ប្រអប់ខ្មៅមួយសែនសំខាន់ នៃយន្តហោះរុស្ស៊ីធ្លាក់ក្នុងសមុទ្រខ្មៅ ត្រូវបានរកឃើញ
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសព្រឹកមិញថា ទើបបានរកឃើញ ប្រអប់ខ្មៅ មួយដែលសំខាន់ជាងគេពីក្នុងចំណោមប្រអប់៣ របស់យន្តហោះរុស្ស៊ីធ្លាក់ក្នុងសមុទ្រខ្មៅ ហើយស្រង់មកទៅហើយ។ នេះជាលទ្ធផលនៃប្រតិបត្តិការទ្រង់ទ្រាយធំ អស់ជាង៣ថ្ងៃជាប់មកហើយ ខាងស្វែងរកបំណែកយន្តហោះយោធារុស្ស៊ី ដែលបានធ្លាក់ទៅ រំលងតែ២នាទីសោះ ក្រោយពីវាបានហោះចេញពី ក្រុង Sotchi សំដៅទៅប្រទេសស៊ីរី។ នេះ ជាសោកនាដកម្ម ផ្តាច់ជីវិតពលរដ្ឋរុស្ស៊ី អស់ដល់ទៅ ៩២នាក់ លុះទាល់តែប្រទេសរុស្ស៊ីទាំងមូល បានកាន់មរណទុក្ខ ថ្ងៃ២៥ធ្នូកន្លងទៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាមការឲ្យដឹងនៃក្រសួងការពារជាតិរុស្ស៊ី ប្រអប់ខ្មៅនោះ ត្រូវបានរកឃើញនៅ បាតសមុទ្រ ចម្ងាយ ១.៦០០ម៉ែត្រពីឆ្នេរ ក្នុងជម្រៅ១៧ម៉ែត្រ។ វាត្រូវបានដឹកមកដល់រដ្ឋធានីម៉ូស្គូទៅហើយ ដើម្បីធ្វើវិភាគអំពីអ្វីៗដែលមានថតជាប់ក្នុងប្រអប់នោះ មុនពេលយន្តហោះធ្លាក់ រួចទាញយកសេចក្តីសន្និដ្ឋាន អំពីមូលហេតុពិតនៃមហន្តរាយយន្តហោះ ធុន Tupolev-154។ តាមដែលទូរទស្សន៍រុស្ស៊ី បង្ហាញឲ្យឃើញ វាឥតរងការខូចខាតអ្វីណាទេ ពេលតួខ្លួនយន្តហោះធ្លាក់យ៉ាងគំហុក ហើយបែកខ្ចាយជាបំណែកច្រើនឥតគណនា។
បំណែកចំនួនប្រមាណ ១៦០ ក្នុងនោះធំៗ ជាងគេ គឺកន្ទុយយន្តហោះ ភាគមួយនៃតួខ្លួនយន្តហោះ ទំហំ ៤ គុណនឹង៦ម៉ែត្រ ត្រូវបានរកឃើញនៅចម្ងាយ ១.៧០០ម៉ែត្រពីឆ្នេរ ក្នុងជម្រៅ ២៧ម៉ែត្រ។ ពួកអ្នកជំនាញកត់សម្គាល់ថា នៅនឹងបំណែកទាំងនោះ និងនៅលើខ្លួនប្រាណសព ឥតមានឃើញ ស្នាមសល់ពីការផ្ទុះអ្វីណាឡើយ។
មកទល់ឥឡូវ មានរកឃើញ សពចំនួន១២ ពីក្នុងចំណោមអ្នកជិះចំនួន៩២នាក់ ក្នុងយន្តហោះ។ ជាលទ្ធផលនៃកោសលវិច័យ មានកំណត់បានអត្តសញ្ញាណ ទើបម្នាក់ប៉ុណ្ណោះ។
ប្រតិបត្តិការទ្រង់ទ្រាយធំខាងស្វែងរកនោះ ចូលរួម តាមតួលេខចុងក្រោយ គឺដោយមនុស្ស ៣.៥០០នាក់ នាវា កាណូតធំតូច សរុបទៅ ៤៥គ្រឿង យន្តហោះ១២គ្រឿង ឧទ្ធម្ភាគចក្រ ៥ គ្រឿង យន្តហោះដ្រូនមួយចំនួន ហើយរាវរកនៅតាមបាតសមុទ្រ គឺកាណូតមុជទឹក ១៥គ្រឿង និង អ្នកដែលមានឯកទេសកម្មខាងមុជទៅជម្រៅជ្រៅ ១៩៤នាក់។ ផ្ទៃទឹកប្រតិបត្តិការនោះ បែងចែកជា១៥ក្រឡា ដែលគេសហការគ្នាស្វែងរក។ ប្រតិបត្តិការនោះ បំពេញទាំងយប់ទាំងថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង ចែកជា៣វេន មួយវេនៗ ៨ម៉ោង។
គួរនិយាយថា សម្រាប់គ្រួសារអ្នកស្លាប់ម្នាក់ៗ ក្រសួងការពារជាតិរុស្ស៊ី បានសន្យាបង់ឲ្យគេ ប្រាក់ជំនួយ ក្នុងទំហំ ៥លាន៨សែនរូប្ល ឬ ៩ម៉ឺន៣ពាន់៥០០ដុល្លារស.រ.អា.។ រដ្ឋាភិបាល ក្រុង ម៉ូស្គូ ក៏សន្យាបង់ឲ្យសម្រាប់គ្រួសារសពម្នាក់ៗ គឺ១លានរូប្ល ឬ ជាង១ម៉ឺន៦០០០ដុល្លារទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ