី​ឯ​បំណែក​ធំៗ​របស់​យន្តហោះ គឺធ្លាក់ ទៅ​នៅ​ជម្រៅ ​ពី​៨០​ទៅ ១១០ ម៉ែត្រ នៅ​ចម្ងាយ ៦ គ.ម.ពីឆ្នេរ។

ក្រសួងរុស្ស៊ីខាងស្ថានការណ៍អាសន្ន បានប្រកាសថា បញ្ជូន​ក្រុម​អ្នកមុជទឹក​ទៅ​ជម្រៅ​ជ្រៅ និង កូនកាណូត​មុជ​ទឹក ខាង​រាវ​រក​កន្លែង​ស្ថិត​នៅ​នៃ​តួ​ខ្លួន​យន្តហោះ​នៅ​បាត​សមុទ្រ។

សមត្ថកិច្ចរុស្ស៊ី បង្ហើប​ឲ្យ​ដឹង​ថា ដើម្បី​ស្រង់​យន្តហោះ​ពី​ជម្រៅ​នេះ គឺ​មិន​ជា​ការលំបាក​ទេ តាម​មើល​ទៅ ក្នុង១​សប្តាហ៍​ប៉ុណ្ណោះ ប្រតិបត្តិការ​ស្រង់​នេះ អាច​សម្រេច​បាន​ដូច​ចិត្ត។

 តើអ្វីជាមូលហេតុធំៗ​ជាគោល នៃ​មហន្តរាយ​យន្តហោះ​រុស្ស៊ីនោះ?

តាមការពន្យល់បំភ្លឺ​នៃ​អ្នក​ជំនាញ របស់​ក្រសួង​ការពារជាតិ យន្តហោះ​នោះ ដែល អាយុ ៣៣ឆ្នាំ​ហើយ បំពេញ​ការហោះហើរ​ក្នុង​១​ខែៗ ប្រមាណ​២៧ម៉ោង។ វាតែងបាន​បម្រើ យ៉ាង​កក់ក្តៅ មិន​ដែល​ខុស​ទាស់​ឡើយ ក្នុង​ការដឹកជញ្ជូន ពី​រុស្ស៊ី ទៅ​ប្រទេស​ស៊ីរី។ តាមមើលទៅ​ មូលហេតុ​ចម្បង អាច​មាន​ពីរ គឺ ទី១ បញ្ហា​បច្ចេកទេស  ទី២ កំហុស​ពីឡុត។

ប៉ុន្តែ ក្នុងសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ​ប្លែកៗ​នៃ​ក្រុង​ម៉ូស្គូ តាំងពី​ព្រឹកមិញ​មក  អ្នកបើក​យន្តហោះ​ផ្សេងៗ បាន​ធ្វើ​ការបកស្រាយ​ទៅ​តាម​ការយល់ឃើញ​របស់​គេ ។ ខ្លះថា បើ​គុណភាព​សាំង​ដែល​ចាក់​បន្ថែម​នៅ​អាកាសយានដ្ឋាន​ក្រុង Sotchi មិនធានា នោះ​វា​អាច​បណ្តាល ឲ្យ​ម៉ូទ័រ​យន្តហោះ​គាំង​ឈប់​ដើរ ម៉្លោះ​ហើយ​បាន​ជា​ពីឡុត គ្មាន​ពេល​នឹង​ឲ្យ​សញ្ញា​ទៅ​ប៉ុស្តិ៍​កុងត្រូល​លើ​ដី។ ខ្លះថា ប្រសិន​បើ​យន្តហោះ​នោះ​ស្រាប់​តែ​ផ្ទុះ​ក្នុង​អាកាស វា​ក៏​ធ្លាក់​យ៉ាង​គំហុក​ដែរ។ ទាក់ទង​នឹង​រឿង​នេះ វិទ្យុ​ខ្លះ ថែម​ទាំង​យោង ទៅលើ​សម្តី​កសិណសាក្សី នៅលើដី ដែល​ថា គេ​បាន​ឭ សូរ​ផ្ទុះ​គ្ឌាំង​យ៉ាង​ខ្លាំង​ក្នុង​ផ្ទៃ​មេឃ​ព្រឹកមិញ។ បើ​ជា​អំពើ​ភេរវកម្ម​មែន នោះ គឺ​អាច​ញ៉ាំង​ឲ្យ​គេ​នឹក​ឃើញពី ភេរវកម្ម​បាញ់​សម្លាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅ​តួកគី ទើប​៦​ថ្ងៃ​មុន​សោះ មកពី​អន្តរាគមន៍​រុស្ស៊ី នៅស៊ីរី​ជួយ​កំទេច​ពួក​ដែល​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ស៊ីរី អាសាដ ទាល់តែ រំដោះ​បាន​ភាគ​ខាង​កើត​ទាំង​មូល នៃ​ក្រុង​អាឡិប ពី​ពួក​នោះ។

ទោះយ៉ាងណាក្តី ក៏ លុះក្រោយពីស្រង់​យក​បាន​ពី​បាត​សមុទ្រ នូវ​របស់​ដែល​ហៅថា ប្រអប់ខ្មៅ របស់​យន្តហោះ ប្រអប់​ដែល​តាម​ពិត​មាន​ពណ៌​លឿងទុំ​ទេ​តើ ទើប​គេអាច​សន្និដ្ឋាន អំពី​មូលហេតុ​ពិត ដ្បិត​ថត​ជាប់​ក្នុង​ប្រអប់​នេះ គឺទាំង​ជីពចរ​ម៉ាស៊ីន​យន្តហោះ​ផ្ទាល់ ទាំង សម្តី ពួកពីឡុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI