ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រំលឹក​ព្រឹត្តិការណ៍​​អឺរ៉ុប​ក្នុងឆ្នាំ​២០១៦

សំឡេង ០៤:១៤
វិថី​ដ៏​ល្អ​ប្រណិត​របស់​ប៉ារីស ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ២០១៦
វិថី​ដ៏​ល្អ​ប្រណិត​របស់​ប៉ារីស ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ២០១៦ © Reuters

ពិភពលោក​កំពុង​ត្រៀម​រៀប​ចំ​ បិទ​បញ្ចប់​ឆ្នាំចាស់​២០១៦ ឆ្លង​ចូល​ឆ្នាំ​ថ្មី ក្នុង​ក្តី​សង្ឃឹម​ថ្មី ! នា​​ឱកាសនេះ យើង​សូម​ធ្វើ​ការ​​រំលឹក​ឡើង​វិញ នូវ​រាល់​ព្រឹត្តិការណ៍​សំខាន់ៗដែល​បាន​កើតឡើង​រយៈ​១២​ខែ​កន្លង​ទៅ​​​ នៅ​​ប្រទេស​បារាំង និងនៅ​អឺរ៉ុប... 

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ឆ្នាំ​២០១៥ ដ៏​ក្រៀម​ក្រំ ចាប់​ផ្តើម​​ដោយ​ភេរវកម្ម​កណ្តាល​ក្រុង​ប៉ារីស ប្រឆាំង​នឹង​ទស្សនាវដ្តី​charlie Hebdo និង​បិទ​បញ្ចប់​ដោយ​​ភេរវកម្ម​បាញ់​រះថ្ងៃទី ១៣​ខែ​វិច្ឆិកា ​កណ្តាល​ក្រុង​ប៉ារីស ​​គ្រប់គ្នា​សំលឹង​រង់ចាំ​ដោយ​ទន្ទឹង​ឆ្នាំ​ថ្មី​ឆ្នាំ២០១៦។ ប៉ុន្តែ​ឆ្នាំ​២០១៦​នេះ ក៏​មិន​ប្រសើរ​ប៉ុន្មានឡើយ !  មាន​ភេរវកម្ម​មួយ​ហើយ​មួយ​ទៀត ៖ ភេរវកម្មក្រុង​នីស ប្រទេស​បារាំង ក្នុង​ថ្ងៃ​បុណ្យ​ជាតិ ទី ១៤ កក្កដា អាល្លឺម៉ង់ ប្រទេស​ដែល​គេមាន​ជំនឿ​ខ្លាំង​លើ​ផ្នែក​សន្តិសុខ​ក៏​បាន​រង​​ភេរវកម្មយ៉ាង​ដំណំ​ ​នៅ​ប៊ែរឡាំង ក្នុង​ផ្សារ​ណូអែល តែ​ប៉ុន្មាន​ថ្ងៃ​មុន​បុណ្យ​ណូអែល និង​ដំណាច់​ឆ្នាំ​ជា​ប្រពៃណី​... ការ​គំរាម​កំហែង​ភេរវកម្ម​នៅ​តែ​ខ្ពស់ខ្លាំង នៅ​អឺរ៉ុប ជាពិសេស​ នៅ​បារាំង ដោយ​ត្រូវដាក់​ប្រទេស​ក្នុង​ភាព​​អាសន្នពេញ​មួយ​ឆ្នាំ២០១៦​ និង​បង្អូស​ដល់​ឆ្នាំ​២០១៧​ទៀត។

លើ​ផ្នែក​នយោបាយ លោក​ហ្វ្រង់ស័រ​ហូឡង់ បាន​ក្លាយ​ជា​ប្រធានាធិបតី​បារាំង​ដំបូង​គេ​បង្អស់ ដែល​បដិសេធ មិន​ឈរ​ឈ្មោះ​ជា​ថ្មី បើ​ទោះ​បី​ជា​មាន​សិទ្ធិ​ជា​ស្វ័យប្រវត្តិ​ក៏​ដោយ​។ នេះ​ក៏​ព្រោះ​តែ​លោក​យល់​ថា លោក​មិន​អាច​គោរព​បាន​យ៉ាង​ពេញ​លេញ និង​ទាន់​វេលានូវ​រាល់​កិច្ចសន្យា​​ជាប្រធានាធិបតី។ ហេតុការណ៍​នយោបាយ​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៀតក្នុង​នយោបាយ​បារាំង គឺ​អតីត​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី បាន​ចាញ់​ឆ្នោត​តាំង​ពី​នៅ​ជុំ​ទីមួយ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​​របស់​បក្ស​ស្តាំ​និយម តែ​គឺ​លោក​ហ្វ្រង់ស័រ​ ហ្វីយ៉ុង អតីត​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ឈ្នះ​និង​ជា​អ្នក​ទៅ​ប្រកួត​ប្រជែង ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៧។

​​នៅ​អាល្លឺម៉ង់ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ មែរកិល ដែល​បាន​ស្គាល់​អប្រជាប្រិយភាព​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន នៅស្ទើរ​ពេញ​មួយ​​ឆ្នាំ​២០១៦ រហូត​បាន​ធ្វើ​ឱ្យ​បក្ស​ចាញ់​ឆ្នោត​ជា​បន្ត​បន្ទាប់​ក្នុង​សម័យ​បោះឆ្នោត​តំបន់​ ដោយ​សារ​តែ​នយោបាយ​ចិត្ត​ល្អ​ទទួល​អន្តោប្រវេសន៍ អាច​តាំង​ជំហរ​ជាប់​និង​ប្រកាស​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី​ជា​លើក​ទីបួន។

២០១៦​ ជា​ឆ្នាំ​ដែល​ភព​ផែន​ដី​ឡើង​កម្តៅ​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន ដែល​បង្ក​ឡើង​ការ​ប្រែប្រួល​អាកាសធាតុ។ ២០១៦​ បាន​បំផុស​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មួយ នៅ​សហរដ្ឋអាមេរិក ! លោក ដូណាល់ ត្រាំ បាន​ទទួល​ជោគជ័យ​នៅ​​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋ។ ប្រជា​ពលរដ្ឋ​អង់គ្លេស​ បាន​សម្រេច​ក្នុង​ប្រជា​មតិ ដើរ​ចេញ​ពីសហភាព​អឺរ៉ុប។

ប៉ុន្តែ​ឆ្នាំ​២០១៦ ក៏​បាន​ពាំ​នាំ​មក​នូវ​ភាព​​វិជ្ជមាន​ខ្លះ​ដែរ ! ដំណឹង​ល្អ​ទី​មួយ បាន​កើត​ឡើង​តាំង​ពី​ដើម​ឆ្នាំ នៅ​ភូមា ដែល​មាន​ប្រធានាធិបតី​ថ្មី​ដំបូង​បង្អស់​ជា​ជន​ស៊ីវិល​គ្មាន​ប្រវត្តិ​ប្រលាក់​ឈាម បន្ទាប់​ពី​ស្ថិត​ក្រោម​ការ​ដឹកនាំ​សឹក​អស់​កន្លះ​សតវត្សរ៍។

នៅ​អឺរ៉ុប ថ្វី​បើ​វិបត្តិ​អន្តោប្រវេសន៍​នៅ​បន្ត​​ញាំញីមែន តែ​ទំហំ​និ​ងបរិមាណ​​បាន​ធ្លាក់​ចុះច្រើន។ ម្យ៉ាង​វិញ​ទៀត អឺរ៉ុប​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​តួកគី​ ក្នុង​ទប់​ស្កាត់​លំហូរ​​​ជនភៀស​ខ្លួនមក​អឺរ៉ុប​។ ជំរំ​ដ៏​រខេករខាក និង​ដ៏​អាម៉ាស​បំផុត​នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង ក៏​ត្រូវ​បាន​គាស់​រំលើង​។ ជនភៀស​ខ្លួន​ដែល​រង់​ចាំ​រត់​ទៅ​អង់គ្លេស​​ ត្រូវ​បាន​ទទួល​ដោយ​សក្តសម​នៅ​តាមមជ្ឈមណ្ឌល​ផ្សេង​ ពេញ​ផ្ទៃ​ប្រទេស​បារាំង។

សង្គ្រាម​នៅ​ស៊ីរី នៅ​អ៊ីរ៉ាក់ ​ដែល​រុញ​ច្រាន​ឱ្យ​មានចរន្ត​រត់​ភៀស​ខ្លួន​​ ដល់​អឺរ៉ុប បាន​ស្គាល់​អំពើ​ហិង្សា​គ្មាន​ប្រៀប​ មាន​ជន​ស៊ីវិល​រងគ្រោះ​យ៉ាង​ច្រើន ប៉ុន្តែ​ក្រុង​មូស៊ូល​ដ៏​ធំ​​របស់​អ៊ីរ៉ាក់ ត្រូវ​បាន​ដណ្តើម​យក​មក​ពី​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្រុង​អាឡិប របស់​ស៊ីរី ក៏​ត្រូវ​ដួល​រំលំ​ និង​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​ទាំង​ស្រុង​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។​ ទាំង​នេះ​ក៏​ដោយ​សារ​តែ​កម្លាំង​ប្រតិបត្តិការ​​របស់​រុស្ស៊ី យ៉ាង​សន្ធាប់។

រុស្ស៊ី​របស់​លោក​ពូទីន ដែល​ហាក់​ដូច​ជា​ពេញ​ចិត្ត​ឆ្នាំ​២០១៦​ជាង​គេ​ទាំង​អស់ ព្រោះបន្ទាប់​ពី​រង​ទណ្ឌកម្ម សេដ្ឋកិច្ច​ត្រដរ​ខ្សល់ និង​ ​ឯកា ក្នុង​​សហគមអន្តរជាតិ ដោយ​ហេតុ​​វិបត្តិ​គ្រីមេ-អ៊ុយក្រែន រុស្ស៊ី​បាន​លេច​មុខ​ជា​ថ្មីក្លាយ​ជា​តួ​អង្គ​សំខាន់ ស្ទើរ​មិន​អាច​ខ្វះ​បាន ​​​ក្នុងដំណោះស្រាយ ការទូត ការ​ដឹកនាំ​ចរចា​ថាមពល និង​ជា​តួអង្គ​ស្នូល​ ក្នុង​ជីវិត​នយោបាយ​អាមេរិក ដោយ​បាន​ជាប់​សង្ស័យ​​ថា​បាន​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ជួយលោក​ដូណាល់​ត្រាំ​ឱ្យ​បាន​ឈ្នះ​។ ប្រសិន​បើ​ដូច​ជា​ការ​ចោទ​ប្រកាន់​មែន មានន័យ​ថា​រុស្ស៊ី​បោះជំហានថ្មី​យក​ចារកិច្ច​តាម​អ៊ីនធ័រនែត​មក​បំរើប្រយោជន៍​នយោបាយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI